ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ដល់ថ្ងៃកំណត់សម្រាលកូន តែនៅមិនទាន់ឈឺពោះទៀត ស្រីៗយើងខ្លះប្រាកដជាមានអារម្មណ៍បារម្ភហើយ។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីបច្ចេកទេសយើងអាចអនុវត្តបាន ដើម្បីជួយឲ្យឆាប់ឈឺពោះសម្រាលកូន នៅពេលគ្រប់ខែ។
១- វិធីសាស្ត្រនិយមធ្វើតៗគ្នា តែគ្មានមូលដ្ឋានច្បាស់លាស់
ចាស់ៗ ឬគ្នាយើងមានបទពិសោធខ្លះណែនាំថា ចង់ឲ្យកូនឆាប់កើត គួរឧស្សាហ៍បង្អត់អាហារ ហាត់ប្រាណ ប្រើថ្នាំបញ្ចុះ ផឹកថ្នាំបុរាណ ញុាំហឹរ ឬផឹកប្រេងគ្រាប់ល្ហុងខ្វង។ ចាស់ៗតែងនិយាយតគ្នាពីប្រេងល្ហុងខ្វង ព្រោះវាអាចជួយភ្ញោច និងកន្ត្រាក់សាច់ដុំផ្នែកខាងក្រោមឲ្យឆាប់សម្រាល។ យ៉ាងណាក៏ដោយ បើប្រើវិធីនេះ ពេលកូននៅមិនទាន់ដល់ពេលកើត ម៉ាក់ៗនឹងរាករូសមិនខាន។
ត្រូវចាំថា ការនិយមធ្វើតាមគ្នាដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនប្រាកដថាមានប្រសិទ្ធភាពទេ ពេលខ្លះវិធីទាំងនោះអាចប៉ះពាល់សុខភាពម៉ាក់់ និងកូន ដូចជា ការបង្អត់អាហារ ជាដើម។
អត្ថបទពាក់ព័ន្ធ៖
២- វិធីសាស្ត្របែបវិទ្យាសាស្ត្រ
ក្រៅពីទម្លាប់ធ្វើតគ្នា វិទ្យាសាស្ត្រក៏មានការណែនាំឲ្យស្រីៗ បញ្ចេញកាយវិការដើម្បីគ្រប់គ្រងអាការៈឈឺចាប់ និងឆាប់សម្រាលដូចជា ដូចជា៖
– ដើរឲ្យបានច្រើន៖ អាចជំរុញទារកឲ្យបង្វិលក្បាលចូលក្នុងអាងត្រគាក ដោយសារទម្ងន់ និងចលនានៅផ្នែកត្រគាកម៉ាក់ៗ។ សម្ពាធ ឬទម្ងន់ទារកដែលសង្កត់អាងត្រគាក អាចរំញោចស្បូនម៉ាក់ៗបាន។
– រួមភេទ៖ រួមភេទពេលទារកជិតកើត ជាវិធីសាស្ត្រដែលយើងនឹកមិនដល់ ប៉ុន្តែគួរសាកល្បង ព្រោះពេលដល់ចំណុចកំពូល នឹងមានបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន (Oxytocin) ដែលជាអ័រម៉ូនបង្កើនការកន្ត្រាក់ស្បូន។
– រំញោចចុងសុដន់៖ ប៉ះ ឬច្របាច់ចុងសុដន់ ជួយឲ្យរាងកាយផលិតអ័រម៉ូនអុកស៊ីតូស៊ីន ដើម្បីឲ្យស្បូនកន្រ្តាក់។
– ម៉ាស្សា៖ អាចជួយបង្កើនកម្រិតអ័រម៉ូនអុកស៊ីតូស៊ីន និងជួយរំញោចកន្ត្រាក់ស្បូនកាន់តែខ្លាំង។ បើយើងមិនចូលចិត្តម៉ាស្សា អាចសមាធិ ឬឲ្យប្ដីបោសអង្អែល (បែបស្រើបស្រាល) ក៏អាចជួយបន្ថយភាពតានតឹង និងបង្កើនកម្រិតអ័រម៉ូនអុកស៊ីតូស៊ីនបានដែរ។
វិធីសាស្ត្របានលើកឡើង យោងតាមវិទ្យាសាស្ត្រពិតមែន តែមិនមានន័យថា ពេទ្យណែនាំឲ្យសាកល្បងប្រើវិធីទាំងនេះដែរ គឺផ្អែកលើស្ថានភាពរបស់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕