backup og meta

ក្រែងមិនធ្លាប់ដឹង! ​​បំបាត់​ការ​ឈឺចាប់​ពេល​ឈឺ​ពោះ​ឆ្លងទន្លេ មាន២វិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 13, 2022

    ក្រែងមិនធ្លាប់ដឹង! ​​បំបាត់​ការ​ឈឺចាប់​ពេល​ឈឺ​ពោះ​ឆ្លងទន្លេ មាន២វិធីនេះ

    អារម្មណ៍​នេះ​ស្រីៗគ្នា​យើង​ទើប​ដឹង​ច្បាស់ ពិសេស​អ្នក​ធ្លាប់​ឆ្លងកាត់ គ្រាន់តែ​គិត​ក៏​ឈឺមុន​ដែរ ទម្រាំ​ដល់​ថ្ងៃឆ្លងទន្លេ​មែន​ទែន មិន​ដឹង​ឈឺចាប់​ប៉ុនណា​ទេ។ គ្នា​យើង​មិន​ទាន់​ឆ្លងកាត់ គួរ​ស្វែង​យល់ និង​ត្រៀម​ខ្លួន​ជា​ស្រេច មិន​ថា​តែម៉ាក់​ទេ ប៉ាៗ​ក៏​ត្រូវ​ត្រៀម​ខ្លួន​ដូច​គ្នា ដើម្បី​ជួយ​ជា​កម្លាំង​ចិត្ត​ប្រពន្ធ​ជាទី​ស្រលាញ់។

    “Hello គ្រូពេទ្យ” មាន​អត្ថបទ​ពិសេស​មួយ​ណែនាំ​ស្រី​គ្នា​យើង​ពី​វិធី​បំបាត់​ឈឺចាប់ ពេល​សម្រាល ទោះ​មិន​បាត់ ១០០% ក៏​អាចជួយ​បាន​ខ្លះ​ដែរ។

    ១- គ្រប់គ្រងការឈឺចាប់ដោយប្រើថ្នាំ

    – Morphine៖ ជា​ថ្នាំបំបាត់​ការ​ឈឺចាប់​ប្រភេទ​ញៀន ប៉ះពាល់​ផ្ទាល់​ទៅ​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ជាទូទៅ ត្រូវ​ចាក់​ចូល​សាច់​ដុំភ្លៅ ឬ​សាច់ដុំ​ត្រគាក នៅ​ដំណាក់​កាល​ដំបូង​ពេល​ឈឺ​ពោះ​សម្រាល ឬ​ក៏អាច​លេប​ក៏បាន។ មួយទៀត គ្នា​យើង​អាច​ប្រើថ្នាំ Fentanyl ជំនួស​បាន ព្រោះ​វាជា​ថ្នាំបំបាត់​ការឈឺចាប់​ប្រភេទ​ញៀន​បែប​សិប្បនិម្មិត មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ថ្នាំ Morphine ពី ៥០-១០០ ដងឯណោះ។

    ទោះ​ថ្នាំ Morphine និង Fentanyl មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ផលិតផល​ផ្សេង​ទៀត តែ​ផល​ប៉ះពាល់​ចម្បង គឺ​សួត​ក្មេង។ ម៉ាក់ៗ​អាច​បញ្ចេញ​ចោល​សារធាតុ​ញៀន​តាមរយៈ​ទឹកដោះ​ដំបូង។ ប្រសិទ្ធភាព​ថ្នាំ Morphine ជួន​កាល​អាច​មាន​រយៈពេល​ដល់​ទៅ ៤ ម៉ោង។

    – Diamorphine៖ ឬ​ហៅថា ហេរ៉ូអ៊ីន ជា​ថ្នាំបំបាត់​ការ​ឈឺចាប់​ប្រភេទ​ពាក់​កណ្ដាល​យោគ។ មួយ​ផ្នែក​ចម្រាញ់​ចេញ​ពី​ដើម​អាភៀន​ប៉ុបពី។ ក្នុង​ប្រទេស​មួយ​ចំនួន ជាក់ស្តែង​ចក្រភព​អង់គ្លេស ថ្នាំ Diamorphine មាន​តម្រូវ​ការ​ច្រើន​ជាង​ថ្នាំ Morphine ព្រោះវា​តម្រូវ​ឲ្យ​យើង​ប្រើប្រាស់​ពាក់​កណ្ដាល​ប៉ុណ្ណោះ និង​ប្រសិទ្ធភាព​ដូចគ្នា។ ថ្នាំនេះ​ត្រូវ​បាន​បញ្ជាក់​ថា មាន​ផល​ប៉ះពាល់​តិច ដូចជា ការ​ទល់​លាមក​បន្ដិច​បន្តួច មាន​រមាស់ ដោយសារ​អ័រម៉ូន Histamine និង​ចង្អោរ

    ដូចគ្នា​ដែរ ថ្នាំ​ទាំងពីរ​ប្រភេទ​សុទ្ធ​តែ​បង្ក​ផល​វិបាក​ចំពោះ​ប្រព័ន្ធ​ដក​ដង្ហើម​ក្មេង ធ្វើឲ្យ​ឈឺពោះ​យូរ ព្រោះវា​ទៅ​បង្អាក់​ការ​បញ្ចេញ​អ័រម៉ូន Oxytocin។

    គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

    គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

    – Epidural៖ ជា​ថ្នាំ​ស្ពឹក ភាគច្រើន​ប្រើ​សម្រាប់​ការ​ឈឺ​ពោះ​សម្រាល ព្រោះ​មាន​ប្រសិទ្ធភាព​លឿន និង​យូរ។ តាម​ការ​ស្រាវជ្រាវ គ្នា​យើង​ត្រឹម ១% ប៉ុណ្ណោះ​ដែល​ប្រើ​ថ្នាំ Epidural ត្រូវការ​បន្ថែម​កម្រិត​ទៀត ពេល​ឈឺ​ពោះ ខណៈ​ស្រីៗ​ជ្រើសរើស​ទម្រង់​ផ្សេង​ទៀត​ដើម្បី​បំបាត់​ការ​ឈឺចាប់ គឺ​មាន ២៨%។ យ៉ាង​ណា ផល​ប៉ះពាល់​ធ្វើឲ្យ​មាន​ការ​ឈឺពោះ​រយៈពេល​យូរ និង​ប្រឈម​នឹង​ការសម្រាល​កូន​តាម​ការវះកាត់។

    ត្រូវ​ប្រើផ្សំ​ជាមួយ​ថ្នាំប្រភេទ​ញៀន ដូចជា Fentanyl ឬ Morphine។ អ្វីសំខាន់​បំផុត ត្រូវ​ដឹង​ថា ម៉ាក់ៗ​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំស្ពឹក ឬ​មាន​បញ្ហា​កំណកឈាម គឺ​មិន​អាច​ប្រើ Epidural នេះ​បាន​ទេ។

    – Entonox៖ ជាថ្នាំ​បំបាត់​ការ​ឈឺចាប់​រយៈ​ពេលខ្លី ត្រូវ​គេ​ប្រើ​ជា​សកល​ក្នុង​ស្ថានភាព​ជំងឺ​ជាច្រើន រាប់​បញ្ចូល​ទាំង​សម្រាល​កូន។ វាជា​ផលិតផល​ភ្ជាប់​មក​ជាមួយ​ម៉ាស់​សម្រាប់​ប្រើ​តែ​ម្ដង ផ្ទុក​ទៅ​ដោយ​សារធាតុ​នីត្រូសែន និង​អុកស៊ីសែន។ អំឡុង​ពេល នីត្រូសែន កាត់​បន្ថយ​អារម្មណ៍​ឈឺចាប់ អុកស៊ីសែន​នៅ​សេសសល់ ជួយ​យើង​មិន​ឲ្យ​បាត់​ស្មារតី​សន្លប់។ ថ្នាំ Entonox ពេញ​និយម ដោយសារ​តែ​សុវត្ថិភាព ការ​ផ្សព្វផ្សាយ និង​ប្រសិទ្ធភាព​បាន​លឿន រយៈពេល​ពី ២-៤ ម៉ោង រីឯ​ផល​ប៉ះពាល់ បើសិន​ប្រើ​រយៈពេលយូរ​ អាច​បណ្ដាល​ឲ្យ​វិលមុខ និង​ស្ងួតក។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

    – Pethidine៖ គឺ​ស្រដៀង​ទៅ​នឹង Morphine ជា​ថ្នាំ​បំបាត់ការ​ឈឺចាប់​ប្រភេទ​ញៀន​បែប​សំយោគ ច្រើន​ប្រើ​លើការ​ឈឺចាប់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ជា​ប្រភេទ​ថ្នាំគ្រាប់ និង​ទឹកស៊ីរ៉ូ ចាក់​ចូល​សរសៃវ៉ែន ឬ​សាច់ដុំ។ នៅពេល​ឈឺពោះ​កើតកូន ជា​ធម្មតា ពេទ្យ​នឹងចាក់​ទៅក្នុង​សាច់ដុំ​ភ្លៅ ឬ​ត្រគាក​ស្រីៗគ្នា​យើង។

    វាជាប្រភេទថ្នាំញៀនមានសុវត្ថិភាព និងមានផលប៉ះពាល់តិចតួចបំផុត ជាហេតុពេទ្យឆ្មបអាចឲ្យថ្នាំ Pethidine ដោយមិនបាច់មានការអនុញ្ញាតពីវេជ្ជបណ្ឌិត។ យ៉ាងណា ប្រសិទ្ធភាពថ្នាំ Pethidine វាហាក់នៅមានកម្រិតទាប និងរយៈពេលខ្លី បើធៀបនឹងថ្នាំប្រភេទផ្សេងទៀត។ ដោយសារតែថ្នាំនេះជួនកាលធ្វើឲ្យមិនស្រួលខ្លួន ពេទ្យច្រើនលាយជាមួយថ្នាំ Anti-Emetic (ថ្នាំបង្ការក្អួត) នៅពេលឲ្យយើងប្រើប្រាស់។

    – Meptid (Meptazinol)៖ ជាថ្នាំ​ប្រភេទ​ញៀន​មួយ​ផ្សេង​ទៀត​មាន​លក្ខណៈ​ស្រដៀង Pethidine និងថ្នាំ Morphine។ គេ​មិនសូវ​ប្រើប្រាស់​ញឹកញាប់​ទេ ដោយសារ​ភាពខ្សោយ និង​ប្រសិទ្ធភាព​មាន​រយៈពេល​ខ្លី និង​ប៉ះពាល់​តិចតួច​ទៅលើ​ការ​ដកដង្ហើម​របស់​ក្មេង។ កំហាប់​របស់វា​នៅក្នុង​ទឹកដោះ​ម្ដាយ មាន​កម្រិត​ទាប។ មន្ទីរពេទ្យ​មួយ​ចំនួន​មិន​មាន​ផ្ដល់​ថ្នាំ Meptid សម្រាប់​ព្យាបាល​នោះ​ទេ ប៉ុន្ដែ​យើង​អាច​ពិចារណា​ប្រើ​ថ្នាំ Pethidine ឬ Diamorphine ជំនួស​ក៏​បាន។

    សម្រាលកូន

    ២- គ្រប់គ្រងការឈឺចាប់ដោយមិនប្រើថ្នាំ

    តាម​វិធីសាស្រ្ដ​ធម្មជាតិ ឈឺពោះ​កើតកូន​ដោយ​មិន​ប្រើថ្នាំ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ម៉ាក់ៗ និងអូនៗ​ក្នុង​ផ្ទៃ​នោះ​ទេ។ មានការ​ណែនាំ​ជាច្រើន តម្រូវ​ឲ្យ​ប៉ាៗ​លើកទឹកចិត្ត​ម៉ាក់ៗ ពេល​ឈឺពោះ​កើត​អូនៗ និង​សម្រាល​តាម​បែប​ធម្មជាតិ បើសិន​ជាអាច តាមរយៈ​វិធីសាស្រ្ដ​ងាយៗ​បែបធម្មជាតិ​ដូចជា៖

    – ដកដង្ហើម និង​ស្រមើស្រមៃ​ដើម្បី​គ្រប់គ្រង​ការ​កន្រ្ដាក់​សាច់ដុំ​ស្បូន

    – ចៀសវាង​គេងផ្ងារ អំឡុង​ពេល​ឈឺពោះ ព្រោះ​នាំឲ្យ​កាន់តែ​ឈឺចាប់ ហើយ​មាត់ស្បូន​ពិបាក​រីកធំ។

    – ម៉ាស្សា​សាច់ដុំ​ត្រង់​កន្លែង​រឹង

    – ងូត​ទឹកក្ដៅ​ឧណ្ហៗ អាច​កាត់​បន្ថយការ​ឈឺចាប់ និងភ័យខ្លាច។ ប៉ុន្ដែ​ត្រូវហាម​ម៉ាក់ៗ បើសិន​ជា​បែក​ទឹកភ្លោះ ឬ​មាត់ស្បូន​មិនទាន់​រីកដល់ ៤ សង់ទីមែត្រ។

    – ប្រើ​ទឹកក្ដៅ និង​ទឹក​ត្រជាក់ អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ម៉ាក់ៗ អាច​សង្កត់​ទឹកក្ដៅ ឬ​ត្រជាក់​ក្រោយ​ខ្នង​ដើម្បី​កាត់​បន្ថយ​ឈឺចាប់។

    នៅ​មាន​វិធីសាស្រ្ដ​ផ្សេង​ទៀត ដូចជា ចាក់​ម្ជុល​វិទ្យាសាស្រ្ដ ជប់ខ្យល់ និង​វិធីសណ្ដំ។ យ៉ាងណា វិធី​អស់​ទាំងនេះ​មិនទាន់​មាន​ភស្ដុតាង​បែប​វិទ្យាសាស្រ្ដ​ណាមួយ​បញ្ជាក់​ថា​មាន​ប្រសិទ្ធភាព​នោះ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម