backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 23, 2021

Blood Typing (​តេស្ត​ពិនិត្យ​ក្រុម​ឈាម)

និយមន័យ

១- អ្វីទៅជាតេស្ត​ពិនិត្យក្រុមឈាម?

តេស្ត​ពិនិត្យ​ក្រុមឈាម សំដៅ​លើ​ការ​​ពិនិត្យ​​​ប្រភេទ​ឈាម ដើម្បី​រក​ឃើញ​​អង់​ទី​ហ្សែន ABO និង​រ៉េស៊ីស នៅ​ក្នុង​ឈាម​ទាំង​អ្នក​ផ្តល់​ និង​អ្នក​ទទួល​ការ​ផ្តល់​ឈាម។ គេ​ធ្វើ​តេស្ត​មួយ​នេះ ក៏​ដើម្បី​ចង់​ដឹង​អំពី​ប្រភេទ​ឈាម​ ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កូន​ក្មេង​ទើប​កើត​ផង​ដែរ។ នៅ​ក្នុង​អត្ថ​បទ​នេះ​ យើង​ក៏​មាន​និយាយ​អំពី​ក្រុម​ឈាម ABO រ៉េស៊ីស និង ប្រតិកម្ម​រក្រុម​ឈាម​នៅ​ខាង​ក្រោម​នេះ​ដែរ។

ប្រភេទ​​ឈាម

គេ​បែង​ចែក​ក្រុម​ឈាម​ ដោយ​យោង​ទៅ​តាមវត្តមាន ឬ​អវត្តមាន​ របស់​អង់​ទី​ហ្សែន A និង B។ នៅ​តាម​សំបក​​គ្រាប់​ឈាម​ក្រហម​ ប្រភេទ​ឈាម A មាន​ផ្ទុក​អង់​ទី​ហ្សែន A និង​នៅ​ក្នុង​សំបក​​គ្រាប់​ឈាម​ប្រភេទ B មាន​ផ្ទុក​អង់​ទី​ហ្សែន B ហើយ​បើ​នៅ​ក្នុង​ប្រភេទ​ឈាម AB វិញ វា​មាន​ទាំង​អង់​ទី​ហ្សែន​ A និង B នៅ​លើ​សំបក​របស់​វា។ ប៉ុន្តែ​សម្រាប់​ប្រភេទ​ឈាម​ O គឺ​​មិន​មាន​អង់​ទីហ្សែន A ឬ B ​ឡើយ។

ជា​ទូទៅ​នៅ​ក្នុង​​សេរ៉ូម​​មនុស្ស​មាន​ផ្ទុក​អង់​ទី​ករ ​ត្រូវ​គ្នា​ជាមួយ​អង់​ទី​ហ្សែន មាន​នៅ​លើ​សំបក​គ្រាប់​ឈាម​ក្រហម មាន​​ន័យ​ថា អង់​ទី​ហ្សែន A (​ឈាម​ប្រភេទ A) មិន​អាច​មាន​ផ្ទុក​អង់​ទី​ករ A បាន​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា​ត្រូវ​មាន​អង់​ទី​ករ​ប្រភេទ B។ សម្រាប់​​ប្រភេទ​ឈាម B គឺ​ផ្ទុយ​គ្នា​ជាមួយ​ប្រភេទ​ឈាម A ប៉ុន្តែ​សម្រាប់ឈាម​ប្រភេទ O វិញ​ គ្មាន​ទាំង អង់​ទី​​ករ A និង B​ តែ​​ម្តង។ អង់​ទី​ករ​ទាំង​អស់​នេះ​ ជា​អ្នក​ប្រឆាំង​ជាមួយ អង់​ទី​ហ្សែន A និង B ​វាក​កើត​ឡើង​នៅ​ ៣​ខែ​ដំបូង​បន្ទាប់​ពី​សម្រាល នៅ​ពេល​វា​ប៉ះ​ជាមួយ​អង់​ទី​ហ្សែន​ដដែល នៅ​លើ​គ្រាប់​ឈាម​ក្រហម មាន​នៅ​ក្នុង​បាក់​តេរី​ប្រព័ន្ធ​រំលាយ​អាហារ។

ការ​បញ្ចូល​ឈាម​មាន​ន័យ​ថា យើង​ទទួល​ឈាម​ពី​អ្នក​ដទៃ​មក​ដាក់​ក្នុង​ខ្លួន​ ដូច​នេះ​គេ​ត្រូវ​ប្រាកដ​ថា​ ក្នុង​ឈាម​អ្នក​ផ្តល់ មិន​មាន​អង់​ទី​ករ​ប្រឆាំង​ជាមួយ គ្រាប់​ឈាម​អ្នក​ទទួល​ជា​ដាច់​ខាត ព្រោះ​បើ​ករណី​កើត​ឡើង​មែន ​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​ឈាម​មាន​ប្រតិកម្ម​ធ្ងន់​ធ្ងរ ​អាច​ធ្វើ​ឲ្យ​​ក្តៅ​ខ្លួន ឬ​មាន​ប្រតិកម្ម​នាំ​​ឲ្យ​បែក​គ្រាប់​ឈាម ​ក្នុង​សរសៃ​ឈាមតែ​ម្តង។ បើ​អង់ទី​ករ ABO ​ក្នុង​ឈាម​អ្នក​ផ្តល់​ មាន​ប្រតិកម្ម​ជាមួយ​អង់​ទី​នុយ​គ្លែ (Anti-Nuclear) នោះ​វា​ពិត​ជា​ករណី​កម្រ​ណាស់។

មនុស្ស​មាន​ឈាម​ប្រភេទ O ត្រូវ​បាន​គេ​ចាត់​ទុក​ ជា​មនុស្ស​អាច​ផ្តល់​ឈាម​ឲ្យអ្នក​មាន​ឈាម​ប្រភេទ​ផ្សេង​បាន​ទាំង​អស់ ដោយ​សារ​តែ​ឈាម​ប្រភេទ​នេះ គ្មាន​អង់ទីហ្សែន​នៅ​លើ​សំបក​គ្រាប់​ឈាមទេ ខណៈមនុស្ស​មាន​ឈាម​ប្រភេទ AB ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​អាច​ទទួល ឈាម​បាន​ពី​គ្រប់​ប្រភេទ​ឈាម​ទាំង​អស់ដែល ​គឺ​ដោយ​សារ​គ្រាប់​ឈាម​មិន​មាន​អង់​ទី​ករ​ ទៅ​ប្រឆាំង​ជាមួយ​ឈាម​ប្រភេទ​ផ្សេង​ឡើយ។

ក្នុង​ករណី​បន្ទាន់​គេ​ច្រើន​យក​ឈាម​ប្រភេទ O មក​បញ្ចូល​ឲ្យ​អ្នក​ជំងឺ ជា​ពិសេស​ពេលអ្នក​​ជំងឺ​បាត់​បង់​ឈាម​ច្រើន និង​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ នោះ​គេ​នឹង​យក​ឈាម​ប្រភេទ​នេះ មក​បញ្ចូល​ឲ្យ​ភ្លាម​ៗ​តែ​ម្តង។ ប៉ុន្តែ​ករណី​ប្រតិកម្ម​គ្រាប់​ឈាម​ នៅ​តែ​អាច​កើត​ឡើង ​ពេល​យើង​បញ្ចូល​ឈាម​ប្រភេទ O ឲ្យ​ទៅ​អ្នក​ជំងឺ។ សម្រាប់​ក្មេង និង​មនុស្ស​ស្រី​ គួរ​តែ​ទទួល​ឈាម​ប្រភេទ O អវិជ្ជមាន (ប្រភេទ O ដក) ហើយ​មនុស្ស​ប្រុស​គួរ​តែ​ទទួល​ឈាម​ប្រភេទ O វិជ្ជមាន​ ​ក្នុង​ករណី​បញ្ចូល​ឈាម​បន្ទាន់ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​​ផ្គូរ​ផ្គង​គ្រាប់​ឈាម (Cross-reactivity) មុន​ធ្វើ​ការ​បញ្ចូល​ឈាម។

សម្រាប់​មនុស្ស​ក្រុម​ឈាម ABO មិន​ចាំ​បាច់​ត្រូវ​បញ្ចូល​ឈាម​បម្រុង​ទុក​នោះ​ទេ។ ជា​ទូទៅ​នៅ​តាម​មន្ទី​ពេទ្យ​ជា​ច្រើន​ គេ​ពិនិត្យ​ប្រភេទ​ឈាម ABO លើ​អ្នក​ជំងឺ ​មុន​ពេល​គាត់​ត្រូវ​ទទួល​ឈាម​យក​មក​បញ្ចូល។

កត្តា​រ៉េស៊ីស

វត្តមាន ឬ​អវត្តមាន​រ៉េស៊ីស​អង់​ទី​ហ្សែន មាន​លើ​ផ្ទៃ​​គ្រាប់​ឈាម​ក្រហម អាច​កំណត់​ឲ្យ​យើង​ដឹង​ថា អ្នក​មាន​រ៉េស៊ីស វិជ្ជមាន ឬ​អវិជ្ជមាន (ប្រភេទឈាម បូក ឬដក)។ បន្ទាប់​ពី​ការ​ពិនិត្យ​លើ​ប្រភេទ​ឈាម​រួច ការ​ពិនិត្យ​មើល​រ៉ស៊ីស គឺ​ជា​រឿង​សំខាន់​ត្រូវ​ធ្វើ​ មុន​ពេល​បញ្ចូល​ឈាម។ ធាតុ​ផ្សុំ​របស់​រ៉េស៊ីស​សំខាន់​ជាង​គេ​ នោះ​គឺ Rho (D) ប៉ុន្តែ​នៅ​មាន​ករណី​មួយ​ចំនួន យើង​មិន​ចាំ​បាច់​ពិនិត្យ​រ៉េស៊ីស​ឡើយ។ នៅ​ពេល​គ្មាន Rho (D) នោះ​គេ​នឹង​ធ្វើ​រ៉េស៊ីស​អង់​ទី​ហ្សែន​សម្រាប់​ការ​ពិនិត្យ ហើយ​បើ​គេ​ឃើញ​ថា​អវិជ្ជមាន នោះ​ជំងឺ​គឺ​មាន​រ៉េស៊ីស​អវិជ្ជមាន (Rh-) ដូច​គ្នា។

ប្រព័ន្ធ​ឈាម​ប្រភេទ​ផ្សេង​ទៀត

នៅ​ពេល​ធ្វើ​តេស្ត​ឈាម​ វា​មាន​លេខ​កូដ​ហ្សែន​ខុស​គ្នាចំនួន ៩ ដោយ​ភាគ​ច្រើន​កូដ​ទាំង​អស់​នោះ ​មិន​សូវ​មាន​សារៈ​សំខាន់ និង​មិន​មាន​ប្រយោជន៍​ដល់​ការ​ពិនិត្យ​ព្យាបាល​​ជំងឺ​ឡើយ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ​អង់​ទី​ហ្សែន​ក្នុង​ឈាម មិន​មាន​សារៈ​សំខាន់​ទាំង​នោះ អាច​ក្លាយ​ជា​មាន​ប្រយោជន៍​វិញ ដោយ​ភាគ​ច្រើន​វា​កើត​ឡើង​ នៅ​លើ​អ្នក​ជំងឺត្រូវ​ការ​​បញ្ចូល​ឈាម ឬ​អ្នក​ជំងឺ​មាន​មហារី​ក​គ្រាប់​ឈាម។ គេ​ប្រើ​ Multiplex PCR Analysis microarray ដើម្បី​កំណត់​ប្រព័ន្ធ​ប្រភេទ​គ្រាប់​ឈាម និង​មាន​ប្រយោជន៍​ក្នុង​ការ​តាម​ដាន​ជំងឺ។

២- ហេតុអ្វីត្រូវធ្វើតេស្តពិនិត្យក្រុម​ឈាម?

គេ​ធ្វើ​តេស្ត​ពិនិត្យក្រុម​ឈាម​ សម្រាប់​កំណត់​ក្រុម​ឈាម អ្នកដែល​​ត្រូវ​ផ្តល់ ឬ​អ្នក​ត្រូវ​ទទួល​ឈាម​ និង​សម្រាប់​កំណត់​ប្រភេទ​ឈាម​ចង់​បាន​កូន ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ រ៉េស៊ីស រវាង​ម្តាយ​​ និង​កូន ខណៈ​គេ​បញ្ចូល​ឈាម​ឲ្យ​អ្នក​ជំងឺ​ ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– មាន​ជំងឺ​ស្លេក​ស្លាំងស្រួចស្រាវ និង​ជំងឺ​ស្លេក​ស្លាំង​ ដូច​ជា Sickle cell disease និង Thalassemia

– ហូរ​ឈាម​ច្រើន​​អំឡុង​ពេល​វះ​កាត់ ឬ​ក្រោយ​វះ​កាត់

– មាន​របួស

– បាត់​បង់​ឈាម​ច្រើន

– ជំងឺ​មហារីក ឬ​ផល​ប៉ះ​ពាល់​បណ្តាល​មក​ពី​ការ​ព្យា​បាល​ដោយ​ប្រើ​សារធាតុ​គីមី

– មាន​ជំងឺ​ឈាម​ ដូច​ជា ហេម៉ូភីលា (​ជំងឺ​ឈាម​ក្រ​កក)

គេ​ក៏​ធ្វើ​តេស្ត​ពិនិត្យ​ប្រភេទ​ឈាម ​ក្នុង​ករណីយើង​​ចង់​បរិច្ចាគ​សរីរាង្គ ជាលិកា ខួរ​ឆ្អឹង​ខ្នង ​ឬ​ចង់​បរិច្ចាគ​សរីរាង្គ​ដទៃ​ផ្សេង​ៗ។ គេ​ធ្វើ​តេស្ត​មួយ​នេះ​ ជាមួយ​តេស្ត​មួយ​ចំនួន​ផ្សេង​ទៀត សម្រាប់​កំណត់​ភាព​សម​ស្រប​រវាង​អ្នក​ផ្តល់ និង​អ្នក​ទទួល​សរីរាង្គ។ មាន​ពេល​ខ្លះ​​ គេ​ក៏​ធ្វើ​តេស្ត​ពិនិត្យ​ក្រុម​ឈាម ដើម្បី​កំណត់​ការ​យក​កូន​បាន​ផង​ដែរ។

ប្រភេទឈាម

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ត​ធ្វើ​តេស្ត​ពិនិត្យ​ក្រុម​ឈាម?

ក្រៅ​ពី​អង់​ទី​ហ្សែន A និង B នៅ​មាន​អង់​ទី​ហ្សែន​ជា​ច្រើន​ទៀត​ក្នុង​ឈាម ហើយ​ការ​ពិនិត្យ​ប្រភេទ​ឈាម​កម្រ​ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេលត្រូវ​ការ​បញ្ចូល​ឈាម។

បើ​ប្រភេទ​ឈាមយើង​​មិន​ត្រូវ​គ្នា ​ជាមួយ​​ប្រភេទ​ឈាម​​អ្នកជំងឺ​ទេ​នោះ​ វា​អាច​មាន​ប្រតិកម្ម​កើត​មាន​ឡើង។ អ្វី​សំខាន់​នោះ ត្រូវ​ដឹងពីការ​ហាម​ឃាត់ និង​កត្តា​ប្រុង​ប្រយ័ត្ន​មុន​ទទួល​ការ​វះ​កាត់។ បើមាន​ចម្ងល់​ជុំ​វិញ​បញ្ហា​មួយ​នេះ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បន្ថែម ដើម្បី​ដឹង​ច្បាស់​ពី​​ការ​ធ្វើ​តេស្ត​ពិនិត្យ​ក្រុម​ឈាម។

អត្ថបទពាក់ព័ន្ធ៖

  • តេស្តជំងឺគ្រុនឈាម (Dengue Fever Testing)

ដំណើរការតេស្ត

៤- គួរ​ត្រៀម​អ្វីខ្លះមុនធ្វើ​តេស្ត?

– អ្នក​ត្រូវ​ស្តាប់​ការ​ណែនាំ​របស់​គ្រូពេទ្យ ពី​របៀប​នៃ​ការ​ពិនិត្យ

– មិន​ចាំ​បាច់​តម​អាហារ ឬ​ត្រៀម​អ្វី​ជា​ពិសេស​សម្រាប់​តេស្ត​មួយ​នេះ​ទេ។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

– រុំ​បង់​​ជុំ​វិញ​ដៃ ដើម្បី​ឃាត់​ឈាម​ហូរ

– យក​អាល់​កុល​មក​​សំអាត​មេរោគ​ជុំ​វិញ​កន្លែង ​ត្រូវ​ចាក់​ម្ជុល

– ចាក់​ម្ជុល​ចូល​ក្នុង​សរសៃ​វ៉ែន ពេល​ខ្លះ​ពេទ្យ​អាច​ចាក់​លើស​ពី​មួយ​ដង​ បើ​មាន​ការ​ចាំ​បាច់

– គ្រូពេទ្យ​បន្ត​ទុយោរ​ដើម្បី​ដាក់​ឈាម

– យក​ខ្សែ ឬ​បង់រុំ​ជុំ​វិញ​ដៃ​ចេញ​ ក្រោយ​បូម​ឈាម​រួច

– បិត​បង់ ឬ​សំឡី​​លើ​​កន្លែង​ចាក់​ម្ជុល​បូម​ឈាម

ចំពោះ​គ្រូពេទ្យ ឬគិលានុបដ្ឋាការនឹង៖

– យក​ឈាម​ដាក់​ក្នុង​បំពង់​មាន​គ្រប​ពណ៌​ក្រហម

– មិន​ត្រូវ​ឲ្យ​បែកគ្រាប់​ឈាម

​- កត់​ឈ្មោះ​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​យក​ទៅ​មន្ទីរ​ពិសោធ។

៦- ក្រោយ​ធ្វើ​តេស្តរួ​ច​មាន​អ្វី​កើត​ឡើង?

យើង​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​កន្លែង​ចាក់​ម្ជុល​ឡើយ។ យ៉ាង​ណា​មនុស្ស​មួយ​ចំនួន មាន​​ឈឺ​ចាប់​បន្តិច​បន្តួច​នៅ​ពេល​គ្រូពេទ្យ​ចាក់​ម្ជុល​ចូល ប៉ុន្តែ​នៅ​ពេល​គ្រូពេទ្យ​ចាប់​ផ្តើម​បូម​ឈាម នោះ​នឹង​មិន​មាន​អារម្មណ៍​ឈឺ​ចាប់​ទៀត​ឡើយ។

ជា​ទូទៅ​កម្រិត​ឈឺ​ចាប់​ អាស្រ័យ​លើ​បទ​ពិសោធចាក់​ថ្នាំ​របស់​គ្រូពេទ្យ និង​ទៅ​តាម​ស្ថាន​ភាព​សរសៃ​ឈាម​។ បន្ទាប់​ពី​បូម​ឈាម​រួច​ ​ត្រូវ​យក​បង់​មក​បិត​លើ​មុខ​របួស​ថ្នម​ៗ ​ឃាត់​កុំ​ឲ្យ​ហូរ​ឈាម។ បន្ទាប់​ពី​សម្រាក​មួយ​ភ្លែត ​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​បាន​ធម្មតា។

បើ​​មាន​ចម្ងល់​ជុំ​វិញ​​តេស្ត​ពិនិត្យក្រុម​​ឈាម គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បន្ថែម ដើម្បី​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ការ​ធ្វើ​តេស្ត​មួយ​នេះ។

លទ្ធផល

៧- លទ្ធផល​តេស្ត​

ដើម្បី​កំណត់​ប្រភេទ​ឈាម ABO

បើ​គ្រាប់​ឈាមស្អិត​ជាប់​ ពេល​ដាក់​ចូល​គ្នានោះ៖

– សេរ៉ូម​មាន​ផ្ទុក​អង់​ទីករ​ប្រឆាំង​ជាមួយ​ អង់​ទី​ហ្សែន A នោះយើងមាន​ឈាម​ប្រភេទ A

– សេរ៉ូម​មាន​ផ្ទុក​អង់​ទីករ​ប្រឆាំង​ជាមួយ​ អង់​ទី​ហ្សែន B នោះយើង​មាន​ឈាម​ប្រភេទ B

– សេរ៉ូម​ទាំង​ពីរ​មាន​ផ្ទុក​អង់​ទីករ​ប្រឆាំង​ជាមួយ ​អង់​ទី​ហ្សែន A និង B នោះយើង​​មាន​ឈាម​ប្រភេទ AB

– បើ​កោសិកា​គ្រាប់​ឈាមមិន​កក​ផ្តុំ​គ្នា នៅពេល​ដាក់​វា​ចូល​ក្នុង អង់​ទី​ករ A និង B​ នោះ​អ្នក​មាន​ឈាម​ប្រភេទ O។

ការ​កំណត់​បម្រុង

– បើ​គ្រាប់​ឈាម​​ស្អិត​ជាប់​គ្នា​ ពេល​អ្នក​ដាក់​ឈាម​ប្រភេទ B ចូល​ក្នុង​ឈាម​កំពុង​ពិនិត្យ នោះយើង​​មាន​ឈាម​ប្រភេទ A

– បើ​គ្រាប់​ឈាម​ស្អិត​ជាប់​គ្នា​ ពេល​អ្នក​ដាក់​ឈាម​ប្រភេទ A ចូល​ក្នុង​ឈាម​កំពុង​ពិនិត្យ នោះ​យើង​មាន​ឈាម​ប្រភេទ B

– បើ​គ្រាប់​ឈាម​ស្អិត​ជាប់​គ្នា​ ពេល​អ្នក​ដាក់​ឈាម​ប្រភេទ A ឬ​ B ចូល​ក្នុង​ឈាម​កំពុង​ពិនិត្យ នោះ​អ្នក​មាន​ឈាម​ប្រភេទ O

បើ​គ្រាប់​ឈាម​មិន​​ស្អិត​ជាប់​គ្នា​ ពេល​អ្នក​ដាក់​ឈាម​ប្រភេទ A ឬ​ B ចូល​ក្នុង​ឈាម​កំពុង​ពិនិត្យ នោះយើង​មាន​ឈាម​ប្រភេទ AB

ការ​កំណត់រ៉េស៊ីស

– បើ​គ្រាប់​ឈាមស្អិត​ជាប់​គ្នា​ពេល​ដាក់​ចូល​គ្នា​ជាមួយ អង់​ទី​ករ​ប្រឆាំង​ជាមួយ​រ៉េស៊ីស នោះ​យើង​មាន​រ៉េស៊ីស​វិជ្ជមាន

ឥ បើ​គ្រាប់​ឈាម​អ្នក​មិន​ស្អិត​ជាប់​គ្នា​ ពេល​ដាក់​ចូល​គ្នា​ជាមួយ អង់​ទី​ករ​ប្រឆាំង​ជាមួយ​រ៉េស៊ីស នោះយើង​មាន​រ៉េស៊ីស​អវិជ្ជមាន។

ការ​ធ្វើ​តេស្ត​ពិនិត្យ​ក្រុម​ឈាម អាច​ខុស​គ្នា​ទៅ​តាម​មន្ទី​ពិសោធ ឬ​មន្ទី​ពេទ្យ​នីមួយ​ៗ។ ដូច​នេះ​អាច​សាក​សួរ​គ្រូពេទ្យ​បាន បើនៅ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​លទ្ធផលធ្វើ​តេស្ត​មួយ​នេះ​ ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 23, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម