backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Stool Analysis (តេស្ត​ពិនិត្យ​លាមក)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jan 25, 2019

និយមន័យ

១- អ្វី​ជា​តេស្ត​ពិនិត្យ​លាមក?

ពិនិត្យ​លាមក ​ជាតេស្ត​មួយក្នុង​ចំណោម​តេស្តជា​ច្រើន​ទៀត ដើម្បី​ជួយធ្វើ​​រោគវិនិច្ឆ័យ​ទាក់ទងបញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ បណ្តាល​មក​ពី ​កា​រឆ្លង​រោគ​ (ប៉ារាស៊ីត​ វីរ៉ុស​ ឬបាក់តេរី) ការ​ស្រូប​សារធាតុ​ចិញ្ចឹម​ថយចុះ ​ឬមហារីក​ជាដើម។

​ពិនិត្យ​លាមក​ ដំបូង​ត្រូវ​យកលាមក​ដាក់ក្នុង​កំប៉ុងស្អាត​មួយ រួច​ផ្ញើទៅ​មន្ទីរ​ពិសោធន៍ ដើម្បី​ពិនិត្យ​តាម​រយៈ​​មីក្រូទស្សន៍​ តេស្ត​សារធាតុ​គីមី​ និង​តេស្ត​រក​មេរោគ។​ លើស​ពីនេះ​ ​គ្រូពេទ្យ ​និងពិនិត្យ​មើលលើ​ពណ៌ ​កំហាប់​ បរិមាណ ​ភិនភាគ​ ក្លិន​ និងវត្ត​មាន​សម្បោរ​ក្នុង​លាមក។

​គ្រូពេទ្យ​ក៏​រក​មើល​សារធាតុ​មួយ​ចំនួន មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន ដូច​ជា​ឈាម ខ្លាញ់ កម្ទេច​សាច់ ទឹកប្រមាត់​ កោសិកា​ឈាមស ​ស្ករ​ និង pH រ​បស់​លាមកជាដើម។ តេស្តនេះ គឺ​អាច​យក​លាមក​មក​បណ្តុះរក​មើល​មេរោគ ​ដើម្បី​ដឹង​ថា​តើ​មេរោគ​នោះ​ជា​ប្រភេទ​អី្វ​ឲ្យ​ច្បាស់។

២- ហេតុអ្វី​​ត្រូវធ្វើ​តេស្ត​នេះ?

តេស្ត​នេះ​ធ្វើ​ក្នុង​គោល​បំណង​មួយ​ចំនួន​ដូចជា៖

– រកមើល​ជំងឺនៅ​ប្រព័ន្ធ​រំលាយ​អាហារ​ ថ្លើម​ និង​លំពែង។ ​អង់ស៊ីម ​មួយចំនួន​ ដូ​ចជា (Trypsin ​ឬ Elastase)​ នៅ​ក្នុង​លាមក ជួយ​ឲ្យ​ដឹង​ពី​មុខងារ​លំពែង។

​- ជួយ​រក​មូលហេតុ​រោគ​សញ្ញា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ​រួមមាន ​រាកយូរថ្ងៃ​ រាកមាន​ឈាម​ ហើម​ពោះ ​ក្អួត ​អត់ឃ្លាន​ ប៉ោង​ពោះ ​ឈឺពោះ​ និងក្តៅ​ខ្លួន។

– ពិនិត្យ​រក​មើល​មហារីក​ពោះវៀន​ធំ ដែល​មិន​អាច​មើល​ក្នុង​ឈាម

– រក​មើល​បារ៉ាស៊ីត​ Pinworms ​ឬ ​Giardia​

– រក​មើល​មូលហេតុ​នាំ​ឲ្យមាន​ជំងឺឆ្លង​ដូចជា ​ពពួក​បាក់តេរី​ ផ្សិត ​ឬវីរ៉ុស

​- រកមើ​លការ​ថយចុះ​សមត្ថភាព​ស្រូប​យក​សារ​ធាតុ​ចញ្ចឹម​របស់​ប្រព័ន្ធ​រំលាយ​អាហារ (Malabsorption syndrome)។ សម្រាប់​តេស្ត​នេះ ​គ្រូពេទ្យ​យក​លាមក​យើង​អំឡុង​ពេល ​៧២ម៉ោង​ ដើម្បី​រកមើល​ខ្លាញ់  ហៅថា ​72-Hour Stool Collection ​ឬ​តេស្ត​ Quantitative Fecal Fat។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត?

​តេស្ត​ពិនិត្យ​លាមក​ ធ្វើឡើង​រក​មូលហេតុនាំ​ឲ្យមាន​ជំងឺឆ្លង​ ដូចជា​ ពពួកបាក់តេរី ​ផ្សិត​ វីរ៉ុស ​ឬ​បារ៉ាស៊ីត។ ​ដោយឡែក​ ចំពោះ​ជំងឺ ​Cystic Fibrosis ​គួរ​ប្រើ​ Sweat Test ​ដើម្បី​រកសារធាតុ ​Trypsin ឬ​ Elastase ​នេះវិញ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា​ដើម្បី​ធ្វើ​តេស្ត?

ថ្នាំ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ពិនិត្យ​លា​មក អាស្រ័យ​លើ​យើង​ពិ​​និត្យ​រក​មើល​អ្វី។ យើង​ត្រូវ​ឈប់​លេបថ្នាំ​មួយ​ចំនួន​ ដូចជា ថ្នាំ​ក្រពះ ​អង់ទីប្យូទិក (ផ្សះ) ថ្នាំ​បញ្ចុះ​លាមក​ ឬ​ពពួក​ថ្នាំ​ប្រឆាំង​ការ​រលាក ​(NSAIDs) ១-២ សប្តាហ៍​មុន​ពេល​ធ្វើតេស្ត។ កុំភ្លេច​ប្រាប់​គ្រូពេទ្យ​ពី​ថ្នាំ​យើង​បាន​ប្រើ​ប្រាស់​ផង។

បើ​មាន​បញ្ហា​ខាង​ក្រោម​នេះចូរ​ប្រាប់​គ្រូពេទ្យ​ឲ្យបាន​ដឹង៖

– ទើប​តែ​ថត​កាំរស្មី​អ៊ិច​ ដោយ​ផឹក​ជាតិ​ពណ៌ Barium Contrast​ ដូចជា​ Bariumenema ឬ Barium Swallow ព្រោះ​សារធាតុ​នេះ ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​តេស្ត។

​- ទើប​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ថ្មីៗ​ ព្រោះ​អាច​ជួយ​ឲ្យគ្រូ​ពេទ្យ​ពិចារណា​ប្រភេទ​មេរោគ​បង្កឲ្យ​យើង​មាន​ជំងឺ។

បើ​ធ្វើតេស្ត​ដើម្បីរក​មើល​ឈាម​  ត្រូវ​តមអា​ហារ​មួយ​ចំនួន​មុន​ពេល​ធ្វើតេស្ត​ ពុំ​គួរ​ធ្វើ​តេស្ត​នៅពេល​មករដូវ​ ឬ​ពេល​មាន​ឈាម​ហូរ​ចេញ​ពី​ឬសដូង​បាត​ទេ (ចំពោះ​អ្នក​មាន​ជំងឺ​នេះ)។

៥- មាន​អ្វី​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

គ្រូពេទ្យ​ត្រូវយក​លាមកទៅ​ពិនិត្យ​ តាមវិធី​ខាងក្រោម៖​

– អាច​ដាក់ថង់​ប្លាស្ទិក ​ទ្រពីក្រោម​បង្គន់ពេល​បត់ជើង ​ហើយយក​វាដាក់​កូន​ដប​ស្អាត​មួយ។

– អាច​ទិញ​កញ្ចប់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​ ក្នុង​នោះ​មាន​ក្រដាសទន់​សម្រាប់​ប្រមូល​លាមក​យក​មកដាក់​ដបបាន​យ៉ាង​ស្រួល។

– កុំ​ឲ្យ​លាមក​លាយ​ជា​មួយទឹក​នោម ​ទឹក​ និង​ក្រដាស​បង្គន់​ឲ្យ​សោះ។

ចំពោះ​កូន​ក្មេង​ដែល​ពាក់​ខោ​ទឹក​នោម៖

​- ក្រាល​ថង់ប្លាស្ទិក​ពី​លើ​ខោទឹក​នោម

– ដាក់​ថង់​ប្លាស្ទិកឲ្យ​បាន​ស្រួល​បួល កុំ​ឲ្យ​លាយ​ឡំ​ជាមួយ​ទឹកនោម។

៦- ក្រោយ​ធ្វើ​តេស្តរួ​ច​មាន​អ្វី​កើត​ឡើង?

យកលា​មកមន្ទីរពិសោធន៍​ កាន់​តែឆាប់​កាន់តែ​ល្អ។

លទ្ធផល​

៧- លទ្ធផល​តេស្ត​

តួលេខ​ខាងក្រោម​ ជា​ទូទៅ​សម្រាប់​បញ្ជាក់ពីលទ្ធផលទេ ប៉ុន្តែអាចខុស​គ្នាពី​មន្ទីពិសោធន៍​នីមួយៗ ដូចនេះ​ទោះបី​ជាលទ្ធផល​នេះខុស​ពីតួលេខខាង​ក្រោមក៏​មិ​នអី​ដែរ។ ក្រដាស​លទ្ធផលមាន​តារាង​វាយ​តម្លៃ​ធម្មតា​ ​មន្ទីរ​ពិសោធន៍​យើង​ពិនិត្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ។ គ្រូពេទ្យ​នឹង​វាយតម្លៃ​លទ្ធផល​ ផ្អែក​លើកត្តា​សុខភាព ​និង​កត្តា​ផ្សេងៗ​ទៀត ហើយ​ជា​ទូទៅ​លទ្ធផល​ត្រូវ​ការ​ពេល ​១-៣ ថ្ងៃ។

លទ្ធផល​ក្រោយ​តេស្ត​ពិនិត្យ​លាមក

– លទ្ធផល​ប្រក្រតី៖ លាមក​មានពណ៌​ត្នោត​ ទន់​ ហើយ​គ្មាន ​ឈាម សម្បោរ ​ខ្ទុះ កម្ទេច​សាច់ និង​ពពួក​បាក់តេរី​ វីរ៉ុស ​ផ្សិត​ ឬ​បារ៉ាស៊ីត​អ្វីទាំង​អស់។​ លាមក​មានរាង​ជាបំពង់​ ហើយ​មាន​ pH ៧-៧,៥ ។ មាន​ជាតិ​ស្ករតិច​ជាង ​០,២៥ ​ក្រាម/ដេស៊ីលីត្រ​ ​មាន​ខ្លាញ់ ​២-៧ ក្រាម/២៤ម៉ោង។

– លទ្ធផលមិនប្រក្រតី៖ លាមក​មាន​ពណ៌ខ្មៅ​ ក្រហម ស​ លឿង​ ឬបៃតង​ ហើយ​មានល​ក្ខណះ​រឹង ឬ​រាវ។ ​មាន​ឈាម​ សំបោរ ខ្ទុះ​ កាកសាច់​ និង​ពពួក​បាក់តេរី​ វីរ៉ុស​ ផ្សិត​ និង​បារ៉ាស៊ីត។ មាន​កម្រិត​អង់ហ្ស៊ីម Trypsin ​​ឬ Eelastase ​ទាប​​​ ហើយ ​pH ទាប​ជាង​ ៧,០ ឬលើស​ពី ៧,៥។​ មាន​ជាតិស្ករ ០,២៥ ក្រាម/ដេស៊ីលីត្រ ​ឬ​លើស​ និងមាន​ខ្លាញ់​លើសពី​ ៧ ក្រាម/២៤ម៉ោង (ករណី​ញ៉ាំ​ខ្លាញ់​ ១០០ ក្រាម​/ថ្ងៃ)។

កត្តា​បង្ក​ឲ្យ​លទ្ធផល​មិន​ប្រក្រតី

– កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់​ក្នុង​លាមក​ អាច​មក​ពីជំងឺ​មួយ​ចំនួន​ដូចជា ​រលាក​លំពែង ​ជំងឺ​ពោះវៀន ​ជំងឺ Cystic Fibrosis​ ឬ​ជំងឺ​ផ្សេង​ទៀត​ប៉ះពាល់​ការ​ស្រូប​ជាតិ​ខ្លាញ់។

– វត្តមាន​កម្ទេច​សាច់​ក្នុង​លាមក ​អាច​បណ្តាល​មកពី ​រលាក​លំពែង។

– pH ទា​បបណ្តាល​មកពី​ការ​បឺតស្រូប​សារជាតិ​កាបូអ៊ីដ្រាត​ ឬ​ខ្លាញ់​ថយចុះ។ ដោយឡែក​បើ pH ​ខ្ពស់​អាច​មក​ពី​មាន​រលាក​នៅ​ពោះវៀន​ មហារីក​ ឬ​ប្រើ​ពពួក​ថ្នាំ​អង់ទីប្យូទិក។

​- ឈាម​ក្នុង​លាមក​ អាច​មក​ពីមាន​ការហូរ​ឈាមនៅ​ប្រព័ន្ធ​រំលាយ​អាហារ។

– មាន​កោសិកា​ឈាម​ស អាច​បណ្តាល​មកពី​ ​រលាក​ពោះវៀន​ ដូចជា​ Ulcerative Colitis ​ឬ​រលាក​ដោយ​ពពួក​បាក់តេរី​ជាដើម។​

– មេរោគ Rota ជា​មូលហេតុ​ចម្បង​​ធ្វើឲ្យ​ក្មេងរាក។ បើ​សិន​មាន​សញ្ញារា​ករូស​ គួរ​ធ្វើតេស្ត​រក​មើល​មេរោគ​ប្រភេទ​នេះ​ក្នុង​លាមក។

– កម្រិត​ជាតិ​ស្ករខ្ពស់​ក្នុង​លាមក​ មាន​ន័យថា​ពោះវៀន​មាន​បញ្ហា​ពិបាក​បំបែក​ស្ករ។ ​ប៉ុន្តែ​កម្រិត​ទាបវិញ ​អាចមក​ពី Celiac disease ​cystic fibrosis ឬ​កង្វះ​អាហា​រូបត្ថម្ភ។ ​ពពួក​ថ្នាំ​ Colchicine​ (ថ្នាំ​ឈឺសន្លាក់​បង្ក​ដោយ​អាស៊ីដ) ឬ​ថ្នាំ​ពន្យា​កំណើត ក៏អាច​បណ្តាល​ឲ្យជាតិ​ស្ករក្នុង​លាមក​ទាបផង​ដែរ។ កត្តា​មួយ​ចំនួន​ទៀត​អាច​ធ្វើ​ឲ្យ​ប្រែប្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​លាមក​ដូចគ្នា។

ពេល​ប្រទះ​ឃើញ​រោគ​សញ្ញា​មិ​នប្រក្រតី​ណា​មួយ គ្រូពេទ្យ​នឹង​បក​ស្រាយ​ឲ្យ​យើង​ដឹង។ ហើយ​តួលេខ​ធម្មតា​របស់​តេស្ត​ ខុស​គ្នា​បន្តិច​បន្តួច​អាស្រ័យ​លើ​មន្ទីរពិសោធន៍​នីមួយៗ ហេតុនេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​លទ្ធផល​តេស្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jan 25, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម