backup og meta

អស្ចារ្យ​ម្ល៉េះ​ អូស្រ្តាលី​​​​​​រក​ឃើញ​វិធី​បញ្ឈប់​ភាព​ចាស់​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Apr 08, 2019

    អស្ចារ្យ​ម្ល៉េះ​ អូស្រ្តាលី​​​​​​រក​ឃើញ​វិធី​បញ្ឈប់​ភាព​ចាស់​

    រឿង​រ៉ាវ​​​​អំពី​ថ្នាំ​​ពន្យា​រភាព​ចាស់​ ឬ​ថ្នាំ​អាយុ​វែង​​ បាន​​ធ្វើ​ឲ្យ​អារម្មណ៍​​​​មនុស្ស​ស្ថិត​ក្នុង​ចម្ងល់​​ជា​ច្រើន​សតវត្ស​។ នៅ​ក្នុង​សម័យ​កាល​វិទ្យាសាស្រ្ត​ យើង​បាន​ដឹង​ខ្លះ​មក​ហើយ​ថា ភាព​ចាស់​ ឬ​ចម្រើន​វ័យ ​​គឺ​កំណត់​ដោយ​ហ្សែន​​​របស់​យើង ហើយ​អ្វី​ដែល​​អាច​ធ្វើ​បាន​នោះ​​ទទួល​យក​ភាព​ចម្រើន​វ័យ​នោះ​។ យ៉ាង​ណា​មិញ​ អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អូស្រ្តាលី​ គឺ​លោក​ David Sinclair ជឿ​ជាក់​ថា ភាព​ចាស់​គឺ​ជា​ជំងឺ​មួយ​តែ​ប៉ុណ្ណោះ​ ហើយ​វា​អាច​ព្យាបាល​បាន​។

    តាម​រយៈ​វិបសាយ​ Bright Side ​បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​អំណះ​អំណាង​ខាង​លើ៖

    តាម​ការ​ស្រាវជ្រាវ​របស់​លោក​សាស្រ្តាចារ្យ​ David Sinclair ផ្តោត​ទៅ​លើ​​ម៉ូលេគុល​” ប្រឆាំង​ភាព​ចាស់” ដោយ​លោក​​អះ​អាង​ថា នឹង​បង្កើន​អាយុ​​របស់​មនុស្ស​បាន​ប្រមាណ​ ១០​ ឆ្នាំ​ទៀត​ ព្រម​ទាំង​នៅ​មាន​សុខភាព​ល្អ​ទៀត​ផង​។ សាស្រ្តាចារ្យ​​​វ័យ​ ៥០ ​ឆ្នាំ​ខាង​លើ​​រូប​នេះ​ ​​ក៏​បាន​បន្ថែម​ទៀត​ថា​ ម្តាយ​របស់​លោក​​អាច​នៅ​​មាន​អាយុ​​វែង​​រហូត​ ២០ ​ឆ្នាំ​ទៀត ទោះ​​កើត​មហារីក​​សួត​ ព្រោះ​បាន​​​ប្រើ​ម៉ូលេគុល​ខាង​លើ​នេះ​ ជា​ពិសេស​ឪពុក​របស់​លោក រួម​ទាំង​ភរិយា និង​ក្រុម​ការងារ​សុទ្ធ​សឹង​តែ​បាន​ ​​និង​កំពុង​ប្រើ​ប្រាស់​​ម៉ូលេគុល​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

    ​​​សាស្រ្តាចារ្យ​ជន​ជាតិ​អូស្រ្តាលី​បញ្ជាក់​ទៀត​ថា មនុស្ស​ជា​ច្រើន​​មិន​ជឿ​​​ទេ​ថា ភាព​ចាស់​គឺ​ជា​ជំងឺ​ ដូច​នេះ​ពុំ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​ឡើយ​។ ​លោក​សាស្រ្តាចារ្យ​ចង់​​ឲ្យ​អូស្រ្តាលី​ ជា​ប្រទេស​ដំបូង​​គេ​ដែល​​ប្រកាស​ថា ភាព​ចាស់​ជា​ជំងឺ​អាច​ព្យាបាល​បាន​។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​ ឱសថ​ស្ថាន ឬ​ក្រុមហ៊ុន​​បច្ចេកទេស​វេជ្ជសាស្រ្ត​​​ទើប​តែ​​​អាច​ផលិត​​​ផលិត​ផល​វេជ្ជសាស្រ្ត​ដែល​ជួយ​​ពន្រយា​ភាព​ចាស់ និង​រក្សា​សរីរាង្គ​មនុស្ស​ឲ្យ​នៅ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​។

    ​​មនុស្ស​ជា​ច្រើន​​ជឿ​ថា​​ ភាព​ចាស់​​គឺ​​កំណត់​ដោយ​ DNA ដែល​មាន​នៅ​ក្នុង​ខ្លួន​ ប៉ុន្តែ​លោក​សាស្រ្តាចារ្យ​ Sinclair ច្រាន​ចោល​ជំនឿ​នេះ​។ ការ​សិក្សា​របស់​លោក​បង្ហាញ​ថា ម៉ូលេគុល​នៃ​សមាស​ធាតុ​ Epigenome បញ្ជូន​សញ្ញា​​ទៅ​កាន់​ Genome (ហ្សែន​ដែល​​ជា​មរតក​ពី​ឪពុក​ម្តាយ) ដែល​នាំ​ឲ្យ​មនុស្ស​​​ឈាន​ទៅ​រក​វ័យ​ចំណាស់​។ ដូច​នេះ ​​តាម​រយៈ​ការ​ស្រាវជ្រាវ​​ជា​ច្រើន​ឆ្នាំ​ លោក​សន្និដ្ឋាន​ថា​ ភាព​ចំណាស់​អាច​ហាម​ឃាត់​បាន​ ប្រសិន​បើ​​អ្នក​ជំនាញ​​អាច​កែប្រែ​ម៉ូលេគុល​ Epigenome។

    បន្ថយភាពចាស់
    លោក​សាស្រ្តាចារ្យ​ David Sinclair (ឆ្វេង)

    នៅ​ពេល​មនុស្ស​​​​កើន​អាយុ​ហ្សែន​ចាប់​ផ្តើម​ប្រែ​ប្រួល​ ​និង​អន់​ថយ​គុណ​ភាព។ ប៉ុន្តែ​នៅ​ពេល​​គេ​ដាស់​ប្រូតេអ៊ីន​ពិសេស​ម្យ៉ាង​ឈ្មោះ​ថា Sirtuin​ ​​ក្នុង​រាង​កាយ​ វា​បាន​​រា​រាំង​ដំណើរ​ការ​ហ្សែន​​វិវត្ដ​ភាព​ចាស់​​មួយ​ចំនួន​​ ដែល​នេះ​បាន​ធ្វើ​ឲ្យ​រាង​កាយ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ពិសេស​។

    អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ អ្នក​វិទ្យាសាស្រ្ត​​​​ក៏​បាន​រក​ឃើញ​ ដើម្បី​ជំរុញ​ឲ្យ​មាន​​ប្រូតេអ៊ីន​​ Sirtuin ​ក្នុង​រាង​កាយ​ គឺ​ត្រូវ​​កាត់​បន្ថយ​​​ជាតិ​កាឡូរី​ ​និង​​បង្កើត​ទម្លាប់​ហាត់​ប្រាណ​។ ក្រៅ​ពី​នេះ​ គេ​ក៏​បាន​រក​ឃើញ​​ថា​ម៉ូលេគុល​​​​ Resveratrol ដែល​មាន​នៅ​ក្នុង​​សម្បក​​ផ្លែ​ទំពាំង​បាយ​ជូរ និង​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​ ​អាច​​ជួយជំរុញ​​ឲ្យ​មាន​ប្រូតេអ៊ីន​​ Sirtuin ក្នុង​រាង​កាយ​ផង​ដែរ​។

    ការ​ស្រាវជ្រាវ​​ថ្មី​មួយ​​ទៀត​របស់​លោក​សាស្រ្តាចារ្យ​ដដែល​​បាន​រក​ឃើញ​ថា ម៉ូលេគុល​ oxidized nicotinamide adenine dinucleotide ឬ​ហៅ​កាត់​ថា (NAD+) ជា​មូលដ្ឋាន​ធ្វើ​ឲ្យ​​​​វ័យ​នៅ​ក្មេង​។ ម៉ូលេគុល​នេះ​​ជំរុញ​​​ដំណើរ​ការ​សំខាន់​​​​ៗ​ក្នុង​រាង​កាយ​ ប៉ុន្តែ​វា​​បាត់​បង់​នៅ​ពេល​មនុស្ស​មាន​វ័យ​ចាស់​។ ដូច​នេះ​លោក David Sinclair អះ​អាង​ថា ការ​ផ្លាស់​ប្តូរ​កម្រិត​ម៉ូលេគុល​ NAD+ ថ្មី​ក្នុង​រាង​កាយ ​នឹង​មាន​ប្រសិទ្ធភាព​​រក្សា​​សរីរាង្គ​មួយ​ចំនួន ​ដូច​ជា ថ្លើម​ បេះ​ដូង​ ក្រលៀន​ សាច់​ដុំ…។

    ជា​មួយ​ការ​ពិសោធ​ខាង​លើ​​នេះ​ទៅ​លើ​សត្វ​​កណ្តុរ​ អ្នក​វិទ្យាសាស្រ្ត​ផ្សេង​ទៀត​ឃើញ​ថា កណ្តុរ​វ័យ​ចាស់​ក្រោយ​ពេល​ដាស់​ម៉ូលេគុល NAD+ កាន់​តែ​​រហ័ស​រហួន​​ដូច​​កណ្តុរ​វ័យ​​ជំទង់​ ចំណែក​កណ្តុរ​​វ័យ​ក្មេង​ក៏​កាន់​តែ​សកម្ម​ឡើង​ ក្រោយ​ពេល​ជំរុញ​ម៉ូលេគុល​នេះ។

    គួរ​រម្លឹក​​ឡើង​វិញ​ដែរ​ថា ការ​ស្រាវជ្រាវ​​របស់​លោក​សាស្រ្តាចារ្យ​ David Sinclair ធ្វើ​ឡើង​ក្នុង​បំណង​​ដើម្បី​រក​​ឲ្យ​ឃើញ​នូវ​វិធី​ពន្យារ​​ភាព​ចាស់​ និង​ធ្វើ​ឲ្យ​មនុស្ស​នៅ​តែ​មាន​សុខភាព​ល្អ​។ ​តែ​យ៉ាង​ណា​មិញ​ នេះ​គ្រាន់​តែ​ជា​ការ​ស្រាវជ្រាវ​ប៉ុណ្ណោះ ហើយ​លោក​រំពឹង​​វា​ថា​ជា​ចំណែក​មួ​យ​ជួយ​ជា​ប្រយោជន៍​នា​ថ្ងៃ​អនាគត​៕​​

    ​​​

    ​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Apr 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម