backup og meta

ប្រយ័ត្នគ្រោះថ្នាក់​​! បើ​ចាស់ៗ ចេញ​សញ្ញានេះ កុំព្រងើយ​​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Jan 14, 2019

    ប្រយ័ត្នគ្រោះថ្នាក់​​! បើ​ចាស់ៗ ចេញ​សញ្ញានេះ កុំព្រងើយ​​

    វ័យ​ចាស់ (អាយុ​ល្បាក់ ៦០ឡើង​ទៅ) ពិត​ជា​ត្រូវ​ការ ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ជា​ពិសេស ប្រសិន​បើ​លេច​ចេញ​សញ្ញា​ខុស​ប្រក្រតី គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន។ កុំ​ចេះ​តែ​មិន​អី បើ​មាន​ចាស់ៗ ក្នុង​គ្រួសារ ជា​ពិសេស​ប៉ាម៉ាក់ ឬ​យាយតា នៅ​ផ្ទះ មាន​អី​មិន​ស្រួល។ បញ្ហា​ខ្លះ អាច​ឈាន​ដល់​ពិការភាព ឬ​ស្លាប់​បាន។ ហេតុ​នេះ​ហើយ សូម​តាម​ឃ្លាំ​មើល​រោគសញ្ញា​ដូច​ត​ទៅ​នេះ​ដែល​ត្រូវ​ការ​ការពិនិត្យ​សុខភាព​ភ្លាមៗ ឬ​ជា​ប្រចាំ​ទៀងទាត់​ជាមួយ​វេជ្ជបណ្ឌិត។ អ្វី​ដែល​គួរ​ធ្វើ​គឺ គួរ​មាន​លេខ​ទូរសព្ទ ពេទ្យ​ដែល​ជឿទុក​ចិត្ត​បាន ក្នុង​ករណី​បន្ទាន់ ឬ​សួរនាំ​ ប្រឹក្សា​បន្ថែម។

    ១- #ដកដង្ហើមបែបដង្ហក់

    ក្រៅ​ពី​គាំង​បេះដូង ការ​ឈឺ​ទ្រូង​ក៏​ជា​រោគសញ្ញា​ឲ្យ​ដឹង​ហេតុ​ផង​ដែរ។ មនុស្ស​ចាស់​ម្នាក់ៗ​មាន​រោគសញ្ញា​ខុស​ប្លែកៗគ្នា។ ឧទាហរណ៍ ប្រសិន​បើ​ពិបាក​ដក​ដង្ហើម​បន្ទាប់​ពី​ដើរ​បាន​រយៈពេល​ខ្លី វា​អាច​ជា​រោគ​សញ្ញា​ដំណាក់កាល​ដំបូង​​នៃ ការ​ស្ទះ​ដោយ​ភាគ ឬ​ទាំង​ស្រុង​នៃ​សរសៃ​អាកទែ​ដែល​ដឹកនាំ​ឈាម​ទៅ​កាន់​បេះដូង ឬ​ភាសា​ពេទ្យ​ហៅ​ថា Coronary ischemia។ ​បើ ជួប​ប្រទះ​នូវ​ការ​ហត់​ដង្ហក់​រ៉ាំរ៉ៃ ឬ​ខុស​ធម្មតា​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម។ ក្នុង​ករណី​ដែល​​ កើត​ ​រោគសញ្ញា​បន្ថែម​ណាមួយ​ដូចជា​សម្ពាធ ឬ​តឹង​នៅ​ក្នុង​ទ្រូង​ ដង្ហក់ ឬ​វិលមុខ សូម​ស្វះស្វែង​រក​ការ​ថែទាំ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។

    ២- #ធេងធោងវិលមុខ

    បើ​នៅ​សុខៗ​ស្រាប់​តែ​ វិល​មុខ​ខ្លាំង​ ធេងធោង ឈរ​មិន​នឹង​ នោះ​វា​អាច​នឹង​ជា​សញ្ញា​នៃ​ជំងឺ​ស្ទះ/ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល (Stroke)។ តាមដាន​ឲ្យ​ជាប់ បើ​ចាស់ៗ ឧស្សាហ៍​បែប​នេះ កុំ​បណ្ដោយ ហើយ​គិត​ថា​មិន​អី។ រោគ​សញ្ញា​បន្ថែម​រួម​មាន​ពិបាក​និយាយ ឬ​និយាយ​ពាក្យ​ឡុលៗ​ជាប់​រដឹក មាន​អារម្មណ៍​វិល​មុខ​ខ្លាំង មើល​អត់​ច្បាស់ និង​ភាព​ទន់​ខ្សោយ ឬ​ស្ពឹក​​មុខ ដៃ ឬ​ជើង​ ជាដើម។

    ៣- #ធ្លាក់ឈាមក្រោយអស់រដូវ

    សម្រាប់​អ៊ុំៗ ឬ​យាយៗ បើ​ធ្លាក់​ឈាម ឬ​ហូរ​ឈាម​តាម​ទ្វារ​មាស​ក្រោយ​អស់​រដូវ​ហើយ​នោះ បញ្ជាក់​ថា​មាន​បញ្ហា​ខុសភាព​ហើយ គួរ​តែ​ជួប​វេជ្ជបណ្ឌិត​ឲ្យ​បាន​លឿន​បំផុត។ ករណី​ខ្លះ​នៃ​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​ក្រោយ​អស់​រដូវ​គឺ​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ករណី​ផ្សេង​ដទៃ​ទៀត។ ការ​ហូរ​ឈាម​នេះ អាច​ជា​សញ្ញា​ ជំងឺ​មហារីក​ជា​ដើម។

    ៤- #លិង្គមិនងើប

    វិបត្តិ​ការ​បះ​រឹង​នៃ​លិង្គ (ED) ឬ​អសមត្ថភាព​ផ្លូវ​ភេទ​បុរស ត្រូវ​បាន​រក​ឃើញ​កាន់​តែ​ច្រើន​ជាង​ធម្មតា​ជាមួយ​នឹង​វ័យ​កាន់​តែ​កើន​ឡើង។ ក្រៅ​ពី​បញ្ហា​ទៅ​លើ​ផ្លូវ​ភេទ ជំងឺ ED អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម និង​សភាព​បញ្ហា​ជំងឺ​ដទៃ​ផ្សេង​ទៀត។ ខណៈ​ដែល​តាម​ធម្មតា​មាន​បុព្វហេតុ​ផ្លូវ​កាយ ជំងឺ ED ក៏​អាច​ជា​ការ​ឆ្លើយ​តប​របស់​ផ្លូវ​កាយ​ផង​ដែរ​ទៅ​នឹង​ភាព​តាន​តឹង​ផ្លូវចិត្ត ឬ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែល​កើន​ឡើង។ ការ​ព្យាបាល​គឺ​មាន​សម្រាប់​សភាព​ជំងឺ​នេះ។

    ៥- #ទល់លាមក

    ប្រសិន​បើ​មនុស្ស​ចាស់​ជួប​ប្រទះ​នូវ​ការ​ទល់​លាមក​ភ្លាមៗ ឬ​ជួប​ប្រទះ​នូវ​រោគ​សញ្ញា​ដទៃ​ផ្សេង​ទៀត​ដែល​អម​មក​ជាមួយ អាច​នឹង​មាន​បញ្ហា​ធំ​ជាង​នេះ ដូច​ជា​ប្រជុំ​រោគ​សញ្ញា​ពោះវៀន​ខ្សោយ ឬ​ថែម​ទាំង​អាច​ជា​មហារីក​ពោះវៀន​ធំ​ទៀត​ផង។ វេជ្ជបណ្ឌិត​អាច​នឹង​ត្រូវ​ការ​ពិនិត្យ​ថា​តើ​មាន​ឈាម​នៅ​ក្នុង​លាមក​ដែរ​ឬ​ទេ មាន​ការ​ឆ្លាស់​គ្នា​រវាង​ការ​ទល់​លាមក ការ​រាករូស និង​ភាព​រាន់​ក្នុង​ការ​បន្ទោបង់​លាមក​ដើម្បី​រុករក​មើល​បញ្ហា​សុខភាព។

    អាហារ​ដែល​អ្នក​កំពុង​បរិភោគ និង​ឱសថ​តាម​វេជ្ជបញ្ជា​ដែល​អ្នក​កំពុង​តែ​ប្រើប្រាស់​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​ពណ៌​សម្បុរ​​លាមក​បាន។ ឧទាហរណ៍ ឱសថ​បំប៉ន​បន្ថែម​ជាតិ​ដែក និង​ឱសថ​សម្រាប់​រាករូស​ដូច​ជា Pepto-Bismol អាច​ប្លែង​លាមក​ទៅ​ជា​ពណ៌​ខ្មៅ ឬ​ឡើង​ខ្មៅ​ដូច​ជ័រ​ឈើ។ អ្វី​មួយ​ក៏​ដោយ​នៅ​ក្នុង​រយៈ​ចន្លោះ​ពី​ពណ៌​ត្នោត​ដល់​ពណ៌​បៃតង​គឺ​ជា​ទូទៅ​ធម្មតា តែ​លាមក​ខ្មៅ ឬ​លាមក​មាន​ឈាម​គឺ​កម្រ​នឹង​មិន​អី​ណាស់។

    ជំងឺ​ដំបៅ​រលាក​ខូង​សាច់ ឫស​ដូង​បាត ជំងឺ​រលាក​កំពក​ពោះវៀន​ធំ និង​សភាព​បញ្ហា​ផ្នែក​ក្រពះ​ពោះវៀន (GI)​ដទៃ​ផ្សេង​ទៀត​គឺ​ត្រូវ​តែ​ពិនិត្យ​មើល​ពេល​ទៅ​ជួប​វេជ្ជបណ្ឌិត។

    ៦- #ហើមឬឈឺដោះ

    ការ​ឈឺចាប់ ឬ​ហើម ហើយ​ប្រែ​ពណ៌​សុដន់ ឬ​មាន​ខ្ទុះ​នៅ​ក្បាល​ដោះ អាច​ជា​សញ្ញា​ទី​មួយ​នៃ​ជំងឺ​មហារីក​ដោះ ទាំង​ប្រុស ទាំង​ស្រី។ ប្រសិន​បើ​រក​ឃើញ​បាន​ពី​ដើម​ទី ឬ​យើង​ហៅ​ថា ដំណាក់កាល​ដំបូង ជំងឺ​មហារីក​ដោះ​អាច​ព្យាបាល​បាន។

    ៧- #ជាំឬប្រែពណ៌ស្បែក

    កាន់​តែ​ចាស់​ទៅ ស្បែក​បាត់បង់​ភាព​យឺត​រលាស់ ហើយ​ឆ្លង​កាត់​ការ​ប្រែប្រួល​ច្រើន។ សម្រាប់​ហេតុផល​នេះ មនុស្ស​ចាស់​ខ្លះ​អាច​នឹង​ជឿ​ទាំង​ខុស​ថា​ការ​ជាំ ឬ​ការ​ប្រែ​ពណ៌​សម្បុរ​ស្បែក​ខុស​ធម្មតា​កើន​ខ្លាំង​ឡើងៗ​ជា​ការ​ធម្មតា។ យ៉ាង​នេះ​ក្តី ការ​ជាំ​ស្បែក និង​ការ​ប្រែ​ពណ៌​សម្បុរ​ស្បែក​ខុស​ធម្មតា​អាច​ត្រូវ​បាន​បង្ក​ឡើយ​ដោយសារ​ឱសថ ដូចជា​ឱសថ​ពង្រាវ​ឈាម​ការពារ​ឈាម​កក និង​សភាព​វេជ្ជសាស្ត្រ​ដែល​អាច​នឹង​ជះ​ឥទ្ធិពល​លើ​កោសិកា​គ្រាប់​ឈាម​ក្រហម និង​ពេល​វេលា​ឈាម​កក។

    ៨- #ឆាប់ហត់អស់កម្លាំង

    កង្វះ​វីតាមីន និង​ជាតិ​រ៉ែ​ខនិជ ជំងឺ​ស្លេកស្លាំង និង​ការ​ប្រែ​កាន់​តែ​អាក្រក់​ឡើង​នៃ​សភាព​សុខភាព​នា​ពេល​បច្ចុប្បន្ន​អាច​នឹង​ជា​អ្វី​ដែល​ត្រូវ​បន្ទោស។ ដោយ​គ្មាន​ការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ​នោះ ប្រការ​នេះ​អាច​ជះ​ផល​ប៉ះ​ទង្គិច​ជា​អវិជ្ជមាន​ទៅ​លើ​សុខភាព​ជា​ទូទៅ ហើយ​ដាក់​ឲ្យ​មាន​ភាព​មាន​កម្រិត​ដែន​កំណត់​ផ្លូវកាយ​សម្រាប់​មនុស្ស​ចាស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Jan 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម