backup og meta

សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

    សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ?

    ការ​ពពោះ​ល្អ ឬមិនល្អ អាស្រ័យ​កត្តា​អាយុ សុខភាព និង​កត្តា​ផ្សេងៗ​។ ស្ត្រី​មួយ​ចំនួន អាច​បង្ក​កំណើត​បាន ប៉ុន្តែ​បែរ​ជា​មិន​អាច​រក្សា​គភ៌ក្នុង​ផ្ទៃ​បាន​ដល់​ថ្ងៃ​សម្រាល ឬកូន​កើត​មក​មាន​បញ្ហា​សុខភាព មិន​គ្រប់​លក្ខណៈ​ជាដើម។ ថ្ងៃនេះ “Hello គ្រូពេទ្យ’ នឹងលើកយកបញ្ហាសុកខ្សោយ ពេលពពោះ មកបកស្រាយ​លម្អិត។

    ១- អ្វី​ជា​ ​សុក​ខ្សោយ?

    សុកខ្សោយ (Placental Insufficiency ឬ Uteroplacental Vascular Insufficiency) ​កើត​ឡើង ដោយសារ​សុក​មិន​អាច​ផ្តល់សារធាតុ​ចិញ្ចឹម និង​អុកស៊ីហ្សែន​មិន​គ្រប់​គ្រាន់ ​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ។ ស្ថាន​ភាព​នេះ​អាច​កើត​ឡើង​ ដោយ​សារ​តែ​ការ​វិវត្ត​របស់​សុកមាន​បញ្ហា ឬ​សុក​មាន​ការ​ខូច​ខាត។

    ២- មូលហេតុនាំ​ឲ្យ​សុក​ខ្សោយ

    សុកខ្សោយ (Placental insufficiency) ជា​ធម្មតា​ មាន​ទំនាក់​ទំនង​​ជាមួយ​បញ្ហា​គោលិកា​ឈាម។ ទោះ​​យ៉ាង​ណា ​ការ​ប្រើ​ថ្នាំ និង​ទម្លាប់រស់​នៅ​ ​មាន​តួ​នាទី​សំខាន់​ណាស់សម្រាប់​សុខភាព​យើង​ទូទៅ ពិសេស​ស្រីៗ​កំពុងពពោះ​តែ​ម្តង ខណៈ​​មូល​ហេតុ​ទូទៅ​នាំឲ្យ​សុក​ខ្សោយ មាន​ដូចជា៖

    ជំងឺ​ទឹក​នោម​ផ្អែម

    បញ្ហា​តម្រងនោម

    សុកពាំង​មាត់​ស្បូន

    – ថ្នាំ​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ស្តើង

    – ​ជក់​បារី

    – ញៀន​ថ្នាំ ពិសេសពពួក​ថ្នាំ​កូកាអ៊ីន ហេរ៉ូអ៊ីន និង​មេតំហ្វេតាមីន។

    សុក​ខ្សោយ អាច​កើត​មាន​ផង​ដែរ ​បើ​សុក​តោង​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង​ស្បូន​មិន​ត្រូវ​ទីតាំង ឬ​ដាច់​រហែក​ចេញ​ពី​ជញ្ជាំង​ស្បូន (Placental Abruption)។

    ៣- រោគសញ្ញាបញ្ហា​សុក​ខ្សោយ

    សុក​ខ្សោយ មិន​បង្ក​ឲ្យ​ចេញ​ជា​រោគ​សញ្ញា​លើស្រីៗ​​កំពុងពពោះ​ទេ តែ​​អាច​មាន​សញ្ញា​មួយ​ចំនួន​ យើង​គួរ​​យក​ចិត្ត​ទុក​ដាក់ ដូច​ជា ​ការ​​ព​ពោះ​លើកនេះមើល​ទៅ​មាន​ស្បូន​តូច​ជាង​ការ​ព​ពោះ​ពីមុន ឬកូន​ក្នុង​ពោះ​ មាន​ចលនា​តិច​ជាង​ការ​រំពឹង​ទុក។

    ​បើ​កូន​ក្នុង​ពោះ​មាន​ការ​លូត​លាស់​មិន​ល្អ​នោះ ​ពោះ​​យើងមើល​ពី​ខាង​ក្រៅ នឹង​មាន​ទំហំ​តូច​ជាងស្រីៗ​កំពុង​ពពោះ​​ដទៃទៀត ឯ​ចលនា​កូន​ក៏​មាន​តិច​តួចដូច​គ្នា។ បើសិន​សុក​មិន​តោង​ជាប់​ជញ្ជាំង​ស្បូន គឺ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​សុក​ខ្សោយ ដែលស្ត្រីមួយចំនួនធ្លាប់​ប្រទះ​ មាន​ហូរ​ឈាម​តាម​ទ្វារ​មាស ឬ​​កន្ត្រាក់ស្បូនធ្វើ​ឲ្យ​សម្រាល​មុន​ខែ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់!
    • សុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ?

    ៤- ផលវិបាកនៃសុក​ខ្សោយ

    សុក​ខ្សោយ អាច​មាន​គ្រោះ​ថ្នាក់ ​បើសិនស្រីៗ​កំពុង​ពពោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬលើស​ឈាម ព្រោះ​បើ​មាន​ជំងឺ​ទាំង​ពីរ​នេះ ​យើងនឹង​ប្រឈម​លើសឈាម​ពេល​ពពោះ រហែក​ស្បូន កូន​កើត​មិន​គ្រប់​ខែ និង​ផល​វិបាកពេល​សម្រាល។ ចំពោះ​ទារក ​បញ្ហា​សុក​ខ្សោយ​កើត​ឡើង​កាន់​តែ​ឆាប់ ​ផល​វិបាកចំពោះ​ទារក ​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ខ្លាំង ខណៈ​ផល​វិបាក​ទាំង​នោះ​មានដូច​ជា៖

    – ខ្វះ​អុកស៊ីហ្សែន​អំឡុងពេល​សម្រាល

    – គ្មាន​សមត្ថភាព​ក្នុងការ​​រៀន

    – សីតុណ្ហភាព​រាង​កាយ​ទាប

    – ជាតិ​ស្ករ​ក្នុង​ឈាម​ទាប

    – ជាតិ​កាល់​ស្យូម​ក្នុង​ឈាម​ទាប

    – លើស​កោសិកា​ឈាម​ក្រហម​ក្នុង​ខ្លួន

    – កូន​កើត​មិន​គ្រប់​ខែ

    – ត្រូវសម្រាល​ដោយ​វះ​កាត់

    – កូន​ស្លាប់​ក្នុង​ពោះ

    – កូន​ស្លាប់​ក្រោយ​សម្រាល។

    ៥- រោគវិនិច្ឆ័យ និងវិធី​គ្រប់គ្រង​បញ្ហា​សុក​ខ្សោយ

    សុក​ខ្សោយ អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បានតាមរយៈ​ការ​​ថតអេកូ ការ​ធ្វើ​តេស្ត​ប្រូតេអ៊ីន និង​​តេស្ត​លើ​គភ៌ (Fetal non-stress tests)។ ការ​ថែទាំ​សុខ​ភាព​ ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់សម្រាប់​​វិវត្ត​សុខ​ភាពគភ៌​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ហេតុនេះ​គួរ​​តាម​ដាន​ពី​ចលនា​កូន​ក្នុងផ្ទៃ ​បើយើង​​មាន​ហានិភ័យសម្រាល​កូន​មិន​គ្រប់​ខែ។ យើង​អាច​​នឹង​ត្រូវ​ការ​ការ​ចាក់​ថ្នាំ Steroid ដើម្បី​ពង្រឹង​សួត​កូន​ផងដែរ​។

    សុកខ្សោយ មិន​មាន​ការ​ព្យាបាល ឬ​ការ​ពារ​ទេ ប៉ុន្តែ​វា​អាច​គ្រប់​គ្រង​បាន។ សំខាន់​បំផុត ចាំបាច់​ត្រូវ​​ដឹង​ពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យឲ្យ​បាន​ឆាប់ និង​ការ​ថែទាំ​សុខភាពឲ្យ​បាន​ល្អ​មុនពេល​មាន​ផ្ទៃ​ពោះ។ កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​ការ​លូត​លាស់​គភ៌កាន់​តែប្រសើរ​ឡើង និង​បន្ថយ​ហានិភ័យ​ ​ផល​វិបាក​នៅ​ពេល​សម្រាល​កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម