វិធីសម្រាលកូនដោយវះកាត់មិនមែនជាជម្រើសទី១ និងល្អបំផុតសម្រាប់ស្ត្រីឡើយ ព្រោះបើមានសុខភាពធម្មតា ការសម្រាលតាមធម្មជាតិមានផលល្អទាំងម៉ាក់ និងកូន។
វិធីសម្រាលកូនដោយវះកាត់មិនមែនជាជម្រើសទី១ និងល្អបំផុតសម្រាប់ស្ត្រីឡើយ ព្រោះបើមានសុខភាពធម្មតា ការសម្រាលតាមធម្មជាតិមានផលល្អទាំងម៉ាក់ និងកូន។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ការសម្រាលកូនដោយវះកាត់ទាល់តែកូនទម្រង់បញ្ច្រាស សុករុំកច្រើនជុំ ឬម៉ាក់ៗមានសុខភាពខ្សោយ បម្រុងក្រឡាភ្លើង មានជំងឺបេះដូង សួត កាមរោគ និងអេដស៍ ជាដើម។ ប៉ុន្តែបើកូនក៏សុខភាពល្អ យើងក៏ដូចគ្នា ហើយជ្រើសវិធីសម្រាលទៀត ការឈឺចាប់មានច្រើនយ៉ាងណាស់។
ពេលវះកាត់ត្បិតមិនឈឺចាប់មែន តែក្រោយសម្រាលរួច និងអស់ជាតិថ្នាំស្ពឹក ២៤ ម៉ោងក្រោយម៉ាក់ៗនឹងដឹងពីអាការៈឈឺចាប់ក្នុងនោះមុខរបួស ហើយពិបាកសូម្បីតែកម្រើកខ្លួន។
ក្រោយសម្រាលក្រៅពីឈឺថ្នេរមុខរបួសហើយនោះ នៅមានការអាការៈឈឺចាប់ស្បូន ដែលអាចនៅបន្តរាប់ថ្ងៃទម្រាំតែបាត់វិញ។ អាការៈឈឺចាប់ស្បូននេះ គឺបណ្ដាលមកពីស្បូនមិនសូវរីក ឬយឺត ពេលសម្រាល ហើយសម្រាប់អ្នកវះកាត់ រឹតតែជួបប្រទះបញ្ហានេះច្រើនទៅទៀត។
សម្រាលតាមធម្មជាតិក៏ជួបអាការៈនេះដែរ តែសម្រាប់អ្នកវះកាត់ផលឈឺថ្នេរ ឈឺស្បូន ហើយដោះឡើងឡើងតឹងខ្លាំងទៀត ពិតជាឈឺរហូតស្រក់ទឹក្នែក បូករួមកូនបៅមិនសូវចេញទៀតនោះ ព្រមទាំងទឹកដោះចាល់ច្រើន បណ្ដាលឲ្យម៉ាក់ៗមានអាការៈក្ដៅខ្លួនតែម្ដង។ មិនតែប៉ុណ្ណោះនៅមានផលរំខាននៃថ្នាំសណ្ដំដែលធ្វើឲ្យឈឺក្បាល ឈឺខ្នង ឈឺចង្កេះ។
ដូចនេះប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែតរូបនោះថា ការសម្រាលដោយធម្មជាតិពិតជាល្អ ព្រោះប៉ុន្មានម៉ោងក្រោយ ឬយ៉ាងយូរ១ថ្ងៃ យើងដើរ និងធ្វើសកម្មភាពបាន។ សាស្ត្រាចារ្យផ្នែកសម្ភព រោគស្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ បានបន្តទៀតថា ក្រោយសម្រាលហើយម៉ាក់ៗនៅជួបបញ្ហាជាច្រើនទៀតដូចជា៖
– មានសម្លាកលើកោសិកាស្បូន និងសរីរាង្គនៅក្បែរ
– បង្កជារបួសនៅប្លោកនោម និងពោះវៀន។ ប្លោកនោមដែលមានបញ្ហា លេចចេញឡើងនៅពេលវះកាត់សម្រាលកូនបន្តបន្ទាប់ទៀត។ ដែលហានិភ័យនោះ ជាលទ្ធផលដែលបានមកពីការភ្ជាប់គ្នានៃប្លោកនោម និងស្បូនបន្ទាប់ពីធ្វើការវះកាត់រួច ហើយ ការបិតភ្ជាប់គ្នានោះក៏អាចបង្កឲ្យមានបញ្ហាស្ទះពោះវៀនផងដែរ។
– ការហូរឈាមធ្ងន់ធ្ងរ។
– មានបញ្ហាលើសុក អាចជាសុកចាក់ជ្រៅ ក្នុងស្រទាប់ស្បូន និងសុកស្ថិតនៅផ្នែកក្រោមខុសធម្មតានៃស្បូន។
លោកបានបន្ថែមទៀតថា ការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រសម្រាលណាមួយ បន្ទាប់ពីធ្លាប់ធ្វើការវះកាត់រួចមកហើយនោះអាចជារឿងស្មុគស្មាញ ដូចនេះកូនទី១ ប្រក្រតីទាំងអស់ គួរតែសម្រាលតាមធម្មជាតិ ចៀសវាងកូនក្រោយៗត្រូវជួបហានិភ័យវះកាត់។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕