backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Home Ear Examination (ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 25, 2019

និយមន័យ

១- អ្វី​​ជា​ការ​ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង?

ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង សំដៅ​លើ​ការ​ពិនិត្យ​មើល​រន្ធ​ត្រចៀក ក្រដាស​ត្រចៀក​ដោយ​ប្រើ​ឧបករណ៍​អូតូស្កុប ។ អូតូស្កុប ជា​ឧបករណ៍​កាន់​ដៃ ​ភ្ជាប់​ជាមួយ​អំពូល​ភ្លើង ​កែវ​ពង្រីក ​និង​ប្រហោង​រន្ធ ​មាន​លក្ខណៈ​តូច​ចង្អៀត ​ស្រួច​នៅ​ខាង​ចុង ​សម្រាប់​ពិនិត្យ​មើល​រន្ធ​ត្រចៀក​ ហៅ​ថា (Speculum)។

ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង ​ជួយ​ប្រាប់ឲ្យ​រាល់​បញ្ហា​ត្រចៀក ​ដូចជា​ការ​រលាក​ មាន​អាចម៍​ត្រចៀក​ច្រើន​ពេក ​ឬ​មានអ្វី​ជាប់​នៅ​ក្នុង​រន្ធ​ត្រចៀក។

ក្រោយ​ទទួល​បាន​ការ​បង្រៀន​ពី​គ្រូពេទ្យ​ អាច​ជា​ជំនួយ​ដល់​ការ​ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង​ ប៉ា​ម៉ាក់ មាន​អូនៗ​តូចៗ ឧស្សាហ៍​រលាក​ត្រចៀក​ ឬ​ឈឺ​ត្រចៀក​ញឹកញាប់។ ពេល​ខ្លះ​អាអូន​អាច​មាន​ការ​រលាក​ត្រចៀក​ ដោយ​លេច​ចេញ​​រោគ​សញ្ញា​ រអ៊ូ​រទាំ​ គ្រុន​ក្ដៅ​ ឬ​ទាញ​ត្រចៀក។ ក្រៅ​ពី​នេះ ពិនិត្យ​ត្រចៀក​ខ្លួន​ឯង ក៏​អាច​រកឃើញ​មូល​ហេតុបង្ក​រោគ​សញ្ញា​ទៀតផង ​ប៉ុន្តែ​អាចពិបាក​រៀន​ប្រើ​បន្តិច ហើយ​អូតូស្កុប​មួយ​ចំនួន​​មាន​គុណភាព​អន់ ហេតុ​នេះ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​គឺ​ចាំ​បាច់​បំផុត។

២- ហេតុ​អ្វី​ចាំបាច់​ត្រូវ​ពិនិត្យ​?

ពិនិត្យ​ត្រចៀក​ដោយ​ខ្លួន​ឯង​ទាមទារ​ធ្វើ​ក្រោម​ហេតុផល​មួយ​ចំនួន​ដូចជា៖

– រក​មើល​រោគ​សញ្ញា​ឆ្លងរោគ ​នៅ​ពេល​អូនៗ ឬ​សមាជិក​គ្រួសារ​ឈឺ​ត្រចៀក​ និង​រោគ​សញ្ញា​ស្រពេច​ស្រពិល។

– ស្វែង​រក​អ្វី​មួយ​អាច​ជាប់​ក្នុង​រន្ធ​ត្រចៀក ​ដូចជា​សត្វ​ស្អិត ឬ​គ្រាប់​អ្វី​ម្យ៉ាង។

– ពិនិត្យ​មើល​កំណើន​​អាចម៍​ត្រចៀក​ នៅ​ពេល​មាន​អារម្មណ៍​ហឹង ឬ​ធ្ងន់​ត្រចៀក។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ពិនិត្យ?

អូតូស្កុប ​ប្រើប្រាស់​នៅ​តាម​ផ្ទះ​មួយ​ចំនួន ​គឺ​ប្រើប្រាស់​រលក​សំឡេង​ដោយ​ប៉ះ​ផ្ទាល់​ទៅ​លើ​ក្រដាស​ត្រចៀក ​ដើម្បី​ពិនិត្យ​រក​មើល​ករណី​រលាក មាន​​ទឹក​នៅ​ក្នុង​ត្រចៀក​ជាដើម។

ចំណែក​អាចម៍​ត្រចៀក​វិញ ជា​កាក​សំណល់​បញ្ចេញ​ចោល​សម្រាប់​ការពារ​រន្ធ​ត្រចៀក។ ជា​ធម្មតា​អាចម៍​ត្រចៀក​ហូរ​ចេញ​ក្រៅ​ដោយ​ខ្លួន​ឯង ​និង​សម្អាត​ត្រចៀក​ខាង​ក្រៅ។ កុំ​សម្អាត​រន្ធ​ត្រចៀកដោយសំឡី​ត្បាល់​ត្រចៀក​ ដង្កៀប​ដកសក់​ ដង្កៀប​ក្រដាស ឬ​ក្រចក​ដៃ​ ព្រោះ​អាច​បណ្ដាល​ខូចខាត​ក្រដាស​ត្រចៀក​ និង​រុញ​អាចម៍​ត្រចៀក​ចូល​ទៅ​ក្នុង​រន្ធ​ត្រចៀក​វិញ។

ទោះ​បី​ជា​មើល​ឃើញ​អ្វី​ចេញ​ពី​អូតូស្កូប​ក៏​ដោយ ​ឆាប់​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ បើ​នៅ​ក្នុង​រន្ធ​ត្រចៀក​អាអូន​អាការៈ​ដូច​ជា៖

– ឈឺ​ចាប់​ត្រចៀក​ធ្ងន់ធ្ងរ ពិសេស​មាន​គ្រុន​ក្ដៅ

– ស្ដាប់​លែង​ឮ​ភ្លាមៗ

– អសមត្ថភាព​បញ្ជា​សាច់ដុំ​មុខ​មួយ​ចំហៀង

– ឈឺ​ជាប់​រហូត​នៅ​ត្រចៀក​ម្ខាង ​ឬ​ទាំង​សង​ខាង

– មាន​ហូរ​ខ្ទុះ​ចេញ​ពី​ត្រចៀក​ម្ខាង ​ឬ​ទាំង​សង​ខាង។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា?

មុន​ធ្វើ​តេស្ត​មួយ​នេះ ​មិន​ចាំបាច់​ត្រៀម​អ្វី​ពិសេស​ទេ​ គ្រាន់​ចង​ចាំ ​ត្រូវ​សម្អាត​សន្ទះ​ឧបករណ៍​សម្រាប់​ពិនិត្យ​ត្រចៀក​​​ជាមួយ​ទឹក​ក្ដៅ ​និង​សាប៊ូ​មុន​ពេល​ប្រើ​ប្រាស់។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​ពិនិត្យ?

ពិនិត្យ​ត្រចៀក​អូនៗ​តូចៗ ​តម្រូវ​ឲ្យ​គេង​ផ្អៀង​ក្បាល​ទៅ​ចំហៀង​ ឬ​ឲ្យ​អាអូន​អង្គុយ​លើ​ភ្លៅ​មនុស្ស​ធំណា​ម្នាក់ និង​ផ្អៀង​ក្បាល​ផ្អែក​នឹង​ទ្រូង។ សម្រាប់​ក្មេងទ្រើសបន្តិច ​ឬ​មនុស្ស​ពេញ​វ័យ អាច​អង្គុយ​បែរ​ក្បាល​ទៅ​ចំហៀង​ ព្រោះ​អង្គុយ​ឲ្យ​ត្រូវ​ក្បួន​ខ្នាត សម្រាប់​ធ្វើ​ការ​ពិនិត្យ​រក​ជាតិ​ទឹក នៅ​ពី​ក្រោយ​ក្រដាស​ត្រចៀក។

ជ្រើសរើស​សន្ទះ​ឧបករណ៍​សម្រាប់​ពិនិត្យ​មាន​ទំហំ​ធំ​ល្មម និង​ងាយ​ដាក់​ចូល​ទៅ​ក្នុង​រន្ធ​ត្រចៀក​បន្ទាប់​មក​​ភ្ជាប់​ទៅ​នឹង​អូតូស្កុប។ ​បើ​អាអូន​មាន​បញ្ហា​ត្រចៀក​តែ​ម្ខាង​ គួរ​តែ​ពិនិត្យ​មើល​រន្ធ​ត្រចៀក​ម្ខាង​ទៀត​ជា​មុន​ ដើម្បី​​ងាយ​ស្រួល​​កំណត់​ភាព​ខុស​គ្នារ​វាង​រន្ធ​ត្រចៀក​ទាំងពីរ។

ពេល​ពិនិត្យ​ត្រចៀក​បេប៊ី ​អាយុ​លើស ឬ​ក្រោម ១២​ខែ និងមនុស្ស​ពេញ​វ័យ ​ត្រូវ​ប្រើ​ដៃ​ម្ខាង​កាន់​អូតូស្កុប ​​ម្ខាង​ទៀត​ទាញ​ស្លឹក​ត្រចៀក​ថ្នមៗ​ទៅ​លើ ​ចុះ​ក្រោម ​ព្រោះ​ធ្វើ​បែប​នេះ ជួយ​ឲ្យ​រន្ធ​ត្រចៀក​ត្រង់​ស្មើ ​ងាយ​ស្រួល​​ពិនិត្យ។

ប្រើ​ចុង​អូតូស្កូប​ដាក់​បញ្ចូល​ក្នុង​រន្ធ​ត្រចៀក​យឺតៗ ​ដោយ​មើល​តាម​អេក្រង់​អូតូស្កុប ព្រោះ​ជញ្ជាំង​រន្ធ​ត្រចៀក​សង​ខាង​ងាយ​រង​ប្រតិកម្មពេល​ប៉ះ​ទង្គិច​ ហេតុ​នេះ​គួរ​តែ​ព្យាយាម​កុំ​ប្រើ​កម្លាំង​ខ្លាំង​ពេក។ អាច​បង្វិល​​ក្បាល​អាអូន​ ក្នុង​ករណី​អាអូន​ស្រាប់​តែ​បែរ​ក្បាល​ ធ្វើ​បែបនេះ​ដើម្បី​ទប់​លំនឹង​ដៃ។

ហាម​ស៊ក​បញ្ចូល​អូតូ​ស្កូប​ទៅ​មុខ ​ដោយ​មិន​បាន​មើល​ឲ្យ​ច្បាស់​ជា​មុន ហើយ​ត្រូវ​ប្រាកដ​ថា អាច​មើល​ឃើញ​ផ្លូវ​ទៅ​មុខ​បាន។ មិន​ចាំបាច់​ស៊ក​បញ្ចូល​សន្ទះ​ឧបករណ៍​សម្រាប់​ពិនិត្យ​ត្រចៀក​ជ្រៅ​ពេក​ទេ​ព្រោះ​ អំពូល​ភ្លើងភ្ជាប់​មក​ជាមួយ​អាច​បំភ្លឺ​ផ្លូវ​តាម​រយៈ​ចុង​ស្រួច​របស់​វា។

បង្វិល​ចុង​ស្រួច​នៃ​សន្ទះ​ឧបករណ៍​ពិនិត្យ​ ទៅ​រក​ទីតាំងច្រមុះ ​​ព្រោះ​គឺ​ការ​បត់​បែន​របស់​រន្ធ​ត្រចៀក​មនុស្ស​ធម្មតា។ អំឡុង​ពេល​ពិនិត្យ​មើល​តាម​អូតូស្កូប​ ​អាច​បង្វែរ​ទៅ​រក​ផ្លូវ​ម្ខាង​ទៀត​របស់​រន្ធ​ត្រចៀក​ ហេតុ​នេះ​យើង​នឹង​អាច​មើល​ឃើញ​ជញ្ជាំង​រន្ធ​ត្រចៀក​ និង​ក្រដាស​ត្រចៀក។ ផ្អាក​ពិនិត្យ​ភ្លាម​បើ​អាអូន​មាន​ការ​ឈឺ​ចាប់។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពិនិត្យ​រន្ធ​ត្រចៀក?

សុំ​គ្រូពេទ្យ​ជួយ​ពិនិត្យ​ឡើង​វិញ ពាក់ព័ន្ធ​វិធី​យើង​ពិនិត្យ ហើយ​ធ្វើ​ការ​សាក​ល្បង​ជាមួយ​នរណា​ម្នាក់​ដែល​ស្ម័គ្រ​ចិត្ត និង​មាន​ត្រចៀក​មាន​សុខភាព​ល្អ ដើម្បី​ជួយ​ឲ្យ​ស្គាល់​រន្ធ​ត្រចៀក​ និង​ក្រដាស​ត្រចៀក​ ពេល​មិន​ទាន់​មាន​ការ​ឆ្លង​រោគ។ កុំ​ទាន់​បោះបង់​ចោល ​បើ​ពេល​ពិនិត្យ​លើក​ដំបូង ​មើល​មិន​ឃើញ​ក្រដាស​ត្រចៀក​ ត្រូវ​ព្យាយាម​រៀន​ពិនិត្យ​ឲ្យ​បាន​ស្ទាត់​ជំនាញ។

លទ្ធផល​

៧- លទ្ធផល​មាន​ពិនិត្យ

– រន្ធ​ត្រចៀក​ធម្មតា៖ រន្ធ​ត្រចៀក​អាច​ប្រែប្រួល​ទៅ​តាម​ទំហំ ​រូប​រាង ​និង​ពណ៌។ រន្ធ​ត្រចៀក ​មាន​ពណ៌​ទៅ​តាម​សម្បុរ ​ស្បែក​ និង​មាន​រោម​ខ្លី​តូចៗ​ ព្រម​ទាំង​មាន​អាចម៍​ត្រចៀក​ពណ៌​លឿង​ត្នោត​ ឬ​ក្រហម​ត្នោត។

– រន្ធ​ត្រចៀក​ខុស​ធម្មតា៖ ​ទាញ​ស្លឹក​ត្រចៀក​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ ​ហើយ​ឡើង​ក្រហម​ ឈឺ ហើម ​និង​មាន​ខ្ទុះ។

– ក្រដាស​ត្រចៀក​ធម្មតា៖ ក្រដាស​ត្រចៀក​ពណ៌​ស​ចាំង ឬ​ប្រផេះ​ ស្ដើង​​អាច​មើល​ធ្លុះ ឃើញ​ឆ្អឹង​តូចៗ​របស់​ត្រចៀក​កណ្ដាល​ រុញ​ច្រាន​មក​លើ​ក្រដាស​ត្រចៀក​ ព្រម​ទាំង​ពន្លឺ​កោន ឬ​ជះពន្លឺ​ត្រឡប់​មក​វិញ (Light Reflex)។ ពន្លឺ​កោន​ត្រចៀក​ខាង​ស្ដាំ​មាន​ទីតាំង​ដូច​ពេល​ទ្រនិច​នាឡិកា​អង្អុល​ចំ​ម៉ោង ​៥ និង​​ម៉ោង ​៧ ​សម្រាប់​ត្រចៀក​ខាង​ឆ្វេង។

– ក្រដាស​ត្រចៀក​មិន​ធម្មតា៖ ពន្លឺ​ចំណាំង​ប្លាត​មានភាព​ស្រអាប់ ​ឬ​មិន​មាន​តែ​ម្ដង​ ហើយ​ក្រដាស​ត្រចៀក​ឡើង​ក្រហម ​និង​ប៉ោង។ អាច​ឧស្សាហ៍​ឃើញ​​ទឹក​ពណ៌​លឿង​ ឬ​ពពុះ​ទឹក​ក្រោយ​ក្រដាស​ត្រចៀក​ និង​រន្ធ​ក្នុង​ក្រដាស​ត្រចៀក​នៅ​ពេលធ្លុះ ព្រម​ទាំង​ស្លាក​ស្នាម​ពណ៌​ស​នៅ​លើ​ផ្ទៃ​ក្រដាស​ត្រចៀក។ ក្រដាស​ត្រចៀក​អាច​រាំង​ស្ទះ​ដោយ​សារ​អាចម៍​ត្រចៀក ឬ​វត្ថុ​អ្វី​មួយ​ដូចជា​គ្រាប់​សណ្ដែក​បាយ ​ឬ​គ្រាប់​អង្កាំ​ជាដើម។

– ចំណុច​គួរ​ចងចាំ៖ បើ​ប្រទះ​ឃើញ​រលាក​រន្ធ​ត្រចៀក ​ខ្ទុះ​ក្រដាស​ត្រចៀក​ ឡើង​ក្រហម ​ឬ​ស្រអាប់​ មាន​ជាតិ​ទឹក​ក្រោយ​ក្រដាស​ត្រចៀក​ រន្ធ​ក្នុង​ក្រដាស​ត្រចៀក​ ឬ​អ្វី​មួយ​ក្នុង​ត្រចៀក​ឆាប់​ទូរស័ព្ទ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 25, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម