backup og meta

ការសិក្សា៖ ក្មេងនៅប្រទេសក្រីក្រ​កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារជាតិសំណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 30, 2020

    ការសិក្សា៖ ក្មេងនៅប្រទេសក្រីក្រ​កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារជាតិសំណ

    ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ក្មេង​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ជុំវិញ​ពិភពលោក​មាន​​ជាតិ​សំណ​ក្នុង​ឈាម​ក្នុង​កម្រិត​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បាន។

    ការសែត The Guardian បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី៣០ ខែ​កក្កដា នេះដោយ​បាន​ដកស្រង់​ការសិក្សា​មកចុះផ្សាយ​ថា​ ក្មេង​ដែល​មាន​អាយុ​​ក្រោម​​១៩​ឆ្នាំប្រហែល ៨០០​លាន​នាក់​ ភាគ​ច្រើននៅ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ មាន​ជាតិ​សំណ​ក្នុង​ឈាម​យ៉ាង​តិច ឬ​អាច​លើស​៥មីក្រូក្រាម​ក្នុង​​មួយ​​ដេស៊ី​លីត្រ (៥μg/dl )​។ ​បើ​យោង​តាម​អង្គការ​សុខភាព​​ពិភព​​លោក​ មិន​មានការ​កំណត់​​កម្រិត​សុវត្ថិភាព​នៃ​ជាតិ​សំណ​ក្នុង​ឈាម​ទេ​ ព្រោះ​ថា​ការ​មាន​ជាតិ​សំណ​ក្នុង​ឈាមទោះ​​ក្នុង​កម្រិត​តិចតួច​ក៏​ដោយ​ក៏​នៅ​តែ​ជា​សារធាតុ​ពុល​ដ៏​គ្រោះថ្នាក់ដែរ។ ប៉ុន្តែ​បើ​កម្រិត​ជាតិ​សំណ​ក្នុង​ឈាម​លើស​៥μg/dl ត្រូវ​បាន​ចាត់​​ទុក​ថា​ជា​មូលហេតុ​បង្ក​ជំងឺ​ផ្សេងៗហើយ​។

    ជាតិ​សំណ​គឺជា​សារធាតុ​ពុល​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​ដ៏​ខ្លាំង​មួយ​ ហើយ​មនុស្ស​អាច​ស្លាប់​បាន​បើ​សិន​ទទួល​បាន​ជាតិ​សំណ​ច្រើន ខណៈ​ក្នុង​កម្រិត​តិចតួចក៏​អាច​បង្ក​រោគសញ្ញា​ដូចជា​ការ​ឈឺចាប់ ក្អួត ពន្យារ​ការ​លូតលាស់ បញ្ហា​ផ្លូវ​ចិត្ត និង​បញ្ហា​ផ្លូវ​អារម្មណ៍។ ជាតិ​សំណ​ក្នុង​កម្រិត​ទាប​ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​សម្រាល​មុន​ខែ​ដែរ។

    ការ​មាន​ជាតិ​សំណ​ក្នុង​ឈាមត្រឹម​ ៥μg/dl អាច​បង្ក​មាន​ការ​ថយ​ចុះ​នៃ​សមត្ថភាព​ខួរក្បាល រីឯ​កម្រិត​ច្រើន​ជាង​នេះ​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​រយៈពេល​យូរ​ដូចជា​ជំងឺ​បេះដូង។ នេះ​បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​ដែល​ធ្វើ​ការ​សិក្សា​ថ្មី​នេះ។ សម្រាប់​ក្មេងវិញ​​​ បើ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​​ពី​ជាតិ​សំណ​នេះ ​វា​អាច​បង្ក​ការ​ខូចខាត​ដល់​ការ​លូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃ​ប្រសាទ ហើយ​ផល​ប៉ះពាល់​មិន​បង្ហាញ​ឲ្យ​ដឹង​ភ្លាមៗ​ទេ។ ជាតិ​សំណ​បន្លំ​ជា​ជាតិ​កាល់ស្យូម​ក្នុង​ឆ្អឹង និង​ផ្តុំ​ក្នុង​រាងកាយ ហើយ​បង្ក​ការ​ខូចខាត​ដល់​សរីរាង្គ​សំខាន់ៗ​រួមមាន​តម្រងនោម បេះដូង និង​សួត។

    មូល​ហេតុ​ដែល​បង្ក​ឲ្យ​ការ​ពុល​ជាតិ​សំណ​នេះ​មក​ពី​ការ​បោះចោល​អាគុយ​រថយន្ត​​ដោយ​គ្មាន​សុវត្ថិភាព​ដែល​បង្ក​ឲ្យ​ជាតិ​សំណ និង​អាស៊ីដ។ នៅ​ពេល​បោះចោល​បាន​ត្រឹមត្រូវ​គឺ​មិន​មាន​បង្ក​ហានិភ័យ​ខ្លាំង​ទេ ប៉ុន្តែ​ក្នុង​ប្រទេស​មួយ​ចំនួន​ប្រហែល​ពាក់​កណ្ដាល​នៃ​អាគុយ​ឡាន​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ​ដោយ​គ្មាន​គោលការណ៍​សុវត្ថិភាព​ច្បាស់​លាស់។ ដោយ​ហេតុ​នេះ​ហើយ បរិមាណ​សំណ​ជា​ច្រើន​បាន​បញ្ចេញ​ និង​បំពុល​ដល់​មនុស្ស​ដែល​បាន​ប៉ះពាល់​ជាតិ​សំណ ឬ​ដី​ដែល​មាន​ជាតិ​សំណ​ជា​ច្រើន​ឆ្នាំ។ មូលហេតុ​ផ្សេង​ទៀត​គឺ​មក​ពី​ការ​ប្រើប្រាស់​សមាស​ធាតុ​សំណ​ដើម្បី​ធ្វើ​ឲ្យ​ពពួក​គ្រឿង​ទេស​ឲ្យ​មាន​ពណ៌​ស្រស់។ ចំណែក​ឯ​ក្មេង​ក្នុង​ប្រទេស​អភិវឌ្ឍន៍​វិញ​ក៏​​ប្រឈម​​នឹង​ការ​ពុល​ជាតិ​សំណ​នេះ​ដែរ គឺ​តាមរយៈ​ទុយោ​ទឹក​ចាស់ៗ ថ្នាំ​លាប​ដែល​មាន​ជាតិ​សំណ និង​ដី​មាន​ជាតិ​សំណ។

    យ៉ាង​ណា​មិញ វេជ្ជបណ្ឌិត​ Ovnair Sepai អ្នក​ឯកទេស​ផ្នែក​ជាតិ​ពុល​នៅ​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា​ការ​ប៉ាន់​ស្មាន​នៃ​ការ​សិក្សា​ថ្មី​នេះ​គឺ​ពឹង​ផ្អែក​លើ​តួ​លេខ​ប្រទេស​ផ្សេងៗ និង​មិន​អាច​ឆ្លុះ​បញ្ចាំង​មក​លើ​ប្រជាជន​អង់គ្លេស​ទេ។ ប្រទេស​អង់គ្លេស​មាន​​គោលការណ៍​តឹង​រឹង​ទៅលើ​ការ​ប្រើ​ជាតិ​សំណ​ក្នុង​អាហារ ទឹក គ្រឿង​សម្អាង ប្រដាប់​ក្មេង​លេង គ្រឿងទេស និង​ក្នុង​ឧស្សាហកម្ម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម