backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Suicide (ការ​ធ្វើ​អត្តឃាត)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 11, 2020

Suicide (ការ​ធ្វើ​អត្តឃាត)

និយមន័យ

តើ​អ្វី​ទៅ​គឺ​ជា​ការ​ធ្វើ​អត្តឃាត?

ការធ្វើអត្តឃាត​គឺ​ជា​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ជា​ការ​ឆ្លើយ​តប​យ៉ាង​ខ្លោច​ផ្សារ​បំផុត​ទៅ​នឹង​ជីវិត​ដែល​ពោរពេញ​ដោយ​ទុក្ខ​សោក តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​ធ្វើ​អត្តឃាត​ក៏​មិន​មែន​ជា​ជម្រើស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ដែរ។ ប្រសិន​បើ​គ្នាយើង​មាន​បំណង​​ធ្វើ​អត្តឃាត​ ឬ​បាន​ដឹង​ថា​នរណា​ម្នាក់​មាន​គំនិតចង់ធ្វើ​​អត្តឃាត​ យើង​គួរ​តែ​រៀន​អំពី​សញ្ញា​ព្រមាន​​ក្នុង​ការ​ធ្វើ​អត្តឃាត​ និង​របៀប​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ​ព្រម​ទាំង​ការ​ជួយ​សង្គ្រោះ​តាម​បែប​ជំនាញ។ យើង​​អាច​នឹង​ជួយ​ជីវិត​នរណា​ម្នាក់​ឬ​ខ្លួន​ឯងបាន​។

អត្ថបទពាក់ព័ន្ធ៖ អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ

តើ​ការ​ធ្វើ​អត្តឃាត​ច្រើន​កើត​ឡើង​ក្នុង​កម្រិត​ណា?

មនុស្ស​ច្រើន​ជាង​១​លាន​នាក់​បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​រៀង​រាល់​ឆ្នាំ​នៅ​ជុំវិញ​សកល​លោក។ អត្រា​ធ្វើ​អត្តឃាត​សកល​គឺ​​១៦​នាក់​ក្នុង​ចំនួន​ប្រជាជន​១០០ ០០០​នាក់។ជា​មធ្យម​មនុស្ស​ម្នាក់​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​រាល់​៤០​វិនាទី​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក។ ចំនួន​អ្នក​ស្លាប់​១,៨%​ក្នុង​សកល​លោក​គឺ​ដោយ​សារ​ការ​ធ្វើ​អត្តឃាត។ អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​សកល​លោក​បាន​កើន​ឡើង​៦០%​ ក្នុង​រយៈពេល​​៤៥​ឆ្នាំ​ចុងក្រោយនេះ​​។សូម​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖ 

រោគ​សញ្ញា

តើ​រោគ​សញ្ញា​ក្នុង​ការ​ធ្វើ​អត្តឃាត​មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូចជា:

  • និយាយ​ពី​ការ​ធ្វើ​អត្តឃាត​(ដូចជា​ខ្ញុំ​នឹង​ទៅ​សម្លាប់​ខ្លួន ​ខ្ញុំ​ប្រាថ្នា​សូម​ឲ្យ​ខ្ញុំ​ស្លាប់​ ឬ​ខ្ញុំ​ប្រាថ្នា​ថា​ខ្ញុំ​មិន​បាច់​កើត​មក​ល្អ​ជាង)
  • ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តែ​បញ្ចប់​ជីវិត​ខ្លួន​ឯង​បាន​រួមមាន​ទិញ​កាំភ្លើង ​ឬ​ប្រមូល​ថ្នាំ​គរ​ទុក
  • ដក​ខ្លួន​ពី​សង្គម​ខាង​ក្រៅ​និង​ចង់​នៅ​ម្នាក់​ឯង
  • មាន​អារម្មណ៍​ប្រែប្រួល​ដូចជា​ថ្ងៃ​នេះ​មាន​ការ​ប៉ះពាល់​អារម្មណ៍​ខ្លាំង​ថ្ងៃ​បន្ទាប់​មិន​មាន​អារម្មណ៍​ធ្វើ​អ្វី​ទាំង​អស់​
  • រវល់​តែ​ជាមួយ​សេចក្ដី​ស្លាប់​ ការ​សម្លាប់​ខ្លួន ​ឬ​ប្រើ​អំពើ​ហិង្សា
  • មាន​អារម្មណ៍​ថា​ជាប់​ឃុំ​ ឬ​អស់​សង្ឃឹម​ក្នុង​ស្ថាន​ភាព​ណា​មួយ
  • កើត​ឡើង​ការ​សេព​គ្រឿង​ស្រវឹង ​ឬ​ថ្នាំ
  • ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ដូចជា​ការ​ញ៉ាំ​ ឬ​ការ​គេង
  • ធ្វើ​អ្វី​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដូចជា​ប្រើ​ថ្នាំ​ ឬ​បើកបរ​ខ្ជីខ្ជា
  • ចែក​ចាយ​របស់​របរ​ផ្ទាល់​ខ្លួន​ឬ​ធ្វើ​ខ្លួន​ឲ្យ​រវល់​ទោះ​បី​ជា​មិន​ដឹង​ថា​ធ្វើ​ដើម្បី​អ្វី
  • និយាយ​ពាក្យ​លា​ទៅ​កាន់​មនុស្ស​ម្នា​ដូចខ្លួន​នឹង​មិន​ជួប​អ្នកផ្សេង​តទៅ​​ទៀត
  • កើត​មាន​ការ​ប្រែប្រួល​ចរិត​លក្ខណៈ ​ឬ​ឆាប់​ព្រួយ​បារម្ភ​ ឬ​រំជើប​រំជួល​ធ្ងន់ធ្ងរ​ជា​ពិសេស​នៅ​ពេល​ដឹង​ថា​មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​ខាង​លើ

សញ្ញា​ព្រមាន​មិន​មែន​ត្រឹមត្រូវ​ទាំង​អស់​នោះ​ទេ​ហើយ​​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ មនុស្ស​ខ្លះ​មាន​ការ​តាំង​ចិត្ត​បាន​ច្បាស់​លាស់ ​រី​ឯ​អ្នកខ្លះ​ទៀត​នៅ​តែ​គិត​ពី​ការ​ធ្វើ​អត្តឃាត​ និង​លាក់​អាថ៌កំបាំង។

នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​បញ្ជាក់​ជូន​ខាង​លើ​ប្រសិន​បើ​មាន​មន្ទិល​សង្ស័យ​ណា​មួយ​សូម​ទៅ​ប្រឹក្សា​យោបល់​បន្ថែម​ពី​គ្រូពេទ្យជំនាញ។

អត្ថបទពាក់ព័ន្ធ៖ ជីវិតពេលខ្លះផុយស្រួយមែនទែន មនុស្សប្រភេទនេះងាយនឹងសម្លាប់ខ្លួនបំផុត

តើ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា?

ប្រសិន​បើយើងមាន​ ឬដឹងថាអ្នកណាមួយ​មានគំនិត​ចង់​ធ្វើ​អត្តឃាត​ប៉ុន្តែ​មិន​ទាន់​គិត​ចង់​ធ្វើ​បាន​ខ្លួន​ឯង​ភ្លាមៗ​ទេ​នោះយើងគួរ៖

  • ទាក់ទង​ទៅ​មិត្ត​ជិត​ស្និទ្ធ​ឬ​ដៃ​គូ​ទោះ​បី​ជា​ពិបាក​និយាយ​អំពី​អារម្មណ៍​ក្នុង​ចិត្ត​ក៏​ដោយ
  • ទាក់ទង​ទៅ​អាជ្ញធរ​ ឬ​នរណា​ម្នាក់​ដែល​យើង​គិត​ថា​អាច​ជួយ​យើងបាន​ក្នុង​ភូមិ​ស្រុក​របស់យើង
  • ទូរស័ព្ទ​ទៅ​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​ការ​ធ្វើ​អត្តឃាត
  • ធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត
  • គំនិត​ក្នុង​ការ​ធ្វើ​អត្តឃាត​​មិន​បាត់​ទៅ​វិញ​ដោយ​ឯកឯង​នោះ​ទេ​ហេតុ​នេះ​យើង​ត្រូវ​តែ​ស្វែង​រក​ជំនួយ

មូល​ហេតុ

តើ​ការ​ធ្វើ​អត្តឃាត​កើត​ឡើង​ដោយ​សារ​អ្វី?

គំនិតចង់​ធ្វើ​អត្តឃាត​អាច​មាន​មូល​ហេតុ​ច្រើន​យ៉ាង។ ភាគ​ច្រើន​គំនិត​នេះ​កើត​ចេញ​ពី​អារម្មណ៍​នៅ​ពេល​ដែលមនុស្ស​ម្នាក់​​មិន​អាច​តតាំង​ ឬ​ប្រឈម​មុខ​នឹង​អ្វី​ដែល​កើត​ឡើង​លើស​លុប​ពេក​ក្នុង​ជីវិត។ ប្រសិន​បើ​អ្នកនោះ​​មិន​មាន​ក្ដី​សង្ឃឹម​នៅ​ពេល​អនាគត​នោះ​ទេ​ពិតណាស់ងថា​​អាច​គិត​ខុស​ ថា​ការ​ធ្វើ​អត្តឃាត​ គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់។ យើង​អាច​ទទួល​នូវ​បទ​ពិសោធន៍​ស្រដៀង​នឹង​ដែរ​​នៅ​ពេល​មាន​វិបត្តិ​កើត​ឡើង​ ហើយ​អាច​​ជឿ​ថា​ការ​ធ្វើ​អត្តឃាត​គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់។

ការ​ធ្វើ​អត្តឃាត​នេះ​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​តំណ​ពូជ​ផង​ដែរ។ អ្នក​ដែល​ធ្វើ​អត្តឃាត​ឬ​មាន​គំនិត​ធ្វើ​អត្តឃាត​​​ច្រើន​តែ​ធ្លាប់​មាន​ប្រវត្តិ​សមាជិកគ្រួសារ​ធ្វើ​អត្តឃាត។

អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់

កត្តា​ហានិភ័យ

តើ​កត្តា​អ្វី​ដែល​បង្កើន​ហានិភ័យ​ក្នុង​ការ​ធ្វើ​អត្តឃាត?

ទោះ​បី​ជា​ការ​ព្យាយាម​ធ្វើ​អត្តឃាត​ច្រើន​កើត​ឡើង​ញឹកញាប់​លើ​មនុស្ស​ស្រី​ក៏​ដោយ ​តែបើគិតការប៉ុន​ប៉ងបាន​សម្រេច បុរស​គឺ​មាន​ច្រើន​ជាង​ស្រ្តី​ក្នុង​ការ​ធ្វើ​អត្តឃាត​បាន​សម្រេច​ ព្រោះ​ប្រុសៗ​ច្រើន​ប្រើ​វិធី​សាស្ត្រ​ដែល​ឆាប់​មាន​ប្រសិទ្ធភាព​ដូចជា​ប្រើកាំ​ភ្លើងជាដើម​។

មនុស្ស​យើង​​អាច​នឹង​មាន​ហានិភ័យ​ក្នុង​ការ​ធ្វើ​អត្តឃាត​ប្រសិន​បើ៖

  • មាន​អារម្មណ៍​អស់​សង្ឃឹម ​គ្មាន​តម្លៃ​ រំជើបរំជួល ​ផ្ដាច់​ខ្លួន​ពី​សង្គម​ឬ​នៅ​ម្នាក់​ឯង
  • ឆ្លង​កាត់​នូវ​ឆាក​ជីវិត​ដែល​តានតឹង​អាប់អួ​ដូចជា​បាត់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​បែកបាក់​ស្នេហា​ ឬ​បញ្ហា​លុយ​កាក់​ ឬ​ច្បាប់
  • មាន​បញ្ហា​គ្រឿង​ញៀន​ដូចជា​ស្រា​និង​ថ្នាំ​ញៀន​ដែល​ធ្វើ​ឲ្យ​មាន​គំនិត​អាក្រក់​ក្នុង​ការ​ធ្វើ​អត្តឃាត​និង​ធ្វើ​ឲ្យ​​ហ៊ាន​ធ្វើ​អ្វី​ទៅ​តាម​អារម្មណ៍
  • មាន​គំនិត​ធ្វើ​អត្តឃាត​និង​កាន់​កាំភ្លើង​ក្នុង​ដៃ
  • មាន​វិបត្តិ​ផ្លូវ​ចិត្ត​ជា​ដើម​ដូចជា​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ ស្រ្តេស​ក្រោយ​ការ​ប៉ះ​ទង្គិច​នឹង​អ្វី​មួយ​ឬ​ជំងឺ​បាយផូឡារ
  • មាន​ប្រវត្តិ​នៃ​វិបត្តិ​ផ្លូវ​អារម្មណ៍​ គ្រឿង​ញៀន​ ការ​ធ្វើ​អត្តឃាត​ឬ​អំពើ​ហិង្សា​ដូចជា​រាងកាយ​ឬ​ផ្លូវ​ភេទ
  • មាន​ជំងឺ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​និង​គំនិត​ធ្វើ​អត្តឃាត​ដូចជា​ជំងឺ​រ៉ាំរ៉ៃ​ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​ ឬ​ជំងឺ​ដំណាក់​កាល​ចុង​ក្រោយ
  • ជា​ភេទទី៣ ​ដែល​​គ្រួសារ​​មិន​គាំទ្រ​
  • ធ្លាប់​ព្យាយាម​ធ្វើ​អត្តឃាត​ពី​មុន

អត្ថបទ​ពាក់​ព័ន្ធ៖

រោគ​វិនិច្ឆ័យ​ & ការ​ព្យាបាល

ពត័មាន​ដែល​ផ្ដល់​ឲ្យ​នេះ​មិន​មែន​ជា​​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ពត័មាន​បន្ថែម​។

តើ​ការ​ធ្វើ​អត្តឃាត​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ដោយ​របៀប​ណា?

គ្រូពេទ្យ​ជំនាញអាច​ដឹង​ថា​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​អត្តឃាត​ដោយ​ផ្អែក​លើ​រោគ​សញ្ញា​​អត្ត​ចរិត​មាន​ពី​មុន ​និង​ប្រវត្តិ​គ្រួសារ។

គ្រូពេទ្យ​ចង់​ដឹង​ថា​នៅ​ពេល​ណា​រោគ​សញ្ញា​របស់​យើង​កើត​ឡើង ​ហើយ​យើង​ឧស្សាហ៍​ជួប​ប្រទះ​ញឹកញាប់​កម្រិត​ណា។ គ្រូពេទ្យ​​នឹង​សាកសួរ​ពី​បញ្ហា​ព្យាបាល​ដែល​មាន​ពី​មុន​និង​ឥឡូវ​ព្រម​ទាំង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​កើត​មាន​ក្នុង​គ្រួសារ​របស់​យើង​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​កំណត់​រោគ​សញ្ញា​របស់​យើង​ ​និង​កំណត់​ការ​ធ្វើ​តេស្ត​ដែល​ត្រូវ​ការ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ។

ការ​វាយ​តម្លៃ​អាច​មាន៖

  • ស្ថានភាព​ផ្លូវ​ចិត្ត៖ ក្នុង​ករណី​ជា​ច្រើន​គំនិត​ក្នុង​ការ​ធ្វើ​អត្តឃាត​បង្ក​ដោយ​វិបត្តិ​ផ្លូវ​ចិត្ត​។ ប្រសិន​បើ​គ្រូពេទ្យ​សង្ស័យ​ថា​វិបត្តិ​ផ្លូវ​ចិត្ត​របស់​យើងមាន​ទំនាក់ទំនង​ជាមួយ​គំនិត​ធ្វើ​អត្តឃាតគ្រូពេទ្យ​​នឹង​បញ្ជូន​យើង​​ទៅ​ជួប​អ្នក​ឯកទេស​ខាង​ផ្លូវ​ចិត្ត​ដើម្បី​ទទួល​បាន​រោគ​វិនិច្ឆ័យ​​ត្រឹមត្រូវ​ និង​ផែនការ​ព្យាបាល​បាន​ច្បាស់លាស់​សម្រាប់​ជំងឺ​របស់យើង​។
  • សេព​គ្រឿង​ញៀន៖ ការ​ញៀន​ស្រា​ ឬ​ថ្នាំ​ជា​ញឹកញាប់​ក៏​អាចនាំ​ទៅ​ដល់​គំនិត​ធ្វើ​អត្តឃាត​ និង​ការ​ធ្វើ​អត្តឃាត​ផង​ដែរ។ ពិត​ជា​មាន​សារៈសំខាន់​ដែល​យើង​ត្រូវ​ប្រាប់​ទៅ​គ្រូពេទ្យ​រាល់​បញ្ហា​ដែល​មាន​ជាមួយ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដូចជា​ផឹក​ស្រា​ឥត​ឈប់​ ឬ​ប្រើ​ថ្នាំ​ជា​ប្រចាំ​ថ្ងៃ។ ប្រសិន​បើ​គ្រឿង​ញៀន​ជា​អ្នក​បង្ក​គំនិត​ធ្វើ​អត្តឃាត​ដល់យើង​នោះ​​ប្រាកដ​ជា​ត្រូវ​ចូល​មណ្ឌល​កែប្រែ​ដើម្បី​ផ្ដាច់​គ្រឿង​ញៀន។
  • ឱសថ៖​ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​វេជ្ជ​បញ្ជា​ឬ​គ្មាន​វេជ្ជ​បញ្ជា​មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​មាន​គំនិត​ធ្វើ​អត្តឃាត​ និង​ការ​ធ្វើ​អត្តឃាត​ផង​ដែរ។ ត្រូវ​ប្រាកដ​ថា​បាន​ប្រាប់​ទៅ​គ្រូពេទ្យ​យើង​​រាល់​ថ្នាំ​ដែល​​ប្រើប្រាស់​ដើម្បី​ដឹង​ថា​ថ្នាំនោះ​ជា​ហេតុ​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ទាំង​នេះ​ឬ​អត់

តើ​ការ​ធ្វើ​អត្តឃាត​ត្រូវ​ព្យាបាល​យ៉ាង​ដូច​ម្ដេច?

ការ​ព្យាបាល​គឺ​អាស្រ័យ​ទៅ​លើ​មូលហេតុ​ច្រើន​ដែល​បណ្ដាល​ឲ្យ​មាន​គំនិត​និង​ការ​ធ្វើ​អត្តឃាត។ ក្នុង​ករណី​ភាគ​ច្រើន​ការ​ព្យាបាល​រួមមាន​ការ​ព្យាបាល​តាម​បែប​សន្ទនា​និង​ការ​ប្រើ​ថ្នាំ។

ការ​ព្យាបាល​បែប​សន្ទនា

ការ​ព្យាបាល​បែប​សន្ទនា​ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​psychotherapy​ គឺ​ជា​ការ​វិធី​សាស្ត្រ​ព្យាបាល​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​ធ្វើ​អត្តឃាត។ ការ​ព្យាបាលCognitive behavioral therapy (CBT) គឺ​ជា​ការ​ព្យាបាល​បែប​សន្ទនា​ជា​ញឹកញាប់​ប្រើ​លើ​មនុស្ស​ដែល​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ដែល​វា​បាន​បង្រៀន​អ្នក​ពី​របៀប​ឆ្លង​កាត់​ព្រឹត្តិការណ៍​ជីវិត​ដែល​តានតឹង​ស្រ្តេស​និង​អារម្មណ៍​ដែល​អាច​បង្ក​ឲ្យ​មាន​គំនិត​និង​ការ​ធ្វើ​អត្តឃាត។ការ​ព្យាបាល​បែប​CBT​អាច​ឲ្យ​អ្នក​គិត​បាន​ប្រសើរ​ដោយ​បោះ​បង់​ចោល​នូវ​គំនិត​អវិជ្ជមាន​និង​ទទួល​បាន​អារម្មណ៍​មួយ​ដែល​គាប់​ប្រសើរ​និង​មាន​ការ​គ្រប់គ្រង​នៅ​ក្នុង​ជីវិត។

ការ​ប្រើប្រាស់​ថ្នាំ

ប្រសិន​បើ​ការ​ព្យាបាល​បែប​សន្ទនា​មិន​សូវ​ទទួល​បាន​ជោគជ័យ​នោះ​ទេ​នោះ​គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ឲ្យ​អ្នក​ដើម្បី​កាត់​បន្ថយ​រោគ​សញ្ញា​ដែល​បណ្ដាល​មក​ទាំង​ផ្លូវ​អារម្មណ៍​និង​រាងកាយ។ការ​ព្យាបាល​លើ​មូលហេតុ​ដែល​បង្ក​មក​ជាមួយ​អាច​ជួយ​កាត់​បន្ថយ​គំនិត​ចង់​ធ្វើ​អត្តឃាត​បាន​គួរ​សម។គ្រូពេទ្យ​នឹង​ចេញ​វេជ្ជ​បញ្ជា​នូវ​ថ្នាំ​ដូច​ខាង​ក្រោម​ឲ្យ​អ្នក:

  • ថ្នាំ​ប្រឆាំង​ការ​បាក់​ទឹក​ចិត្ត
  • ថ្នាំ​ប្រឆាំង​រោគ​ផ្លូវ​ចិត្ត
  • ថ្នាំ​ប្រឆាំង​ការ​ព្រួយ​បារម្ភ

អត្ថបទពាក់ព័ន្ធ៖

ការ​ផ្លាស់​ទម្លាប់​រស់​នៅ​និង​ឱសថ​ប្រើតាម​ផ្ទះ

ការ​ផ្លាស់​ទម្លាប់​នៃ​ការ​រស់​នៅ​ឬ​ឱសថ​ប្រើតាម​ផ្ទះ​ដែល​អាច​ជួយ​មិន​ឲ្យ​ធ្វើ​អត្តឃាត

ការ​ផ្លាស់​ទម្លាប់​នៃ​ការ​រស់​នៅ​ឬ​ឱសថ​ប្រើ​តាម​ផ្ទះ​ខាង​ក្រោម​នេះ​​អាច​ជួយ​អ្នក​ត​ទល់​ទៅ​នឹង​ការធ្វើ​អត្តឃាត:

  • ជៀសវាង​ការ​សេព​គ្រឿង​ស្រវឹង​និង​ថ្នាំ​ញៀន​ព្រោះ​សារធាតុ​ទាំង​នេះ​អាច​បង្កើន​គំនិត​ធ្វើ​អត្តឃាត
  • ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ហោច​ណាស់​៣​ដង​ក្នុង​មួយ​សប្ដាហ៍​ជាពិសេស​ការ​ដើរ​ចេញ​ក្រៅ​និង​ការ​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​បាន​គ្រប់គ្រាន់។ លំហាត់​ប្រាណ​អាច​ភ្ញោច​ការ​ផលិត​សារធាតុ​គីមី​មួយ​ចំនួន​នៅ​ក្នុង​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យយើង​សប្បាយ​ចិត្ត​ និង​ធូរ​ស្រាល។
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់​ហោច​ណាស់​ឲ្យ​បាន​៦​ទៅ​៨​ម៉ោង​រាល់​យប់។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​​ប្រសិន​បើ​មាន​បញ្ហា​ដំណេក។

ដើម្បី​បង្ការ​គំនិត​ធ្វើ​អត្តឃាត​ យើង​គួរ៖

  • និយាយ​ទៅ​កាន់​នរណា​ម្នាក់​ដូចជា​រក​អ្នក​ជំនាញ​ឲ្យ​ជួយ​និង​ការ​គាំ​ទ្រ​ពី​ដៃ​គូ​ដែល​អាច​ជួយ​ឆ្លង​កាត់​រាល់​ឧបសគ្គ​ដែល​បង្ក​ឲ្យ​យើង​​មាន​គំនិត ​ឬ​ការ​ធ្វើ​អត្តឃាត។យើង​មិន​គួរ​ព្យាយាម​រក​ដំណោះ​ស្រាយ​ទៅ​នឹង​គំនិត​ធ្វើ​អត្តឃាត​តែម្នាក់​ឯង​នោះ​ទេ។
  • ប្រើប្រាស់​ថ្នាំតាម​ការ​ណែនាំ​ហើយ​មិន​ត្រូវ​ផ្លាស់​ប្ដូរ​កម្រិត​ដូស​ឬ​ឈប់​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​នោះ​ទេ។ គំនិត​ចង់​ធ្វើ​អត្តឃាត​របស់​យើង​​អាច​ត្រលប់​មក​វិញ​និង​អាច​មាន​រោគ​សញ្ញា​ដែល​ពិបាក​ទ្រាំ​ប្រសិន​បើ​យើង​​ឈប់​លេប​ថ្នាំ​ភ្លាមៗ។ ប្រសិន​បើ​យើង​មាន​នូវ​ផល​ប៉ះពាល់​បែប​អវិជ្ជមាន​ពី​ថ្នាំ​ដែល​ប្រើប្រាស់​គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ពី​ការ​ផ្លាស់​ប្ដូរ​ថ្នាំ​ផ្សេង​ទៀត។
  • ហាម​រំលង​ការ​ណាត់​ជួបជាមួយគ្រូពេទ្យ​ ​ព្រោះ​ថាការជួបពេទ្យ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ផែនការ​ព្យាបាល​របស់​យើង​​ដែល​នេះ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​យក​ឈ្នះ​គំនិត​ និង​ការ​ធ្វើ​អត្តឃាត។
  • យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​សញ្ញា​ព្រមាន​ដោយ​សហការ​ជាមួយ​អ្នក​ជំនាញ​ឬ​គ្រូពេទ្យ​ដើម្បី​រៀន​ពី​វិធី​ដែល​អាច​បង្ក​ឲ្យ​មាន​គំនិត​ធ្វើ​អត្តឃាត។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​យើង​យល់​ដឹង​អំពី​សញ្ញា​គ្រោះថ្នាក់​បាន​លឿន​ និង​រក​ដំណោះ​ស្រាយ​ឲ្យ​បានជា​​មុន។យើង​​ក៏​អាច​ប្រាប់​ទៅ​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​អំពី​សញ្ញា​ព្រមាន​ដើម្បី​ឲ្យ​ពួក​គាត់​ដឹង​ថា​នៅ​ពេល​ណា​ដែលយើង​​ត្រូវ​ការ​ជំនួយ។
  • កាត់​ផ្ដាច់​នូវ​វិធី​ដែល​អាច​ឲ្យ​យើង​​ធ្វើ​អត្តឃាត​បាន​ដូចជា​កាំភ្លើង ​កាំបិត​ឬ​ថ្នាំ​ពុល​ ប្រសិន​បើ​យើង​​បារម្ភ​ថា​អាច​ប្រើ​របស់ទាំងនេះនៅ​ពេល​មាន​គំនិត​ធ្វើ​អត្តឃាត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ May 11, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម