ទង្វើបែបនេះត្រូវបានចាស់ៗហាមប្រាមមិនឲ្យធ្វើឡើយ ព្រោះពួកគាត់មានជំនឿថា កូនកើតមកមិនផុតទ្វារមាស។ បើតាមការឲ្យដឹងពីគ្រូពេទ្យ ការអង្គុយនៅមាត់ទ្វារ មិនមែនធ្វើឲ្យកូនកើតមិនផុតឡើយ តែមាត់ទ្វារផ្ទះ ជាកន្លែងខ្ពស់មិនល្អចំពោះស្រីៗមានផ្ទៃពោះ ព្រោះបើមានបញ្ហាងងឹតមុខ នឹងធ្លាក់ចុះមកក្រោមបាន។
៤- មើលរូបស្អាតៗ ដើម្បីឲ្យកូនកើតមកស្អាត និងចៀសវាងរឿងដ៏គួរឲ្យខ្លាច
ពីមុនចាស់ៗតែងតែឲ្យអ្នករៀបការរួចថ្មីថ្មោងបិទរូបតួសម្ដែងស្អាតៗគ្រប់ជាតិសាសន៍ ដើម្បីពេលមានកូនធ្វើឲ្យកូនស្អាតដូច។ ប្រសិនបើមើលរឿងចាស់ៗតែងហាមមិនឲ្យមើលរឿងខ្មោច ឬរឿងរន្ធត់ណាមួយឡើយ ព្រោះខ្លាចកូនកើតទៅរកមនុស្សក្នុងរឿងទាំងនោះ។ សម្រាប់ក្រុមអ្នកស្រាវជ្រាវវិញ បានពន្យល់ថា មើលរូបស្អាតៗធ្វើឲ្យស្រីៗមានអារម្មណ៍ល្អ ឯការមើលរឿងគួរឲ្យខ្លាច ឬរន្ធត់អាចធ្វើឲ្យម៉ាក់ៗមានភាពតានតឹងច្រើន ហើយភាពតានតឹងនោះអាចនាំឲ្យមានលំហូរឈាមខុសប្រក្រតី។