backup og meta

នេះអាច​ជាមូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 09, 2021

    នេះអាច​ជាមូលហេតុ​ស្រីៗរៀប​ការ​រាប់​ឆ្នាំ ​តែ​គ្មាន​កូន

    អត្ថបទ​មុន “Hello គ្រូ​ពេទ្យ’ បាន​ប្រាប់​មូល​ហេតុ​មួយ​ចំនួនធ្វើ​ឲ្យ​ប្រុសៗ ទោះ​រៀប​ការ​ច្រើន​ឆ្នាំ​ហើយ​ នៅ​តែ​មិន​អាច​មាន​អូនៗ​​នឹង​គេ។ ចុះ​បើ​ខាង​ប្រុស​អត់​អី ប៉ុន្តែ​មូលហេតុ​អត់កូន ​បណ្តាល​មក​ពី​ខាង​ស្រី​វិញ តើ​វា​បង្ក​ឡើង​ដោយ​កត្តា​អ្វី​ខ្លះ? ខាង​ក្រោម​នេះ ជា​ចម្លើយ​សម្រាប់​ស្រីៗ​​យើង ដែល​រៀប​ការ​រាប់​ឆ្នាំ​នៅ​តែ​គ្មាន​កូន។

    ១- បញ្ហា​ទាក់​ទង​ជា​មួយ​វដ្ត​មេ​ជីវិត​ញី

    បញ្ហា​នេះ គឺ​កើត​ឡើង​នៅ​ក្នុង​ចន្លោះ​ពេល​វដ្ដ​រដូវ​។ បើ​រដូវ​យើងមាន​រយៈ​ពេល​ខ្លី​ជាង ឬ​យូរ​ជាង​ធម្មតា និង​មាន​លក្ខណៈ​មិន​ប្រក្រតី នោះ​អាច​បណ្ដាល​មិន​ឲ្យ​មាន​វត្ត​មាន​មេជីវិត​ញី​បាន​ឡើយ។ ស្រីៗ​យ៉ាង​ហោច​ណាស់ ២៥% ជុំ​វិញ​ពិភព​លោក កំពុង​ជួប​ប្រទះ​បញ្ហាធំ​មួយ​នេះ ខណៈ​កត្តា​ជា​ច្រើន​ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​កើត​មាន​បញ្ហា​នេះ​មាន​ដូច​ជា៖

    មូលហេតុ​ស្រីៗមិន​អាចមានកូន Hello គ្រូពេទ្យ

    – ដុំគីសទឹកលើក្រពេញអូវែច្រើនកន្លែង (PCOS)៖ វា​ជា​បញ្ហា​មួយ​កើត​ឡើង​ ដោយ​សារ​មេជីវិត​មិន​អាច​លូត​លាស់​បាន​នៅ​ក្នុង​ក្រពេញ​អូវែ វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អ័រម៉ូន។ បញ្ហា​នេះ យើង​ពិបាក​កំណត់​រោគ​សញ្ញា ដោយ​សារ​រាង​កាយ​មនុស្ស​ម្នាក់ៗ មាន​លក្ខណៈ​ខុស​គ្នា ខណៈ​រោគ​សញ្ញា​តែង​ប្រទះ​មាន​ដូចជា មិន​ធ្លាក់​មេជីវិត​ញី មាន​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ ឡើង​ទម្ងន់​ខុស​ប្រក្រតី ឡើង​មុន មាន​ដុះ​រោម​ច្រើន​លើ​មុខ និង​មិន​អាច​មាន​អូនៗ​បាន។

    – ខូច​មុខ​ងារ​ក្រពេញ​អ៊ីប៉ូថាឡាមូស (Hypothalamic dysfunction)៖ បញ្ហា​មេជីវិត​ញី អាច​បណ្ដាល​មក​ពី​ស្រ្តេស លើស​ទម្ងន់ ឬ​ខ្វះ​គីឡូ  ឬ​ក្នុង​ពេល​ថ្មីៗ មាន​ឡើង​គីឡូ ឬ​ស្រក​គីឡូ​ខុស​ពី​ប្រក្រតី។

    – មេ​ជីវិត​ញី​មិន​គ្រប់​គ្រាន់៖ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​កង្វះ​ចំនួន​ពង​មេជីវិត​ញី នៅ​ក្នុង​ក្រពេញ​អូវែ ដែលបណ្ដាល​មក​ពីប្រព័ន្ធ​ភាព​ស៊ាំមាន​ការ​យល់​ច្រឡំ​វាយ​ប្រហារ​ជាលិកា​ដៃ​អូវែ ឬ​អាច​ជាប់​ពាក់​ព័ន្ធ​​បញ្ហា​ហ្សែន​ដូច​គ្នា។

    – លើស​អ័រម៉ូន​ប្រូឡាក់​ទីន (Hyperprolactinemia)៖ បញ្ហា​លើស​អ័រម៉ូន​ប្រឡាក់​ទីន​ ដែល​ផលិត​នៅ​ក្នុង​ក្រពេញ​អ៊ីប៉ូភីស (ក្រពេញ​ភីធ្យូតារី) អាច​ធ្វើ​ឲ្យ​ចំនួន​អ័រម៉ូន​អឺស្រ្តូហ្សែន​ថយ​ចុះ អាច​ធ្វើ​ឲ្យ​ស្រីៗ​ស្រីមិន​អាច​មាន​កូន​បាន។

    ២- កោសិកា​ស្បូន​ដុះ​ខុស​កន្លែង (Endometriosis)

    នេះ​ត្រូវ​ចាត់​ទុក​ឈឺ​រ៉ាំ​រ៉ៃ​មួយ កើត​នៅ​លើ​ប្រព័ន្ធ​បន្ត​ពូជ​ស្រីៗ បាន​ទៅ​រា​រាំង​មិន​ឲ្យ​មេជីវិត​ញី ជួប​ជាមួយ​មេជីវិត​ឈ្មោល​បាន។ ជំងឺ​នេះ​បង្កផល​រំខាន​នៅ​លើ​ផ្លូវ​មេជីវិត​ញី​ឆ្លង​កាត់ ដោយ​សារ​មាន​ការ​ដុះ​កោសិកា​មិន​ប្រក្រតី​ចេញ​មក​ពី​ស្បូន។ ជំងឺ​នេះ ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​នៅ​ពេល​មក​រដូវ និង​ពេល​រួម​ភេទ ប៉ុន្តែ​យើង​ក៏​អាច​ព្យាបាល​បាន តាម​រយៈ​ការ​វះ​កាត់។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- ខូច​បំពង់​ដៃ​ស្បូន

    ពេល​បំពង់​ដៃ​ស្បូន​រាំង​ស្ទះ នឹង​រា​រាំង​មិន​ឲ្យ​មេជីវិត​ញី ជួប​គ្នា​ជាមួយ​មេជីវិត​ឈ្មោល​បាន លើស​ពី​នេះ វា​នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​ជា​មួយ​បញ្ហា​អត់​កូន។ មូល​ហេតុ​បង្កធំៗ​មួយ​ចំនួនធ្វើ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង រួម​មាន៖

    – ជំងឺរលាក​អាង​ត្រគាក

    – ធ្លាប់​វះ​កាត់​ពោះ ឬ​ត្រគាក​ទាំង​វ័យ​ក្មេង

    – កើត​របេង​នៅ​អាង​ត្រគាក។

    ៤- មូលហេតុ​បណ្ដាល​មក​ពី​ស្បូន ឬ​មាត់​ស្បូន

    បើ​ធ្លាប់​មាន​បញ្ហា​កើត​ឡើង​ញឹក​ញាប់នៅ​លើ​ស្បូន ឬ​មាត់​ស្បូន យើង​នឹង​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​រលូត​កូន​ពេល​កំពុង​ពពោះ ហើយ​បញ្ហា​ស្បូន​ឧស្សាហ៍​ជួប​ប្រទះ​រួម​មាន៖

    – មាន​ដុំ​ស្លូត ឬ​ដុំ​កាច

    – ស្លាក​ស្នាម​បន្សល់​មក​ពី​ការ​​ព្យាបាល​បញ្ហា​ដុះ​សាច់​ស្បូន​នៅ​កន្លែង​ផ្សេង

    – ស្បូន​មាន​រូប​រាង​មិន​ប្រក្រតី

    – មាន​បញ្ហា​ស្ទះ​នៅ​មាត់​ស្បូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម