backup og meta

​អាមេរិក៖ ករណីវីរុស COVID-19 នឹងអាចគ្រប់គ្រងបានបើពល​រដ្ឋខ្លួនពាក់ម៉ាស​ពី​ ៤-៨ សប្ដាហ៍​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 15, 2020

    ​អាមេរិក៖ ករណីវីរុស COVID-19 នឹងអាចគ្រប់គ្រងបានបើពល​រដ្ឋខ្លួនពាក់ម៉ាស​ពី​ ៤-៨ សប្ដាហ៍​

    ប្រធាន​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC) ​បាន​លើក​ឡើង​ថា​ប្រសិនជា​ប្រជាជន​អាមេរិក​ទាំង​អស់​ពាក់​ម៉ាស​ ចន្លោះពី​ ៤ ទៅ​៨ សប្ដាហ៍ នោះ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ COVID-19 អាច​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន។

    លោក Robert Redfield ប្រធាន​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​បែប​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ ក្នុង​ការ​ចេញ​ផ្សាយ​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​កាល​ពី​ថ្ងៃទី​១៤ ខែ​កក្កដា​បាន​លើកឡើង​ថា​ប្រជា​ជន​សហរដ្ឋ​អាមេរិក​ភាគច្រើន​បាន​ពាក់​ក្រណាត់​បិទ​មុខ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ណែនាំ​ការ​ប្រើប្រាស់​ក្រណាត់​បិទ​មុខ​កាលពី​ខែ​មេសា​កន្លង​ទៅ​។

    ដោយឡែក សារព័ត៌មាន AFP ក៏​បាន​រាយការណ៍​ពី​ការ​សិក្សា​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​ដែរ។ ក្នុង​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ជាង​កាត់​សក់​២​នាក់​ដែល​បាន​ពាក់​ម៉ាស​ ខណៈ​ពួកគេ​មាន​វីរុស​ COVID-19 នោះ គឺ​មិន​បាន​ចម្លង​ទៅ​កាន់​អតិថិជន​ជិត ១៤០​នាក់​ដែល​ពួកគេ​បាន​ជួប​ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃនោះ​​ទេ។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​បាន​លើក​ឡើង​ថា​ការ​រក​ឃើញ​នេះ​ជួយ​បន្ថែម​ទម្ងន់​ទៅ​លើ​ការ​ពាក់​ម៉ាស​ដែល​ជា​មធ្យោបាយ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុសCOVID-19 ឬ​ SARS-CoV-2។

    ជាង​កាត់​សក់​ម្នាក់​ក្នុង​ចំណោម​ជាង​កាត់​សក់​ទាំង​២​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ និង​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​អតិថិជន​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា​ដែល​ជាង​កាត់​សក់​រូប​នេះ​ទទួល​បាន​លទ្ធផល​តេស្ដ​វិជ្ជមាន។ រីឯ​ជាង​កាត់​សក់​ម្នាក់​ទៀត​ដែល​បាន​ឆ្លង​ពី​ជាង​កាត់​សក់​ដំបូង​ក៏​បាន​វិវត្ត​រោគសញ្ញា​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ និង​បន្ត​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​២០​ ខែ​ឧសភា​។ ជាង​កាត់​សក់​ទី​២​នេះ​តេស្ដ​វិជ្ជមាន​នៅ​២​ថ្ងៃ​បន្ទាប់។

    គេ​បាន​បិទ​ហាង​កាត់​សក់​នេះ​៣​ថ្ងៃ​ដើម្បី​ធ្វើ​ការ​សម្អាត​សម្លាប់​មេរោគ ខណៈ​មន្ត្រី​សុខាភិបាល​ធ្វើ​ការ​តាមដាន​អ្នក​ប៉ះពាល់​ជាមួយ​ជាង​កាត់​សក់​ទាំង​ពីរ និង​រក​ឃើញ​ថា​មាន​អតិថិជន ១៣៩​នាក់​។​ អតិថិជន​​ទាំង​​ ១៣៩​នាក់​​នេះ​​ត្រូវ​​បាន​​តាម​​ដាន​​រោគសញ្ញា​ និង​ផ្ដល់​ការ​ធ្វើ​តេស្ដ។ ចំណែក​ឯ​បុគ្គលិក​ក្នុង​ហាង​ផ្សេង​ទៀត​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​២សប្ដាហ៍។

    អំឡុង​ពេល​ជួប​ជាមួយ​អតិថិជន​ជាង​កាត់​សក់​ទាំង​២​សុទ្ធ​តែ​ពាក់​ម៉ាស​ដោយ​ពាក់​ម៉ាស​២​ជាន់ ឬ​ម៉ាស​ពេទ្យ។ អតិថិជន​ភាគច្រើន​ក៏​ពាក់​ម៉ាស​ក្រណាត់ ឬ​ម៉ាស​ពេទ្យ​ដែរ។ ក្រោយ​ធ្វើ​តេស្ដ​ និង​តាម​ដាន​អតិថិជន​ទាំង​អស់​គឺ​មិន​មាន​អតិថិជន​ណា​ឆ្លង​ជំងឺ​ COVID-19 ពី​ជាង​កាត់​សក់​ទាំង​២​ទេ។

    អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា​ទោះបីជា​មធ្យោបាយ​ចម្លង​ជំងឺ​តាម​រយៈ​តំណក់​ទឹក​ចេញ​មក​នៅ​ពេល​ក្អក ឬ​កណ្ដាស់​ក៏​ដោយ តំណក់​ទឹក​តូចៗ​ចេញ​មក​តាមរយៈ​ការ​និយាយ​ក៏​មាន​គ្រោះថ្នាក់​ដែរ។ នេះ​អាច​ចម្លងទៅ​កាន់​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​ដឹង​ខ្លួន​មុន​នឹង​អ្នក​ចម្លង​ចេញ​រោគសញ្ញា។ អ្នក​សរសេរ​របាយការណ៍​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​បាន​សន្និដ្ឋាន​ថា​គួរ​ពិចារណា​លើ​វិធានការណ៍​​ទប់ស្កាត់​ការ​ចម្លង​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស​នៅ​កន្លែង​សាធារណៈ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ និង​ការ​បន្ថែម​ករណី​ឆ្លង​ជំងឺ COVID-19។

    គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​កក្កដា នេះ ចំនួន​ករណី​ឆ្លង​វីរុស​ COVID-19 នៅ​អាមេរិក​ឡើង​ដល់ជាង​៣,៥លាន​ករណី ស្លាប់​ជាង​១៣ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង​១,៦​លាន​នាក់៕​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម