backup og meta

ក្រៅពីហានិភ័យ ស្រីៗអាយុច្រើនទើប​យក​កូន ក៏មាន​គុណសម្បត្តិដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 14, 2021

    ក្រៅពីហានិភ័យ ស្រីៗអាយុច្រើនទើប​យក​កូន ក៏មាន​គុណសម្បត្តិដែរ

    ការ​មាន​កូន​​ដំបូង​នៅ​អាយុ​ច្រើន​ គឺ​ពិត​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​មួយ​ចំពោះ​ស្រីៗ​យើង​។​ ជាក់ស្ដែង​ ចំនួន​ស៊ុត​នឹង​ត្រូវ​ថយ​ចុះ​​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ច្រើន​​ ហើយ​ការ​មាន​កូន​នៅ​អាយុ​លើស​ពី​៣៥​ឆ្នាំ​ នឹង​បង្ក​ជា​​ហានិភ័យ​សុខភាព​មួយ​ចំនួន​ ដូចជា​​​​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ទឹក​នោម​ផ្អែម​ចំពោះ​ម៉ាក់​ៗ​​​ ​និង​ជំងឺ ​Down Syndrome ដែល​កើត​ឡើង​លើ​កូន​។​ ​យ៉ាង​ណា​មិញ​ យោង​តាម​ការ​សិក្សា​​​មួយ​ចំនួន​បាន​បង្ហាញ​លទ្ធផល​​គួរ​ឲ្យ​ភ្ញាក់ផ្អើលថា​ ​ការ​មាន​កូន​នៅ​វ័យ​ចំណាស់​ ក៏​​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​ម៉ាក់ៗ​និង​កូន​ផង​ដែរ​។

    . ​បង្កើន​ថាមពល​ខួរ​ក្បាល

    ​​ម៉ាក់​ៗ​ដែល​មាន​កូន​នៅ​អាយុ​ច្រើន​ ​មិន​សូវ​ជួប​ប្រទះ​នឹង​បញ្ហា​ស្រ្តេស​នោះ​ទេ​ ហើយ​ថែម​ទាំង​មាន​​​ចំណេះដឹង​ច្រើន​ ​ក៏​ដូចជា​មាន​ចិត្ត​គំនិត​ជ្រៅជ្រះ​ផង​ដែរ​។​ ​ដូច​គ្នា​ដែរ​​ ចំពោះ​ស្រីៗ​ដែល​មាន​កូន​ដំបូង​​ក្រោយ​​អាយុ​២៤​ឆ្នាំ​ ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​បាន​ល្អ​ជាង​ស្រីៗ​ដែល​មាន​កូន​ដំបូង​មុន​អាយុ​២៤​ឆ្នាំ​ទៅ​ទៀត​​។​​​​​​​​

    . ​កូន​មាន​ហានិភ័យ​រង​របួស​ទាប

    ពិត​ណាស់​ ​មិន​ថា​ម៉ាក់​ៗ​ស្ថិត​ក្នុង​វ័យ​ណា​នោះ​ទេ​ តែងតែ​ព្យាយាម​ការពារ​កូន​ឲ្យ​អស់​ពី​សមត្ថភាព​។​ ប៉ុន្តែ​ តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ហានិភ័យ​​របស់​កូន​​ដែល​​រង​របួស​ដោយ​អចេតនា​​​ និង​ត្រូវ​ការ​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មាន​ការ​ថយ​ចុះ​ នៅ​ពេល​ដែល​ម៉ាក់​ៗ​មាន​វ័យ​កាន់​តែ​ច្រើន​។

    ​​​​​​​. ត្រៀម​ចិត្ត​បាន​ល្អ

    ភាព​ចាស់​ទុំ​ ​ធ្វើ​ឲ្យ​ម៉ាក់​ៗ​​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​។​ ជា​ពិសេស​ ​ម៉ាក់ៗ​​មិន​សូវ​ស្ដី​បន្ទោស​ ឬ​វាយ​ដំ​កូន​ៗ​ឡើយ​។​ ដូច្នេះ​ហើយ​ កូនៗ​ដែល​មាន​ម៉ាក់​អាយុ​ច្រើន​ តែងតែ​​មាន​អាកប្បកិរិយា​ និង​ទំនាក់ទំនង​ល្អ​​ក្នុង​សង្គម​ ក៏​ដូចជា​មាន​សុខភាព​ផ្លូវ​ចិត្ត​​ល្អ​ប្រសើរ​ជាង​កូន​ដែល​មាន​អ្នក​ម៉ាក់​វ័យ​ក្មេង​​។​

    អាយុច្រើន២

    . កូន​យល់​ដឹង​​ផ្នែក​បច្ចេកវិទ្យា​​ និង​មាន​ចំណេះដឹង​ខ្ពស់

    ​​​នៅ​ពេល​ដែល​ម៉ាក់​ៗ​ពន្យារ​ពេល​ក្នុង​ការ​មាន​កូន​កាន់​តែ​យូរ​នោះ​ កូន​​ដែល​កើត​មក​នឹង​​មាន​ការ​យល់​ដឹង​អំពី​បច្ចេកវិទ្យា​កាន់​តែ​​ជឿនលឿន​។​ ជាមួយ​គ្នា​នេះ​ដែរ​ កូន​ៗ​ដែល​មាន​ប៉ា​ម៉ាក់​អាយុ​ច្រើន​ តែង​តែ​ទទួល​បាន​ការអភិវឌ្ឍ​ផ្នែក​អប់រំ​ បច្ចេកវិទ្យា​ និង​​សង្គម​បាន​យ៉ាង​ល្អ​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​សម្គាល់​ឃើញ​ថា​ ក្មេង​ៗ​ដែល​មាន​ប៉ា​ម៉ាក់​​វ័យ​ចំណាស់​ ច្រើន​តែ​មាន​សុខភាព​ល្អ​ និង​មាន​ការ​អប់រំ​ខ្ពស់​។

    ​​​. មាន​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ

    ​​ជាទូទៅ​ ​ចំពោះ​ម៉ាក់ៗ​អាយុ​ច្រើន ​អាច​បញ្ចប់​ការ​សិក្សា​ថ្នាក់​ខ្ពស់​ ព្រម​ទាំង​​មាន​ឱកាស​អភិវឌ្ឍ​ការងារ​​ប្រកប​ដោយ​សមត្ថភាព​​​ផង​ដែរ​។​ ដូចនេះ​ ម៉ាក់ៗ​ច្រើន​តែ​​មាន​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​ម៉ាក់ៗ​​ដែល​មាន​កូន​មុន​ពេល​បង្កើត​អាជីព​ផ្ទាល់​ខ្លួន​​។

    ​​​. ​អាយុវែង

    មនុស្ស​មួយ​ចំនួន​តែង​​គិត​ថា​ ​ការ​​​មាន​កូន​នៅ​អាយុ​ច្រើន​ នឹង​ធ្វើ​ឲ្យ​យើង​ពុំ​មាន​ថាមពល​​គ្រប់គ្រាន់​ក្នុង​ការ​មើល​ថែ​កូន​ ព្រម​ទាំង​មិន​អាច​ចូលរួម​នៅ​ក្នុង​កម្មវិធី​សំខាន់​ៗ​របស់​ពួកគេ​ ដូចជា​មង្គល​ការ​ ឬ​ចាំ​រហូត​ដល់​ពួក​គេ​មាន​កូន​​បាន​ឡើយ​។​ ប៉ុន្តែ​ អ្វី​ដែល​យើង​គិត​ទាំង​អស់​នោះ​ គឺ​មិន​ត្រឹមត្រូវ​​ឡើយ​។ ​ជាក់ស្ដែង​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​មនុស្ស​ស្រី​ដែល​មាន​កូន​ក្រោយ​អាយុ​៣៣​ឆ្នាំ​ អាច​មាន​ឱកាស​រស់​បាន​យូរ​​រហូត​ដល់​ទៅ​អាយុ​៩៥​ឆ្នាំ​ បើ​ប្រៀបធៀប​ទៅ​នឹង​ម៉ាក់ៗ​ដែល​មាន​កូន​ពៅ​​នៅ​អាយុ​៣០ឆ្នាំ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម