backup og meta

រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយ​តាម​វិធីណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 22, 2021

    រមួលក្រពើពេលពពោះ តើត្រូវដោះស្រាយ​តាម​វិធីណា?

    អាការៈរមួលក្រពើ គឺតែងតែកើតមាននៅក្នុងអំឡុងពេលដែលស្រីៗ​យើង​មានផ្ទៃពោះ។ ថ្វីដ្បិត​តែ​អាការៈ​រមួល​ក្រពើ​នេះ​អាច​ថា​ជា​អាការៈ​មិនធ្ងន់​ធ្ងរ និងអាចចាត់ទុក​ថាជា​រឿង​ធម្មតា​ក៏ពិត​មែន តែអាការៈនេះ​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍មិនស្រួល ឬពិបាក​ទ្រាំដែរ។​ តើ​ស្រីៗពពោះ​អាច​កាត់​បន្ថយ​អាការៈ​នេះ​បាន​យ៉ាង​ដូចម្តេច?​

    ចំពោះ​រឿងនេះ​ស្រីៗ​យើង​អាចសុំការណែនាំពីគ្រូពេទ្យ ឬគ្រាន់តែទទួលទានទឹកឱ្យបានច្រើនក៏បាន។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺការទទួលទានទឹកអាចជួយស្រីៗពពោះយើង​បានធូរពីអាការៈឈឺចាប់ដោយអាការៈរមួលក្រពើបាន។ ជាការពិត​យើង​ត្រូវរក្សាជាតិសំណើមនៅក្នុងខ្លួន ដែលចំណុចនេះគឺជារឿងសំខាន់នៅក្នុងអំឡុងពេលមានផ្ទៃពោះ។  អត្ថបទនេះ នឹង​ផ្ដល់​ជាចំណេះដឹង​ខ្លះៗ​ដើម្បីដឹងថាហេតុអ្វីបានជាអ្នកម្តាយដែលកំពុងមានផ្ទៃពោះត្រូវការទទួលទានទឹកឱ្យបានច្រើនក្នុងពេលមានផ្ទៃពោះ។

    ១- ហេតុអ្វីបានជាស្រីៗមានអាការៈរមួលក្រពើពេលមានផ្ទៃពោះ?

    ដូចដែលបានរៀបរាប់ពីខាងលើ ប្រសិនបើអាការៈរមួលក្រពើមិនបង្កឱ្យមានការឈឺចាប់ ឬមិនឈឺចាប់ខ្លាំងនោះ គឺមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភនោះទេ។ អាការៈរមួលក្រពើទាំងនេះ គឺមិនអាចចៀសបាននោះទេ នៅពេលដែលទារកនៅក្នុងផ្ទៃលូតលាស់ ស្បូននឹងត្រូវពង្រីកខ្លួនជាបន្តបន្ទាប់។ នេះហើយជាមូលហេតុដែលនាំឱ្យសាច់ដុំ និងសរសៃពួរកើតមានការរមួល និងឈឺចាប់។ ក្នុងអំឡុងពេលតាំងគភ៌ក្នុងត្រីមាសទី២ ចង្កេះស្រីៗ​យើង​នឹងកើតមានការរមូលជាខ្លាំង ដែលធ្វើឱ្យយើង​ទទួលរងនូវការឈឺចាប់ខ្លាំង និងឈឺខ្លាំងនៅត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​។ ពេលខ្លះ អាការៈរមួលក្រពើអាចបណ្តាលមកពីជាតិឧស្ម័នពុល អាការៈហើម ការទល់លាមក ឬការរួមភេទជាដើម នេះបើយោងតាមរបាយការណ៍របស់សមាគមស្ត្រីមានផ្ទៃពោះរបស់សហរដ្ឋអាមេរិក។

    ពពោះ

    ២- តើការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​ផ្ដល់​ប្រយោជន៍អ្វីខ្លះដល់​ស្រ្តីមានផ្ទៃពោះ?

    អ្នកស្រី Julie Redfern អ្នកជំនាញផ្នែកចំណីអាហារនៅមជ្ឈមណ្ឌលទារក បាននិយាយថា ក្នុងអំឡុងពេលនៃត្រីមាសទី៣ របស់ស្ត្រីមានផ្ទៃពោះ ប្រសិនបើស្រីៗ​ជួបប្រទះការខ្វះជាតិទឹក​អាចប្រឈមមុខនឹងការកើតកូនមុនពេលកំណត់ ដោយសារតែការខ្វះជាតិទឹក អាចបណ្តាលឱ្យកើតមានអាការកន្ត្រាក់ខ្លាំងនៅក្នុងស្បូន។ ទោះបីជាទឹកមិនអាចជួយស្រីៗឱ្យគេចផុតពីអាការរមួលក្រពើ តែទឹក​ជួយយើង​ឱ្យគេចផុតពីអាការខ្វះជាតិទឹកបាន។ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗ​យើង​ត្រូវការសារធាតុរាវបន្ថែមដើម្បីផ្គត់ផ្គង់ទឹកភ្លោះ បង្កើនបរិមាណឈាម និងជួយដល់លំហូរឈាមទៅឱ្យទារកនៅក្នុងផ្ទៃ។ ដូច្នេះនៅពេលយើង​ខ្វះជាតិ​ទឹក​នោះយើង​អាចប្រឈមនឹងការបាត់បង់ជាតិទឹក និងកើតមានអាការៈរមួលក្រពើ។

    ដើម្បីជៀសវាង​ការបាត់បង់ជាតិទឹក និងអាការៈរមួលក្រពើ ទឹកគឺមានអត្ថប្រយោជន៍ដ៏អស្ចារ្យដែលអាចជួយយើង​ពីអាការៈទាំងនេះបាន។ ដូច្នេះ ទឹកអាចជួយកាត់បន្ថយអាការហើម ទល់លាមក ជំងឺឫសដូងបាត និងការឆ្លងមេរោគនៅក្នុងប្លោក​នោម នៅពេលដែលអ្នកម្តាយកំពុងផ្តល់នូវសារធាតុចិញ្ចឹមទៅដល់ទារកនៅក្នុងផ្ទៃ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- តើបរិមាណទឹកប៉ុន្មាន ដែលស្រ្តីមានផ្ទៃពោះគួរទទួលទាន?

    លោកស្រី Julie Redfern ក៏បានបញ្ជាក់ផងដែរថា បរិមាណនៃសារធាតុរាវប្រចាំថ្ងៃសម្រាប់ស្ត្រីមានផ្ទៃពោះគឺ ចំនួន៨កែវ ដែលក្នុងកែវ​មានបរិមាណ២៣៧ មិល្លីលីត្រ។ ស្រីៗ​យើង​ក៏គួរតែទទួលទានសារធាតុរាវបន្ថែមចំនួន ២៣៧ មីល្លីលីត្រក្នុងមួយម៉ោងម្តងនៅពេលដែលយើង​មានសកម្មភាពជាប់រហូតនោះ។ សារធាតុរាវទាំងនោះអាចជាភេសជ្ជៈណាមួយដូចជា ទឹក ទឹកដោះគោ និងទឹកផ្លែឈើ គឺលើកលែងតែភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនតែប៉ុណ្ណោះ។

    ៤- តើមានវិធីអ្វីផ្សេងទៀតដើម្បីកាត់បន្ថយអាការៈរមួលក្រពើនៅក្នុងអំឡុងពេលមានផ្ទៃពោះ?

    ដើម្បីទប់ទល់អាការៈរមួលក្រពើដែលតែងកើតមាននៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗ​យើងក៏នៅមានឱសថបុរាណជាច្រើន ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយអាការៈរមួលក្រពើផងដែរ ដែលមួយក្នុងចំណោមនោះ គឺការប្រើកំដៅ ដើម្បីជួយកាត់បន្ថយអាការៈរមួលក្រពើ។ កំដៅគឺជាវិធីដ៏ល្អសម្រាប់ការជួយសម្រួលដល់សាច់ដុំ។ យើង​អាចជ្រើសត្រាំខ្លួននៅក្នុងអាងងូតទឹកដែលពេញដោយទឹកក្តៅឧណ្ហៗ ដើម្បីជួយសម្រួលដល់សាច់ដុំកំពុងឡើងតឹងដែលធ្វើឱ្យយើង​កើតមានអាការឈឺចាប់តាមសាច់ដុំ។ មួយទៀត យើង​អាចយកដបទឹកក្តៅមកដាក់នៅត្រងកន្លែងដែល​មានអាការៈរមួលសាច់ដុំ ឬរមួលក្រពើ ដោយមានកន្សែងទ្រាប់ពីក្រោមមួយជាន់។

    វិធីមួយទៀតដែលណែនាំដោយសមាគមស្ដ្រីមានផ្ទៃពោះរបស់សហរដ្ឋអាមេរិចនោះគឺត្រូវផ្លាស់ប្តូរឥរិយាបថ។ ដើម្បីធ្វើការផ្លាស់ប្តូរឥរិយាបថ យើង​អាចទៅហាត់យូ៉ហ្កា ឬធ្វើលំហាត់ប្រាណបែបស្រាលៗក៏បាន ដើម្បីជួយសម្រួលសរសៃ និងសាច់ដុំ។ ចំពោះរាល់ការព្រួយបារម្ភចំពោះអាការៈឈឺចាប់តាមសាច់ដុំ ឬអាការៈរមួលក្រពើនៅក្នុងអំឡុងពេលមានផ្ទៃពោះ ចំណុចល្អបំផុតនោះគឺយើង​គួរ​តែ​ទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យដោយផ្ទាល់។

    អត្ថបទ​ពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Mar 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម