backup og meta

កុំប្រហែសឲ្យសោះ! បេះដូងក៏​អាច​ឆ្លង​មេរោគ​ដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Sep 20, 2021

    កុំប្រហែសឲ្យសោះ! បេះដូងក៏​អាច​ឆ្លង​មេរោគ​ដែរ

    បេះដូងជាផ្នែកសំខាន់បំផុតក្នុងរាងកាយ និងការពារដោយស្រទាប់ក្រាស់នៃជាលិកា ហើយជាកន្លែងច្របាច់ និងចែក​ចាយ ឈាម​ទៅចិញ្ចឹមសរីរាង្គពេញរាងកាយ។ បើបេះដូងមានបញ្ហា ច្បាស់ជាវីវរមិនខាន។

    “Hello ពេទ្យ” នឹងណែនាំគ្នាយើងឲ្យស្គាល់ជំងឺមួយប្រភេទកើតមានលើបេះដូង គឺជំងឺរលាកបេះដូង កើតដោយការឆ្លងមេរោគតាមរយៈសរសៃឈាមទៅបេះដូង។

    ជំងឺនេះអាចស្ថិតក្នុងកម្រិតស្រាល ប៉ុន្តែបើមិនដឹងរោគសញ្ញា ហើយពន្យារពេលព្យាបាលកាន់តែយូរ នឹងមានគ្រោះថ្នាក់ដល់ជីវិតបាន។ ជំងឺ​នេះ​បែងចែក​ជា​ ៣ ប្រភេទ៖

    ១- ​ជំងឺរលាកភ្នាសបេះដូង (Endocarditis)

    Endocarditis ជាជំងឺរលាកភ្នាសបេះដូង ដែលជាស្រទាប់ក្រាលផ្ទៃថត និងប្រឹសបេះដូង។ វាកើតពេលបាក់តេរី ផ្សិត ឬមេរោគផ្សេងទៀតវាយប្រហារបេះដូង តាមរយៈចរន្តឈាម មានទាក់ទងតំបន់មិនប្រក្រតីមួយចំនួនក្នុងបេះដូង នាំឲ្យបេះដូងខូចលឿន ឬយឺត និងធ្ងន់ធ្ងរ ហើយករណីខ្លះអាចស្លាប់ទៀត។

    រលាកភ្នាសបេះដូងមាន ២ប្រភេទ អាស្រ័យលើមេរោគឆ្លងតាមចរន្ដឈាម និងបញ្ហារបស់បេះដូង គឺរលាកបេះដូងកម្រិតធ្ងន់ (មានការវិវត្ដលឿន) និងរលាកបេះដូងកម្រិតធម្យម (មានការវិវត្តយឺត)។

    វាប៉ះពាល់លើគ្នាយើងដែលប្រើប្រឹសបេះដូងសិប្បនិម្មិត ដាក់ឧបករណ៍ជំនួយបេះដូង ឬសរសៃឈាម មានជំងឺខូចបេះដូងពីកំណើត។ គ្នាយើងដែលមានប្រឹសបេះដូងប្រក្រតី ក៏​អាចមានជំងឺនេះដែរ ប៉ុន្តែភាគច្រើនកើតលើគ្នាយើងមានបេះដូងមិនប្រក្រតី។

    កត្តាមួយចំនួនបណ្ដាលមកពីការឆ្លងបាក់តេរីក្នុងឈាម កាន់តែងាយប្រឈមមុខនឹងជំងឺនេះ មានដូច​ជា អត់អនាម័យមាត់ធ្មេញ សុខភាពធ្មេញ និងអញ្ចាញមិនល្អ ធ្លាប់មានជំងឺនេះពីមុន ចាក់ថ្នាំតាមសរសៃ និងសុងរយៈពេលយូរ។

    គ្នាយើងមានជំងឺរលាកបេះដូង តែងមានរោគសញ្ញា និងអាការៈខុសៗគ្នា ប៉ុន្តែជាទូទៅ ក្ដៅខ្លួន គ្រុនក្ដៅ ផ្តាសាយ ហើយវាអាចបង្កបញ្ហាផ្សេងទៀតលើសេរីរាង្គក្រៅពីបេះដូង។ អាចព្យាបាលដោយប្រើថ្នាំផ្សះ ៣-៤ សប្ដាហ៍ ប៉ុន្តែករណីធ្ងន់ ត្រូវវះកាត់បេះដូង និងប្ដូរប្រឹសបេះដូង ឬយកជាលិការរលាកចេញ។

    បេះដូង

    ២-​ ជំងឺរលាកស្រោមបេះដូង (Pericarditis)

    Pericarditis ជាជំងឺរលាកស្រោមបេះដូង ដែលជាថង់ការពារបេះដូង។ ជាធម្មតា មានការយល់ច្រឡំថាជាការរលាកស្រោមសួត រលាកភ្នាសជុំវិញសួត និងស្រទាប់ប្រអប់ឆ្អឹងជំនីរទៅវិញ។

    មូលហេតុនាំឲ្យរលាកស្រោមបេះដូង មកពីកត្តាមួយចំនួន មាន របួសទ្រូង បាក់តេរី ប្រតិកម្មថ្នាំ និងធ្លាប់ព្យាបាលដោយកាំរស្មីលើជំងឺមហារីកពីមុន។ វាអាចកើតក្រោយការព្យាបាលដោយវះកាត់ តផ្លូវវាងសរសៃឈាមបេះដូង ឬវះកាត់ដាក់ថ្មក្នុងបេះដូង។ រោគសញ្ញាមាន ចាប់ផ្ដើមឈឺដូចកាំបិតចាក់ ឬផ្នែកខាងឆ្វេងទ្រូងឈឺខ្លាំង ពេលដកដង្ហើម ទោះពេលគេងក៏មិនធូរដែរ។

    Pericarditis ជាទូទៅ បាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២-៣ សប្ដាហ៍ ទោះបីវាអាចយូរជាងនេះ ឬលាប់ឡើងវិញក៏ដោយ។ ថ្នាំអាស្ពីរីន ឬថ្នាំ Ibuprofen អាចជួយបំបាត់ការឈឺចាប់បាន ហើយថ្នាំ Clochicine អាចជួយសម្រួលការរលាក និងព្យាបាលជំងឺបានដូចគ្នា។

    ៣-​ ជំងឺរលាកសាច់ដុំបេះដូង (Myocarditis)

    Myocarditis សំដៅលើការរលាកចំកណ្ដាលសាច់ដុំបេះដូង ប៉ុន្តែជាជំងឺកម្រមានណាស់។ ស្ថានភាពជំងឺចាប់ផ្ដើមនៅច្រមុះ សួត ឬពោះ ហើយភាគច្រើនមកពីមេរោគ Coxsackievirus ដែលរស់នៅក្នុងក្រពះ។ រោគសញ្ញាដំបូង មាន ផ្ដាសាយ អាចហើមជើង ឡើងទម្ងន់ អស់កម្លាំង និងថប់ដង្ហើម។

    ករណីមិនធ្ងន់ធ្ងរ វាអាចជាដោយខ្លួនឯង ប៉ុន្តែបើស្ថានភាពវិវត្ដកាន់តែធ្ងន់ ត្រូវប្រើថ្នាំព្យាបាល មាន ថ្នាំបញ្ចុះទឹកនោម និងថ្នាំសរសៃ​ឈាម​បេះដូង។ រលាកបេះដូងកម្រកើតជាង ជំងឺសរសៃរឈាមបេះដូង ហេតុនេះគ្នាយើងមិនសូវចាប់អារម្មណ៍ទេ ប៉ុន្តែផលវិបាកអាចធ្ងន់ធ្ងរ។ អ្វីសំខាន់ យើងត្រូវដឹងពីកត្តាប្រឈម និងរោគសញ្ញាមុនសិន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Sep 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម