backup og meta

ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Nov 28, 2022

    ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌?

    ស្រីៗ​កំពុងពពោះដំបូង ច្បាស់​ជាមាន​អារម្មណ៍​ល្វើយ ងងុយ​ខ្លាំង​ ចង់តែគេង។ ធម្មតា ដើម្បី​គេង​ឆ្អែត ​មនុស្ស​ពេញវ័យ​ត្រូវ​ការ ៧-៩ ម៉ោង/ថ្ងៃ ចុះ​ចំណែក​យើង​កំពុង​ពពោះ​ គួរ​គេង​ប៉ុន្មាន​ម៉ោង​ ទើប​ល្អ​? បើ​អត់ដឹង​ ចាំ “Hello គ្រូពេទ្យ” ប្រាប់។

    ១- គុណ​ប្រយោជន៍​ពី​ការ​គេង​គ្រប់​គ្រាន់

    គេងជា​ផ្នែក​សំខាន់​មួយ​ក្នុង​ជីវិត​រស់​នៅ​ ដើម្បី​ទទួល​បាន​​សុខភាពល្អ។ មាន​ទ្រឹស្ដី​ផ្សេង​ៗ​ជា​ច្រើន ​​បកស្រាយ​ពី​អ្វី​ដែល​កើត​ឡើង​ក្នុង​ពេល​យើង​គេង។ ទ្រឹស្ដី​មួយ​អះអាង​ថា ​មនុស្ស​ជាច្រើន​​ទទួល​ស្គាល់ថា អំឡុង​ពេល​​គេង ​ជា​ពេលវេលា​ដ៏​ប្រសើរ​បំផុត​សម្រាប់​រាងកាយ​ បាន​សម្រាក។ ម្យ៉ាង​ទៀត ​រាងកាយយើង នឹង​ប្រើ​ពេលវេលា​នេះ​ ជួសជុល​កោសិកា​ខូចខាត និង​ស្ដារ​កោសិកា​សរសៃប្រសាទ​​ក្នុង​ខួរ​ក្បាល​ឡើង​វិញ។

    ២- ចំ​នួន​ម៉ោង​គេង​ល្អ​បំផុត​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ

    មិន​ខុស​ពី​មនុស្ស​ពេញ​វ័យ​ដទៃ​ទៀត ស្រីៗ​មាន​ផ្ទៃ​ពោះ គួរ​គេង​ឲ្យ​បាន​ចន្លោះពី ៧-៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ ដោយ​ស្រីៗ​មាន​ផ្ទៃ​ពោះ មាន​បម្រែ​បម្រួល​ច្រើន ពេទ្យ​តែង​ណែនាំ​ឲ្យ​គេងបាន​ ១០ ម៉ោង បើ​សិន​ជា​មាន​អារម្មណ៍​ល្វើយ​ខ្លាំង អស់​កម្លាំង ឬ​បញ្ហា​ណា​មួយ។ យ៉ាងណា មិនគួរ​គេង​លើស​ពី ១០ ម៉ោង ក្នុង​មួយថ្ងៃ​នោះ​ទេ ព្រោះ​អាច​បង្ក​បញ្ហា​មួយ​ចំនួន ពិសេស ​គឺ​ខ្វះ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរ​ក្បាល ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​ដើរ​ស្ពឹក និង​ថែម​ទាំង​ប៉ះពាល់​ដល់ការ​អភិវឌ្ឍ​ខួរ​​ក្បាល​របស់​គភ៌​ក្នុង​ផ្ទៃ​ដូច​គ្នា។

    ៣- បម្រែ​បម្រួល​ការគេងរបស់​ស្រីៗ​មាន​ផ្ទៃ​ពោះ

    សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ តម្រូវ​ការ​គេង​នឹងកើន​ឡើង ប៉ុន្តែ​បម្រែ​បម្រួល​រាង​កាយច្រើន នាំ​ឲ្យពេល​ខ្លះ​​ពិបាក​គេងគ្រប់​គ្រាន់ ដោយ​អាស្រ័យ​ទាំង​តាមដំណាក់​កាល​នីមួយ​ៗ​នៃ​ការ​ពពោះ៖

    – ត្រីមាស​ដំបូង៖  ម៉ាក់​ៗ​ អាច​មាន​អារម្មណ៍​ងងុយ​គេង​ច្រើន​ជាង​ធម្មតា ព្រោះ​កម្រិត​អ័រម៉ូនប្រូហ្គេស្ដេរ៉ូន Progesterone កើន​ឡើង​ខ្លាំង ដើម្បី​ជួយ​ទ្រទ្រង់​ការ​លូតលាស់​របស់​សុក និង​បង្កើន​សារធាតុ​ចិញ្ចឹមផ្គត់ផ្គង់ការ​វិវត្ត​របស់​ទារក។ ប៉ុន្តែ​​ពេល​ពពោះ​ ក៏​ជា​ពេល​ពិបាក​គេង​មែន​ទែន ព្រោះ​យើង​​ឧស្សាហ៍​ភ្ញាក់​ឡើង​បត់​ជើង​តូច ដោយសារ​គភ៌​លូត​លាស់​សង្កត់​លើ​ប្លោក​នោម

     ត្រីមាស​ទី ២៖ ឈាន​ចូល​ខែ​ទី៤ ការ​គេងរបស់​យើង ចាប់​ផ្ដើម​ប្រសើរ​ឡើង​បន្តិច ដោយ​អាច​គេង​ផ្អៀង​មក​ខាង​ឆ្វេង និង​អាច​ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ (តែ​ចៀស​វាង​ធ្វើ​ពេល​ជិត​ចូល​គេង)។

    – ត្រីមាស​ទី ៣៖ ផ្ទុយ​ពី​ត្រីមាស​ទី២ អំឡុង​ពេល​នេះ កាន់​តែ​ជិត​គ្រប់​ខែ ម៉ាក់​ៗ​កាន់​តែ​ពិបាក​គេង ដោយសារ​ពិបាក​រក​គន្លឹះ​គេង​ឲ្យ​ស្រួល ព្រោះ​ពោះ​កាន់​តែ​ធំ ទើស​មុខ​ទើស​ក្រោយ។ ម្យ៉ាង​ទៀត ដូច​ត្រីមាស​ទី១ ដែរ ម៉ាក់​ៗ នោម​កាន់​តែ​ញឹក និង​​ឆ្អល់​ចុង​ដង្ហើម​ទៀត​ផង។

    ពពោះ Hello គ្រូពេទ្យ

    ៤- វិធីដោះ​ស្រាយ​បញ្ហា​គេង​មិ​នលក់​ពេល​ពពោះ

    តាម​ពិត​ទៅ ស្រីៗ​កំពុងពពោះ គួរ​​សម្រាក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ជា​ពិសេស​ពេល​មាន​អាការៈ​វិល​មុខ និង​អស់​កម្លាំង បើ​​គេង​មិន​គ្រប់​គ្រាន់​ពី​យប់ គួរ​គេង​បន្ថែមពេល​ថ្ងៃចន្លោះ​ពី

    ៣០-៦០ នាទី (គេង​ច្រើន​ក៏​មិន​ល្អ​ដែរ)។ យ៉ាង​ណា កុំដោយសារ​​ពាក្យថា ​គេង​ច្រើន​ពិបាក​សម្រាល​កូន ធ្វើ​ឲ្យ​យើង​គេង​មិន​គ្រប់​អី ព្រោះ​អ្វីយើង​​ត្រូវ​ការ​ចាំបាច់​​នៅ​ពេល​នេះ គឺ​ថាមពល​អាច​ជួយ​ទ្រទ្រង់​ការ​លូតលាស់​គភ៌​ក្នុង​ផ្ទៃ

    ដើម្បី​សម្រួល​ឲ្យ​គេង​លក់​ស្កប់​ស្កល់ ​គួរ​ទម្លាប់​ផឹក​ទឹក​តិច​ៗ​ ២-៣ ម៉ោង មុន​ពេល​ចូល​គេង និង​មិន​គួរ​គេង​បើក​ភ្លើង ឬ​បើក​ទូរទស្សន៍​ចោល​ទេ។ លើស​ពី​នេះ ​យើងកុំ​ភ្លេច​ហាត់​ប្រាណ​ឲ្យ​បាន​ជាប់​លាប់ផង ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង អារម្មណ៍​មួម៉ៅ ចៀសវាង​ញុំា​ហឹរ ឬ​អាហារ​មាន​ជាតិ​អាស៊ីដ ​ខ្លាញ់ ឬ​ជាតិ​កាហ្វេអុីន​ ជក់បារី ផឹក​​គ្រឿង​ស្រវឹងជាដើម។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Nov 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម