backup og meta

វ៉ាក់សាំង COVID-19 អង់គ្លេសផ្អាកការតេស្ដសាកល្បងក្រោយអ្នកចូលរួមម្នាក់ធ្លាក់ខ្លួន​ឈឺ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 10, 2020

    វ៉ាក់សាំង COVID-19 អង់គ្លេសផ្អាកការតេស្ដសាកល្បងក្រោយអ្នកចូលរួមម្នាក់ធ្លាក់ខ្លួន​ឈឺ

    វ៉ាក់សាំង COVID-19 បង្កើត​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំ AstraZeneca និង​សាកលវិទ្យាល័យ Oxford ​​ត្រូវ​បាន​ផ្អាក​ការ​តេស្ដ​សាក​ល្បង​​ដំណាក់កាល​ចុងក្រោយ​នៅអង់គ្លេស បន្ទាប់​​ពី​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ទទួល​រង​ផល​រំខាន​ ​។ នេះ​បើ​តាម​ការ​ផ្សាយ​រប់​BBC កាល​ពី​ល្ងាច​ថ្ងៃទី​៩ ខែ​កញ្ញា​។​

    ក្រុមហ៊ុន AstraZeneca បាន​លើក​ឡើង​ថា​នេះ​ជា​ការ​ផ្អាក​ដែល​តែង​កើត​មាន​ក្នុង​ករណី​ដែល​អ្នក​ចូលរួម​មាន​ជំងឺ​ដែល​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​។ គេ​ក៏​កំពុង​ពិនិត្យ​លទ្ធផល​នៃ​ការ​តេស្ដ​សាកល្បង​នៃ​វ៉ាក់សាំង​នេះ​នៅ​ជុំវិញ​ពិភពលោក។ វ៉ាក់សាំង​នេះ​ដែរ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វ៉ាក់សាំង​មួយ​ដែល​ខ្លាំង​ក្នុង​ចំណោម​វ៉ាក់សាំង​ដែល​កំពុង​ផលិត​ទូទាំង​ពិភពលោក។ អ្នកស្រាវជ្រាវ​​សង្ឃឹម​យ៉ាង​ខ្ពស់​ថា​វ៉ាក់សាំងមួយ​​នេះ​អាច​ជា​វ៉ាក់សាំង​ដំបូង​ដែល​នឹង​ចេញ​ឲ្យ​ប្រើប្រាស់​ដោយ​លទ្ធផល​តេស្ដ​សាកល្បង​ដំណាក់កាល​ទី១ និង​ទី២​មាន​ភាព​ជោគជ័យ។ ចំណែក​ឯដំណាក់កាល​ទី៣​ទើប​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ថ្មីៗនេះ​ដែល​មាន​អ្នក​ចូលរួម​ប្រហែល ៣ម៉ឺននាក់​នៅ​សហរដ្ឋអាមេរិក ប្រទេស​អង់គ្លេស ​ប្រេស៊ីល និង​អាហ្រ្វិក​ខាង​ត្បូង។ ដំណាក់កាល​ទី៣​នេះ​ជា​ទូទៅ​តែង​មាន​អ្នក​ចូលរួម​រាប់​ពាន់​អ្នក និង​អាច​មាន​រយៈពេល​ច្រើន​ឆ្នាំ។

    សារព័ត៌មាន The New York Times បាន​រាយការណ៍​ថា​មាន​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​នៅ​ប្រទេស​អង់គ្លេស​មាន​ជំងឺ Transverse myelitis ដែល​ជា​អាការៈ​រលាក​ប៉ះពាល់​ដល់​ឆ្អឹង​កង​ និង​អាច​បង្ក​ដោយ​ការ​ឆ្លង​វីរុស។ យ៉ាងណាមិញ មូលហេតុ​នៃ​ជំងឺ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ទេ ហើយ​ការ​ស៊ើប​អង្កេត​នឹង​ចាប់ផ្ដើម​ដើម្បី​ដឹង​ថា​តើ​មាន​ទាក់ទង​នឹង​វ៉ាក់សាំង​ឬ​យ៉ាង​ណា។

    សាកលវិទ្យាល័យ Oxford បាន​ពិពណ៌នា​ថា​នេះ​ជា​រឿង​ធម្មតា​នៃ​ការ​តេស្ដ​វ៉ាក់សាំង​ទេ។ អ្នក​ស្ម័គ្រចិត្ត​អាច​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ហើយ​​មូលហេតុ​បង្ក​ជំងឺ​រទាន់​​បាន​ដឹង​ភ្លាមៗនោះទេ។ អ្នក​តំណាង​សាកលវិទ្យាល័យ Oxford បាន​លើក​ឡើង​ថា​ក្នុង​ការ​តេស្ដ​សាកល្បង​ដែល​មាន​អ្នក​ចូលរួម​ច្រើន ផល​រំខាន​ផ្សេង​ទៀត​អាច​នឹង​កើត​មាន​ ប៉ុន្តែ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ម៉ត់ចត់។ ម៉្យាងទៀត ​ការ​ផ្អាក​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំងនេះ​បង្ហាញ​ថា​ពួកគេ​យក​ចិត្ត​ទុកដាក់​លើ​សុវត្ថិភាព​របស់​អ្នក​ចូលរួម។

    ការ​សម្រេចចិត្ត​ចុង​ក្រោយ​នៃ​ការ​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​ម្ដង​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​ត្រួត​ពីនិត្យ​វេជ្ជសាស្ត្រ និង​ផលិតផល​សុខភាព (MHRA) ដែល​អាច​ត្រូវ​ការ​រយៈពេល​ច្រើន​ថ្ងៃ ប៉ុន្តែ​មុន​នឹង​មាន​ការ​សម្រេច​ចិត្ត​ចុងក្រោយ ការ​តេស្ដ​សាកល្បង​នៅ​បណ្ដា​ប្រទេស​ខាង​លើ​ត្រូវ​ផ្អាក​សិន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម