backup og meta

អ្នកលើសឈាម គួរចៀសវាង ឬកម្រិតការញ៉ាំអាហារ ៣មុខនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 20, 2021

    អ្នកលើសឈាម គួរចៀសវាង ឬកម្រិតការញ៉ាំអាហារ ៣មុខនេះ

    មានជំងឺលើសឈាម ច្បាស់ជាមានអារម្មណ៍តានតឹងខ្លះៗ​មិន​ខាន​ ពិសេសនៅពេលឃ្លានម្តងៗ ញ៉ាំនេះមិនបាន ញ៉ាំនោះមិនបាន ឲ្យតែរបស់ឆ្ងាញ់ សុទ្ធតែញ៉ាំមិនបាន។ មិនមែនអ៊ីចឹងទេ ទោះលើសឈាម ក៏ត្រូវតែញ៉ាំអាហារមានវីតាមីន ប្រូតេអ៊ីន រួមនឹងសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសុខភាពល្អឡើងវិញ គ្រាន់តែថា អាហារ ៣ប្រភេទនេះ គ្នាយើង​មាន​ជំងឺ​លើស​ឈាម​​ចៀសបានក៏គួរ​ចៀសដែរ​ទៅ។

    ១- អាហារមានជាតិសូដ្យូម (អំបិល)ខ្ពស់​

    នៅពេលយើងសម្រេចចិត្តចេញទៅញ៉ាំអាហារនៅខាងក្រៅ គួរសួរខ្លួនយើងថា អាហារទាំងនោះរសជាតិដិតខ្លាំងល្អដូចជាអាហារក្នុងផ្ទះយើងអត់? គួរតែចំណាយប្រាក់ញ៉ាំដែរទេ? ហើយក៏គួរតែចាំដែរ​ថា ពេលញ៉ាំអ្វី​នៅខាងក្រៅ គួរញ៉ាំស៊ុប ទឹកជ្រលក់ ឬអាហារក្រែមបន្តិចបន្តួចបានហើយ។

    យ៉ាងណា ត្រូវចៀសវាងអាហារកំប៉ុង និងស៊ុប ព្រោះពពួកអាហារទាំងនេះ មានផ្ទុកជាតិសូដ្យូមយ៉ាងច្រើន ជាក់ស្តែងសណ្តែកកំប៉ុង មានផ្ទុកជាតិសូដ្យូមច្រើនជាង ៥០០មិល្លីក្រាមក្នុងមួយកំប៉ុង។ យ៉ាងណា ក៏នៅមានអាហារកំប៉ុងមួយចំនួន មានផ្ទុកជាតិសូដ្យូមតិចតួចដូចគ្នា។ គ្នាយើងអាចមើលទៅលើកំប៉ុងអាហារទាំងនោះ ស្វែងរកសញ្ញាដែលបញ្ជាក់ថា​មានសុវត្ថិភាព និង​ជួយសុខភាពយើងល្អ។

    ជាមួយគ្នានេះ ស៊ុបសណ្តែកក្រហមកក និងទឹកដោះគោសម្លាប់មេរោគរួច អាចញ៉ាំបានសម្រាប់គ្នាយើងមានជំងឺលើសឈាម ប៉ុន្តែដំឡូងបារាំងកញ្ចប់ សាច់កែច្នៃ និងអាហារក្លាស្សេ (ឆ្អិនស្រាប់) សុទ្ធតែផ្ទុកជាតិសូដ្យូមខ្ពស់។ នៅពេលយើង​ញ៉ាំសារធាតុនេះច្រើន នឹងធ្វើឲ្យសម្ពាធឈាមយើងកាន់តែឡើងខ្ពស់ នាំឲ្យកើនហានិភ័យសុខភាពជាច្រើន ពិសេសជំងឺសរសៃឈាមបេះដូងតែម្តង។

    ២- ជាតិអាល់កុល

    ការផឹកគ្រឿងស្រវឹងច្រើនពេក (ជាតិអាល់កុល) នឹងធ្វើឲ្យសម្ពាធឈាមកាន់តែខ្ពស់។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​លើសឈាម​ នៅ​សិង្ហបុរី​ ណែនាំថា ស្ត្រីគួរកាត់បន្ថយការផឹកគ្រឿងស្រវឹងយ៉ាង​ច្រើន​ត្រឹមតែ​២ កែវ/ថ្ងៃ ខណៈប្រុសៗ អាចផឹកច្រើនបំផុត​ត្រឹម ៣ កែវ/ថ្ងៃ។ តាមស្តង់ដារផឹកគ្រឿងស្រវឹងសម្រាប់គ្នាយើងលើសឈាម អាចផឹកពី ២-៣ កំប៉ុង (ស្រាបៀរធម្មតាចំណុះ ២២០មិល្លីលីត្រ) ឬស្រាមួយកែវតូច។

    គ្រឿង​ស្រវឹង​ប៉ះ​ពាល់​ថ្លើម

    ៣- អាហារខ្លាញ់

    ជំងឺលើសឈាម ភាគច្រើនទំនងជាកើតឡើងនៅពេលយើងលើសទម្ងន់ ។ យើង​គួរតែរក្សាសន្ទស្សន៍ទម្ងន់ធៀបនិងកម្ពស់ (BMI) របស់ខ្លួន ឲ្យនៅចន្លោះ ១៨,៥-២២,៩ ដើម្បីធ្វើឲ្យរាងកាយមានទម្ងន់សមល្មម។ ចំពោះ​ប្រុស ដែល​មានរង្វង់ចង្កេះធំជាង ៩១​សង់ទីម៉ែត្រ រីឯស្រីៗធំជាង ៨១សង់ទីម៉ែត្រ គឺប្រឈមខ្ពស់កើតជំងឺលើសឈាម។

    វិធីសាស្ត្រល្អបំផុតជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព គឺកាត់បន្ថយការញ៉ាំអាហារខ្លាញ់។ ក្នុងខ្លាញ់មួយក្រាម មានផ្ទុក ៩កាឡូរី ខណៈកាបូអ៊ីដ្រាត និងប្រូតេអ៊ីន​មាន​កម្រិត​កាល់ឡូរី​ត្រឹម​ពាក់​កណ្ដាល​នៃ​កម្រិត​ខ្លាញ់​ប៉ុណ្ណោះ។ ម្យ៉ាងទៀត គ្នាយើងអាចកាត់បន្ថយការញ៉ាំបាន តាមរយៈការកាត់បន្ថយញ៉ាំអាហារបំពង ក្រែម និងពពួកនំដុត (pastries)។

    អ្វីកាន់តែចាំបាច់បំផុត ត្រូវកាត់បន្ថយការញ៉ាំខ្លាញ់ឆ្អែត ដែលជាសារធាតុបង្កើនហានិភ័យកកស្ទះសរសៃឈាមអាក់ទែ មាន​ដូចជា​ពពួកខ្លាញ់ឆ្អែត​សម្បូរនៅក្នុងសាច់ក្រហម និងផលិតផលសម្រាប់ចម្អិនអាហារ សម្បូរខ្លាញ់ និងប្រេង ដូចជាប្រេងដូងជាដើម។ យើង​ត្រូវជ្រើសយកសាច់ត្រី សាច់គ្មានខ្លាញ់ សត្វស្លាបគ្មានស្បែក និងទឹកដោះគ្មានជាតិខ្លាញ់ មកញ៉ាំជំនួសអាហារទាំងនោះ ដើម្បីជួយឲ្យសុខភាពយើងកាន់តែប្រសើរឡើងវិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម