ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺស្លោកសាច់ដុំបេះដូង កើតឡើងនៅពេលចរន្តឈាមឈប់ហូរទៅផ្នែករបស់បេះដូង ធ្វើឲ្យខូចសាច់ដុំបេះដូង។ បេះដូងត្រូវការជាចាំបាច់ ផ្គត់ផ្គង់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមដូចសាច់ដុំផ្សេងៗនៅរាងកាយ។ សរសៃឈាមបេះដូងធំពីរ ដឹកនាំឈាមមានអុកស៊ីហ្សែន ទៅកាន់សាច់ដុំបេះដូង ហើយក្នុងសរសៃបេះដូងមួយណាស្ទះភ្លាមៗ បេះដូងនឹងខ្វះអុកស៊ីហ្សែន ហៅថាជំងឺស្លោកសាច់ដុំបេះដូង ហើយបើពន្យារពេលព្យាបាលកាន់តែយូរ កោសិកាខ្វះអុកស៊ីហ្សែន នឹងងាប់។
ជំងឺនេះកើតឡើងអាចជាប់ទាក់ទងកត្តាអាយុ បើយើងកាន់តែចាស់ កត្តាប្រឈមនឹងកើនឡើង។ ចំពោះប្រុសៗ កត្តាប្រឈមកើនឡើងចាប់ពីអាយុ ៤៥ឆ្នាំ ចំពោះស្រីៗកត្តាប្រឈមកើនឡើងចាប់ពីអាយុ ៥៥ឆ្នាំ។ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងកត្តាប្រឈមមួយចំនួន។
រោគសញ្ញាជាក់លាក់មានដូចជា ឈឺទ្រូង និងហត់ ប៉ុន្តែរោគសញ្ញាអាចប្រែប្រួលអាស្រ័យស្ថានភាពជំងឺ ហើយរោគសញ្ញាជាទូទៅមានដូចជា៖
– ហត់
– បែកញើស
– ចង្អោរ
– ក្អួត
– ក្អក
– វិលមុខ
– បេះដូងដើរញាប់
– តឹងទ្រូង ឬណែនទ្រូង
– ឈឺទ្រូង ខ្នង ថ្គាម និងផ្នែកខាងលើរាងកាយ យូរជាង ២-៣ នាទី ម្តងបាត់ម្តងឈឺ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
កត់សម្គាល់រោគសញ្ញា គឺសំខាន់ណាស់ ព្រោះជំងឺប្រភេទនេះអាចមិនមានរោគសញ្ញា និងស្ថានភាពដូចគ្នាទាំងអស់ទេ។ ឈឺទ្រូង គឺរោគសញ្ញាសំខាន់ទាំងបុរស និងស្ត្រី ប៉ុន្តែរោគសញ្ញាមួយចំនួនទៀតកើតឡើងលើស្ត្រី ច្រើនជាងបុរស ដូចជា៖
– ហត់
– ឈឺថ្គាម
– ចង្អោរ
– ក្អួត
– ឈឺខ្នងផ្នែកខាងលើ
– ស្រាលក្បាលធេងធោង
ជាការពិត ស្រីៗមួយចំនួនកើតជំងឺនេះមានរោគសញ្ញាដូចផ្តាសាយធំ។
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ ឬសំណួរគប្បីពិភាក្សាជាមួយគ្រូពេទ្យ។ មនុស្សម្នាក់ៗមានរោគសញ្ញាផ្សេងគ្នា គប្បីពិគ្រោះជាមួយគ្រូពេទ្យពីអ្វីដែលល្អសម្រាប់ស្ថានភាពជំងឺ។
ករណីក្រិនសរសៃឈាមអាក់ទែ នាំឲ្យស្ទះឈាម ជាហេតុកោសិកា និងជាលិកាទទួលឈាមមានអុកស៊ីហ្សែន មិនគ្រប់គ្រាន់តាមតម្រូវការ ហើយខាងក្រោមនេះជារោគសញ្ញាក្រិនសរសៃអាក់ទែ៖
– ខ្លាញ់៖ ញ៉ាំអាហារមានខ្លាញ់ខ្ពស់អាចកកជាកំណក។
– អាយុ៖ សមត្ថភាពបេះដូង និងសរសៃឈាម ធ្វើការដើម្បីច្របាច់ និងទទួលឈាម អាស្រ័យលើកត្តាអាយុដូចគ្នា។ សរសៃអាក់ទែអាចចុះខ្សោយ និងបាត់បង់ភាពយឺត ងាយស្រួលបង្កើតជាកំណក។
– កូលេស្តេរ៉ូលខ្ពស់៖ ជាសារធាតុពណ៌លឿងរអិល មាននៅក្នុងរាងកាយ និងចំណីអាហារមួយចំនួនយើងបរិភោគ។ សារធាតុនេះអាចកើនឡើងក្នុងឈាម ជាហេតុធ្វើឲ្យស្ទះសរសៃអាក់ទែ បង្កកំណករឹងមួយទប់ចរន្តឈាមទៅកាន់បេះដូង និងសរីរាង្គផ្សេងៗ។
នៅមានមូលហេតុមួយចំនួននាំឲ្យសរសៃអាក់ទែដូចជា៖
– ជក់បារី និងស្រូបបារី
– ថយចុះមុខងារ អាំងស៊ុយលីន ជំងឺធាត់ ឬទឹកនោមផ្អែម
– រលាកសន្លាក់ ជំងឺ Lupus (ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង) ឬបង្ករោគ និងរលាកមិនដឹងមូលហេតុ។
អត្ថបទគួរអាន៖
កត្តាមួយចំនួនបង្កើនផលប៉ះពាល់នាំឲ្យប្រឈមជំងឺស្លោកបេះដូង ដូចជា៖
– សម្ពាធឈាមខ្ពស់៖ ជាកត្តាប្រឈមខ្លាំង ខណៈជាធម្មតាសម្ពាធឈាម ស្ថិតនៅក្រោម ១២០/៨០ មីល្លីម៉ែត្របារ៉ត ដោយអាស្រ័យលើអាយុ។ សម្ពាធឈាមកាន់ខ្ពស់ យើងងាយប្រឈមបញ្ហាបេះដូង ពិសេសធ្វើឲ្យខូចសរសៃឈាមបេះដូង និងបង្កើនកំណក។
– កូលេស្តេរ៉ូលខ្ពស់៖ កាលណាកម្រិតកូលេស្តេរ៉ូលខ្ពស់ក្នុងឈាមខ្ពស់ ធ្វើឲ្យយើងមានកត្តាប្រឈមខ្ពស់កើតជំងឺនេះដូចគ្នា។ ហេតុនេះត្រូវបន្ថយតាមរយៈញ៉ាំអាហារសុខភាព ឬប្រើពពួកថ្នាំ Statins (ថ្នាំបញ្ចុះជាតិខ្លាញ់)។
– ខ្លាញ់ Triglyceride ខ្ពស់៖ អាចបង្កើនកត្តាប្រឈមដូចគ្នា ព្រោះជាប្រភេទខ្លាញ់ងាយកកក្នុងសរសៃអាក់ទែ។ Triglycerides គឺទទួលពីចំណីអាហារយើងញ៉ាំ ឆ្លងចូលក្នុងចរន្តឈាម និងស្តុកក្នុងកូលេស្តេរ៉ូលខ្ពស់ នៃរាងកាយ។ ប៉ុន្តែមួយចំនួនទៀត ស្ថិតនៅក្នុងសរសៃអាក់ទែហើយបង្កើតជាកំណក។
– ជំងឺទឹកនោមផ្អែម៖ បណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់ខ្លាំង ធ្វើឲ្យខូចសរសៃឈាម ជាហេតុបណ្តាលឲ្យកើតជំងឺសរសៃអាក់ទែ ក៏ជាជំងឺធ្ងន់ធ្ងរជំរុញឲ្យកើតជំងឺស្លោកបេះដូង។
– ជំងឺធាត់៖ បើលើសគីឡូ នោះនឹងមានកត្តាប្រឈមខ្ពស់ដូចគ្នា
– ជក់បារី៖ បង្កឲ្យមានជំងឺប្រព័ន្ធបេះដូងផ្សេងៗ
– កត្តាអាយុ៖ បុរសប្រឈមខ្ពស់ក្រោយអាយុ ៤៥ឆ្នាំ និងស្រ្តីក្រោយអាយុ ៥៥ឆ្នាំ
– ប្រវត្តិគ្រួសារ៖ យើងអាចកើតជំងឺនេះ បើសមាជិកគ្រួសារធ្លាប់មានជំងឺបេះដូង។ ហើយកាន់ប្រឈមខ្ពស់ បើសមាជិកគ្រួសារជាបុរសជំងឺបេះដូងមុនអាយុ ៥៥ឆ្នាំ ឬសមាជិកជាស្ត្រី កើតមុនអាយុ ៦៥ ឆ្នាំ។
កត្តាផ្សេងប្រឈមផ្សេងទៀតមានដូចជា៖
– ស្ត្រេស
– អត់ហាត់ប្រាណ
– ប្រើថ្នាំញៀន
– ប្រវត្តិជំងឺបម្រុងក្រឡាភ្លើង ឬសម្ពាធឈាមខ្ពស់់អំឡុងពេលមានផ្ទៃពោះ។
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
គ្រូពេទ្យនឹងចាប់ផ្តើមប្រវត្តិជំងឺ និងការពិនិត្យរាងកាយប្រសិនបើសង្ស័យថាមានជំងឺនេះ បន្ទាប់មកអាចឲ្យធ្វើតេស្តមួយចំនួន ដូចជា៖
– វាស់ចង្វាក់បេះដូង (ECG)៖ ថតចង្វាក់បេះដូងដោយអេឡិត្រូត ពិនិត្យភាពខុសប្រក្រតីសកម្មភាពបេះដូង ព្រោះអាចបង្ហាញពីជំងឺនេះ។
– អេកូបេះដូង៖ ប្រើរលកសំឡេងផ្ទាល់ប៉ះបេះដូង តាមរយៈឧបករណ៍ដាក់ជាប់ទ្រូង បង្កើតជាវីដេអូរូបភាពបង្ហាញពីបេះដូង។ អេកូបេះដូង អាចប្រាប់ពីកន្លែងខូចខាត និងកន្លែងមិនច្របាច់ឈាម។
– Nuclear scan៖ គឺប្រើសារធាតុវិទ្យុសកម្មក្នុងបរិមាណតិចតួច ចាក់ចូលក្នុងសរសៃឈាម។ ពេលហាត់ប្រាណ សារធាតុនេះនឹងតាមដានបេះដូង ដោយហូរចូលក្នុងបេះដូង និងសួត ដើម្បីរកបញ្ហាលំហូររបស់ឈាម។
– ថតសរសៃឈាមបេះដូង៖ ចាក់ថ្នាំទៅក្នុងសរសៃឈាមបេះដូងជាមុន ទើបប្រើម៉ាស៊ីនកាំរស្មីអ៊ិចថត ជារួបភាពបង្ហាញលម្អិតនៅខាងក្នុងរបស់សរសៃឈាម។
– Cardiac CT scan៖ ជាតេស្តអាចបង្ហាញថាសរសៃបេះដូងឡើងកំណកស្ទះ។
– Stress test៖ ពិនិត្យចង្វាក់បេះដូង សម្ពាធឈាម និងដង្ហើម នៅពេលដើរលើម៉ាស៊ីនរត់ ឬធាក់កង់។ ធ្វើលំហាត់ប្រាណអាចធ្វើឲ្យបេះដូងច្របាច់ញាប់ជាងធម្មតា ដូច្នេះធ្វើតេស្តនេះអាចរកឃើញភាពខុសប្រក្រតីរបស់បេះដូងផងដែរ។
ជំងឺនេះត្រូវការព្យាបាលភ្លាមៗ ដោយចាប់ផ្តើមនៅបន្ទប់សង្គ្រោះបន្ទាន់។ ព្យាបាលដោយវះកាត់ ដើម្បីជួសជុលសរសៃឈាមស្ទះ ជួយឲ្យអាចនាំឈាមទៅចិញ្ចឹមបេះដូង។ អំឡុងពេលវះកាត់ គ្រូពេទ្យនឹងដាក់បំពង់តូចវែង ហៅថា កាតេទែ ចូលក្នុងសរសៃអាក់ទែស្ទះ។ បន្ទាប់មកផ្លុំប៉េងប៉ោងតូចមួយ ដែលមានភ្ជាប់និងកាតេទែដើម្បីសរសៃអាក់ទែម្តងទៀត ជាហេតុឲ្យឈាមហូរបាន។ គ្រូពេទ្យនឹងដាក់បំពង់តូចមានសំណាញ់នៅកន្លែងស្ទះដែលជួយការពារកុំឲ្យបិទម្តងទៀត។
ក្នុងករណីខ្លះគ្រូពេទ្យវះកាត់បង្កើតផ្លូវថ្មី ហើយវិធីនេះ នឹងប្តូរផ្លូវសរសៃអាក់ទែ និងសរសៃវែន ជួយឈាមអាចហូរជុំវិញកន្លែងស្ទះ នឹងតម្រូវឲ្យធ្វើភ្លាមៗបន្ទាប់ពីមានជំងឺស្លោក។ ប៉ុន្តែករណីខ្លះ អាចធ្វើបានក្នុងចន្លោះពី ៤-៥ ថ្ងៃបន្ទាប់ពីគ្រោះថ្នាក់ ដើម្បីទុកពេលឲ្យបេះដូងសម្រាក។
ព្យាបាលដោយប្រើថ្នាំទប់កំណកឈាមដូចជា Aspirin ប្រើសម្រាប់បំបែកកំណកឈាម ធ្វើឲ្យឈាមហូរល្អក្នុងសរសៃអាក់ទែតូចៗ ហើយប្រភេទថ្នាំទាំងនោះមានដូចជា៖
– ថ្នាំរំលាយកំណកឈាម
– ថ្នាំ Nitroglycerin អាចប្រើពង្រីកសរសៃឈាម
– ថ្នាំបន្ថយការឈឺចាប់ ជួយបន្ថយអារម្មណ៍ឈឺចាប់
– ACE inhibitors អាចបញ្ចុះសម្ពាធឈាម និងបន្ថយសម្ពាធបេះដូង
– ថ្នាំប្រឆាំងប្លាកែត Clopidogrel ប្រើសម្រាប់ការពារករណីកកថ្មីៗ ដែលជាការលូតលាស់នៃកំណកឈាមចាស់
– Beta-blockers ធ្វើឲ្យសម្ពាធឈាមថយចុះ សាច់ដុំបេះដូងបានសម្រាក។ ជួយកំណត់ភាពធ្ងន់ធ្ងរជំងឺស្លោកបេះដូង។
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ឈប់ជក់បារី៖ ពិគ្រោះជាមួយគ្រូពេទ្យពីវិធីឈប់ និងចៀសវាងរងផ្សែងបារីពីអ្នកដទៃ។
– ព្យាបាលជំងឺផ្សេង៖ ព្យាបាលជំងឺផ្សេងៗ ដែលជាកត្តាប្រឈមសម្រាប់ជំងឺស្លោកបេះដូង ដូចជា ទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងជាតិខ្លាញ់ក្នុងឈាមខ្ពស់។
– ញ៉ាំអាហារសុខភាព៖ កំណត់ការញ៉ាំតែប្រភេទខ្លាញ់ឆ្អែត និងញ៉ាំគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែឲ្យច្រើន។ ដឹងពីកម្រិតកូលេស្តេរ៉ូលត្រឹមត្រូវជារឿងសំខាន់បំផុត ត្រូវសាកសួរគ្រូពេទ្យ។
– ហាត់ប្រាណ៖ ពិគ្រោះជាមួយគ្រូពេទ្យ មុនហាត់ប្រាណ ដើម្បីជួយឲ្យលំហូរឈាមបានល្អ។
– រក្សាទម្ងន់៖ បើលើសទម្ងន់ គប្បីពិគ្រោះជាមួយគ្រូពេទ្យ ពីវិធីសម្រកទម្ងន់។
– កាត់បន្ថយស្ត្រេស៖ អនុវត្តវិធីសុខភាពគ្រប់គ្រងស្ត្រេស ដូចជាទុកឲ្យសាច់ដុំសម្រាក និងដកដង្ហើមវែងៗ។
– តាមដានសុខភាព៖ កត្តាប្រឈមចម្បងមានដូចជា ជាតិខ្លាញ់ខ្ពស់ សំពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម មិនមានរោគសញ្ញានៅដំណាក់កាលដំបូងទេ។ រកឃើញឆាប់ និងព្យាបាលទាន់ពេល អាចកំណត់ដំណាក់កាលប្រសើរសម្រាប់សុខភាពបេះដូង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕