backup og meta

កើតហឺតចង់រស់យូរ? ត្រូវដឹងអាហារណា​គួរញ៉ាំ ឬមិនគួរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Nov 15, 2019

    កើតហឺតចង់រស់យូរ? ត្រូវដឹងអាហារណា​គួរញ៉ាំ ឬមិនគួរ

    ឲ្យ​តែ​ញ៉ាំ​មិន​ស្រួល មិន​តម ដឹង​តែ​ ហឺត​ធ្វើ​ទុក្ខ ពិបាក​តែ​ខ្លួន​ឯង​ហ្នឹង។ នេះហើយ ជីវិត និង​ស្ថានភាព​គ្នា​យើង​កើត​ហឺត ពិបាក​ណាស់ មិនអ៊ីចឹង?។ កត្តា​សំខាន់​មួយ​ទៀត​គឺ មាន​ជំងឺ​នេះប្រចាំ​កាយ ត្រូវ​គិត​គូរ​ខ្លាំង ពិសេស​រឿង​ហូបចុក​ប្រចាំ​ថ្ងៃ។ ឈប់​ខ្វាយ​ខ្វល់​សិន អាន​អត្ថបទ​ “Hello គ្រូពេទ្យ” អាច​ដឹង​វិធី​ទប់​ស្កាត់​ផល​វិបាក និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

    ១- ញ៉ាំអាហារល្អៗ

    ពពួក​បន្លែ និង​ផ្លែ​ឈើ​សម្បូរ ដោយ​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម ដូចជា៖ វីតាមីន C ​វីតាមីន E ​និង​ពពួក Beta-carotene។ សារធាតុ​ទាំង​នោះ​អាចជួយ​កាត់​បន្ថយ ការ​រលាក​ក្នុង​សួត​បាន។ លើស​ពី​នេះ បន្លែ ​ផ្លែ​ឈើ ក៏​សម្បូរ​ជាតិ​សរសៃ​ច្រើន​ផង​ដែរ។ ជាតិ​សរសៃ​ទាំង​នោះ ​ល្អ​ក្នុង​ការទប់ទល់ ជា​មួយ​បញ្ហា​រលាក។ គួរ​ញ៉ាំ​ផ្លែ​ឈើ ដូចជា ក្រូច​ ទំពាំង​ បាយជូរ ក្រូចឆ្មា ពពួក​ផ្លែ ស្ត្ររប៊ើររី និង ពពួក​បន្លែ​ស្លឹក​បៃតង​ចាស់ ឲ្យ​បាន​ច្រើន។ គួរ​ព្យាយាម ញ៉ាំ​អាហារ​មាន​ជាតិ អូមេហ្គា ៣ (ខ្លាញ់​ត្រី​ល្អ មាន​ច្រើន​ក្នុង​ត្រី​សាល​ម៉ុន) ត្រី​ធូណា ឬ​គ្រាប់​ធញ្ញជាតិ សុទ្ធតែ​មាន​ជាតិ​អូមេហ្គា ៣ ច្រើន។

    ២- ថែគីឡូឲ្យថេរថែសុខភាពឲ្យល្អ

    ពេល​ធាត់ ឬ​លើស​គីឡូ​ច្រើន​ពេក​អាច​បណ្ដាលឲ្យ​ជំងឺ​ហឺត​កាន់​តែ​ធ្ងន់ធ្ងរ។ លៃលក​យ៉ាង​ម៉េច រក្សា​គីឡូ​ឲ្យ​ថេរ។ មួយ​វិញ​ទៀត កុំ​ភ្លេច​ហាត់​ប្រាណ​ ព្រោះ​ឡើង ឬ ​ស្រក​គីឡូ​មិន​អាស្រ័យ​លើ​ការ​ញ៉ាំ​ទាំង​ស្រុង​ទេ។ ហាត់​ប្រាណ ជា​កត្តា​មួយ​ទៀត ជួយ​ឲ្យ​មាន​សុខភាព​ល្អ​តាម​ការ​ចង់​បាន។

    ៣- អាហារមានប្រតិកម្ម

    ឲ្យ​តែ​មាន​ជំងឺហឺត ដឹង​តែ​មាន​ប្រតិកម្ម​ជាមួយ​អាហារ​មួយ​ចំនួន​មិន​ខាន។ អាហារ​ខ្លះ​ ធ្វើ​ទុក្ខ​ធ្ងន់ ភ្លាមៗ​មួយ​រំពេច។ ដូច្នេះ​គួរ​ដឹង​អាហារ​គ្រោះ​ថ្នាក់ និង​គួរ​ចៀសវាង​ដាច់​ខាត។ អាហារ​អាក្រក់​សម្រាប់​គ្នា​យើង​កើត​ហឺត មាន​ដូចជា៖ ទឹក​ដោះគោ ​ស៊ុត សត្វ​មាន​សំបក ជា​ពិសេស​គ្រឿង​សមុទ្រ (ក្ដាម បង្គារ លៀស គ្រំ…) សណ្ដែកដី អាហារ​មេ (តាប៉ែ) ស្រូវ​សាឡី និង​ល្ង ជាដើម។

    ៤- ចៀសពីអាហារគីមី

    ជាតិ​គីមី ក្នុង​បន្លែ​ផ្លែឈើ ត្រីសាច់​សុទ្ធ​តែ​ទាំង​នោះ អាច​បណ្តាល​ឲ្យ​ជំងឺ​ហឺត​ធ្វើ​ទុក្ខ។ ស្វែង​យល់​ពី​ចំណុច​ទាំង​នោះ ដូច​ខាង​ក្រោម៖

    – Sulfites៖ ជាតិគីមី Sulfites មួយចំនួន ដូចជា Ulfur dioxide និង Sodium metabisulfite គេ​យក​ទៅ​ប្រើ​ដើម្បី​រក្សា​ពណ៌  អាហារ និង​ទុកឲ្យ​បានយូរ។ យើង​អាច​ឃើញេះជាតិ Sulfites នៅ ក្នុង​ស្រា​ក្រហម ផ្លែ​ឈើ​ក្រៀម​ ស្រាបៀរ និង​អាហារ​កំប៉ុង​ជាដើម។

    – Monosodium glutamate (MSG)៖ គេ​ប្រើ​ជាតិ Monosodium glutamate ដើម្បី​បន្ថែម រស​ជាតិ​អាហារ។ អាហារ​មាន​ជាតិ Monosodium glutamate មាន​ដូចជា ខ្លាញ់​បាន​ពី​ការ​ចម្អិន សាច់ ស៊ុប​ ឬ​ទឹក​ស៊ីអ៊ីវ។ គួរ​ប្រើ​ប្រូតេអ៊ីន​បន្លែ​ជំនួស​សារធាតុ​នេះ ប៉ុន្តែ​វា​អាច​ប៉ះពាល់ ជា​មួយ​ជំងឺ​ហឺត​បាន។

    – ជាតិពណ៌បន្ថែមលើអាហារ៖ គេ​បន្ថែម​ជាតិ​ពណ៌ (ល័ក្ខណ៍) ទៅ​តាម​ពណ៌​ដែល​ដាក់ អាច​លឿង ក្រហម ឬ​បៃតង។ សារធាតុ​ពណ៌​ ធ្វើ​ទុក្ខ​គ្នា​យើង​កើត​ហឺត​ខ្លាំង​ណាស់។

    – Salicylates៖ សារធាតុ Salicylates អាច​មាន​ក្នុង​អាហារ​មួយ​ចំនួន​ស្រាប់​ដូច​ជា៖ ទឹក​ស៊ីអ៊ីវ​ កាហ្វេ​កញ្ចប់ ស្រាបៀរ និង​ទឹកឃ្មុំ។ ថ្នាំ Aspirin ក៏​មាន​ផ្ទុក Salicylates ដែរ។

    យ៉ាង​ណា ត្រូវ​ដឹង​ពី​អាហារ អាច​បណ្ដាល​ឲ្យ​ជំងឺ​ហឺតធ្វើ​ទុក្ខ និងមិនត្រូវ​ធ្វើរោគវិនិច្ឆ័យជំងឺ​ដោយ​ខ្លួន​ឯង​ទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ ធ្ងន់​ធ្ងរ ឬ​សន្និដ្ឋាន​ខុស និង​គ្មាន​មូលហេតុ។

    ៥- ពិនិត្យម្ហូបមុនទិញឬញ៉ាំ

    បើ​ដឹង​ខ្លួន​មាន​ប្រតិកម្ម ជាមួយ​គ្រឿង​ផ្សំ​ណា ​កុំ​ជំនះ​ញ៉ាំ​អាហារ​ទាំង​នោះ។ ខ្លួន​យើង​កើត​ជំងឺ កត់​ចំណាំ​ខ្លួន​ឯង​ពី​ម្ហូប​ណា​ញ៉ាំ​កើត ឬ​មិន​កើតជា​រឿង​សំខាន់​មែន​ទែន។ គ្រប់គ្រង និង​យក​ចិត្ត​ទុកដាក់​រឿង​ចំណី​ចំណុក​ ជួយ​ឲ្យ​ស្ថានភាព​ជំងឺ​ហឺត ប្រសើរ​តាម​ហ្នឹង​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម