backup og meta

កំហុសឆ្គងឧស្សាហ៍កើត ពេលម៉ាក់ពពោះទៅពិនិត្យសុខភាពម្ដងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 23, 2020

    កំហុសឆ្គងឧស្សាហ៍កើត ពេលម៉ាក់ពពោះទៅពិនិត្យសុខភាពម្ដងៗ

    បើ​និយាយ​ពី​រឿង​ពិនិត្យ​សុខភាព វា​ជា​រឿង​ចាំ​បាច់​មួយ​ដែល​ម៉ាក់ៗ​ពពោះ​ត្រូវ​ធ្វើ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ព្រោះ​វា​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ​ដែល​យើង​ពិបាក​ដឹង​ពី​សុខភាព​កូន​ដោយ​ភ្នែក​ទទេ។ ប៉ុន្តែ មាន​ម៉ាក់​ៗ​ខ្លះ ទៅ​ពិនិត្យ​សុខភាព​ដែរ តែ​បែរ​ជា​ធ្វើ​ឲ្យ​មាន​កំហុស​ដោយ​មិន​ដឹង​ខ្លួន​ទៅ​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

    ១. ពិនិត្យ​អេកូ​កូន មិន​ពិនិត្យ​សុខភាព​ម្ដាយ

    នៅ​ពេល​ស្ត្រី​ពពោះ ការ​ថត​អេកូ គ្រាន់​តែ​វាយ​តម្លៃ​សុខភាព​កូន​ប៉ុណ្ណោះ តែ​យើង​ក៏​ត្រូវ​ពិនិត្យ​មើល​ទាំង​សុខភាព​ម៉ាក់ៗ​ដែរ។ បើ​ម៉ាក់ៗ មាន​ជំងឺ​ដូច​ជាលើស​ឈាម ទឹក​នោម​ផ្អែម សរសៃ​ឈាម​បេះ​ដូង នោះ​វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​អា​អូន​នៅ​ក្នុង​ផ្ទៃ​បាន។

    ២. ដឹង​ថ្ងៃ​កូន​កើត​ច្បាស់ៗ

    ការ​ធ្វើ​អេកូ មិន​អាច​ដឹង​ថ្ងៃ​ម៉ាក់ៗ ឈឺ​ពោះ​កើត​កូន​ពិត​ប្រាកដ​ទេ វា​គ្រាន់​តែ​ឲ្យ​យើង​ដឹង​នៅ​អំឡុង​រង្វង់​ថ្ងៃ​ណា​មួយ ដើម្បី​ឲ្យ​យើង​បាន​ត្រៀម​ខ្លួន​សម្រាប់​សម្រាល​កូន​តែ​ប៉ុណ្ណោះ។

    ៣. ឃើញ​កូន​ខុស​ប្រក្រតី ប្រញាប់​រំលូត​ចោល

    ពេល​ធ្វើ​អេកូ​ឃើញ​កូន​ខុស​ប្រក្រតី មិន​គួរ​ប្រញាប់​រំលូត​ចោល​ទេ ព្រោះ​ថា កូន​ខុស​ប្រក្រតី​អាច​មក​ពី​កត្តា​ច្រើន ក្នុង​នោះ​ក៏​មាន​កត្តា​តំណពូជ។ ការ​ដែល​រំលូត​កូន​ចោល​ភ្លាមៗ នៅ​ពេល​មិន​បាន​ពិនិត្យ​ច្បាស់​លាស់​ដោយ ការ​ចោះ​ទឹក​ភ្លោះ​ធ្វើ​តេស្ត តេស្ត​ឈាម ។ល។ ពេល​ខ្លះ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ខុស​ប្រក្រតី អាច​ព្យាបាល​ទប់​ស្កាត់​បាន សម្រាប់​ការ​មាន​កូន​លើក​ក្រោយ។ ម៉្យាង​វិញ​ទៀត ក៏​មាន​ករណី​អាច​ព្យាបាលបាន​ល្អ​ពេល​ក្រោយ​កើត ឬ​អាច​ព្យាបាល​បាន​ទាំង​ពេល​កូន​កំពុង​នៅ​ក្នុង​ពោះ​។

    ៤. ធ្វើ​អេកូ វាស់​កម្រាស់​ក​កូន​ឃើញ​ក្រាស់ កូន​អាច​ខុស​ប្រក្រតី

    តាម​ពិត​ទៅ ការ​វាស់​កម្រាស់​ក​កូន ឬ​វាស់​ឆ្អឹង​ច្រមុះ គ្រាន់​តែ​ជា​ការ​ឲ្យ​សញ្ញា​ថា​កូន​មាន​ហានិភ័យ កើត​ជំងឺ​ខុស​ប្រក្រតី​នៃ​សរីរាង្គ មិន​មែន ពិត​១០០% ​ថា ​កូន​នោះ​កើត​មក​ច្បាស់​ជា​មាន​ជំងឺ​ខុស​ប្រក្រតី​នៃ​សរីរាង្គ​នោះ​ទេ។

    ៥. មើល​អេកូ គណនា​ទម្ងន់​កូន

    ការ​ធ្វើ​អេកូ​មើល​ទម្ងន់​កូន​នៅ​ក្នុង​ផ្ទៃ​អាច​ខុស​ពី ១០-១៥% នៃ​ទម្ងន់​ពិត​របស់​កូន ដោយសារ​របៀប​វាស់​របស់​គ្រូពេទ្យ​ម្នាក់ៗ​មិន​ដូច​គ្នា និង​អាស្រ័យ​ទៅ​លើ​ម៉ាស៊ីន​អេកូ​ដែរ (ព្រោះ​មាន​ម៉ាស៊ីន​ខ្លះ​ស៊េរី​ថ្មី ខ្លះ​ចាស់ ដូច​ឡាន​ម៉ូតូ​ដែរ)។ ដូច​នេះ​ម៉ាក់​ៗ​កុំ​បារម្ភ​ពេក​អី កូន​នៅ​ក្នុង​ផ្ទៃ​នៅ​តែ​លូត​លាស់​បាន​ធម្មតា​។ ដូចគ្នានេះ ការរក​មើល​ជំងឺខុសប្រក្រតីកូនពីកំណើត ក៏អាស្រ័យទៅលើម៉ាស៊ីន និងគ្រូពេទ្យជំនាញដែរឬអត់ ព្រោះការធ្វើអេកូពិនិត្យកូនមិនអាចរកឃើញជំងឺពីកំណើតបានទាំងអស់នោះទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម