backup og meta

ជំងឺ​មហារីកសុដន់៖ ការ​ប្រែ​ប្រួល​ទម្ងន់អំឡុង​ពេល​ព្យាបាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jan 13, 2022

    ជំងឺ​មហារីកសុដន់៖ ការ​ប្រែ​ប្រួល​ទម្ងន់អំឡុង​ពេល​ព្យាបាល

    ជំងឺមហារីកសុដន់ គឺជាជំងឺគ្រោះថ្នាក់ និងច្រើន​កើត​មានផង​ដែរ​ ជាពិសេសក្នុងចំណោមមនុស្សស្រី។ ការព្យាបាលជំងឺនេះ អាចបង្កឲ្យ​អ្នកជំងឺទទួលបានផលវិបាកជាច្រើន ដូចជាហត់អស់កម្លាំង និង​ស្ត្រេស ជាដើម​ ដែលទាំងអស់នេះ​ធ្វើឲ្យ​ទម្ងន់អ្នកជំងឺប្រែប្រួល​ញឹកញាប់ នៅអំឡុងពេលព្យាបាល។

    កើនទម្ងន់

    ១. ការព្យាបាលដោយថ្នាំគីមី

    ការសិក្សាបានបង្ហាញថា អ្នកជំងឺខ្លះដែលមានជំងឺមហារីកដោះ បន្ទាប់ពីព្យាបាលជាមួយនឹងសារធាតុគីមី​ខ្លះ​សម្រាប់ព្យា​បាលជំងឺនេះ ឬ​ថ្នាំពេទ្យមួយចំនួន នឹងធ្វើឲ្យ​ទម្ងន់​ខ្លួនអ្នកជំងឺកើនឡើង ទោះបីជាការព្យាបាលដោយសារធាតុទាំងនោះត្រូវបានបញ្ចប់ក៏ដោយ។ សម្រាប់អ្នកជំងឺខ្លះព្យាបាលដោយថ្នាំគីមីរួច បាន​ឡើង​ទម្ងន់​ នេះ​ដោយសារ​វិធីផ្សេង​ទៀតក្រៅពីថ្នាំ។ អ្នកជំងឺ​អាចនឹងបាត់បង់សាច់ដុំ និងកើនឡើងជាលិកាខ្លាញ់។ វិធីបញ្ចុះទម្ងន់​ធម្មតា សម្រាប់អ្នកជំងឺទាំងនោះជួនកាលគឺមិនមានប្រសិទ្ធភាពឡើយ។ មូលហេតុមួយទៀតដែលនាំឲ្យ​ឡើងទម្ងន់​ នោះគឺដោយសារ តែ Corticosteroids ដែលជាហេតុនាំឲ្យ​យើងញ៉ាំច្រើន។ Corticosteroids គឺជាអ័រម៉ូន ដែលអាចធ្វើឲ្យ​កើនឡើងជាលិកាខ្លាញ់។ ស្ត្រីដែលព្យាបាលដោយ ពពួកថ្នាំ Steroids អាចនឹងឡើងទម្ងន់ ប៉ុន្តែ ទម្ងន់​ដែលឡើងនេះ ជាញឹកញាប់អាចសម្គាល់​ឃើញនៅរយៈពេលពីរបីសប្ដាហ៍បន្ទាប់ពី​ប្រើជាប់​ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖ 

    ២. ខ្វះការហាត់ប្រាណ

    ការសិក្សាខ្លះបានបញ្ហាញថា ការឡើងទម្ងន់​ គឺជាប់ទាក់ទងនឹងការដែលមិនសូវហាត់ប្រាណ។ ពេលព្យាបាលជំងឺមហារីក អ្នកជំងឺច្រើនមានអារម្មណ៍ស្ត្រេស អស់កម្លាំង ចង្អោរ ឈឺចាប់ ដែលទាំងអស់នេះជាហេតុនាំឲ្យ​កាត់បន្ថយសកម្មភាពរាងកាយ និងការហាត់ប្រាណ។ ការឡើងទម្ងន់​ ក៏អាចទាក់ទងនឹងរបបអាហារផងដែរ។ ស្ត្រីខ្លះ ឃ្លានអាហារផ្អែម និងកាបូអ៊ីដ្រាត នៅអំឡុងពេលព្យាបាល​ដោយថ្នាំគីមី។ ការញ៉ាំអាហារប្រភេទទាំងនេះ ច្រើន​អាចបណ្ដាលឲ្យ​អ្នកជំងឺ​ឡើងទម្ងន់​យ៉ាងខ្លាំង។

    លើសទម្ងន់ធាត់

    ៣. ការព្យាបាលនៅផ្ទះ

    ការព្យាបាលជំងឺមហារីកដោយប្រើការព្យាបាលដោយអ័រម៉ូន អាចបង្កឲ្យ​ឡើងទម្ងន់​បាន។ ការព្យាបាលប្រភេទនេះ កាត់បន្ថយកម្រិតបរិមាណរបស់អ័រម៉ូនអេស្ត្រូសែន (estrogen) និង ប្រូហ្សេ​ស្តេរ៉ូន (Progesterone) ចំពោះមនុស្សស្រី និងថយអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) ចំពោះមនុស្សប្រុស ហើយថែមទាំងកើនឡើងកម្រិតជាតិខ្លាញ់នៅក្នុងខ្លួន កាត់បន្ថយម៉ាស់របស់សាច់ដុំ និងធ្វើឲ្យ​ផ្លាស់ប្ដូរវិធីដែលរាងកាយបំប្លែងអាហារឲ្យ​ទៅ​ជាថាមពល​ផង​ដែរ។

    ស្ត្រីជាច្រើន មានអារម្មណ៍ថា ការប្រើថ្នាំ Tamoxifen ធ្វើឲ្យ​ពួកគេឡើងទម្ងន់។ តែទោះជាយ៉ាងនេះ​ក្ដី នៅមិនទាន់មានការសិក្សាណា​បង្ហាញពីការឡើងទម្ងន់​ ដោយសារមានការទាក់ទងនឹងអ័រម៉ូននៅឡើយទេ។ ការឡើងទម្ងន់​ខ្លាំង អាចបង្កើនគ្រោះថ្នាក់នៃជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម ចំពោះអ្នកជំងឺ និងជាពិសេស បង្កើនគ្រោះថ្នាក់នៃជំងឺមហារីកសុដន់កើតឡើងវិញ។

    អត្ថបទពាក់ព័ន្ធ៖ 

    ចុះទម្ងន់

    អ្នកជំងឺខ្លះ បន្ទាប់ពីព្យាបាលជំងឺមហារីកសុដន់​ហើយ បែជាមានបញ្ហាផ្ទុយទៅ វិញ ដោយ​អ្នកទាំង​នោះ​ចុះទម្ងន់​ដោយសារ តែមានអារម្មណ៍មិនឃ្លានអាហារ ចង្អោរ និងផលរំខានដែលបណ្ដាលមកពីការព្យាបាលដោយថ្នាំគីមី។ អ្នកជំងឺជាបុរសខ្លះ ភាគច្រើន​និយាយថា ការស្រកទម្ងន់​ជាបញ្ហាធំចំពោះពួកគេជាជាងការឡើងទម្ងន់។ ការចុះទម្ងន់​ធ្វើឲ្យ​អ្នកជំងឺ​មានអារម្មណ៍ថាខ្លួន​ឯងមិនមានសុខភាពល្អ ហើយនិងមិនសូវមានសាច់ដុំជាមនុស្សប្រុស។ ការចុះទម្ងន់​ធ្វើឲ្យ​អ្នកជំងឹបាត់បង់ថាមពល ខ្វះអាហារូបត្ថម្ភ ធ្វើឲ្យ​អ្នកជំងឺកាន់តែពិបាកនឹងជាសះស្បើយ។

    ការថែរក្សាទំងន់ឲ្យ​ថេរក្នុងអំឡុងពេលព្យាបាលជំងឹមហារីកដោះ គឺជារឿងសំខាន់បំផុត។ អ្នកជំងឹគួរស្វែងរកការប្រឹក្សាយោបល់ជាមួយ​គ្រូពេទ្យ ដើម្បីរៀបចំរបបអាហារ និងជីវជាតិល្អៗសម្រាប់រាងកាយ។ ក្រៅពីនេះ អ្នកជំងឺគួរហាត់ប្រាណដូចជា ការហាត់ប្រាណខ្លាំងចំពោះដៃ និងស្មារ ដើម្បីការពារពីការបាត់បង់សាច់ដុំ និងកើនឡើងជាលិកា អាឌីប៉ុស (Adipose tissue)។ 

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jan 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម