backup og meta

អំឡុងពេលពពោះ ស្រាប់តែរាកខុសធម្មតា គួរ​ធ្វើ​ម៉េច?


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 09, 2021

    អំឡុងពេលពពោះ ស្រាប់តែរាកខុសធម្មតា គួរ​ធ្វើ​ម៉េច?

    ​រាក​រូស អាច​ជា​រឿង​ធម្មតា​ នរណា​ក៏​ធ្លាប់​ឆ្លង​កាត់​ដែរ ប៉ុន្តែ​​អំឡុង​ពេល​ពពោះ បើ​ជួប​បញ្ហា​រាក​រូស​ញឹក​ញាប់ ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ខ្លួនផង ព្រោះរាក​រូស​ខ្លាំង អាច​ប៉ះពាល់​ទាំង​សុខភាពម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​តិចនិក​ខ្លះៗ ជួយ​​យើង​ដោះ​ស្រាយ​បញ្ហា​រាករូស​ពេល​ពពោះ ដើម្បីចៀស​ផុត​ពី​គ្រោះ​ថ្នាក់។

    ១- ផឹកទឹក​ឲ្យបាន​គ្រប់​គ្រាន់

    ពេលមាន​បញ្ហា​​រាករូស ខ្លួន​ប្រាណ​យើង​នឹង​បាត់​បង់​ជាតិ​ទឹក បើ​​មិនផឹកទឹកឲ្យ​​បាន​គ្រប់​គ្រាន់​ទេ រាងកាយ​ងាយ​នឹង​បាត់​បង់​ជាតិ​ទឹក​យ៉ាង​លឿន។ ​បាត់​បង់​ជាតិ​ទឹក ​អាច​ធ្វើ​អោយ​ខូច​ខាត​ដល់​​ការវិវត្តខួរ​ឆ្អឹង​ខ្នង​របស់​ទារក​ក្នុងផ្ទៃ បង្ក​ភាព​មិន​ប្រក្រតីផ្សេងៗ​​ពី​កំណើត ឬ​គ្នា​យើង​ប្រឈម​ការ​សម្រាល​មុន​ខែ​ទៀត​ផង។ តែយើង​អាច​ការពារបញ្ហា​​បាត់​បង់​ជាតិ​ទឹកបាន​ ដោយ​ផឹក​ទឹកឲ្យ​​បាន​ច្រើននៅ​​ពេល​ថ្ងៃ យា៉ង​ហោច​ណាស់​ឲ្យ​បាន ២លីត្រ ដោយ​ផឹក​ម្តង​បន្តិចៗ។ ទឹក​ធម្មតា ​ជា​ជម្រើស​ល្អ​បំផុត តែគ្នា​យើង​​ក៏​អាចផឹក​សារធាតុ​រាវ​ផ្សេងៗ ដូច​ជា​ ទឹក​ផ្លែ​ឈើ​ស្រស់​ក៏​បាន​ដែរ។ តែ​មិន​ត្រូវផឹក​កាហ្វេ ឬ​តែ​ឡើយ ដោយ​សារ​​មាន​សារធាតុ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​យើង​​បត់​ជើង​តូច​ច្រើន នាំ​ឲ្យ​យើង​​បាត់​បង់​ជាតិ​ទឹក​កាន់​តែ​លឿន។ តែ​បើ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់ ទឹកនោម​​នឹង​មាន​ពណ៌​លឿង​ស្រាល ឬ​ថ្លា​តែ​ម្តង។

    ២- ផ្លាស់​ប្តូរ​របប​អាហារ

    ករណី​រាករូស​ពេល​ពពោះ ក៏​អាច​កើត​ឡើង​ដោយ​សារ​របបអាហារ​ដូច​គ្នា ហេតុ​នេះញ៉ាំ​អាហារ​មាន​តុល្យភាព​ គឺ​អាច​ជួយដោះ​ស្រាយ​បាន។ គួរ​ញ៉ាំ​ចេក បាយ​ និង​ផ្លែ​ប៉ោម ឲ្យ​បាន​ច្រើន និង​ញ៉ាំ​សាច់​សុទ្ធ ការ៉ុត និង​យ៉ាអួ ​ដែល​មាន​សារធាតុ​ប្រ៉ូបាយអូទិកឲ្យ​បាន​ច្រើនផងដែរ។

    ត្រូវ​ញ៉ាំ​អាហា​មាន​អនាម័យ លាង​សម្អាត​ផ្លែឈើ បន្លែ និង​អាហារ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ស្អាត​ល្អ ជា​ពិសេស​អាហារ​ឆៅ។ មិន​ត្រូវ​ញ៉ាំ​អាហារ​មិន​បាន​សម្លាប់​មេរោគ​ក្នុង​កម្តៅ​​ត្រឹម​ត្រូវនោះ​ទេ។ ត្រូវ​ចម្អិន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​នឹង​បរិភោគ ហើយ​គួរ​ចៀស​វាង​ស៊ុត​ស្ទើរ​ឆ្អិន (ពង​ជ័រ​ព្នៅ) និង​សាច់​ក្រហម​ស្ទើរ​ឆ្អិន។

    បើ​សិន​ជា​ទៅ​ញ៉ាំ​អី​នៅ​ក្រៅ មិន​គួរ​ទៅ​កន្លែង​ប៊ូហ្វេ​ទេ ក៏​គួរ​ចៀស​វាង​អាហារ​តាម​ផ្លូវ​ដូច​គ្នា។ មិន​គួរ​ញ៉ាំ​ផ្លែ​ឈើ​ទាំង​សំបក ឬ​ផ្លែឈើ​​មិន​បាន​ចិត​ដោយ​ខ្លួន​ឯង​ឡើយ ព្រោះយើង​មិន​ដឹង​ថា ​វា​ស្អាត ​ឬ​អត់​នោះ​ទេ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- ប្រញាប់ទៅ​មន្ទីរ​ពេទ្យ

    បើ​សិន​អាការៈ​​រាក​មិន​បាត់រយៈ​ពេល ២-៣ ថ្ងៃ ស្រីៗ​កំពុង​ពពោះ ​គួរប្រញាប់​​ទៅ​មន្ទីរ​ពេទ្យ។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​យើង​ប្រើ​ថ្នាំ​មួយ​ចំនួន។ ហើយ​កុំ​បារម្ភ​អី ព្រោះ​គ្រូពេទ្យ​នឹងឲ្យ​​តែ​ថ្នាំណា ​មាន​សុវត្ថិភាព​សម្រាប់​កូន​ក្នុង​ផ្ទៃយើង​ប៉ុណ្ណោះ។

    បើ​​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ សូម​ទាក់​ទង​ទៅ​គ្រូពេទ្យឲ្យ​បាន​លឿន​បំផុត៖

    – មាន​ឈាម​ក្នុង​លាមក

    – ទឹក​នោម​លឿង​ខ្លាំង

    – ស្ងួត​មាត់

    – ឈឺ​ក្បាល

    – អស់​កម្លាំង និងល្ហិតល្ហៃ។

    រាក​រួស​ អាច​មក​ពី​ការ​ពុល​អាហារ ឬ​ដោយ​សារ​បម្រែ​បម្រួល​​ពេល​ពពោះ (ការ​ផ្លាស់​ប្តូរ​អ័រម៉ូន របប​អាហារ ធ្វើ​ឲ្យងាយ​ប្រតិកម្ម)។ សម្រាប់គ្នា​យើង​​កំពុង​ពពោះ ​អាច​នឹង​មាន​ជម្រើស​ព្យាបាលតិច​ជាង​ធម្មតា។ យ៉ាង​ណា​មិញ រាក​រូស​​ភាគ​ច្រើន ​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​អ្វី​ឡើយ ហើយ​បើ​ចង់​ព្យាបាល​ ក៏​មាន​វីធី​​ព្យាបាល​បាន​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ Chamnan Amrith · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម