backup og meta

តើយើងអាចឆ្លងវីរុសផ្ដាសាយពីរក្នុងពេលតែមួយទេ?


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 09, 2021

    តើយើងអាចឆ្លងវីរុសផ្ដាសាយពីរក្នុងពេលតែមួយទេ?

    អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​​នៅ​ពេល​ឆ្លង​វីរុស​​ផ្ដាសាយ ​យើងនៅតែ​អាច​ឆ្លង​វីរុស​​ផ្ដាសាយ​បន្ថែម​មួយ​ប្រភេទ​ទៀត​​ក្នុង​ពេល​តែ​មួយ​បាន ទោះ​បី​ជា​នេះ​ជា​ករណី​កម្រ​ក៏​ដោយ ។

    ក្នុង​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អ្នក​ដែល​ឆ្លង​វីរុស rhinovirus (ដែល​ជា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​តែង​ជួប​ប្រទះ) ឬ​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​អាច​នឹង​ឆ្លង​វីរុស​ទី​២​ក្នុង​ពេល​តែ​មួយ​។ ការ​ឆ្លង​វីរុស​២​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ជាង​ពេល​ឆ្លង​តែ​វីរុស​មួយ​ប្រភេទ ប៉ុន្តែ​ពេលខ្លះ​យើង​​មិន​មាន​អាការៈ​ខុស​ប្លែក​​​ពី​ពេល​យើង​ឆ្លង​វីរុស​ផ្ដាសាយ​តែ​មួយប្រភេទ​ដែរ។

    អ្នក​ជំនាញ​ផ្នែក​វីរុស លោក Lance Stewart បាន​លើក​ឡើង​ថា​អាការៈ​ដែល​យើង​ជួប​ប្រទះ​អាច​មក​ពី​វីរុស​ដែល​យើង​ឆ្លង​បញ្ចូល​គ្នា។ បើ​យើង​ឆ្លង​វីរុស Rhinovirus ពីរ​ក្នុង​ពេល​តែ​មួយ យើង​អាច​នឹង​មិន​មាន​អាការៈ​ខុស​ប្លែក​ទេ​ព្រោះ​វីរុស​ទាំង​ពីរ​នេះ​បង្ក​រោគសញ្ញា​ស្រដៀង​គ្នា។ ដោយឡែក បើ​យើង​ឆ្លង​វីរុស​ផ្ដាសាយ​ធម្មតា ហើយ​ឆ្លង​វីរុស​ផ្ដាសាយ​ធំ​ទៀត​នោះ​ យើង​អាច​នឹង​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ។ លោកស្រីវេជ្ជបណ្ឌិត Amanda Porro ប្រធាន​ផ្នែក​ជំងឺ​កុមារ​នៅ​មន្ទីរ​កុមារ Nicklaus ក្នុង​ទីក្រុង​ Miami ក៏​បាន​និយាយ​ថា​ការ​ឆ្លង​មេរោគ​មួយ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ចុះ​ខ្សោយ​ និង​ងាយ​ឆ្លង​មេរោគ​មួយ​ទៀត​។ ដូចនេះ​ខណៈ​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ប្រឆាំង​នឹង​មេរោគ​មួយ​ទៀត ​មេរោគ​មួយ​ទៀត​អាច​នឹង​ជ្រៀត​ចូល។

    យ៉ាងណាមិញ នេះ​អាស្រ័យ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ម្នាក់ៗដែរ​។ ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​មិន​មាន​ឆ្លង​មេរោគ​ទី២​នៅ​ពេល​យើង​មាន​វីរុស​មួយ​ប្រភេទ​ក្នុង​ខ្លួន​ នេះ​មក​ពី​នៅ​ពេល​ឆ្លង​មេរោគ​អ្វី​មួយ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​គឺ​មាន​ភាព​សកម្ម​ខ្លាំង​ដើម្បី​ប្រឆាំង​នឹង​មេរោគ​នោះ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​កម្ចាត់​មេរោគ​ទី​២​ដែល​ជ្រៀត​ចូល​។ មួយ​វិញ​ទៀត អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​មិន​មែន​មក​ពី​ចំនួន​វីរុស​ដែល​យើង​មាន​ក្នុង​ខ្លួន​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ គ្នាយើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​អាច​នឹង​បង្ក​ឲ្យ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង ព្រោះ​រាងកាយ​ប្រឹង​​បញ្ចេញ​អង់ទីករ​កម្ចាត់​វីរុស​ទាំង​នោះ។ ចំណែក​ឯ​គ្នាយើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​វិញ​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​​រាងកាយ​របស់​ពួកគេ​នៅ​តែ​បន្ត​ប្រឆាំង​នឹង​វីរុស​ដែល​អាច​ចំណាយ​រយៈពេល​ច្រើន​សប្ដាហ៍។

    វេជ្ជបណ្ឌិត Porro បាន​បន្ត​ទៀត​ថា​យើង​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ខ្លាំង​នៅ​ពេល​ប្រឆាំង​នឹង​វីរុស​ពីរ ដែល​នេះ​មក​ពី​​ការ​​បាត់​បង់​ថាមពល​ច្រើន​​។ មួយ​វិញ​ទៀត​បើ​រាងកាយ​យើង​កំពុង​ប្រឆាំង​នឹង​វីរុស​ហើយ​ ស្រាប់​តែ​មាន​ការ​ឆ្លង​បាក់តេរី នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ត្រូវ​ផលិត​អង់ទីករ​ដើម្បី​ប្រឆាំង​ទាំង​វីរុស​ និង​បាក់តេរី​ក្នុង​ពេល​តែ​មួយ​ ហើយ​យើង​អាច​នឹង​មិន​ស្រួល​ខ្លួន​កាន់តែ​ខ្លាំង​ថែម​ទៀត។ សម្រាប់​អ្នក​មាន​ជំងឺ​ហឺត ឬ​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ក៏​អាច​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​ដែរ។

    ទោះជាយ៉ាងណា​ការ​ដឹង​ថា​យើង​ឆ្លង​ជំងឺ​ផ្ដាសាយ​ពីរ​ក្នុង​ពេល​តែ​មួយ​គឺ​មាន​ការ​ពិបាក​ ជាពិសេស​សម្រាប់​វីរុស​ដែល​បង្ក​អាការៈ​ស្រដៀង​គ្នា។ បើ​យើង​ជា​សះស្បើយ​ពី​ជំងឺ​ផ្ដាសាយ​ហើយ​ស្រាប់​តែ​ចាប់​ផ្ដើម​មាន​អាការៈ​ថ្មី​ នេះ​អាច​បង្ហាញ​ឲ្យ​ដឹងថាមាន​ការ​ឆ្លង​វីរុស​ទី​២ហើយ​។ ប៉ុន្តែ​ជាធម្មតា​រាងកាយ​របស់​យើង​អាច​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​បាន​យ៉ាង​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម