backup og meta

អំឡុងពេលពពោះ គួរ​ឡើងទម្ងន់ប៉ុន្មានទើប​ល្អ​សម្រាប់​ម៉ាក់ៗ និង​កូន?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Jun 24, 2020

    អំឡុងពេលពពោះ គួរ​ឡើងទម្ងន់ប៉ុន្មានទើប​ល្អ​សម្រាប់​ម៉ាក់ៗ និង​កូន?

    តើគ្នាយើងកំពុងពពោះ ឡើងគីឡូខ្លាំងគ្រោះថ្នាក់អត់? ចុះឡើងគីឡូប៉ុន្មានទើបត្រឹមត្រូវ សុខភាពគភ៌ល្អ? សំណួរនេះ អត្ថបទមុនៗធ្លាប់បញ្ជាក់ខ្លះៗដែរ ប៉ុន្តែអត្ថបទនេះនឹងបញ្ជាក់បន្ថែម ហេតុអីរក្សាគីឡូឲ្យបានល្អពេលពពោះជារឿងសំខាន់? ចុះពេលពពោះត្រូវឡើងគីឡូប៉ុន្មានទើបត្រឹមត្រូវ?

    ១- ហេតុអ្វីការឡើងគីឡូកម្រិតត្រឹមត្រូវអំឡុងពេលពពោះជារឿងសំខាន់?

    ការកើតឡើងគីឡូក្នុងកម្រិតត្រឹមត្រូវអំឡុងពេលពពោះ អាចជួយគភ៌ក្នុងផ្ទៃធំលូតលាស់ក្នុងទ្រង់ទ្រាយមានសុខភាពល្អ។ ប៉ុន្តែបើឡើងគីឡូខ្លាំងពេក ឬតិចពេក អាចនឹងនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ទាំងចំពោះម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។

    យោងតាមអ្នកជំនាញបង្កកំណើតជាច្រើន ការកើនគីឡូខ្លាំងពេក ស្មើនឹងបង្កើនឱកាសវិវត្តទៅរកជំងឺទឹកនោមផ្អែមពេលពពោះ និងកើនសម្ពាធឈាមពេលពពោះជាដើម។ នៅមានបញ្ហាប្រឈមច្រើន រាប់បញ្ចូលទាំងក្រោយពេលសម្រាល ស្រីៗគ្នាយើងនឹងប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ២ និងលើសសម្ពាធឈាមរ៉ាំរ៉ៃពេញមួយជីវិត។

    បើគ្នាហើយលើសទម្ងន់ស្រាប់ ឬមានជំងឺធាត់ នៅពេលយើងមានផ្ទៃពោះ កាន់តែបង្កហានិភ័យចំពោះសុខភាពខ្ពស់ជាងនេះទៅទៀត។ យើងថែមទាំងប្រឈមមិនអាចសម្រាលតាមធម្មជាតិបាន ដោយតម្រូវឲ្យវះកាត់ជំនួសវិញ។

    ការបង្កើនទម្ងន់ក្នុងកម្រិតត្រឹមត្រូវអំឡុងពេលពពោះ អាចជួយស្រីៗគ្នាយើងកាន់តែងាយស្រួលទាំងអំឡុងពេលពពោះ ទាំងពេលសម្រាល។ វាក៏ផ្តល់ភាពងាយស្រួលដល់យើងឆាប់វិលមករកគីឡូដើមវិញក្រោយ​សម្រាល​ថែម​ទៀតផង។

    ការស្រាវជ្រាវជាច្រើនបង្ហាញថា ចំនួនគីឡូឡើងអំឡុងពេលពពោះត្រឹមត្រូវ ថែមទាំងអាចជួយគ្នាយើង និងកូនចៀសផុតពីជំងឺធាត់ និងការឡើងគីឡូទប់មិនឈ្នះដែលនឹងក្លាយជាបញ្ហារំខានយើងពេញមួយជីវិត។

    អត្ថបទពាក់ព័ន្ធ៖

    ២- ចុះគួរឡើងគីឡូប៉ុន្មានទើបល្អអំឡុងពេលពពោះ?

    ការកើនឡើងចំនួនគីឡូអំឡុងពេលពពោះក៏អាស្រ័យទៅលើសន្ទស្សន៍ទម្ងន់ និងកម្ពស់របស់យើង ដែលជាភាសាបច្ចេកទេសហៅថា BMI មុនពេលពពោះ។ BMI ជាសន្ទស្សន៍ស្ដង់ដារកំណត់សុខភាព ពាក់ព័ន្ធនឹងកម្រិតទម្ងន់របស់យើង ថាតើយើងមានគីឡូធម្មតា មិនគ្រប់គីឡូ លើសគីឡូ ឬធាត់​។

    ជាទូទៅ​មានការណែនាំឲ្យស្រីៗគ្នាយើងឡើងទម្ងន់ពេលពោះ ផ្អែកទៅលើសន្ទស្សន៍ស្ដង់ដារ BMI របស់យើងដូចខាងក្រោម។ របៀបគណនា BMI យើង​ត្រូវ​បំពេញព័ត៌ពីកម្ពស់ និង​ទម្ងន់របស់​យើង​ក្នុង​ប្រព័ន្ធ​មួយ​នេះ។​ ក្រោយ​​ពេល​​បំពេញ​​រួច​​យើង​នឹង​ឃើញ​​លទ្ធ​ផល​​BMI របស់​យើង​។

    ករណី៖

    – BMI ទាបជាង ១៨,៥  (ខ្វះគីឡូ) គឺត្រូវឡើងទម្ងន់អំឡុងពេលពពោះចន្លោះពី ១២-១៨ គីឡូ។

    – BMI ចន្លោះពី ១៨,៥-២៤,៩ (ទម្ងន់ធម្មតា) គឺត្រូវឡើងទម្ងន់អំឡុងពេលពពោះចន្លោះពី ១១-១៦ គីឡូ។

    – BMI ចន្លោះពី ២៥-២៩,៩ (លើសទម្ងន់) គឺត្រូវឡើងទម្ងន់អំឡុងពេលពពោះចន្លោះពី ៧-១១ គីឡូ។

    – BMI លើស ៣០ (ធាត់) គឺត្រូវឡើងទម្ងន់អំឡុងពេលពពោះចន្លោះពី ៥-១០ គីឡូ។

    វាជារឿងសំខាន់បំផុត សម្រាប់​ការឡើងគីឡូរបស់យើងទៅមុខសន្សឹមៗ។ តាមជំនឿបុរាណ បានលើកឡើងថា អំឡុងពេលពពោះ យើងត្រូវញ៉ាំអាហារសម្រាប់ចំណែកមនុស្ស ២នាក់ ប៉ុន្តែជំនឿនេះមិនមែនជាការពិតទេ។ អំឡុងពេល ៣ខែដំបូង គភ៌ក្នុងផ្ទៃ គឺមានទំហំប៉ុនគ្រាប់វ៉ល់ណាត់ប៉ុណ្ណោះ ដូច្នេះយើងក៏មិនចាំបាច់បន្ថែមកម្រិតកាឡូរីក្នុងរាងកាយដែរ។

    យើងអាចបង្កើនគីឡូតាមការណែនាំខាងក្រោមនេះ៖

    – ៣ខែដំបូង ១/២- ២ គីឡូ

    – ៤ខែ មុនដល់ថ្ងៃសម្រាល ១-២ គីឡូ/ខែ។

    ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឆ្មបជំនាញរបស់យើងពាក់ព័ន្ធរឿងឡើងគីឡូពេលពពោះប៉ុណ្ណាទើបល្អសម្រាប់យើង។ សហការជាមួយពេទ្យដើម្បីរក្សាការឡើងទម្ងន់របស់យើងឲ្យបានត្រឹមត្រូវ។

    អ្វីគ្នាយើងត្រូវចងចាំ អំឡុងពេលពពោះ កុំព្យាយាមសម្រកទម្ងន់ឲ្យសោះ ព្រោះគភ៌ក្នុងផ្ទៃយើងត្រូវការអាហារជាចាំបាច់ និងប្រភេទភេសជ្ជៈមានជាតិស្ករទាប (ទឹកសុទ្ធកាន់តែល្អ) ដើម្បីឲ្យការលូតលាស់កាន់តែប្រសើរ។ មាន​​ស្រីៗ​​មួយ​​ចំនួន ​បែរ​ជា​ចាប់ផ្តើម​ស្រក​ទម្ងន់​ពេលចាប់ផ្តើមពពោះ បើគ្នាយើងមាន​បញ្ហា​នេះ​ ប្រញាប់​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ពី​អ្វី​កំពុង​កើត​មាន​លើ​ខ្លួន​យើង ដើម្បីជួយយើងអាចពពោះដោយសុវត្ថិភាព និងកូនសម្រាលមកក៏មានសុខភាពល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Jun 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម