backup og meta

​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 09, 2021

    ​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន

    គ្នាយើង​ធ្លាប់​ឮ ឬ​ឃើញ​ចាស់ៗ ពេល​បាយ​ដាក់​ស្រា​មួយ​ពែង ធ្វើ​ឲ្យ​បាយ​កាន់​តែ​ឆ្ងាញ់ សុខភាព​កាន់​តែ​ល្អ មិនចឹង? ប៉ុន្តែ “Hello គ្រូពេទ្យ” ចង់​ប្រាប់​ថា​ខុស​ហើយ​ ព្រោះ​អ្វី​ទាំងអស់​គ្រាន់​ជា​ការ​គិត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ប៉ុណ្ណោះ ហើយ​អ្នក​វេជ្ជសាស្ត្រ​រក​ឃើញ​ថា ផឹក​ស្រា​ទោះ​តិច​តួច​ក្តី នៅ​តែ​អាច​មាន​បញ្ហា​បេះដូង ពិសេស​ជំងឺ​ Atrial Fibrillation។

    ១- អីជាជំងឺ Atrial Fibrillation?

    ទម្លាប់​ញ៉ាំ​ស្រា ទោះ​ញ៉ាំ​បន្តិច​ក្តី ថត​បេះដូង​ឆ្វេង​ខាង​លើ អាច​នឹង​រីក​មាឌ នាំ​ឲ្យ​មាន​ហានិភ័យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ពេល​ថត​បេះដូង​ឆ្វេង​ខាង​លើ​រីក​មាឌ បង្ក​បញ្ហា​មួយ​ទៀត​គឺ Atrial Fibrillation កើត​ឡើង ពេល​បេះដូង​លោត​ញាប់​​ខុស​ប្រក្រតី។

    Atrial Fibrillation ធ្វើ​ឲ្យ​បរិមាណ​ឈាម​ឡើង​ក្នុង​ថត​បេះដូង​ឆ្វេង​ខាង​លើ បណ្តាល​ឲ្យ​មាន​ដុំ​កំណក​ឈាម​កើត​ឡើង។ បើ​ទុក​កាន់​តែ​យូរ នឹង​ធ្វើ​ឲ្យ​ដុំ​កំណក​ឈាមបែក បង្ក​ឲ្យ​ខូច​សរសៃ​ឈាម​ចិញ្ចឹម​ខួរ​ក្បាល ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​តែ​ម្តង។

    ចំពោះ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល វិទ្យាស្ថានជាតិ​អាមេរិក​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (American National Institute of Neurological Disorders and Stroke) បង្ហាញ​ថា ១៥ % នៃ​អ្នក​ជំងឺ​នេះ ធ្លាប់​មាន​បញ្ហា Atrial Fibrillation មុន​នឹង​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    ២- ទំនាក់ទំនងរវាងស្រា និង Atrial Fibrillation

    ទូទៅ Atrial Fibrillation ត្រូវ​ចាត់​ទុក​ថា​ជា​ជំងឺ​បេះដូង ហើយ​វា​ធ្វើ​ឲ្យ​ថត​បេះដូង​ប្រែប្រួល​បណ្តាល​មក​ពី​ស្រា។ ប៉ុន្តែ​ករណី​ខ្លះ Atrial Fibrillation ក៏​អាច​បណ្តាល​មក​ពី​បញ្ហា​ហ្សែន​ដូចគ្នា។ គ្នាយើង​មាន​បញ្ហា​ហ្សែន អាច​ប្រឈម​ជំងឺ Atrial Fibrillation ទោះ​បី​មិន​ផឹក​ស្រា​ក៏​ដោយ។ បើ​យើង​ផឹក​ស្រា ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​ពី​ផល​ប៉ះពាល់​របស់​ស្រា តែ​អាច​និយាយ​ថា ផឹក​ស្រា​ជា​កត្តា​បង្ក​ជំងឺ​នេះ។

    ស្រា ១០ ក្រាម យើង​ផឹក​រាល់​ថ្ងៃ អត្រា​កើត​ជំងឺ Atrial fibrillation មាន​ប្រមាណ ៥% ហើយ​ស្រា ១០ ក្រាម អាច​ធ្វើ​ឲ្យ​ថត​បេះដូង​ឆ្វេង​ខាង​លើ រីក​រហូត​ដល់ ០,១៦ មិល្លីម៉ែត្រ។ ពេល​ថត​បេះដូង​ឆ្វេង​រីក​កាន់​តែ​ធំ ចង្វាក់​បេះដូង​លោត​កាន់​តែ​ទាប។

    ការ​សិក្សា​នេះ​មិនមែន​ធ្វើ​ឡើង​ក្នុង​ចេតនា​លុប​បំបាត់​ចំណុច​វិជ្ជមាន​របស់​ស្រា​ទេ ប៉ុន្តែ​អ្វី​សំខាន់ យើង​ត្រូវ​ដឹង​ពី​ស្ថានភាព​សុខភាព​ខ្លួន​ឯង តើ​គួរ​ផឹក ឬ​មិន​ផឹក។ គ្នា​យើង​មាន​សមាជិក​គ្រួសារ​ធ្លាប់​មាន​ជំងឺ​បេះដូង គួរ​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​ផឹក​ស្រា។

    ផឹក​គ្រឿង​ស្រវឹង មិន​ថា​តិច ឬ​ច្រើន នៅ​តែ​ប៉ះពាល់​សុខភាព។ បើ​មាន​ចម្ងល់​ជុំវិញ​បញ្ហា​នេះ អាច​សួរ​ពេទ្យបាន។ ផឹក​ស្រា​មិន​ល្អ​សម្រាប់​គ្នា​យើង​ដែល​ធាត់ ស្រីៗ​មានផ្ទៃ​ពោះ កើត​ទឹកនោម​ផ្អែម លើស​ឈាម និង​ជំងឺ​បេះដូង​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ ណៃ ទូច · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម