backup og meta

មូលហេតុធំៗទាំង ៤ ច្រើនជា​ករណី​បង្កឲ្យស្រីៗ​រលូតកូន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Aug 04, 2020

    មូលហេតុធំៗទាំង ៤ ច្រើនជា​ករណី​បង្កឲ្យស្រីៗ​រលូតកូន

    ការរលូតកូនជារឿងទុក្ខសោក និងតក់ស្លុតបំផុតចំពោះប្តីប្រពន្ធ ពិសេសគ្នាយើងទើបពពោះដំបូង។ ស្រីៗគ្នាយើងកំពុងពពោះ ឬទើបមានផ្ទៃពោះ ច្បាស់ជាបារម្ភរឿងនេះខ្លាំងជាងគេ ប៉ុន្តែត្រូវចាំថា ការរលូតកូន​ក៏ឧស្សាហ៍កើតមាន ហើយជាធម្មតាវាមានមូលហេតុជាក់លាក់របស់វា ដែល “Hello គ្រូពេទ្យ” នឹងលម្អិតក្នុងអត្ថបទនេះ។

    ១- ភាពមិនប្រក្រតីនៃក្រូម៉ូសូម

    ច្រើនជាងពាក់កណ្តាលនៃករណីរលូតកូនអំឡុង ១៣សប្តាហ៍ដំបូងនៃការពពោះ គឺបង្កឡើងដោយមូលហេតុចម្បងពាក់ព័ន្ធបញ្ហា​ក្រូម៉ូសូមរបស់គភ៌ក្នុងផ្ទៃ។ ក្រូម៉ូសូម​មានផ្ទុកហ្សែនដែលកំណត់បុគ្គលិកលក្ខណៈរបស់កូនយើង រាប់បញ្ជូលទាំងពណ៌សក់ និងពណ៌កូនក្រមុំភ្នែក។ គភ៌ក្នុងផ្ទៃច្បាស់ជាមិនអាចលូតលាស់បានប្រក្រតីឡើយ បើមានខុសចំនួនជាក់លាក់នៃក្រូម៉ូសូម ឬក្រូម៉ូសូមណាមួយត្រូវបានបំផ្លាញ។

    អត្ថបទពាក់ព័ន្ធ៖

    ស្រីៗគ្នាយើងគួរចងចាំ និងយកចិត្តទុកដាក់ពីបញ្ហាភាពមិនប្រក្រតីនៃក្រូម៉ូសូម៖

    – គ្មានវិធីសាស្ត្រណាអាចការពារមិនឲ្យកើតមានបញ្ហាក្រូម៉ូសូមមិនប្រក្រតីនោះទេ។

    – នៅពេលយើងឈានដល់វ័យចំណាស់ ពិសេសចាប់ពី ៣៥ឆ្នាំឡើង ស្រីៗនឹងកាន់តែប្រឈមបញ្ហាក្រូម៉ូសូមមិនប្រក្រតី ដែលជាធម្មតានាំឲ្យកើនហានិភ័យរលូតកូននេះឯង។

    – យ៉ាងណា រលូតកូនដោយសារបញ្ហាក្រូម៉ូសូមមិនប្រក្រតី ក៏អាច​មិនកើតឡើង​ម្ដង​ទៀត​នៅពេលពពោះលើកក្រោយដែរ។

    ២- លក្ខខណ្ឌសុខភាព

    ករណីរលូតកូនចន្លោះពីសប្តាហ៍ទី ១៣ ដល់សប្តាហ៍ទី ២៤ នៃការពពោះ ជារឿយៗបង្កឡើងដោយសារសុខភាពរបស់ម៉ាក់ៗផ្ទាល់។ មានបញ្ហាសុខភាពមួយចំនួន ធ្វើឲ្យស្រីៗកំពុងពពោះ​កើនហានិភ័យរលូតកូនកាន់តែខ្ពស់ ក្នុងនោះមានដូចជា៖

    – ឆ្លងវីរុស Cytomegalovirus ឬ ឆ្លងវីរុស​បង្ក​ជំងឺ​ស្អូច។

    – គ្រប់គ្រងជំងឺរ៉ាំរ៉ៃរបស់យើងមិនបានល្អ ដូចជាជំងឺទឹកនោមផ្អែម និងលើសឈាម។

    – មានជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺ Lupus ឬជំងឺផ្សេងៗទៀតពាក់ព័ន្ធប្រព័ន្ធភាពស៊ាំ (Autoimmune disorders)។

    – បញ្ហាសុខភាពពាក់ព័ន្ធស្បូន ឬមាត់ស្បូន ដូចជា មានដុំសាច់ក្នុងស្បូន (Fibroids) រូបរាងស្បូនមិនប្រក្រតី ឬមាត់ស្បូនឆាប់បើកធំពេក ដែលហៅថា បញ្ហាអសមត្ថភាពមាត់ស្បូន (Incompetent cervix)។

    ៣- ទម្លាប់រស់នៅមិនល្អ

    ទម្លាប់រស់នៅរបស់ម៉ាក់ៗ ក៏អាចបង្កហានិភ័យរលូតកូនដូចគ្នា ខាងក្រោមនេះ ជាទម្លាប់មួយចំនួនមានគ្រោះថ្នាក់ដល់ការអភិវឌ្ឍបស់គភ៌ក្នុងផ្ទៃ៖

    ជក់បារី៖ ការសិក្សាមួយចំនួនរកឃើញថា ជក់បារីនាំឲ្យកើបហានិភ័យរលូតកូន បើទោះជាម៉ាក់ៗមិនជក់ប៉ុន្តែប៉ាៗជាអ្នកជក់ក៏ដោយ។

    – ផឹកគ្រឿងស្រវឹងច្រើន។

    – ប្រើថ្នាំញៀនខុសច្បាប់។

    ៤- បរិស្ថានគ្រោះថ្នាក់

    បន្ថែមពីលើការស្រូបផ្សែងបារីដោយប្រយោល ហានិភ័យនាំឲ្យរលូតកូនផ្សេងទៀត គឺបរិស្ថានជុំវិញផ្ទះរបស់យើង ឬកន្លែងធ្វើការ រាប់បញ្ចូលទាំង៖

    – ប្រើបំពង់ទុយោទឹកចាស់ៗ និងថ្នាំលាបជញ្ជាំងផ្ទះដែល​អាយុផលិតយូរ​រហូត​ដល់​៤០​ឆ្នាំឡើងជាដើម​​។

    – ស្រូបយកសារធាតុបារ៉តដែលលេចចេញពីវត្ថុណាមួយចំនួន​ ដូច​ជា​ប្រដាប់វាស់កំដៅ (Thermometer) ជាដើម។

    – សារធាតុគីមីផ្សេងៗ រាប់បញ្ចូលទាំងថ្នាំលាប ឬថ្នាំជម្រះស្នាមប្រឡាប់។

    – ថ្នាំសម្លាប់សត្វល្អិត។

    – សារធាតុអាសេនិក។

    ត្រូវប្រាកដថា ស្រីៗគ្នាយើងបានពិភាក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធសារធាតុ និងកត្តាហានិភ័យរៀបរាប់ខាងលើ ដើម្បីប្រាកដថា ហានិភ័យទាំងនោះ​មិនអាចប៉ះពាល់ធ្ងន់ធ្ងរដល់ការពពោះយើងនោះឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Aug 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម