អាការៈចង្អោរ និងក្អួត ដែលយើងតែងហៅថា ចាញ់កូននោះ បណ្តាលមកពីការប្រែប្រួល និងផ្លាស់ប្តូរកម្រិតអ័រម៉ូនក្នុងរាងកាយ ហើយអាចកើតឡើងគ្រប់ពេល ទាំងពេលព្រឹក រសៀល ឬល្ងាច ប៉ុន្តែវាច្រើនកើតមានធ្ងន់ធ្ងរនៅពេលព្រឹក ហើយធូរស្រាលវិញនៅពេលថ្ងៃ។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។
អាការៈចាញ់កូនធម្មតាមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ ហើយក៏មិនមែនមានន័យ ការពពោះរបស់យើងមានបញ្ហានោះដែរ បើប៉ះពាល់លុះណាតែស្ត្រីមានផ្ទៃពោះនោះចាញ់កូនខ្លាំងមែនទែន ញ៉ាំអ្វីមិនបានសោះ ដាក់ចូលទៅក្អួតមកវិញទាំងអស់ បណ្តាលឲ្យរាងកាយខ្វះជាតិទឹកធ្ងន់ធ្ងរ និងសារធាតុចិញ្ចឹម ទាំងម្តាយ ទាំងកូនក្នុងផ្ទៃ។