backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

H. Pylori Test (តេស្ត​មេរោគ​ក្រពះ Helicobacter Pylori)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 27, 2019

និយមន័យ

១- អ្វី​ជា​តេស្ត​មេរោគ​ក្រពះ?

តេស្ត នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រក​មើល ករណី​បង្កដោយ​មេរោគ អេលីកូបាក់ទែ​ពីឡូរី  (H. pylori) បង្ក​ឲ្យ​មាន​ដំបៅ​រលាក​លើ​ភ្នាស​ក្រពះ ​និង​ផ្នែក​ខាង​ដើម​ពោះវៀន​តូច​ ប៉ុន្តែ​គ្រូពេទ្យ​រក​ឃើញ​ថា គ្នាយើង​​ខ្លះ​មាន​មេរោគ​នេះ​ដូចគ្នា តែ​មិន​វិវត្ត​ទៅ​ជា​ដំបៅ​ខូង​ក្នុង​ក្រពះ ​ពោះ​វៀន​នោះ​ទេ។

គ្រូពេទ្យ​អាច​ប្រើ​តេស្ត ៤​ប្រភេទ ​ដើម្បី​រក​មើល​មេរោគ​ដូចជា៖

តេស្ត​ឈាម៖ ​រក​មើល​អង់ទីករ​ប្រឆាំងរោគ​ក្នុង​ឈាម​ដើម្បី​ដឹងថា ​តើយើង​កំពុង​មាន​រង​ការ​បង្ក​រោគ​ស្រួច​ស្រាវ ​ឬ​​ធ្លាប់​មាន​ប្រវត្តិឆ្លង​​មេរោគ​នេះ​ក្នុង​ឈាម​ឬ​អត់?

តេស្ត​ដង្ហើម៖ ​ដើម្បី​រក​មើល​វត្តមាន​មេរោគ​ក្នុង​ក្រពះ​តែ​ម្ដង គ្រូពេទ្យ​អាច​ប្រើ​តេស្ត​នេះ​តាម​ដាន​​ប្រសិទ្ធភាព​ការ​ព្យាបាល​ផង​ដែរ។

តេស្ត​លាមក៖ រក​មើល​សារធាតុ​ភ្ញោច​ឲ្យ​កកើត​អង់ទីករ​នៅ​ក្នុង​លាមក​ អាច​កំណត់​រោគ​វិនិច្ឆ័យ ​និង​មើល​ពី​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល។

ច្រឹប​សាច់​ក្រពះ៖ ធ្វើ​នៅ​ពេល​សុង​ក្រពះ​ដើម្បី​យក​សាច់​ពិនិត្យមើល​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ។

២-ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ?

តេស្ត​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​សញ្ញា​ដូចជា៖

– ឈឺ​បាត់​ៗ​នៅ​ម្ដុំ​ពោះ

– ស្រក​ទម្ងន់

– ពិបាក​រំលាយ​អាហារ

– ឆាប់​ឆ្អែត ឬ​ហើម​ពោះ

– ចង្អោរ

– ភើ

លើស​ពី​នេះ​ ​អាច​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ ដូចជា​ឈឺ​ចុក​ខ្លាំង​ភ្លាម​ៗ​ទ្រាំ​មិន​បាន ​មាន​ហូរ​ឈាម​តាម​លាមក ក្អួត​ឈាម​ស្រស់ៗ ឬ​មាន​ពណ៌​ដូច​កាក​កាហ្វេ។

មិន​តែ​ប៉ុណ្ណោះ​ ​អាច​ប្រើ​តេស្ត​ទាំង​នេះដើម្បីវាយតម្លៃ​លទ្ធផល​ព្យាបាល​ដោយប្រើ​ថ្នាំ​ផ្សះ ​ថា​តើ​អាច​កម្ចាត់​មេរោគ​១០០ភាគរយ ​ឬ​អត់។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត?

មិន​មែន​​ឈឺ​ពោះ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​មេរោគ​ក្រពះ​នោះ​ទេ។ ​សម្រាប់​ក្មេង ​មិន​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ដង្ហើម​ ដោយគ្រាន់​តែប្រើ​តេស្ត​លាមក។ ថ្នាំ​មួយ​ចំនួន​អាច​ប៉ះពាល់​ប្រសិទ្ធភាព​​តេស្ត ​ដូចជា​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំង​ជាតិ​អាស៊ីដ​ក្រពះ​ ហេតុនេះ​មាន​តែ​តេស្ត​ឈាម​​ប៉ុណ្ណោះ​សក្តិសម​បំផុត​សម្រាប់​ពិនិត្យ​មើល​មេរោគ​ក្រពះ​ប្រភេទ​នេះ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែប​ណា?

ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​តេស្ត គឺ​អាស្រ័យ​លើ​ប្រភេទ​តេស្ត​ទាំង ៤ ក្នុង​នោះ​តេស្តឈាម​គឺ​មិន​ចាំ​បាច់​តម​អ្វី​ទេ។

សម្រាប់​តេស្ត​លាមក ដោយ​សារ​ថ្នាំ​មួយចំនួន​អាច​ប៉ះពាល់​ដល់លទ្ធ​ផល​តេស្ត ដូច្នេះ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ពី​ថ្នាំ​យើង​កំពុង​ប្រើប្រាស់។ សូម​ផ្អាក​ប្រើ​ថ្នាំ​ក្រពះ​ប្រភេទ PPIs ដូចជា ​Nexium ឬ ​Prilosec ២​សសប្តាហ៍ និង​ថ្នាំផ្សះ​ ឬ​ថ្នាំ​ដទៃ​ទៀត​ដែល​មានផ្ទុកសារធាតុ ​Bismuth ១​ខែ មុន​ធ្វើ​តេស្ត។

តេស្ត​ច្រឹប​សាច់ និង​តេស្ត​ដង្ហើម តម្រូវ​ឲ្យ​តម​អាហារ​យ៉ាង​តិច​ ៦ម៉ោង មុន​ចាប់​ផ្តើម​ធ្វើ​តេស្ត មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ដទៃ​ទៀត​ដែល​មាន​ជាតិ​ Bismuth ១​ខែ ​មុន​ពេល​ធ្វើ​តេស្ត ផ្អាក​ប្រើ​ថ្នាំ​ក្រពះ​ប្រភេទ​ PPIs ដូចជា Nexium និង ​Prilosec ២​ សប្តាហ៍ ហើយ​មុន​ធ្វើ​តេស្ត ២៤ម៉ោង​ មិន​ត្រូវ​ញ៉ាំ​ថ្នាំ​ក្រពះ​ប្រភេទ H2 blockers ដូច​ជា​ថ្នាំ Pepcid ថ្នាំ Zantac ថ្នាំ Axid និង​ថ្នាំ Tagamet នោះ​ឡើយ។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

គ្រូ​ពេទ្យ​ និង​ប្រើវិធីសាស្ត្រ​មួយចំនួន​ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ក្រពះ​ដូចជា៖

តេស្តឈាម

– ចង​រឹត​ដើម​ដៃ​ដើម្បី​ឲ្យ​ចាល់​ឈាម​ក្នុង​សរសៃវ៉ែន​ងាយ​ស្រួល​បូម

– ជូត​សម្អាត​កន្លែង​ចាក់​ម្ជុល​ដោយ​អាល់កុល

– ចាក់​ម្ជុល​ចូល​ទៅ​ និង​បូមឈាម​ចូល​សឺរ៉ាំង

– ស្រាយ​ខ្សែ​ចង​ដើម​ដៃ​ចេញ

– បាញ់​ឈាម​បូម​បាន​ចូលក្នុង​បំពង់​ដាក់​ឈាម​​

– ដាក់​សំឡី​ទប់​ក្រែង​មាន​ឈាម​ហូរ​​ចេញ​ពី​កន្លែង​ចាក់​ម្ជុល​ និង​បិទ​បង់​ជា​ការ​ស្រេច

– ឈាម​យក​បាន​នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍

– ២៤ ​ម៉ោង​ក្រោយ​ ទើបទទួលបាន​លទ្ធផល

តេស្ត​លាមក

– បៀក​យក​លាមក​ដាក់​ក្នុង​កំប៉ុង​ ​មិន​ត្រូវឲ្យទឹកនោម​លាយក្នុង​លាមក​ទេ​

– បិទ​គម្រប​ឲ្យ​ជិត ​និង​កំណត់​ថ្ងៃ​ឲ្យ​បាន​ច្បាស់លាស់

– ត្រូវ​ប្រញាប់​យក​ទៅ​មន្ទីរ​ពិសោធន៍ ឬ​មន្ទីរ​ពេទ្យ​ភ្លាម​

– ករណី​ខ្លះ​ពេទ្យ​អាច​ប្រើ​សំឡី​ត្បាល់​យក​លាមក​ពី​រន្ធ​គូទតែម្តង​

– អាច​ដឹង​ពី​លទ្ធផល​បាននៅប៉ុន្មាន​ម៉ោង​បន្ទាប់ ​

ច្រឹប​សាច់​ក្រពះ

– នៅ​ពេល​សុង​ក្រពះ ​ពេទ្យនឹង​ច្រឹបសាច់​ដល់​ទៅ​ ១០​ កន្លែងផ្សេង​​ពីគ្នា​ដើម្បី​យក​ទៅ​ពិនិត្យ។ ​ករណី​ខ្លះ​ កំប៉ុង​ដាក់​សាច់​វិភាគ​ អាច​មាន​ថ្នាល​បណ្ដុះ​មេរោគ​តែ​ម្ដង ​ងាយ​ស្រួល​ជ្រើសរើស​ថ្នាំ​ផ្សះ​ត្រូវ​នឹង​មេរោគ ហើយ​លទ្ធផល​ត្រូវ​រង់​ចាំ​ ២​ថ្ងៃ។

តេស្ត​ដង្ហើម​​

– យើង​ត្រូវ​ផ្លុំ​ខ្យល់​ចូល​ទៅ​ក្នុង​ប៉េងប៉ោង ​ឬ​ក្នុង​ដប​មុន​ធ្វើ​តេស្ត

– ​លេប​ថ្នាំ​មាន​សារធាតុ​វិទ្យុ​សកម្ម

– យក​ខ្យល់​ដង្ហើម​ម្តង​ទៀត ដើម្បីកំ​ណត់​ពេល​ តើ​មេរោគ​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ឬ​អត់

– ធម្មតា​ត្រូវ​ការ​ពេល ​៣០​នាទី

– លទ្ធផល​​ចេញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពី​ធ្វើ​តេស្ត​រួច?

គ្រូពេទ្យ នឹង​ពិភាក្សា​ជាមួយ​យើង​ពាក់ព័ន្ធ​លទ្ធផល​ទទួល​បាន និង​ស្នើសុំ​ធ្វើការ​ព្យាបាល​តែម្តង។ ប៉ុន្តែ​ករណី​ខ្លះ ពេទ្យ​អាច​សុំ​ធ្វើ​តេស្ត​ដទៃ​ទៀត​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់។

លទ្ធផល

៧- លទ្ធផល​តេស្ត

– បើ​លទ្ធផល​ចេញ​មក​វិជ្ជមាន លើ​តេស្ត​លាមក តេស្ត​ដង្ហើម និង​ការ​ច្រឹប​សាច់​ក្រពះ​​ បញ្ជាក់​ករណី​ឈឺ​ចាប់​ប្រាកដ​ណាស់​បណ្ដាល​មក​ពី​មេរោគ​ក្រពះ ដូច​នេះវិធី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​ រួម​ជាមួយ​ថ្នាំ​ដទៃ​ទៀត ​ត្រូវ​អនុវត្ត​ដើម្បី​បញ្ឈប់​​ឈឺចាប់ ​និង​ដំបៅ​ខូង​ក្នុង​ក្រពះ។

– បើតេស្ត​ឈាម​វិជ្ជមាន ​ ​គ្រាន់​តែ​បញ្ជាក់​ថា​ធ្លាប់​មាន​ការ​បង្ករោគ​ប៉ុណ្ណោះ​ ទាម​ទារ​ធ្វើ​តេស្ត​ដង្ហើម​មួយ​ទៀត។

– បើ​តេស្ត​ទាំងអស់​អវិជ្ជមាន ​បញ្ជាក់​ថា​អាការៈ​មិន​មែន​បង្ក​មក​ពី​មេរោគ​ក្រពះ​ទេ​ តែ​បើ​អាការៈ​ឈឺ​ចាប់​នៅ​តែ​បន្ត ​គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ដទៃ​ទៀត​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 27, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម