backup og meta

ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2023

    ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន

    ស្រីៗ​មាន​ផ្ទៃពោះ​ភាគ​ច្រើន​ចាស់​ឲ្យ​ថ្នម​ខ្លួន មិន​ត្រូវ​ធ្វើការ​ធ្ងន់ៗ បើ​និយាយ​រឿង​ហាត់​ប្រាណ​វិញ រឹត​តែ​អត់​ទៅ​​ទៀត​ហើយ ព្រោះ​ត្រូវ​ធ្វើ​កាយ​វិការ ពត់​ពេន​ដង​ខ្លួន លើក​ដៃ​លើក​ជើង។ តែ​បើ​និយាយ​ពី​ក្បួន​ពេទ្យ​ ការ​ហាត់​ប្រាណ​ដោយ​ប្រើ​កាយ​វិការ​ល្មមៗ ពិសេស​ហាត់​យ៉ូហ្កា ផ្តល់​ប្រយោជន៍​ចំពោះ​ស្ត្រី​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​កូន

    ១. អត្ថប្រយោជន៍​នៃ​ការ​ហាត់​​យ៉ូហ្កា​ពេល​​មាន​ផ្ទៃពោះ

    ហាត់​ប្រាណ​ពេល​ពពោះ​មិន​មែន​ដើម្បី​​ឲ្យ​រាង​ស្អាត​នោះ​ទេ គឺ​ដើម្បី​សុខភាព​ល្អ​ទាំង​ម្តាយ​ទាំង​កូន រួម​ទាំង​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត។ ចំពោះ​​ស្រីៗ​គ្នា​យើង​ដែល​មាន​ផ្ទៃពោះ តែ​មិន​ធ្លាប់​ហាត់​សោះ ត្រូវ​ចាប់​ផ្តើម​ហាត់​ប្រភេទ​យ៉ូហ្កា​ថ្នាក់​ដំបូង ដែល​ស្រដៀង​នឹង​ការ​អង្គុយ​សមាធិ​ដែរ គ្រាន់​តែ​គេ​បញ្ចូល​ការ​ពត់​ពេន​រាងកាយ​បែប​​ស្រាលៗ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្នុង​ផ្ទៃ​ឡើយ។

    ចំពោះ​អត្ថ​ប្រយោជន៍​នៃ​ការ​ហាត់​យ៉ូហ្កា​ពេល​ពពោះ​មាន៖

    – ជួយ​សម្រួល​ចលនា​ឈាម​រត់ ចង្វាក់បេះដូង សួត

    – ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់

    – កាត់​បន្ថយ​អាការៈ​អស់​កម្លាំង មួម៉ៅ ចាញ់កូន

    – កាត់​បន្ថយ​អាការៈ​ឈឺខ្នង ចង្កេះ

    – ជួយ​សម្រាល​ភាព​ចុក​រួយ​ស្រពន់​ជើង

    – ជួយ​សាច់​ដុំ​អាង​ត្រគាក ធ្វើ​ឲ្យ​ងាយ​សម្រាល​កូន។

    ពពោះ

    ២. អត្ថប្រយោជន៍​នៃ​ការ​ហាត់​យ៉ូហ្កា​ក្រោយ​ពេល​សម្រាល​កូន

    ស្រ្តី​ដែល​សម្រាល​កូន​ដោយ​វះកាត់ អាច​ហាត់​ប្រាណ​នៅ​ពេល​មុ​របួស​ជា​សះ​ស្បើយ ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​រយៈពេល ៦ អាទិត្យ បន្ទាប់​ពី​សម្រាល​រួច។ ចំពោះ​ស្ត្រី​ដែល​សម្រាល​ដោយ​ធម្មជាតិ​វិញ អាច​ហាត់​ប្រាណ​បាន​​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ មិន​ថា​ការ​ហាត់​យ៉ូហ្កា ឬ​ហាត់​អ្វី​ផ្សេង​នោះ​ទេ ដែល​អត្ថប្រយោជន៍​គឺ​ខុស​គ្នា​ច្រើន​ពី​ពេល​ហាត់​កាល​មាន​ផ្ទៃពោះ។

    – ជួយ​សម្រក​ទម្ងន់

    – ធ្វើ​ឲ្យ​រាងកាយ​ឆាប់​ត្រលប់​មក​សភាព​ដើម​វិញ

    – កាត់​បន្ថយ​ស្ត្រេស

    – កាត់​បន្ថយ​អាការៈ​ឈឺ​ខ្នង។

    ៣. ប្រការ​គួរ​ធ្វើ និង​ចៀស​វាង​ពេល​ហាត់​ប្រាណ

    ដោយសារ​លក្ខខណ្ឌ​សុខភាព​ស្ត្រី​ពេល​ពេល​ពពោះ និង​ក្រោយ​សម្រាល ខុសគ្នា​នឹង​មនុស្ស​ធម្មតា ដូច្នេះ​ពេល​ហាត់​ប្រាណ ឬ​យ៉ូហ្កា ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​បន្តិច ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ចោទ​ចំពោះ​សុខភាព។

    ប្រការ​គួរ​ធ្វើ៖

    – ស្លៀក​សម្លៀក​បំពាក់​រលុងៗ ឬ​យឺត

    – ជ្រើសរើស​ប្រភេទ​ស្បែកជើង​កីឡា​ឲ្យ​បាន​សម​ពេល​ហាត់ប្រាណ

    – ហាត់ប្រាណ​នៅ​ទីតាំង​មាន​ផ្ទៃ​រាប​ស្មើ ដើម្បី​បង្ការ​គ្រោះថ្នាក់

    – ញ៉ាំ​អាហារ​ផ្ដល់​កាឡូរី​គ្រប់គ្រាន់ យ៉ាងតិច ១​ ម៉ោង មុន​ហាត់ប្រាណ

    – ផឹកទឹក​ឲ្យ​បាន​ច្រើន ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ហាត់ប្រាណ

    – ក្រោយ​ហាត់ប្រាណ​ផ្ទាល់​នឹង​កម្រាល ពេល​ក្រោក​ ត្រូវ​ក្រោក​​យឺតៗ ចៀសវាង​ការ​វិល​មុខ ដួល។

    ប្រការ​គួរ​ចៀស​វាង៖

    – ចលនា​បង្វិល​ចង្កេះ ពេល​ឈរ

    – ចៀស​វាង​សកម្មភាព​ផ្លាស់ប្ដូរ​​លឿនៗ ហក់ចុះហក់ឡើង

    – កុំ​ហាត់ប្រាណ​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ ឬហប់

    – កុំ​ព្យាយាម​អត់ដង្ហើម ដើម្បី​​ហាត់​ប្រាណ​បាន​យូរ​ ឬ​ច្រើន

    – កុំ​ហាត់​ប្រាណ​ពេល​អស់កម្លាំង

    – ចៀស​វាង​សកម្មភាព​នានា ងាយ​ធ្វើ​ឲ្យ​យើង​​ដួល

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម