backup og meta

អ្នកជំងឺមហារីកក្រពេញអូវែ គួរដឹងពីជម្រើសបង្កកំណើតទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 16, 2019

    អ្នកជំងឺមហារីកក្រពេញអូវែ គួរដឹងពីជម្រើសបង្កកំណើតទាំងនេះ

    ស្ត្រី​ដែល​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ ហើយ​ទទួល​ការ​ព្យាបាល សុទ្ធ​តែ​ប៉ះ​ពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​កូន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកជំងឺ​នេះ​ខ្លះ​នៅ​តែ​អាច​មាន​លទ្ធភាព​មាន​កូន ខណៈ​​ខ្លះ​ទៀត​ពិបាក​នឹង​មាន។ វា​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ដើម្បី​ឲ្យ​ស្ត្រី​ជ្រើស​រើស​វិធី​ផ្សេង​ៗក្នុង​ការ​បង្ក​កំណើត ហើយ​ត្រូវ​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​អូវែ​ក្នុង​ពេល​តែ​មួយ។ ប៉ុន្តែ​អ្នក​ជំងឺ​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ឯកទេស​ជាមុន​សិន ចាំ​សម្រេច​ចិត្ត​ជ្រើស​យក​វិធី​ណា​មួយ​ដូច​ខាងក្រោម៖

    ១- តើ​ការ​ព្យាបាល​មហារីក​ក្រពេញ​អូវែ ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​ដូច​ម្ដេច?

    បើ​សិន​អ្នក​ជំងឺ​ត្រូវ​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​អូវែ​តាម​វិធី​ខាង​ក្រោម​នេះ នោះ​អ្នក​ជំងឺ​នឹង​ក្លាយ​ជា​អារ​អត់​មាន​កូន ដែល​មាន​ន័យ​ថា អ្នក​ជំងឺ​នឹង​មិន​អាច​មាន​ផ្ទៃ​ពោះ​បាន​ទេ បើ​សិន​ជា​មិន​មាន​ជំនួយ​វេជ្ជសាស្ត្រ​នោះ៖

    – វះកាត់​ក្រពេញ​អូវែ​ទាំង​ពីរ​ចេញ

    – ព្យាបាល​ដោយ​គីមី (Chemotherapy) ដែល​បង្ក​ឲ្យ​លែង​មាន​វដ្ត​រដូវ និង​បញ្ឈប់​មុខងារ​របស់​ក្រពេញ​អូវែ

    – វិទ្យុ​សកម្ម​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ក្រពេញ​អូវែ ផលិត​មេ​ជីវិត​ញី​ទុំ

    ស្ត្រី​ដែល​នៅ​សល់​ក្រពេញ​អូវែ​ម្ខាង អាច​នៅ​មាន​លទ្ធភាព​ពពោះ​បាន ប៉ុន្តែ​ស្ត្រី​អស់​ក្រពេញ​អូវែ​ទាំង​ពីរ​ហើយ អាច​ប្រឈម​នឹង​ការ​អារ​គ្មាន​កូន ប៉ុន្តែ​អាច​ជ្រើស​រើស​វិធី​ខាង​ក្រោម​ដើម្បី​មាន​ផ្ទៃ​ពោះ​បាន។

    អត្ថបទពាក់ព័ន្ធស្រីៗ​អាច​មាន​ផ្ទៃពោះ​ទេ បើ​មិន​បាន​រួមភេទ​ផង?

    ពពោះ

    ២- ការ​ស្វែង​យល់​ពី​ជម្រើស​ក្នុង​ការ​ព្យាបាល​បញ្ហា​អារ​អត់​កូន

    – វិធី​បង្ក​កំណើត​ក្នុង​មន្ទីរ​ពិសោធន៍ (IVF – In Vitro Fertilization)៖ ដោយ​យក​មេ​ជីវិត​ញី​របស់​អ្នក​ដទៃ​ឧបត្ថម្ភ​ឲ្យ។ វិធី​នេះ គឺ​ត្រូវ​យក​មេ​ជីវិត​ញី​ពី​មនុស្ស​ស្រី​ម្នាក់​ផ្សេង​ទៀត បង្ក​កំណើត​ជាមួយ​នឹង​មេ​ជីវិត​ឈ្មោល​ជា​ដៃ​គូរ​របស់​អ្នក​ជំងឺ។ បន្ទាប់​មក មេ​ជីវិត​ដែល​បាន​បង្ក​កំណើត​ហើយ​នោះ​នឹង​ត្រូវ​បញ្ចូល​ក្នុង​ស្បូន​របស់​អ្នក​ជំងឺ ហើយ​អ្នក​ជំងឺ​នឹង​អាច​ពពោះ​ធម្មតា។ វិធី​ដូច​រៀប​រាប់​នេះ អាច​ផ្ដល់​ឱកាស​មាន​កូន​រហូត​ដល់​ច្រើន​ជាង ៤០% ឯណោះ ដោយ​យោង​លើ​គុណ​ភាព​របស់​មេ​ជីវិត​ញី​ដែល​គេ​ផ្ដល់​ឲ្យ គុណភាព​មេ​ជីវិត​ឈ្មោល និង​សុខភាព ស្បូន​របស់​អ្នក​ជំងឺ។ វិធី​នេះ​គឺ​មាន​តម្លៃ​ថ្លៃ​ណាស់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

    – ​ឲ្យ​ស្ត្រី​ផ្សេង​ពពោះ​ជំនួស៖ អ្នក​ជំងឺ​គួរ​តែ​ជ្រើស​យក​វិធី​នេះ​បើ​សិន​ជា​ស្បូន​គាត់​ត្រូវ​បាន​កាត់​យក​ចេញ ឬ​ស្បូន​មិន​មាន​សុខភាព​ល្អ ឬ​មាន​បញ្ហា​សុខភាព​ផ្សេងៗ ធ្វើ​ឲ្យ​គាត់​មាន​គ្រោះ​ថ្នាក់​ពេល​ពពោះ។ ស្ត្រី​ពពោះ​ជំនួស អាច​ទទួល​បាន​មេ​ជីវិត​ញី​ពី​អ្នក​ដទៃ ឬ​អាច​ប្រើ​មេ​ជីវិត​ញី​របស់​អ្នក​ជំងឺ​ផ្ទាល់​ក៏​បាន ហើយ​យក​មេ​​ជីវិត​ឈ្មោល​របស់​ដៃ​គូ​អ្នក​ជំងឺ​បាញ់​បញ្ចូល ហើយ​ពពោះ​កូន​រហូត​ទាល់​តែ​កូន​កើត។ ការ​ពពោះ​ជំនួស គឺ​មាន​តម្លៃ​ថ្លៃ​ណាស់។

    – បង្កក​អំប្រ៊ីយ៉ុង៖ វិធី​នេះ​ជា​វិធី​ដែល​ជោគ​ជ័យ​បំផុត ដើម្បី​រក្សា​ការ​បង្ក​កំណើត​ឲ្យ​ស្ត្រី​។ វិធី​នេះ​ គឺ​មេ​ជីវិត​ញី នឹង​ត្រូវ​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ឈ្មោល​ក្នុង​មន្ទីរ​ពិសោធន៍ បន្ទាប់​មក​យក​ទៅ​បង្កក រហូត​ដល់​ស្ត្រី​អាច​ត្រៀម​លក្ខណៈ​ពពោះ​បាន។ ពេល​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ គឺ​មាន​ន័យ​ថា​ឱកាស​បង្ក​កំណើត ឬ​ឱកាស​មាន​កូន​នឹង​ថយ​ចុះ​ខ្លាំង​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​អ្នក​ចង់​មាន​កូន​ក្រោយ​ព្យាបាល​រួច អ្នក​ត្រូវ​ដឹង​ពី​ជម្រើស​ដែល​អ្នក​មាន ហើយ​ត្រូវ​គិត​ពី​ជម្រើស​ទាំង​នោះ​ឲ្យ​បាន​ដិត​ដល់​ដោយ​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​លើ​បញ្ហា​នេះ។

    – វិធី​មួយ​ទៀត គឺ​សុំ​យក​កូន​អ្នក​ដទៃ​មក​ចិញ្ចឹម។ បើ​សិន​អ្នក​ជ្រើស​យក​វិធី​នេះ អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​ក្មេង​ឲ្យ​បាន​ច្រើន និង​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​មុន​នឹង​យក​កូនគេ​មក​ចិញ្ចឹម។ ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​ភ្នាក់​ងារ​ខ្លះ និង​ប្រទេស​មួយ​ចំនួន​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ដែល​នៅ​រស់​ផុត​ពី​ជំងឺ​មហារីក​ត្រូវ​ចំណាយ​ពេល​មួយ​ចំនួន ទើប​អាច​ឲ្យ​យក​ក្មេង​ទៅ​ចិញ្ចឹម​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Oct 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម