backup og meta

ក្លាយជាម៉ាក់ថ្មីថ្មោង មកដឹងពីរឿងគួរ និងមិនគួរធ្វើក្រោយសម្រាលកូនរួច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 09, 2020

    ក្លាយជាម៉ាក់ថ្មីថ្មោង មកដឹងពីរឿងគួរ និងមិនគួរធ្វើក្រោយសម្រាលកូនរួច

    ក្រោយសម្រាលអាអូនរួច ម៉ាក់ៗច្រើនតែមានបញ្ហាសុខភាព ដោយសារតមនេះតមនោះ ហើយត្រូវមើលថែទាំកូនទាំងយប់ថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ទៀត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន សុខ នឹងណែនាំរឿងដែលស្ត្រីក្រោយសម្រាលគួរធ្វើ និងមិនគួរធ្វើ ដើម្បីចៀសវាងមានបញ្ហាដល់សុខភាព។

    ប្រការគួរធ្វើ៖

    – ញ៉ាំអាហារឲ្យគ្រប់គ្រាន់ និងទឹកឲ្យបានច្រើន៖ ក្រោយសម្រាលរួចពេទ្យតម្រូវឲ្យម៉ាក់ៗញ៉ាំអាហារ សម្បូរជីវភាពឲ្យច្រើន ចម្រុះមុខ ដើម្បីប៉ូវសុខភាពឲ្យឆាប់មានកម្លាំង និងសម្បូរទឹកដោះឲ្យម៉ឹម។ក្នុងនោះម៉ាក់ៗក៏អាចញ៉ាំម្សៅទឹកដោះគោសម្រាប់ម្តាយបំបៅដោះ និងទឹកឲ្យបានច្រើនរឹតតែល្អចំពោះសុខភាពខ្លួនឯង និងជួយដល់ការផលិតបរិមាណទឹកដោះបានច្រើន។

    – លេបថ្នាំជាតិដែក៖ ពេលសម្រាលកូនរួចស្ត្រីបាត់បង់ឈាមច្រើន តាមការណែនាំរបស់ក្រសួងសុខាភិបាល តម្រូវឲ្យស្រ្តីញ៉ាំថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីបំពេញគ្រាប់ឈាមក្រហមឲ្យបានច្រើន បំបាត់ភាពស្លេកស្លាំង។

    – សម្រាកឲ្យបានគ្រប់គ្រាន់៖ កាលណាគេងមិនបាន ញ៉ាំក៏បានតិច ធ្វើឲ្យស្ត្រីងាយមានបញ្ហាសុខភាព ដែលចាស់ៗចំណាំហៅថា ទាស់។ ដូច្នេះស្ត្រីក្រោយសម្រាលត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន ដោយពេលកូនគេង យើងត្រូវឆ្លៀតគេងដែរ មិនថាតិច ឬច្រើននោះទេ ព្រោះកូនតូច គេងញឹក ហើយក៏ភ្ញាក់ញឹកដែរ យើងត្រូវមើលថែ គ្មានពេលបានគេងយូរទេ។

    – ងូតទឹក កក់សក់ធម្មតា៖ តាមទម្លាប់ចាស់ៗ សម្រាលកូនរួចមិនឲ្យម៉ាក់ៗងូតទឹក ឬកក់សោះនោះទេ ត្រូវរង់ចាំដល់ ១អាទិត្យ ឬកន្លះខែឯណោះ។ តាមក្បូនពេទ្យវិញ ក្រោយសម្រាលរួចមួយថ្ងៃ ស្ត្រីអាចងូតទឹក កក់សក់បានហើយ បើទុកយូរស្អុះស្អាប់ ងាយនឹងឆ្លងរោគ ឯអារម្មណ៍ក៏មិនស្រស់ស្រាយដែរ។

    – ដើរឲ្យបានច្រើន៖ ពេលសម្រាលរួច ឲ្យតែមានកម្លាំង អាចងើបដើរបាន គ្រូពេទ្យនឹងឲ្យម៉ាក់ៗដើរចុះដើរឡើងឲ្យបានច្រើន ដើម្បីឲ្យសរសៃដំណើរល្អ ឯឈាមក៏ឆាប់ធ្លាក់អស់។

    ប្រការគួរចៀសវាង៖

    – អាហារក្រៀមក្រោះ-ហឹរ៖ អាហារប្រភេទនេះមិនមានជីវជាតិគ្រប់គ្រាន់សម្រាប់ម៉ាក់ៗនោះទេ ថែមទាំងធ្វើឲ្យអត់ទឹកដោះឲ្យកូនម៉ឹមទៀត។ ជំនួសឲ្យអាហារទាំងនោះ ស្រ្តីក្រោយសម្រាលត្រូវញ៉ាំអាហារចម្រុះមុខ មានទាំងបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត។

    – បន្លែ ឬសាច់ឆៅ៖ បន្លែ និងសាច់ឆៅ មិនមានសុវត្ថិភាពចំពោះសុខភាពយើង និងកូននោះទេ អាចនឹងឆ្លងពពួកប៉ារ៉ាស៊ីត ងាយនឹងរាករូស។

    – ស្រា ឬស្រាថ្នាំ៖ ចាស់ៗជឿថាញ៉ាំថ្នាំខ្មែរ ស្រា ឬស្រាថ្នាំ ដែលផ្សំពីរុក្ខជាតិ ឫសរុក្ខជាតិ សត្វព្រៃផ្សេងៗ ក្រោយសម្រាលកូន ជួយឲ្យស្ត្រីឆាប់រឹងសរសៃខ្ចី និងបំបាត់អាការៈទាស់សរសៃ ដូចជាស្ពឹកដៃជើង ចុករួយចង្កេះខ្នង ស្រវាំងភ្នែក ព្រឺរងា។ តែការពិតញ៉ាំស្រា មិនអាចបំបាត់អាការៈទាំងប៉ុន្មានខាងលើនោះទេ តែវាធ្វើឲ្យប៉ះពាល់ទាំងសុខភាពភាពម្តាយ និងកូនធ្ងន់ធ្ងរ ប្រសិនបើម៉ាក់ៗបំបៅកូនដោយទឹកដោះ។

    – អាំងភ្លើង ឬស្អំថ្មក្តៅលើពោះ៖ ស្ត្រីនៅជនបទមួយចំនួននៅបន្តទម្លាប់អាំងភ្លើង ដើម្បីឲ្យឆាប់រឹងសរសៃខ្ចី ឯការស្អំថ្មក្តៅលើពោះវិញដើម្បីឲ្យឆាប់ស្រកក្បាលពោះ ដែលទម្លាប់ទាំងនេះគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រី។

    ក្រោយសម្រាលរួចរយៈ១ខែកន្លះ គ្រូពេទ្យនឹងណាត់ឲ្យស្ត្រីទៅជួបទៅដើម្បីសុខភាព ពិសេសស្បូន តើត្រលប់មកធម្មតាវិញនៅ? បើសិនជាមិនមានបញ្ហាអ្វីចោទនោះទេ ស្ត្រី និងដៃគូអាចរស់នៅជាមួយបានធម្មតាវិញហើយ ប៉ុន្តែក្នុងនោះគ្រូពេទ្យនឹងណែនាំពីវិធីពន្យារកំណើតមួយ ចំនួនដល់ស្ត្រី ដើម្បីបង្ការការមានផ្ទៃពោះកូនបន្ទាប់ដោយចៃដន្យ ឬលឿនពេក ទុកឱកាសឲ្យសុខភាពរឹងមាំ មានពេលវេលាគ្រាប់គ្រាន់មើលថែទាំកូន ធ្វើការងារ ១ ឬ២ឆ្នាំសិនដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម