backup og meta

ស្រីៗយើងដឹងអត់ វ័យកាន់តែច្រើនវដ្ដរដូវប្រែប្រួលបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 04, 2020

    ស្រីៗយើងដឹងអត់ វ័យកាន់តែច្រើនវដ្ដរដូវប្រែប្រួលបែបណា?

    វ័យ​យើង​កាន់តែ​ច្រើន​សក់​យើង​ក៏​ប្រែ​ពណ៌ ស្បែក​ក៏​មិន​តឹងណែន​ដូច​កាល​វ័យ​១៨​ឆ្នាំ ហើយ​ការ​ធ្វើ​មេតាប៉ូលិស​ទៀត​សោត​ក៏​យឺត​ជាង​មុន​ ចំណែក​ឈាម​រដូវ​របស់​ស្រីៗ​យើង​ក៏​ប្រែ​ប្រួល​តាម​ហ្នឹង​ដែរ។

    ការ​បញ្ចេញ​ឈាម និង​ជាលិកា​ពី​ក្នុង​ស្បូន​មក​ក្រៅ គឺ​កំណត់​ដោយ​អ័រម៉ូន។ កម្រិត​អ័រម៉ូន​ក្នុង​រាង​កាយ​របស់​យើង​ប្រែ​ប្រួល​ទៅ​តាម​ដំណាក់​កាល​នៃ​អាយុ​របស់​យើង​ដែរ។ ដូច​នេះ​ហើយ​ឈាម​រដូវ​ប្រចាំ​ខែ​របស់​យើង​ក៏​អាច​ប្រែ​ប្រួល​ដូចគ្នា​។

    វដ្ដ​រដូវ​របស់​ស្រីៗ​យើង​ជា​ធម្មតា​មាន​ពី​២៤ទៅ​៣៥ថ្ងៃ ហើយ​ចំនួន​​ថ្ងៃ​ធ្លាក់​ឈាម​រដូវ​មាន​ពី​បួន​​ទៅ​ប្រាំបី​ថ្ងៃ និង​បរិមាណ​ឈាម​រដូវ​អាច​មាន​មិន​លើស​ពី​៨០​មិល្លីលីត្រ​។ បើ​សិន​ជា​ស្រីៗ​យើង​សង្កេត​ឃើញ​ថា​វដ្ដ​រដូវ និង​ឈាម​រដូវ​ហាក់​ខុស​ប្លែក​​ធម្មតា គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

    ១.ដំណាក់​កាល​ពេញ​វ័យ

    ជា​ធម្មតា​ក្មេង​ស្រី​អាយុ​ជា​មធ្យម​នៃ​ការ​មក​រដូវ​ដំបូង​​នៅ​អាយុ​១២​ឆ្នាំ ប៉ុន្តែ​ក៏​មាន​ក្មេង​ស្រី​ខ្លះ​ទៀត​អាច​មក​រដូវ​នៅ​អាយុ​ច្រើន​ជាង​នេះ។ ក្មេង​ស្រីៗ​ក្នុង​វ័យ​នេះ​ជាទូទៅ​រដូវ​មក​មិន​ទៀង​នោះ​ទេ ដែល​អាច​កើត​មាន​រហូត​ដល់​បី​ឆ្នាំ​បន្ទាប់​ពី​មក​រដូវ​ដំបូង រហូត​ដល់​អ័រម៉ូន​ចាប់​ផ្ដើម​មាន​លំនឹងល្អ​។

    រដូវមិនទៀង

    ​២.ដំណាក់​កាល​វ័យ​ខ្ទង់​២០ឆ្នាំ

    ដំណាក់​កាល​នេះ​បើ​ស្រីៗ​យើង​មាន​ប្រើ​វិធី​ពន្យា​កំណើត ឬ​ផ្លាស់​ប្ដូរ​វិធី​សាស្រ្ត​ពន្យា​កំណើត​ គឺ​អាច​ធ្វើ​ឲ្យ​រយៈពេល​នៃ​វដ្ដ​រដូវ និង​ឈាម​រដូវ​ប្រែ​ប្រួល ដែល​នេះ​មិន​មែន​ជា​បញ្ហា​នោះ​ទេ។ មិន​ថា​ក្នុង​វ័យ​ណា​ទេ​ការ​បាត់​រដូវ​ខ្លះ​ក៏​អាច​មក​ពី​ស្រីៗ​យើង​មា​ផ្ទៃ​ពោះ​ក៏​ថា​បាន។ ករណី​ខ្លះ​ទៀត​ បើ​យើង​មាន​បញ្ហា​ស្រ្តេស​ខ្លាំង ញ៉ាំ​អាហារ​ខុស​ប្រក្រតី​(eating disorder )​​ និង​ហាត់​ប្រាណ​ខ្លាំងៗ​ជា​ប្រចាំ ក៏​ធ្វើ​ឲ្យ​យើង​បាត់​រដូវ​ដូច​គ្នា។ យ៉ាងណា បើ​យើង​បាត់​រដូវ យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

    ៣.ដំណាក់​កាល​វ័យ​ខ្ទង់​៣០​ឆ្នាំ

    មិន​ថា​វ័យ​ណា​ក៏​ដោយ ឲ្យ​តែ​យើង​មាន​កូន​ហើយ រដូវ​យើង​នឹង​ប្រែ​ប្រួល​បន្ទាប់​ពី​មាន​ផ្ទៃពោះ។​ ស្រីៗ​យើង​ខ្លះ​អាច​មាន​ឈាម​រដូវ​ច្រើន​ជាង​មុន វដ្ដ​រដូវ​វែង​ជាង​មុន និង​ពេល​មក​រដូវ​មាន​ការ​ឈឺ​ចាប់​ជាង​មុន​មាន​កូន​ជាដើម​ ខណៈ​អ្នក​ខ្លះ​វដ្ដ​រដូវ​បែរ​ជា​ដំណើរ​ការ​បាន​ល្អ​ជាង​ពេល​មិន​ទាន់​មាន​កូន​ក៏​មាន​។ សម្រាប់​ស្រីៗ​ខ្លះ​នឹង​មិន​មាន​រដូវ​នោះ​ទេ​ពេល​កំពុង​បំបៅ​ដោះ​កូន​។

    នៅ​ពេល​យើង​មាន​អាយុ​សាម​ក្រាស​​ រដូវ​របស់​យើង​អាច​មាន​តិច​ជាង​រាល់​ដង​ ឬ​មិន​សូវ​ទៀង​ទាត់ ដែល​នេះ​គឺ​ជា​ពេល​មួយ​ដែល​រាង​កាយ​យើង​ត្រៀម​ផ្លាស់​ប្តូរ​​ចូល​វ័យ​អស់​រដូវ(menopause)

    ៤.ដំណាក់​កាល​អាយុ​ខ្ទង់​៤០ឆ្នាំ ឬ​លើស​ពី​នេះ

    ក្នុង​ដំណាក់​កាល​នេះ​អូវែ​របស់​យើង​នឹង​ពន្យឺត​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូហ្សែន ដូច​នេះ​វដ្ដ​រដូវ​របស់​យើង​អាច​ខ្លី​ជាង​មុន និង​តិច​ជាង​មុន ឬ​មិន​សូវ​មក​រដូវ​ផង​ក៏​មាន។ ដំណាក់​កាល​អស់​រដូវ​កើត​ឡើង​នៅ​ពេល​ស្រីៗ​យើង​បាត់​រដូវ​១២​ខែ​ជាប់ៗ​គ្នា​ ដែល​ស្រីៗ​ខ្លះ​អាច​អស់​រដូវ​នៅ​អាយុ​ជិត​៥០​ឆ្នាំ ឬ​៥០​ឆ្នាំ​តិច​តួច។

    សម្រាប់​ស្រីៗ​យើង​មាន​ធ្លាក់​ឈាម​ក្រោយ​អស់​រដូវ គួរ​ប្រ​ញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​បញ្ហា​មហារីក​ស្បូន(uterine cancer)​។ ជា​ករណី​កម្រ​ណាស់ ដែល​មហារីក​វិវត្ត​នៅជញ្ជាំង​ខាង​ក្នុង​ ឬ​សាច់ដុំ​ជញ្ជាំង​ស្បូន ប៉ុន្តែ​វា​អាច​កើន​មាន​លើ​ស្រីៗ​មាន​វ័យ​៥០​ឆ្នាំ ឬ​ចាស់​ជាង​នេះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម