backup og meta

ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ May 25, 2020

    ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?

    ស្រីៗ​គ្នា​យើង ធ្លាប់​ឆ្លង​កាត់​ការ​ពពោះ សុទ្ធ​តែ​មាន​បទពិសោធន៍​ខុសៗ​គ្នា​ជា​មួយ​ចំណង់​ស្រេក​ឃ្លាន​អាហារ មាន​អ្នក​ខ្លះ​ឈាន​ដល់​ចង់​ញ៉ាំ​អាហារ​ប្លែកៗ ខ្លះ​ចង់​ជូរ ចង់​ហឹរ សូម្បីតែ​អាហារ​សម្បូរ​ខ្លាញ់​ស្រី​ៗខ្លាច​បំផុត ក៏​បែរ​ជា​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​ដែរ។ គ្នា​យើង​ខ្លះ ថែម​ទាំង​បាន​សម្គាល់​ចំណង់​អាហារ​ពេល​ពពោះ មាន​ទំនាក់​ទំនង​នឹង​ភេទ​គភ៌​ក្នុង​ផ្ទៃ​ថែម​ទៀត។

    បើ​អ៊ីចឹង អត្ថបទ “Hello គ្រូពេទ្យ’ គ្រូពេទ្យ​នឹង​ពន្យល់​ប្រាប់ ខណៈការ​កើន​ឡើង​ចំណង់​អាហារ​ខុស​ធម្មតា អាច​មាន​ទាក់​ទង​នឹង​ចំណុច​ខាង​ក្រោម រាប់​បញ្ចូល​ទាំង​ភេទ​គភ៌​ក្នុង​ផ្ទៃ​ដូច​គ្នា។

    ១- បម្រែ​បម្រួល​អ័រម៉ូន អារម្មណ៍ និង​ការ​វិវត្ត​ពេល​ពពោះ

    មាន​ទ្រឹស្តី​ជាច្រើន ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​ដើម្បី​ពន្យល់​ពីមូលហេតុនាំ​ឲ្យ​ស្រីៗ​ស្រេក​ឃ្លាន​ខុស​ធម្មតា​អំឡុង​ពេល​ពពោះ។ ការ​ប្រែ​ប្រួល​អ័រម៉ូន ត្រូវ​គេ​ដឹង​ថា ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រសជាតិ​អាហារ និង​ក្លិន ដែល​ពន្យល់​បាន​ពី​អាការៈ​តែង​កើត​មាន​ចំពោះស្រីៗ​ពពោះ សូម្បី​តែ​ពេល​ខ្លះ ឃ្លាន​អ្វី​ដែល​មិន​​មែន​ជាអាហារ ហើយ​ទាំង​នេះ គឺ​ទាក់​ទង​ជាមួយ​ផ្លូវ​អារម្មណ៍។

    អំឡុង​ពេលពពោះ ស្រីៗ​ប្រហែល​ជា​ស្រេក​ឃ្លាន​អាហារ​ជាក់​លាក់​ណា​មួយ ទាំង​ដឹង​ខ្លួន ឬ​មិន​ដឹង​ខ្លួន ដែល​ជាការ​ឆ្លើយ​តប​ទៅ​ផ្លូវ​អារម្មណ៍​របស់​យើង។ ទ្រឹស្តី​ផ្សេង​ទៀត លើក​ឡើង​ថា ការ​ស្រេក​ឃ្លាន​អាហារ​ខុស​ប្រក្រតី ក៏​អាច​កើត​ឡើង​នៅ​ពេល​មាន​ការ​វិវត្ត​របស់​រាងកាយ ដើម្បី​ឆ្លើយ​តប​កាត់​បន្ថយ​អាការៈ​ចាញ់​កូនតែ​ម្តង។

    ២- កង្វះ​អាហារូបត្ថម្ភ

    បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក៏​នាំ​ឲ្យ​កើត​ឡើង​ចំណង់​អាហារ​ខ្លាំង​ដូច​គ្នា ខណៈ​បញ្ហា​នេះ ជាធម្មតា​កើត​លើ​ស្រីៗ​កំពុង​ពពោះ ព្រោះ​រាងកាយ​យើង​នឹង​បង្កើន​តម្រូវ​ការ​អាហារូបត្ថម្ភ​សម្រាប់​ផ្គត់​ផ្គង់​ដល់​គភ៌​ក្នុង​ផ្ទៃ។ ករណី​នេះ នឹង​ធ្វើ​ឲ្យ​ស្រីៗ​ពពោះ​កើន​ឡើង​ចំណង់​អាហារ​ខ្លាំង​ក្លា​រយៈ​ពេល​ខ្លី និង​ញ៉ាំ​ច្រើន ដើម្បី​ទទួល​បាន​អាហារ​បំប៉ន​គ្រប់​គ្រាន់​ទៅ​ដល់​គភ៌​ដែល​កំពុង​លូត​លាស់។

    ការ​ស្រេក​ឃ្លាន​ខ្លាំង​ដូច​ជា​ពពួក​អាហារ​សាច់​ក្រហម គឺ​ប្រហែល​ដោយ​សារ​រាងកាយ​ត្រូវ​ការ​បង្កើន​ប្រូតេអ៊ីន​បន្ថែម​ទៀត ខណៈ​ស្រីៗ​គ្នា​យើង​ដែរ​ឃ្លាន​ផ្លែ​ប៉េស គឺ​អាច​បង្ហាញ​ថា រាងកាយ​កំពុង​តែ​ខ្វះ​ជាតិ​ការ៉ូទីន ហើយ​បើ​ឃ្លាន​សូកូឡា ប្រហែល​ជា​រាងកាយ​ត្រូវ​ការ​បំពេញ​ជាតិ​ម៉ាញ៉េស្យូម ឬ​ក៏​វីតាមីន B ជាដើម។

    ស្រីៗ​ពពោះ​មួយ​ចំនួន ក៏​ធ្លាប់​ឃ្លាន​អ្វី​ដែល​មិន​មែន​ជាអាហារ ឬ​គ្មានជីវជាតិ​ ដូចជាដីជី ដីស ដីភក់ សាប៊ូម្សៅ ដីឥដ្ឋ និង​ទឹកកក​ជាដើម ប៉ុន្តែ​​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​កង្វះ​ខាត​ជីវជាតិ​ក្នុង​រាង​កាយ​ដូច​គ្នា។ អាការៈ​ឃ្លាន​ទឹកកក ឬ​សាប៊ូ​បោក​ខោអាវ អាច​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក ខណៈ​ឃ្លាន​ដីស ដី​ភក់ អាច​មកពី​រាងកាយ​ត្រូវ​ការ​បង្កើន​អាស៊ីដ​ខ្លាញ់​បន្ថែម​ទៀត។

    អត្ថបទពាក់ព័ន្ធ៖

    ៣- ទំនាក់​ទំនង​ជា​មួយ​ភេទ​គភ៌

    គ្នា​យើង​ជា​ច្រើន​ជឿ​ថា កូរ​ពោះ​ឃ្លាន​មិន​ចេះ​ចប់​អំឡុង​ពេល​ពពោះ ក៏​មាន​ទំនាក់​ទំនង​ជាមួយ​ភេទ​របស់​គភ៌​ក្នុង​ផ្ទៃ​ដូច​គ្នា។ ឧទាហរណ៍ គ្នា​យើង​ម្នាក់​កំពុង​ពពោះ មាន​ការ​ស្រេកឃ្លាន​បង្អែម ឬ​ផលិតផល​ពី​ទឹក​ដោះ​គោ ត្រូវ​គេ​និយាយ​ថា នឹង​មាន​កូន​ស្រី ខណៈ​គ្នា​យើង​ឃ្លាន​អាហារជូរ ហឹរ ប្រៃ និង​សម្បូរ​ប្រូតេអ៊ីន ត្រូវ​មនុស្ស​ជាច្រើន​កត់​សម្គាល់​ឃើញ​ថា នឹង​មាន​កូន​ប្រុស។

    ទោះ​ជា​យ៉ាង​ណា គ្មាន​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ណាមួយ អាច​គាំទ្រ​លើ​ជំនឿ​នេះ​នៅ​ឡើង។ ដូច្នេះ បើ​ទោះ​ជា​គ្នា​យើង​ឃ្លាន​សូកូឡា​ពេល​ពពោះ យើង​នៅ​តែ​អាច​បង្កើត​កូន​ប្រុស​ម្នាក់ ខណៈបើ​គ្នា​យើង​ឃ្លាន​ទឹក​ក្រូច​ស្រស់ ក៏​នៅ​តែ​មាន​ឱកាស​បង្កើត​កូន​ស្រី​ដូច​គ្នា។

    ៤- អ្វី​គួរ​ធ្វើ​ដើម្បី​កាត់​បន្ថយ​ការ​ស្រេក​ឃ្លាន​ពេល​ពពោះ

    គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ឃ្លាន​ខុស​ធម្មតា ព្រោះ​ការ​ធ្វើ​តេស្ត​ឈាម​ធម្មតា​មួយ អាច​ឲ្យ​យើង​ដឹង​ថា រាងកាយ​យើង​មាន​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ ឬ​យ៉ាង​ណា។ ក្រោយ​លទ្ធផល​តេស្ត​ គ្រូពេទ្យ​អាច​រក​វិធី​សាស្ត្រ​ល្អ​មួយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ឃ្លាន​ខ្លាំង​របស់​យើង ដោយ​ទទួល​បាន​នូវ​របប​អាហារ​សុខភាព​មួយ​អំឡុង​ពេល​ពពោះ ដើម្បី​ជួយ​ទាំង​ម៉ាក់ៗ និង​បេប៊ី​មាន​សុខភាព​ល្អ។

    អត្ថបទពាក់ព័ន្ធ៖

  • ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន
  • ពពោះ​ចំខែ​ក្តៅ ស្រីៗ​គួរ​ចេះ​តិចនិក​ទាំង​នេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ
  • ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង ពេលមានផ្ទៃពោះ
  • អាកាសធាតុក្ដៅ! ស្រីៗកំពុងពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម