backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

សប្តាហ៍ទី ៤២៖ គួរ​ឲ្យ​បារម្ភ​អត់ ពេល​នេះ​ហើយ​នៅ​មិន​ទាន់​សម្រាល​ទៀត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Sep 05, 2019

សប្តាហ៍ទី ៤២៖ គួរ​ឲ្យ​បារម្ភ​អត់ ពេល​នេះ​ហើយ​នៅ​មិន​ទាន់​សម្រាល​ទៀត?

ការលូតលាស់គភ៌

១- បេប៊ី​លូតលាស់​ដល់​ណា​ហើយ?

នៅ​សប្តាហ៍​ទី ៤២ ការ​មាន​ផ្ទៃ​ពោះ​អាចចាត់​ទុក​ថា​ហួស​ការ​កំណត់ (លើស​ថ្ងៃ​ដែល​ត្រូវ​កើត)។ ទោះជា​យ៉ាងណា រឿង​សំខាន់​បំផុត យើង​ត្រូវ​យល់​ដឹង​ពី​ស្ថានភាព​នេះ វា​មិនប្រាកដ​ថា មាន​អ្វី​​ប៉ះ​ពាល់​លើ​បេប៊ី​ក្នុងផ្ទៃ​នោះ​ទេ។ ការពិត បេប៊ី​ភាគ​ច្រើន មិន​បាន​កើត​តាម​ថ្ងៃ​ដែល​បាន​កំណត់​ឡើយ

ផ្ទុយ​ទៅ​វិញភាគ​ច្រើន​កើត​ក្នុង​អំឡុង​ពេល​ ២ សប្ដាហ៍​នៃ​ថ្ងៃ​បាន​កំណត់ មាន​ន័យ​ថា​បើ​បេប៊ី​មិន​ទាន់​កើត​នៅ​អំឡុង​ពេល​នេះ ក៏​មិន​មាន​អ្វី​ជា​ការ​បារម្ភ​ដែរ។ ៩៨% បេប៊ី​ច្រើន​កើត​មុន​ចុង​​​សប្ដាហ៍​ទី ៤២ ដូចនេះ អូនៗ​នឹង​កើត​លឿន​ជាង​ការ​គិត​របស់​យើង។

ដំណាក់​កាល​នេះ អូនៗ​អាច​មាន​ទំហំ​ប៉ុន​ផ្លែ​ខ្នុរ ឬ​ផ្លែ​ឪឡឹក តែ​កុំ​ទាន់​ភ័យ​អី ទោះ​បី​ជា​អូនៗ​មាន​ទំហំ​ធំ​ក៏​ពិត​មែន តែ​យើង​នៅ​អាច​សម្រាល​តាម​ធម្មជាតិ​បាន។

យ៉ាង​ណាមិញ​ទោះ​បី​ជា​រឿង​ធម្មតា​ក៏​ដោយ តែ​បេប៊ី​ដែល​ក្រ​កើត​អាច មាន​បញ្ហា​គួរ​ឲ្យ​កត់​សម្គាល់ ដូច​ជា សក់ ឬ​ក្រចក​វែង​ជាង​ក្មេង​ធម្មតា ស្បែក​ស្ងួត របក ប្រេះ ឬ​ជ្រួញ​ជាដើម។ បញ្ហា​ទាំង​នេះ​ភាគ​ច្រើន​កើត​ឡើងតែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​សារ​តែក្នុង​អំឡុង​ពេល​កំណត់​ត្រូវ​សម្រាល​នោះ ទឹក​រំអិល​ការពារ​ទារក​ក្នុង​ផ្ទៃ ចាប់​ផ្តើមស្រក​ចុះ​បន្តិច​ម្តងៗ។

បម្រែបម្រួលរាងកាយ

២- រាងកាយ​ម៉ាក់ៗ​ប្រែប្រួល​បែប​ណា​ខ្លះ?

នៅ​សប្ដាហ៍​ទី ៤២ យើង​អាច​​មាន​រោគសញ្ញា​ដូច​ជា​សប្ដាហ៍​មុនៗ រួមមាន រមួល​ក្រពើ ពិបាក​គេង ឈឺ​ចង្កេះ ធ្ងន់​ត្រគាក ឫស​ដូង​បាត នោមញឹក និង​ការ​កន្ត្រាក់​ជាដើម។ មិន​តែ​ប៉ុណ្នោះ បញ្ហា​ស្ត្រេស ក៏​អាច​កើត​មាន​ដូច​គ្នា។

អ្វី​យើង​អាច​ធ្វើ​បាន​ដើម្បី​ខ្លួន​ឯង និងអូនៗ​ក្នុង​ផ្ទៃ គឺ​ព្យាយាម​សម្រាក​ឲ្យ​បាន​ច្រើន និង​រង់ចាំ​ឲ្យ​បេប៊ី​កើត​ចេញ​ដោយ​ខ្លួន​ឯង។

ត្រូវ​ចាំ​ថា​បេប៊ី​អាច​កើត​នៅ​ចុង​សប្ដាហ៍ ដូចនេះ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សញ្ញា​នៃ​ការ​សម្រាល​រួម​មាន៖

– ចេញ​ជាតិ​រម្អិល (អាច​ជា​ឈាម )

– បែក​ទឹក​ភ្លោះ

– ការ​កន្ត្រាក់​ថេរ និង​ខ្លាំង​ក្នុង​ចន្លោះ​ពេល​ខ្លី

ចំណុចអីខ្លះគួរបារម្ភ?

ខណៈ​ពេល​បញ្ហា​នេះ​មិនមាន​គ្រោះ​ថ្នាក់​ក៏​ដោយ តែ​សម្រាប់​គ្នា​យើង​មាន​ជំងឺ​ និង​កំពុង​ព​ពោះ​ ៤២ សប្ដាហ៍ ប្រឈម​ខ្ពស់​ទៅ​នឹង​ផល​វិបាក​ដូចជា៖

– សុក​មាន​បញ្ហា

– ទឹក​ភ្លោះ​តិច

– ទង​សុក​ត្បៀត

– តម្រូវ​ឲ្យ​ទៅ​ផ្នែក​សង្រ្គោះ​បន្ទាន់​សម្រាប់​ទារក (neonatal intensive care unit)

– អាច​មាន​របួស​ក្នុង​អំឡុង​ពេល​សម្រាល

– តម្រូវ​ឲ្យ​វះកាត់​សម្រាល

ការជួបគ្រូពេទ្យ

៣- គួរប្រាប់អីខ្លះទៅពេទ្យ?

ការ​ណាត់​ជួប​ជាមួយ​ពេទ្យ យើង​គួរ​ពិភាក្សារ​រាល់​ផលវិបាក​អាច​កើត​មាន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នេះ ដូចជា ផល​វិបាក​បាន​រៀបរាប់​ខាង​លើ។

នៅ​សប្ដាហ៍​ទី ៤២ យើង​គួរ​តាម​ដាន​រាប់​ចំនួន​បេប៊ី​កម្រើក តាម​ដែល​អាច​ធ្វើ​បាន ដូច​ទៅ​នឹង​​ត្រីមាស​ទី ៣ ។ បើ​ចំនួន​កម្រើក​មាន​ការ​ផ្លាស់​ប្ដូរ គួរ​ប្រាប់​ទៅ​គ្រូពេទ្យ ឬ​ឆ្មប​ជា​បន្ទាន់។

សញ្ញា​ផ្សេង​ទៀត យើង​គួរ​ប្រុងប្រយ័ត្ន​​មាន ដូចជា ហូរ​ទឹក​រម្អិល​ខុស​ធម្មតា ហូរ​ឈាម ឬ​ឈឺ​ពោះ។ បើ​ប្រទះ​សញ្ញា​ទាំងនេះ ត្រូវ​តែ​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់។

តេស្តអីខ្លះចាំបាច់?

ក្នុង​ដំណាក់​កាល​នេះ រឿង​សំខាន់​បំផុត គឺ​ត្រូវ​ទទួល​ការ​មើល​ថែ​ដិតដល់​ពីគ្រូពេទ្យ ដោយសារ​តែ​បេប៊ី​កើត​យឺត​ពេល​ អាច​ប្រឈម​ខ្ពស់​ទៅ​នឹង​ផលវិបាក ច្រើន​ជាង​បេប៊ី​កើត​តាម​ការ​កំណត់។

ដរាប​ណា​អូនៗ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​មិន​បង្ហាញ​​សញ្ញា​គួរ​ឲ្យ​​ព្រួយ​បារម្ភ​នោះ​ទេ ក៏​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ដែរ។

អំឡុង​ពេល​នេះ ពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​មួយ​ចំនួន ដើម្បី​បញ្ជាក់​ថា​បេប៊ី​មាន​សុខភាព​ល្អ។ តេស្ត​ទាំង​នោះ​រូមមាន ពិនិត្យ​អេកូ​នៅ​សប្ដាហ៍​ទី ៤២ (Non-stress test) និង​តេស្ត​ការ​កន្ត្រាក់​របស់​ទារក។ គោល​បំណង​ធ្វើ​តេស្ត​នេះ ដើម្បី​បញ្ជាក់​ថា​បេប៊ី​ធ្វើ​ចលនា​បាន​ល្អ ចង្វាក់​ដង្ហើម​ល្អ មាន​ទឹកភ្លោះ​គ្រប់គ្រាន់ និង​ចង្វាក់​បេះដូង​មាន​សុខភាព​ល្អ។

ដោយសារ​តែ​យើង​មាន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ គ្រូពេទ្យ​អាច​នឹង​ធ្វើការ​ជំរុញ​ពេល​សម្រាល។ វិធី​ចាំ​បាច់​ណាស់ បើ​តេស្ត​បង្ហាញ​ថា បេប៊ី​មិន​អាច​នៅ​ក្នុង​ពោះ​យូរ​ជាង​នេះ​ទៀត ការ​ជំរុញ​ឲ្យ​ឆាប់​សម្រាល​ច្បាស់​ជាត្រូវ​ធ្វើ​ឡើង​រួម​មាន៖

– ច្បូត​ភ្នាស​ស្បូន៖ គ្រូពេទ្យ​នឹង​យក​ដៃ​រ​កកិត​នឹង​ថង​ទឹកភ្លោះ នាំ​ឲ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់​អំឡុង​ពេល​ ៤៨ ម៉ោងក្រោយ។

– បំបែក​ថង់​ទឹក​ភ្លោះ៖ គ្រូពេទ្យ​នឹង​បំ​បែក​ថង់ទឹក​ភ្លោះ ដោយ​ប្រើ​ឧបករណ៍​ជំនួយ​វេជ្ជសាស្ត្រ។

វិធី​នេះ​នាំឲ្យ​មាន​ការ​កន្ត្រាក់​ក្នុង​រយៈ​ពេល​ ២-៣ ម៉ោង។

– បើក​មាត់​ស្បូន៖ គ្រូពេទ្យ​នឹង​បញ្ចូល​ថ្នាំ​មួយ​ប្រភេទ​គេ​ស្គាល់​ថា Prostaglandin ទៅ​ក្នុង​ទ្វាមាស។ អំឡុង​ពេល​មួយ​យប់ ថ្នាំ​នេះ​នឹង​ជួយ​ឲ្យ​ស្បូន​បើក។

– ជំរុញ​ការ​កន្ត្រាក់៖ គេ​ចាក់​ថ្នាំ​សំយោគ​ពី​អុកស៊ីតូស៊ីន​តាម​សរសៃ ថ្នាំ​នេះ​ជំរុញ​ឲ្យ​មាន​ការ​កន្រ្តាក់​ស្បូន។

សុខភាព និងសុវត្ថិភាព

៤- ត្រូវដឹងពីអីខ្លះ?

ទាំង​នេះ គឺ​ជា​គន្លឹះ​​អាច​ជួយ​យើង​បាន មាន​ដូច​ជា៖

– ប្រាប់​ព័ត៌​មាន​ទៅ​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់

– ពិភាក្សា​យ៉ាង​ម៉ត់ចត់​ជាមួយ​ពេទ្យ ពាក់​ព័ន្ធ​ការ​សម្រេច​ចិត្ត​របស់​យើង

– កុំ​ប្រងើយ​កន្តើយ​ចំពោះ​តេស្ត​ណាមួយ

– ដើរ​ឲ្យ​បាន​ច្រើន

– ព្យាយាម​កុំ​ឲ្យ​មាន​អារម្មណ៍​ស្ត្រេស​ច្រើន

– ប្រុង​ប្រយ័ត្ន​ចំពោះ​រោគ​សញ្ញា ដូចជា ឈឺ​ត្រគៀក ពិបាក​គេង ការ​កន្ត្រាក់ និង​សញ្ញា​ចំពោះ​អ្នក​មាន​ផ្ទៃ​ពោះ​ផ្សេង​ទៀត មិន​ថា​ធ្ងន់ ឬ​ស្រាល​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Sep 05, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម