backup og meta

ផ្លែ​សាវម៉ាវ​មាន​អត្ថប្រយោជន៍​ច្រើន​ ចំពោះ​ស្ត្រី​ពពោះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 29, 2021

    នៅ​អំឡុង​ពេល​មាន​គភ៌​ របប​អាហារ​ល្អ​ៗ ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។​ ​ផ្លែឈើ​ និង​បន្លែ​ស្រស់​ៗ​ជា​ច្រើន​ ចាំបាច់​ត្រូវ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី​ពពោះ​។​ ​យើង​ដឹង​ហើយ​ថា​ ផ្លែឈើ​មួយ​ចំនួន​ដូចជា​ផ្លែ​ប៉ោម​ ចេក​ ទំពាំងបាយជូរ​ និង​ស្វាយ​ ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ នៅ​អំឡុង​ពេល​​នេះ​​។​ យ៉ាង​ណា​មិញ តើ​ស្ត្រី​ពពោះ​ អាច​ញ៉ាំ​ផ្លែ​សាវម៉ាវ​បាន​ដែរ​ឬ​ទេ​? តើ​​វា​មាន​អត្ថប្រយោជន៍​ និង​​​ផល​ប៉ះពាល់​​អ្វី​ខ្លះ​?

    អត្ថប្រយោជន៍​នៃ​ផ្លែ​សាវម៉ាវ​ចំពោះ​ស្ត្រី​ពពោះ​

    ​​​ពិត​ណាស់​ ស្ត្រី​ពពោះ​អាច​ញ៉ាំ​ផ្លែ​សាវម៉ាវ​បាន​ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​។​ ​ផ្ទុយ​ទៅ​វិញ​ វា​បែរ​ជា​​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​។​ ប៉ុន្តែ ផ្លែ​សាវម៉ាវ​ដែល​ទុំ​ជ្រុល​ ​អាច​មាន​ជាតិ​អាល់កុល​ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ម្ដាយ​ និង​ទារក​។​ លើស​ពី​នេះ​ ផ្លែ​សាវម៉ាវ​ដែល​ទុំ​ជោរ​ក៏​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ ដែល​អាច​​ផ្ដល់​ផល​ប៉ះពាល់​ដល់​ម្ដាយ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ផង​ដែរ​។

    អត្ថប្រយោជន៍​សុខភាព​មួយ​ចំនួន​ ដែល​ម៉ាក់​ៗ​ទទួល​បាន​​​ពី​ផ្លែ​សាវម៉ាវ​ មាន​ដូចជា​៖

    ១. កាត់​បន្ថយ​អាការៈ​ក្អួត​ចង្អោរ​ និង​វិល​មុខ​

    ​ចំពោះ​ម៉ាក់​ៗ​មួយ​ចំនួន​ដែល​​មាន​អាការៈ​ចង្អោរ​ និង​វិល​មុខ​នៅ​គ្រប់​ត្រី​មាស​ទាំង​អស់​ អាច​សាកល្បង​​ញ៉ាំ​ផ្លែ​សាវម៉ាវ​នេះ​បាន​ ពីព្រោះ​វា​អាច​កាត់​បន្ថយ​អាការៈ​ទាំង​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ២. ប្រភព​នៃ​ជាតិ​ដែក​

    ជាមួយ​នឹង​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ដែក​ ផ្លែ​សាវម៉ាវ​គឺ​ជា​អាហារ​សម្រន់​ ដែល​អាច​ជួយ​រក្សា​កម្រិត​គ្រាប់ឈាមអេម៉ូគ្លូបីន​ស្ត្រី​ពពោះ​។​ ​បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​អាការៈ​អស់​កម្លាំង​​​ថែម​ទៀត​ផង​។

    ៣. ​ប្រឆាំង​នឹង​ជំងឺ​ទូទៅ

    ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​សាវម៉ាវ​​មាន​ផ្ទុក​​ជាតិ​ផូស្វ័រ​ ដែល​អាច​ជួយ​ក្នុង​ការ​រំលាយ​អាហារ​ និង​កាត់​បន្ថយ​ការ​ទល់​លាមក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ ជាង​នេះ​ទៅ​​ទៀត​ វា​ក៏​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​ ​គ្រុន​ក្ដៅ​ ឈឺ​ក្បាល​ ​និង​ជួយ​ឲ្យ​ម៉ាក់​ៗ​​មាន​សុខភាព​ល្អ​អំឡុង​ពេល​មាន​គភ៌​។

    ៤. ​ប្រភព​នៃ​វីតាមីន​E

    ផ្លែ​សាវម៉ាវ​ក៏​ជា​រូបមន្ត​ធម្មជាតិ​ដ៏​អស្ចារ្យ​ក្នុង​ការ​​កម្ចាត់​ចោល​បញ្ហា​ស្បែក​​ផ្សេង​ៗ​ ដូចជា​ស្នាម​សង្វារ​ ក្រោយ​សម្រាល​កូន​។​ វីតាមីន​E​នៅ​ក្នុង​ផ្លែ​សាវម៉ាវ​ក៏​​អាច​ជួយ​បញ្ចៀស​ភាព​ចាស់​មុន​វ័យ​ មុន​ រមាស់​​ស្បែក​​ អំឡុង​ពេល​​មាន​ផ្ទៃពោះ​ផង​ដែរ​។

    ​៥. គ្រប់គ្រង​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល

    ​ផ្លែ​សាវម៉ាវ​ជួយ​បង្កើន​ចរាចរ​ឈាម​ ដោយ​គ្រប់គ្រង​សម្ពាធ​ឈាម​​ ​ហើយ​វា​ក៏​កាត់​បន្ថយ​អាការៈ​ហើម​ដៃ​ និង​ជើង​អំឡុង​ពេល​មាន​គភ៌​។​

    សាវម៉ាវ២

    ៦. ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​

    ​សារធាតុ​ពុល​ដែល​មាន​នៅ​ក្នុង​រាងកាយ​គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​​ងាយ​ឈឺ​។​ ប៉ុន្តែ​ ផ្លែ​សាវម៉ាវ​​ជួយ​កម្ចាត់​ចោល​សារធាតុ​ពុល​ពី​រាងកាយ​ និង​ជួយ​​កម្ចាត់​ចោល​លោហធាតុ​ធ្ងន់​នៅ​ក្នុង​ខ្លួន​យើង​។

    ៧. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

    ជា​ធម្មតា ស្ត្រី​ពពោះ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ​ជាង​អ្នក​ដែល​គ្មាន​ផ្ទៃពោះ​ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សេងៗ​។​ ផ្លែ​សាវម៉ាវ​មាន​ផ្ទុក​ស្ពាន់​  ដែល​​ជួយ​សម្រួល​ដល់​ការ​ផលិត​កោសិកា​ឈាម​ស​ ដើម្បី​ប្រឆាំង​នឹង​អតិសុខុមប្រាណ​បង្ក​ជំងឺ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម