backup og meta

ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 10, 2019

    ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?

    បច្ចុប្បន្ន “កាហ្វេ’ ជាភេសជ្ជៈពេញនិយមបំផុតមួយ សម្រាប់​មនុស្សពេញវ័យ មិនថាស្រីៗ មិនថាប្រុស។ ដូច​ដឹង​ស្រាប់ហើយ កាហ្វេមាន​ផ្ទុកសារធាតុញៀន ធ្វើ​ឲ្យយើងមានអារម្មណ៍​ចង់ផឹករៀងរាល់ថ្ងៃ ហើយពេលរាងកាយ​ទទួល​ជាតិ​កាហ្វេអ៊ីនលើស​កម្រិត និង​បណ្តាលឲ្យ​មាន​បញ្ហា​មួយ​ចំនួន។ ចុះបើស្រីៗកំពុងពពោះ ហើយញៀនកាហ្វេ ប៉ះពាល់​កូនក្នុង​ផ្ទៃអត់? “Hello គ្រូពេទ្យ’ នឹងបកស្រាយ​ឲ្យ​បាន​ដឹងទាំងអស់គ្នា។

    ១- ​មាន​អ្វី​កើត​ឡើង​បើស្រីៗផឹកកាហ្វេ​ច្រើន​ពេល​ពពោះ?

    ផឹក​កាហ្វេ​ច្រើន លើស​កម្រិត​​ណែនាំ​នៅ​អំឡុង​ពេល​ពពោះ ​អាច​ធ្វើ​ឲ្យ​កើត​ហានិភ័យ​​គ្រោះ​ថ្នាក់ ​នាំ​ឲ្យ​រលូត​កូន និង​កូនកើតមិន​គ្រប់គីឡូ។ ប៉ុន្តែសម្រាប់​ស្រីៗចូលចិត្តផឹកកាហ្វេ ហើយពពោះ ក៏កុំ​បារម្ភ​ច្រើនអី មិន​ចាំ​បាច់​ផ្តាច់​កាហ្វេ​ក៏បាន គ្រាន់​តែ​ផឹក​ក្នុង​កម្រិត​ត្រឹម​ត្រូវ ប្រមាណ ២០០ ​មិល្លីក្រាម​/ថ្ងៃ ឬ​ច្រើន​ជាង​នេះ​ម្ដង​ម្កាល ព្រោះ​គេ​ជឿ​ថា​ហានិភ័យ​ទាំង​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ប៉ុណ្ណោះ។

    ២- ​ជាតិ​កាហ្វេអ៊ីនឲ្យ​ប៉ះ​ពាល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​ម៉េច​ខ្លះ?

    ពេលយើង​ផឹក​កាហ្វេ​មួយ​ពែង ជាតិ​កាហ្វេ​អ៊ីន​ អាច​ឆ្លង​កាត់​ស្បូន​ទៅ​ក្នុង​ទឹក​ភ្លោះ ហើយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​ទារក។ ដូច​នេះ​ ដោយ​សារ​ជាតិ​កាហ្វេ​អ៊ីន ​ធ្វើ​ឲ្យ​កើន​ចង្វាក់​បេះដូង និង​បង្កើន​ការ​ធ្វើ​មេតាបូលីស នាំ​​ឲ្យ​យើង​មាន​អារម្មណ៍​ភ្ញាក់ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​រង​ឥទ្ធិពល​នេះ​ដូច​គ្នា។ មាន​ន័យ​ថា​ ទារក​អាចនឹង​ប្រែ​ប្រួល​បន្ទាប់​ពីម៉ាក់ៗ​ផឹក​​កាហ្វេ​រួច ខណៈ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន នឹង​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ទារក។

    មាន​របាយ​ការណ៍​ខ្លះ​បង្ហាញ​ថា ​ទារក​ក្នុង​ផ្ទៃម៉ាក់ៗញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជាង ៥០០ ​មិល្លីក្រាម/ថ្ងៃ ​អំឡុង​ពេល​ពពោះ​ អាច​ប្រឈម​​គ្រោះថ្នាក់​ច្រើន​ ជាង​ទារក​ដទៃ​ទៀត​ដូច​ជា៖

    – ចង្វាក់​បេះដូង​ដើរ​ញាប់

    – ចង្វាក់​ដង្ហើម​កើន​ឡើង​ខ្លាំង

    – ភ្ញាក់​ច្រើន​ម៉ោង

    ទោះ​យ៉ាង​នេះ​ក្ដី​ការ​ញ៉ាំ កាហ្វេ ឬ​តែ ១-២ ​កញ្ចប់/​ថ្ងៃ ​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ឡើយ។

    ៣- ​ជាតិ​កាហ្វេ​អ៊ីន​ប៉ះ​ពាល់​ដល់​រាង​កាយ​ម៉េច​ខ្លះ?

    ​បើ​យើង​​ញ៉ាំ​ជាតិកាហ្វេ​អ៊ីន​ច្រើន យើង​​នឹង​ត្រូវ​ការ​ទៅ​បន្ទប់​ទឹក​ច្រើន​ជាង​ធម្មតា ព្រោះ​កាហ្វេ​ក៏​មាន​​សារ​ធាតុ​បញ្ចុះ​ទឹក​នោម​ដែរ (Diuretic)។ ជាតិ​កាហ្វេ​អ៊ីន ​ជំរុញ​ឲ្យ​បញ្ចេញ​អាស៊ីដ​ក្រពះដូច​គ្នា ពេល​ខ្លះ​អាច​នាំ​ឲ្យ​ឈឺ​ពោះ ឬ​រាក។ បើ​ញ៉ាំ​ជាតិកាហ្វេអ៊ីន​ច្រើន នៅ​ពេល​រសៀល ឬ​ពេល​ល្ងាច ​អាច​ធ្វើ​ឲ្យ​​ភ្ញាក់​ ឬ​មិន​ងងុយ​គេងនៅ​ពេល​យប់​ ហេតុ​នេះនឹង​ធ្វើ​ឲ្យ​​​ឈឺ​ក្បាល​បន្ទាប់​ជាតិ​កាហ្វេអ៊ីន​ចេញ​ពីខ្លួន​អស់។ ត្រូវ​ចៀស​វាង​ញ៉ាំ​តែ​ ឬ​កាហ្វេ ជាមួយ​អាហារ ព្រោះ​ភេសជ្ជៈ​ទាំង​នេះ​ នឹង​កាត់​បន្ថយ​ការ​ស្រូប​ជាតិ​ដែក​ចូល​រាង​កាយ ពិសេស​ជាតិ​ដែក​ក្នុង​អាហារ​​មិន​មែន​ជា​សាច់។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌?
    • ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

    ៤- កម្រិត​កាហ្វេ​អ៊ីន​គួរ​ញ៉ាំ​ប្រចាំថ្ងៃប៉ុណ្ណា​ទើប​ល្អ?

    កាហ្វេ តែ រួម​ទាំង ​តែ​បៃ​តង ភេសជ្ជៈកូឡា (ទឹក​ក្រូច​មាន​ជាតិ​កាហ្វេអ៊ីន) និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខ្លះ សុទ្ធ​តែ​មាន​ជាតិ​កាហ្វេអ៊ីន។ បើ​យើង​ទិញ​កាហ្វេ​ពី​ខាង​ក្រៅ ត្រូវ​ចាំ​ថា ជាតិ​កាហ្វេ​អ៊ីន​ រវាង​កាហ្វេ​អេសប្រេសសូ (Espresso) និង​កាហ្វេ​មាន​ប្រភព​ពី​អេសប្រេសសូ ​ដូច​ជា កាហ្វេ​ឡា​តេ (Latte) អាច​មាន​កម្រិត​កាហ្វេអ៊ីន​ខុស​គ្នា​ខ្លាំង។ ជាតិ​កាហ្វេអ៊ីន​ក្នុងអេសប្រេសសូ​មួយ​ពែង អាច​ផ្លាស់​ប្ដូរ​ពី​កម្រិត ៥០-៣០០ ​មិល្លីក្រាម​​។ ដូច​នេះ ត្រឹម​កាហ្វេ​កាពូឈីណូ (Cappuccino) កម្រិតខ្លាំង​មួយ​កែវធំ អាច​ធ្វើ​ឲ្យ​ញ៉ាំ​លើស​កម្រិតកាហ្វេអ៊ីន​​ប្រចាំ​ថ្ងៃ​ទៅ​ហើយ។

    ​គួរ​ផឹក​ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​សុទ្ធ​តែ​​ជា​ភេសជ្ជៈ​សុខភាព​ អាច​ជំនួស​ឲ្យ​ភេសជ្ជៈ​កាហ្វេ​អ៊ីន​បាន​ ពិសេស​អំឡុង​ស្រីៗ​កំពុង​ពពោះ។ ​បើយើង​​ចូល​ចិត្ត​តែ​ថ្នាំ​បុរាណ ត្រូវ​ចាំថា ​ក្នុង​តែ​ទាំង​នោះ​ អាច​មាន​ជាតិ​កាហ្វេអ៊ីនដូច​គ្នា ហើយ​តែ​ថ្នាំ​បុរាណ អាច​បញ្ចូល​ទាំង​ថ្នាំ​រុក្ខជាតិ​បុរាណ​ និង​សារធាតុ​បន្ថែម​ ​ធ្វើ​ឲ្យ​ការ​ពពោះ​មិន​មាន​សុវត្ថិភាព។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម