backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Hepatitis A Virus Test (តេស្តពិនិត្យរកមើលមេរោគរលាកថ្លើមប្រភេទ A)

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ ណៃ ទូច · កែ Feb 10, 2021

Hepatitis A Virus Test (តេស្តពិនិត្យរកមើលមេរោគរលាកថ្លើមប្រភេទ A)

និយមន័យ

១- អ្វីទៅជាតេស្តពិនិត្យមេរោគរលាកថ្លើមប្រភេទ A?

តេស្តពិនិត្យ​មេរោគ​រលាក​ថ្លើម​ប្រភេទ A ដើម្បី​រក​មើល​ប្រូតេអ៊ីន​ (អង់​ទីករ) ផលិត​ដោយ​ខ្លួន​យើង ​ពេល​ឆ្លើយ​តប ជា​មួយ​មេរោគ​បង្ក​ឲ្យ​មាន​រលាក​ថ្លើម​ប្រភេទ A។ ប្រ​តេ​អ៊ីនទាំង​នោះ នឹង​ឃើញ​មាន​ក្នុង​ឈាម​អ្នក បើយើង​​កំពុង​ឆ្លង​មេរោគ​រលាក​ថ្លើម​ A ឬ​ធ្លាប់​ឆ្លង​មេរោគ​នេះ​ពី​មុន​មក។ រឿង​ចាំ​បាច់​ ត្រូវ​ដឹង​​អំពី​ប្រភេទ​មេរោគ​រលាក​ថ្លើម ដើម្បី​ធ្វើ​ការ ការ​ពារ​កុំ​ឲ្យ​រាល​ដាលកាន់​តែ​ធ្ងន់ធ្ងរ និង​ជ្រើស​រើសវិធី​​ព្យាបាល​មួយ​ ឲ្យ​បាន​សម​ស្រម។​

– មេរោគ​ HAV គឺ​ភ្នាក់​ងារ​ចម្លង ​រាល​ដាល​តាម​រយៈ​អាហារ ឬ​ទឹក ​មាន​ផ្ទុក​លាមក សារធាតុរាវ (ទឹកមាត់ ទឹក​រងៃ) ឬឈាមរបស់​អ្នក​​ជំងឺ។

– បើ​រក​ឃើញអង់​ទីករ IgM anti-HAV បញ្ជាក់​ថា យើង​​ទើប​តែ​មាន​ឆ្លង​មេរោគ​រលាក​ថ្លើម​ A ថ្មី​ៗ ដោយ​អង់​ទី​ករ​ទាំង​អស់​នេះ នឹង​បាត់​ទៅ​វិញ​ពី​ក្នុង​ឈាម រយៈ​ពេល ៣-១២​ សប្តាហ៍ ​បន្ទាប់​ពី​អ្នក​ឆ្លង​មេរោគ​។

– បើរក​ឃើញ​អង់​ទីករ IgG anti-HAV អាច​បញ្ជាក់​បាន​ថា យើង​​ធ្លាប់​ឆ្លង​មេរោគ​រលាក​ថ្លើម A ពី​មុន ហើយ ៨-១២​ សប្តាហ៍​ បន្ទាប់​ពី​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ A អង់​ទី​ករ IgG anti-HAV នឹង​ចាប់​ផ្តើម​លេច​ចេញ​នៅ​ក្នុង​ឈាម ​បន្ត​មាន​ក្នុង​រយៈ​យូរ​អង្វែង ដើម្បី​ការ​ពារ​ពី​មេរោគ HAV។

គេ​មាន​វ៉ាក់​សាំង​សម្រាប់​ប្រឆាំង​ជាមួយ​មេរោគ​រលាក​ថ្លើម​ប្រភេទ A ហើយ​​បើ​យើង​​ធ្លាប់​ចាក់​វ៉ាក់​សាំង​មួយ​នេះ យើង​នឹង​​មាន​អង់​ទី​ករ​ Anti-HAV នោះ​បាន​ន័យ​ថា​វ៉ាក់​សាំង យើង​​បាន​ចាក់​ គឺ​មាន​ប្រសិទ្ធ​ភាព។

២- ហេតុ​អ្វី​ចាំ​បាច់ធ្វើ​តេស្ត​ពិនិត្យ​មេរោគ​រលាក​ថ្លើម​ប្រភេទ A?

គ្រូពេទ្យ​ចង់​ឲ្យ​យើង​ធ្វើ​តេស្ត​មួយ​នេះ នៅពេល​មាន​រោគ​សញ្ញា​បង្ហាញ​ថា​ យើង​មាន​ជំងឺ​រលាក​ថ្លើម។ គេ​ធ្វើ​តេស្ត​នេះ​សម្រាប់៖

– រក​មើល​មេរោគ​រលាក​ថ្លើម កំពុង​ឆ្លង ឬ​ធ្លាប់ឆ្លង​ពី​មុន

– កំណត់​ថា​មេរោគ​នេះ​អាច​ឆ្លង​ដល់​អ្នក​ដទៃ​បាន​យ៉ាង​ណា

– តាម​ដាន​ការ​ព្យាបាល​លើ​អ្នក​ជំងឺ​រលាក​ថ្លើម

គេ​អាច​ធ្វើ​តេស្ត​នេះ​ក្នុង​ករណី​មួយ​ចំនួន​ដូច​ជា៖

– រលាក​ថ្លើម​រ៉ាំ​រ៉ៃ

– មាន​ភ្នាក់ងារ Delta (រលាក​ថ្លើម​ប្រភេទ D)

– មាន​ជំងឺ​ទឹក​នោម​ប្រៃ (Nephrotic syndrome)។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត​មេរោគ​រលាក​ថ្លើម​ប្រភេទ A?

ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​ការ​ពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់​សាំង ខណៈ​ទោះ​ជា​បាន​ប៉ះពាល់​ជា​មួយ​មេរោគ​ហើយ​ក្តី យើង​នៅ​តែ​អាច​ការ​ពារ​ខ្លួន ​បើ​​បាន​ចាក់​វ៉ាក់​សាំង​រលាក​ថ្លើម​ប្រភេទ A ឬ​បាន​ចាក់​វ៉ាក់សាំង Immunoglobulin។

អង់​ទី​ករ​ជំងឺ​រលាក​ថ្លើម ត្រូវ​ការ​រយៈ​ពេល​ចាប់​ពី​សប្តាហ៍ រហូត​ទៅ​ដល់​ច្រើន​​ខែ​ សម្រាប់​វិវត្ត​ខ្លួន ដូច​នេះ​លទ្ធ​ផលអាច​ចេញ​មក​អវិជ្ជមាន ទោះ​បី​ជាយើងទើប​តែ​ឆ្លង​មេរោគ​ក្តី (គេ​ហៅ​ថា​អវិជ្ជមាន​ក្លែង​ក្លាយ)។

គ្រូពេទ្យ​អាច​ឲ្យយើង​​ធ្វើ​តេស្ត​ផ្សេង​ទៀត ដើម្បី​ពិនិត្យ​មើល​សុខ​ភាព​ថ្លើម បើ​សង្ស័យ​ថាយើង​អាច​ឆ្លង​មេរោគ​រលាក​ថ្លើម។ តេស្ត​ទាំង​នោះ​មាន​ដូច​ជា វាស់​កម្រិតសារធាតុ​គីមី​មួយ​ចំនួន​ក្នុង​រាង​កាយ ដូចជា ជាតិ​ប៊ីលីរ៉ូប៊ីន Alkaline, Phosphatase, Alanine, Aminotransferase និង Aspartate aminotransferase។

មេរោគ​រលាក​ថ្លើម​ប្រភេទ A មិន​បង្ករ​ឲ្យ​ឈឺ​រយៈ​ពេល​យូរ​ទេ។ ដូច​នេះ​ មិន​ចាំ​បាច់​តាម​ដាន​ធ្វើ​តេស្ត​ម្តង​ទៀត បើ​មេរោគ​ទាំង​នោះ​បាន​ងាប់​អស់​​ពី​ក្នុង​ខ្លួន។

អត្ថបទ​ពាក់ព័ន្ធ៖

ដំណើរការតេស្ត

៤- គួរ​ត្រៀម​អ្វី​ខ្លះ​មុខ​ពេល​ធ្វើ​តេស្ត?

យើង​មិន​ចាំ​បាច់​​ត្រៀម​ខ្លួន​អ្វី​​ច្រើនទេ​​ សម្រាប់​ធ្វើ​តេស្ត​ពិនិត្យ​មេរោគ​រលាក​ថ្លើម​ប្រភេទ A ឬ​អាច​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ បើមាន​កង្វល់​​ជុំ​វិញ​ការ​ធ្វើ​តេស្ត កត្តា​គ្រោះ​ថ្នាក់ ឬចង់​ដឹង​ពី​របៀប​ធ្វើ​តេស្ត​នេះ។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

គ្រូពេទ្យ​ នឹង​បូម​ឈាមយើង​​យក​ទៅ​ពិនិត្យ​ តាមរយៈ៖

– យក​បង់​យឺត​មក​រុំ​ដើម​ដៃ ដើម្បី​ឃាត់​ការ​ហូរ​ឈាម។ ពេល​ធ្វើ​បែប​នេះ សរសៃ​ឈាម​វ៉ែន នឹង​រីក​ធំ ងាយ​ស្រួល​ចាក់​ម្ជុល​ចូល

– យក​អាល់​កុល​ មក​សម្អាត​​កន្លែង​ចាក់​ម្ជុល

– ចាក់​ម្ជុល​ចូល​ក្នុង​សរសៃ​ឈាម ពេល​ខ្លះ​អាច​ចាក់​លើស​ពីមួយ​ដង

– ត​បំពង់​ជា​មួយ​សឺរ៉ាំង​ដើម្បី​បូម​ឈាម

– យក​បង់​យឺត​លើ​ដៃ​ចេញពេល​បូម​ឈាម​បាន​គ្រប់​ហើយ

– យក​សំឡី​ស្អាត​មក​បិត​លើ​កន្លែង​ចាក់​ថ្នាំ

– យក​បង់​របួស​មក​បិត​លើ​មុខ​របួស

៦- មាន​អ្វី​កើត​ឡើង​ក្រោយ​ធ្វើ​តេស្ត?

គ្រូពេទ្យ​ យក​បង់រឹប​ជុំ​វិញ​ដើម​ដៃ អាច​​មាន​អារម្មណ៍​តឹង​នៅ​កន្លែង​រុំ​នោះ។ ពេល​ចាក់​ថ្នាំ ​មិន​មា​នការ​ឈឺ​ចាប់​ឡើយ ឬអាច​មាន​អារម្មណ៍​ ដូច​ស្រមោច​ខាំ ហើយ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ និង​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​បាន​ធម្មតា​ បន្ទាប់​ពី​ធ្វើ​តេស្ត​រួច។ គ្រូពេទ្យ​នឹង​ទាក់​ទង​មកយើង រួចណាត់​ជួប​​ដើម្បី​​ពិភាក្សា​ពី​លទ្ធផល ហើយ​ជា​ទូទៅ ​លទ្ធ​ផល​ចេញ​មក​​នៅ​អំឡុង ៥-៧​ ថ្ងៃ​ក្រោយ។

លទ្ធផល

៧- លទ្ធផល​តេស្ត

នៅ​ពេល​ពេទ្យ​មិន​អាច​រក​ឃើញ​អង់​ទី​ករ​ប្រឆាំង​មេរោគ​នៅ​ក្នុង​ឈាមយើង​ទេ លទ្ធផល​អាច​បញ្ជាក់​ថា​ យើង​គ្មាន​មេរោគ​រលាក​ថ្លើម​ដែរ។ លទ្ធ​ផល​វិជ្ជ​មាន ​គឺ​នៅ​ពេលពេទ្យ​​រក​ឃើញ​អង់​ទីករ​មេរោគ​រលាក​ថ្លើមប្រភេទ A នៅ​ក្នុង​ឈាម។

ករណី​ខ្លះ យើង​​ប្រហែល​ជា​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​ផ្សេង ដើម្បី​រក​មើល​ថា ​កំពុង​ឆ្លង​មេរោគ ឬ​ធ្លាប់​ឆ្លង​កាល​ពី​មុន ឬ​ទើប​តែ​ជា​សះ​ស្បើយ ដូចជា៖

– គេ​រក​ឃើញអង់​ទី​ករ IgM anti-HAV នៅ​ពេលយើងកំពុង​ឆ្លង​មេរោគ ឬ​ទើប​​ឆ្លង​មេរោគ​ថ្មី​ៗ។ អង់​ទីករ IgM ច្រើន​លេច​ឡើង​នៅ​អំឡុង​ពេល ២​សប្តាហ៍​ ក្រោយ​ឆ្លង​មេរោគ HAV ក៏​ដូចជា​ពេល​មាន​រោគ​សញ្ញា​រលាក​ថ្លើម​ប្រភេទ A និង​លេច​ឡើង​នៅ​អំឡុង​ពេល​ប៉ុន្មាន​ខែ​ក្រោយ មុន​រោគ​សញ្ញា​ទាំង​អស់​បាត់​ទៅ​វិញ។

– មាន​តែ​អង់​ទី​ករ IgG anti-HAV ​ប៉ុណ្ណោះដែល​អាច​រក​ឃើញ បើយើង​​ធ្លាប់​ឆ្លង​មេរោគ​នេះ​ពី​មុន ឬ​​បាន​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A។ នោះ​បញ្ជាក់ថា​ រាង​កាយ​​មាន​ភាព​ស៊ាំ​ ការ​ពារ​ខ្លួនពី​ការ​ឆ្លង​មេរោគ​​បាន​ហើយ។

កម្រិត​ធម្មតា​របស់​មេរោគ​រលាក​ថ្លើម​ប្រភេទ A អាច​ខុស​គ្នា​ទៅ​តាម​មន្ទី​រពិសោធន៍ ឬ​មន្ទី​រពេទ្យ​នីមួយ​ៗ។ ដូច​នេះ​អ្នក​អាច​សាក​សួរ​គ្រូពេទ្យ​បាន បើ​អ្នក​នៅ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​លទ្ធផល​ធ្វើ​តេស្ត​មួយ​នេះ​ ។

ក្នុង​ករណី​មានសំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិនចេញវេជ្ជបញ្ជា មិន​ធ្វើរោគវិនិច្ឆ័យ ឬ​ព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ណៃ ទូច · កែ Feb 10, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម