backup og meta

មានកត្តាទាំងនេះ ស្ត្រីប្រឈមនឹងការបង្ខំឲ្យរំលូតកូនចេញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 22, 2020

    មានកត្តាទាំងនេះ ស្ត្រីប្រឈមនឹងការបង្ខំឲ្យរំលូតកូនចេញ

    ម៉ាក់​ៗ​កំពុង​ពពោះ​ភាគ​ច្រើន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ណាស់ មិន​ហ៊ាន​ធ្វើ​អ្វី​ខ្លាំង​ៗ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ទៅ​ដល់​កូន​ជា​ទី​ស្រលាញ់​នៅ​ក្នុង​ផ្ទៃ។ តែ​ជា​អកុសល មាន​ស្ត្រី​មួយ​ចំនួន​ជួប​ប្រទះ​នឹង​បញ្ហា​រលូត​កូន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​មាន​ស្ត្រី​មួយ​ចំនួន​ទៀតត្រូវ​បង្ខំ​រំលូត​ដោយ​សារ​​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា ឬ​ដោយ​ហេតុ​ផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

    ហេតុ​អ្វី​បាន​ជា​ស្ត្រី​ត្រូវ​បង្ខំ​ចិត្ត​រំលូត​កូន​ចេញ?

    លោក​វេជ្ជបណ្ឌិតថា ការ​ដែល​ស្ត្រី​ត្រូវ​រំលូត​កូន​ចេញ​អាច​មក​ពី​មូល​ហេតុ​២ ទី១ កត្តា​វេជ្ជសាស្ត្រ និង​ទី២ កត្តា​បុគ្គល​។

    កត្តា​វេជ្ជសាស្ត្រ

    – ជួន​កាល​ស្បូន​​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​អំណោយ​ផល សម្រាប់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ ដូច​នេះ​ហើយទារក​ក្នុង​ផ្ទៃ​ចាំ​បាច់​ត្រូវ​តែ​រំលូត។

    – ក្នុង​ករណី​មួយ​ទៀត គ្រោះ​ថ្នាក់​មាន​ទំហំ​ធំធេង​ចំពោះ​ទារក​ក្នុង​ផ្ទៃ នាំ​ឲ្យ​ការ​រំលូត​កូន​គួរ​តែ​ពិចារណា​ដោយ​អ្នក​ជំនាញ​សុខភាព។

    – ករណី​នៃ​ជំងឺ​តំណ​ពូជ​អាច​នឹង​បង្ក​ផល​វិបាក​ដល់​​ជីវិត​ទារក ក្រោយ​ពេល​កើត។ សភាព​មិន​ប្រក្រតី​នេះ​អាច​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់ តាម​រយៈ​ការ​ធ្វើ​តេស្តឈាម​។ ប្រសិន​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ចេញ​មក​មិន​ល្អ ត្រូវរំលូតកូនចេញ។

    – ជួន​កាល​ការ​លូតលាស់​ធំ​ធាត់​នៃ​ទារក​ក្នុង​ផ្ទៃ​បង្ក​ភាព​ស្មុគ​ស្មាញ​ដល់​សុខភាព​ម្ដាយ ដែល​នាំ​ឲ្យ​ម្ដាយ​បាត់​បង់​ជីវិត។ ក្នុង​ករណី​នេះ ស្ត្រី​អាច​ជ្រើស​រើស​ការ​រំលូត​កូន ដើម្បី​សង្គ្រោះ​ជីវិត​ខ្លួន។

    -រូបរាង​កាយ ឬ​អវយវៈ​របស់​ទារក​ក្នុង​ផ្ទៃ​មាន​លក្ខណៈ​មិន​ប្រក្រតី អាច​នឹង​បង្ក​ផល​វិបាក​ដល់​អាយុ​ជីវិត​ទារក ក្រោយ​ពេល​កើត ដែល​មើល​តាម​រយៈ​អេកូសាស្ត្រ។

    កត្តា​បុគ្គល

    – ស្ត្រី​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​រក​ប្រាក់ ដើម្បី​មើល​ថែ​ទាំ​ទារក និង​ផ្គត់​ផ្គង់​ខ្លួន​ឯង។

    -ស្ត្រី​រំលូត​កូន​ដោយសារ​រង​សម្ពាធ​ពី​ប្ដី ដែល​មិន​ចង់​បាន​កូន ឬ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ជា​ឪពុក​កូន​បាន ឬ​មាន​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។

    -ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​ពេល​ដែល​មិន​មាន​ប្ដី ត្រូវ​រំលូត​កូន​ចោល ដោយ​រង​ការ​បង្ខិត​បង្ខំ​ពី​ឪពុក​ម្ដាយ ឬ​ខ្លាច​រង​ការ​រិះ​គន់​ពី​សង្គម។ បុគ្គល​ម្នាក់ៗ អាច​សម្រេច​ចិត្ត​រំលូត​កូន​ចេញ ទៅ​តាម​ហេតុ​ផល​ដែល​យល់​ឃើញ​របស់​បុគ្គល​ខ្លួន​ឯង​ផ្ទាល់។

    ពេល​រំលូត​កូន ស្ត្រី​អាច​ប្រឈម​នឹង​ផល​វិបាក​អ្វី​ខ្លះ?

    ច្បាស់​ហើយ​ថា ការ​រំលូត​កូន​ចេញនឹង​ផ្ដល់​ផល​វិបាក​ទៅ​ដល់​ស្ត្រី​ដូច​ជា៖

    • ការ​ហូរ​ឈាម​តាម​ទ្វារ​មាស អំឡុង​ពេល​រំលូត ធ្លាយ​ស្បូន ស្អិត​ស្បូន គ្មាន​កូន​ទៅ​ថ្ងៃ​ក្រោយ ឬ​កូន​ក្រៅ​ស្បូន និង​ករណី​បង្ក​រោគ
    • មាន​បញ្ហា​សុក ដូច​ជា​ការ​សល់​សុក​ជា​ដើម
    • កូន​បន្ទាប់ អាច​ឲ្យ​កំណើត​កូន​មិន​គ្រប់​ខែ
    • មាន​កូន​ដែល​មាន​ទម្ងន់​តិច​ពេក ឬ​ក៏​រលូត។

    ជាមួយ​គ្នា​ដែរ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ស្ត្រី​បាន​រំលូត ហើយ​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​អាច​ទៅ​រួច​ទៅ​លើ​ការ​មាន​ផ្ទៃពោះ​ពេលក្រោយ ស្ត្រី​គួរ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬ​ពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ដើម្បី​ចៀស​វាង​ហានិភ័យ​ផ្សេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម