backup og meta

តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jun 03, 2021

    តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ

    គ្នា​យើងប្រហែល​ធ្លាប់​ដឹង​ច្រើន​ហើយ​ពី​វិធី​ហាត់​ប្រាណ​មានសុខភាព​ល្អ​​។ បច្ចុប្បន្នហាត់​ប្រាណ​តាម​រយៈ​ការ​រត់ គឺ​ពេញ​និយម​ជាង​គេ ប៉ុន្តែយើង​ក៏​មិនមែន​ចេះ​តែ​រត់ៗ​នោះដែរ ​ស្រួលមិនស្រួល​អាច​បង្ក​បញ្ហា​ដល់​រាង​កាយ​ទៀត​ផង។ អ្នក​ជំនាញ​ចង់​ណែនាំ​គ្នា​យើង ចូលចិត្ត​ហាត់​ប្រាណ​ដោយ​ការ​រត់ ត្រូវ​ចេះ​កម្តៅ​សាច់​ដុំ​ផង ដើម្បី​ឲ្យ​ការ​ហាត់​ទទួល​បាន​សុខភាព​ល្អ រាង​កាយ​រឹង​មាំ ខណៈ​វិធី​កម្តៅសាច់​ដុំ​មុនរត់​ហាត់​ប្រាណ “Hello គ្រូពេទ្យ’ នឹង​បង្ហាញ​ក្នុង​អត្ថបទ​នេះ។

    ១- ការដើរ

    វា​ហាក់​ដូចជា​គួរ​ឲ្យ​ធុញ​ទ្រាន់​បន្តិច​ តែ​ការ​ដើរ​ ជាវិធី​កម្ដៅ​សាច់ដុំ​ដ៏​ងាយស្រួល​បំផុត​​ តម្រូវ​ឲ្យ​រាងកាយ​យើង​ដំណើរការ​ស្រដៀងគ្នា​ នឹង​ការ​រត់​ដែរ​ គ្រាន់​តែ​មាន​ប្រើ​កម្លាំង​តិច​ជាង។ ដើរ ​ជួយ​បង្កើន​ល្បឿន​បេះដូង​ សាច់ដុំ​ សីតុណ្ហភាព​ក្នុង​ខ្លួន​ និង​បង្កើន​លំហូរ​ឈាម​យើង​បន្តិចម្ដងៗ ពិសេស​សម្រាប់គ្នា​យើង​ចាប់​ផ្តើម​រត់ ​ទើប​ជា​ពី​របួស​ហើយ​ វិធី​កម្តៅ​សាច់​ដុំ​នេះ ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត។ អាច​​ចំណាយ​ពេល​ត្រឹម ​៣-៥ នាទី​ ដើម្បី​ដើរ​យឺតៗ​ ដោយ​​ហាត់​ប្រើ​​ដង្ហើមឲ្យ​បាន​ល្អ​​មុន​ពេល​រត់។

    ២- វិធីពន្លាសាច់ដុំ

    ពន្លា​សាច់ដុំ​ (Dynamic​ stretching) ​ភាគច្រើន​ប្រើ​ចលនា​ជើង​ទាំងពីរ ​ដើម្បី​សម្រួល​សាច់ដុំ។ មាន​លំហាត់​ជាច្រើន​ ទាក់ទង​នឹង​ការ​ធ្វើ​ចលនា​ជើង​ ហើយ​ខាងក្រោម​នេះ​ ជា​តិចនិក​កម្ដៅ​សាច់ដុំ​សំខាន់ៗ​មួយ​ចំនួន៖

    – ទាញជើង​ពែន​ឡើង​លើ (Hacky-sack)៖ ជា​របៀប​កម្ដៅ​សាច់ដុំ១ប្រភេទ ដោយ​​ប្រើ​ជើង​ខាង​ស្កាំ​ទាញ​ឡើងលើ​ ដោយ​បត់​ជង្គង់​រួច​លា​ឲ្យ​​ត្រង់។ អំឡុង​ពេល​ធ្វើ ត្រូវ​រក្សា​ខ្នងឲ្យ​​ត្រង់ ​ហើយ​ប្រើ​ដៃ​ឆ្វេង​​ដើម្បី​គោះ​ជើង​ស្ដាំ​ផ្នែក​ខាង​ក្នុង​ស្រាលៗ។ សូម​បន្ត​ធ្វើ​ដូចគ្នា​ឲ្យ​បាន ​១០​ដង ​នៅ​ជើង​ម្ខាង​ទៀត។

    – បោះ​ជង្គង់​ឡើង​ខ្ពស់ៗ (High-knee step)៖ តិចនិក​មួយ​នេះ​ ត្រូវ​លើក​ជើង​ឡើង​លើ​ ដោយ​បត់​ជង្គង់​បន្តិច​ រួច​លា​ត្រង់។ រក្សា​ជង្គង់​កោង​ក្នុង​កម្រិត​មុំ​ ៩០ ​ដឺក្រេ រួច​បន្ត​ធ្វើ​ឲ្យ​​បាន ​១០​ដង​ នៅជើង​ម្ខាង​ទៀត។ យើង​អាច​បន្ថែម​ការ​រត់​តិច​ ២-៣ ម៉ែត្រ​ត្រឡប់​ទៅ ​ត្រឡប់​មក។

    ហាត់ប្រាណ Hello គ្រូពេទ្យ

    – បោះ​កែង​ជើង​ឲ្យ​ជិត​ដល់​គូទ (Butt kicks)៖ នេះ​ជា​តិចនិក​កម្ដៅ​សាច់ដុំ​មួយ​បែប​ទៀត​ ដោយ​គ្រាន់តែ​យោល​ជើង​ម្ខាង​ទៅ​ក្រោយ​ លើកឡើង​លើ​ ហើយ​កែង​ជើង​ប៉ះ​​គូទ​ជាការ​ស្រេច។ សូម​រក្សា​ឥរិយាបថឲ្យ​ត្រង់​ខ្លួន​ ពេល​កំពុង​ធ្វើ​ចលនានេះ និង​ធ្វើ​ឲ្យ​​បាន​ ១០ដង​ ជាមួយ​ជើង​ម្ខាង​ទៀត។ យើង​អាច​បញ្ចូល​ជាមួយ​តិចនិក​ High-knee step ​​ធ្វើ​រួមគ្នាក៏​បាន​។

    – ឈរ​ពត់​ជើង​ម្ខាង​មក​ក្រោយ (Stork stretch)៖ បត់​ជង្គង់​ម្ខាង​ថយ​ក្រោយ​រហូត​ទាល់​តែ​កែង​ជើង​ជិត​ប៉ះ​គូទ ​បន្ទាប់​មក​ប្រើ​ដៃ​ដាក់​លើ​​គូទ ហើយ​រាប់​ដល់​ ១០ និង​ធ្វើ​ឲ្យ​បាន​ ​៣-​៥ ដង​នៅ​ផ្នែក​ជង្គង់​ម្ខាង​ទៀត។ ប៉ុន្តែ​ចាំ​ថា​ កុំ​រុញ​បង្ខំ​ពេក​គ្រាន់តែ​ពន្លា​បន្តិចម្ដងៗ ​ចៀសវាង​មាន​អារម្មណ៍​ឈឺ​ ឬ​មិន​ស្រួល​ខ្លួន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- កម្តៅ​សាច់​ដុំ​កំភួន​ជើង

    តិចនិក​មួយ​នេះ គឺ​សំ​ខាន់​ណាស់​នៅ​ពេល​​រត់​ ដូច​ដឹង​ស្រាប់​ហើយ​ថា​សាច់ដុំ​តែងតែ​រួញ​ខ្លី​នៅ​ពេល​យើង​​ជើង​បោះ​ផុត​ពី​ដី។ ហេតុនេះ ត្រូវ​ចាប់​ផ្ដើម​ដោយលើក​ម្រាម​ជើង​ឡើង ​​បន្ទាប់មក​ទម្លាក់​កែងជើង​យឺតៗ ។ ពេល​នោះ​យើង​នឹង​មាន​អារម្មណ៍​ថា​ កំភួន​ជើង​បាន​លា​សន្ធឹង ត្រូវ​សម្រាក​មួយ​ភ្លែត​សិន​ សឹមចាប់​ផ្ដើម​ម្ដង​ទៀត។

    ក្រៅពី​តិចនិក​កម្ដៅ​សាច់ដុំ​សាមញ្ញៗ​ខាងលើ ​នៅ​មាន​​ការ​ហ្វឹកហាត់​សំខាន់ៗ​ជាច្រើន​ទៀត អាច​សាក​ល្បង​បាន រួម​ទាំង​ការ​បោះ​ជំហាន​វែងៗ​ដើម្បី​ជួយ​ឲ្យ​រត់​បាន​កាន់តែ​យូរ។ កម្ដៅ​សាច់ដុំ​បាន​ល្អ ​នឹង​ជួយឲ្យ​​យើង​ទទួល​បាន​​ថាមពល​ច្រើន​ ហើយ​រាងកាយ​មាន​ការ​ត្រៀម​រៀបចំ​បាន​ល្អ​ដើម្បី​ទទួល​ការ​ផ្លាស់ប្ដូរពេល​យើង​រត់​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Jun 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម