លំហាត់ប្រាណនេះហៅថា អ៊ែរ៉ូបិក (Aerobics) គឺហាត់ប្រាណស្រាលៗ ដោយលើកដៃលើកជើង ដើម្បីបង្កើនការស្រូបអុកស៊ីហ្សែន ឬពង្រឹងភាពអំណត់រាងកាយ។ Aerobics ធ្វើឲ្យយើងដកដង្ហើមកាន់តែញាប់ បេះដូងលោតកាន់តែលឿន ដោយសារតែយើងប្រើសាច់ដុំច្រើន ទើបបណ្ដាលឲ្យរាងកាយប្រើអុកស៊ីហ្សែនកាន់តែច្រើនដូចគ្នា។
ការហាត់បែបនេះជួយពង្រឹងបេះដូង និងសួតឱ្យកាន់តែមានសុខភាពល្អ ជួយសម្រួលសរសៃឈាម បញ្ចុះសម្ពាធឈាម និងជាតិស្ករ សម្រួលអារម្មណ៍ កាត់បន្ថយការរលាក និងបង្កើនកម្រិតកូលេស្ដេរ៉ុលល្អ។ ចំណុចល្អផ្សេងទៀត គឺជួយកាត់បន្ថយការប្រឈមជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពដទៃទៀតបានច្រើន។
បើសិនយើងធ្លាប់គាំងបេះដូងវិញ Aerobics ក៏អាចជួយបង្ការកុំឲ្យការគាំងបេះដូងកើតឡើងវិញម្ដងទៀតដែរ តែយ៉ាងណាគួរប្រឹក្សាជាមួយគ្រូពេទ្យមុនចាប់ផ្ដើមហាត់។
ក្រៅពីលើកដៃលើកជើង ការហែលទឹក ដើរ រត់ រាំ ធាក់កង់ ឬឡើងចុះជណ្ដើរក៏ជាការហាត់ប្រាណងាយៗសម្រាប់ចាស់ៗដែរ។ ដូច្នេះយើងគួរហាត់ឲ្យបានទៀងទាត់ ឬហោចណាស់ ១៥០ នាទីក្នុងមួយសប្ដាហ៍។