backup og meta

អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យ​បញ្ហា​ត្រចៀក​​ក្មេងៗ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

    អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យ​បញ្ហា​ត្រចៀក​​ក្មេងៗ

    ជាទូទៅ បញ្ហា ឬរោគសញ្ញា​ជំងឺ​នៅ​ក្នុង​ត្រចៀក​ក្មេងៗ មិន​ងាយ​ប្រទះ​ឃើញ​នោះទេ ទាល់តែ​ទៅ​ជួបពេទ្យ​កុមារ ដើម្បី​ពិនិត្យ​ផ្នែក​ខាងក្នុង​ក្រដាស​ត្រចៀក​តែម្ដង ថាតើ​មាន​ការ​រលាក ទឹក​ក្នុង​ត្រចៀក ឬបញ្ហា​ផ្សេងៗទៀត។ តែ​តិច​ទៀត ម៉ាក់ប៉ាអាច​ពិនិត្យ​មើល​បញ្ហា​ទាំង​នេះ​ក្នុង​ត្រចៀក​របស់​កូនៗ​បាន ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី​ទូរស័ព្ទ (App) របស់​​អាមេរិក។

    ក្រុម​វិស្វករ និង​វេជ្ជបណ្ឌិត នៅ​សាកលវិទ្យាល័យ Washington របស់​អាមេរិក បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ សម្រាប់​ពិនិត្យ​លើ​សូរសំឡេងចេញពី​ត្រចៀក។ ជាដំបូង យើង​កាត់​ក្រដាស និង​មូរ​វា​ដាក់​ចូល​ក្នុង​រន្ធ​ត្រចៀក ហើយ​ថត​សំឡេង​ដោយ​ដាក់ចុងក្រដាស​ម្ខាងទៀត​នៅ​ជុំវិញប្រដាប់​ស្រូប​សំឡេង និង Speaker របស់​ទូរស័ព្ទ។ ពេល​នោះ ប្រដាប់​ស្រូបសំឡេង នឹង​ចាប់ថត​រលក​សំឡេង​ចេញមក​ពី​ក្រដាស​ត្រចៀក។

    បន្ទាប់​មក កម្មវិធី​ទូរស័ព្ទ នឹង​វិភាគ​លើ​សំឡេង​​ញ័រ (អេកូ) ចេញពី​ក្រដាស​ត្រចៀក ដោយ​សារធាតុ​រាវ​មាន​មេរោគ (Pus) និង​សារធាតុ​រាវ​គ្មាន​មេរោគ ផ្លាស់ប្ដូរ​ចលនា​របស់​ក្រដាស​ត្រចៀក និង​ធ្វើឲ្យ​ប្រែប្រួល​សូរសំឡេង។ ក្រោយ​ថត និង​វិភាគ​សំឡេងចេញពី​ត្រចៀក​ហើយ កម្មវិធី​ទូរស័ព្ទ នឹង​ចេញ​ជា​អត្ថបទ​មួយ ប្រាប់​ថា សារធាតុរាវ​មាន​ក្នុង​ត្រចៀក បង្ក​ឲ្យ​រលាក ឬ​រោគសញ្ញា​ផ្សេង​ទៀតនៃ​ជំងឺ។

    អ្នក​ស្រាវជ្រាវ តេស្ដ​សាកល្បង​កម្មវិធី​នេះ លើ​ត្រចៀក​ចំនួន ៩៨ របស់​កុមារ​អាយុ លើស ១៨​ខែ ដែល​បាន​ទៅវះកាត់​នៅ​មន្ទីរពេទ្យ​កុមារ Seattle របស់​អាមេរិក។ ការ​តេស្ដ​សាកល្បង​មួយ​ទៀត ធ្វើឡើង​លើ​ត្រចៀក​របស់​កុមារ ២៥​នាក់ ដោយរកឃើញ​ថា លទ្ធផល​របស់​កម្មវិធី​ទូរស័ព្ទ គឺ​ត្រឹមត្រូវ​ដូចគ្នា​នឹង​លទ្ធផល​របស់​វេជ្ជបណ្ឌិត។

    លោក​វេជ្ជបណ្ឌិត Randall Bly អ្នកជំនាញ​ផ្នែក​ត្រចៀក នៅ​សាកលវិទ្យាល័យ Washington បញ្ជាក់​ថា កម្មវិធី​ទូរស័ព្ទ ស្រដៀង​គ្នា​នឹង​ការ​ប្រើ​ទែម៉ូម៉ែត្រ មុន​សម្រេច​ថា ទៅ​ជួប​ពេទ្យ។ ប្រសិនបើ​គ្មាន​សញ្ញានៃ​សារធាតុ​រាវ​ទេ នោះ​ច្បាស់​ណាស់​ថា អាការៈគ្រុន​ក្តៅ​ក្នុង​រាងកាយ មិន​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ជាមួយ​គ្នា​នេះ ​ក្មេងៗ​ជាច្រើន មាន​សារធាតុ​រាវ​ក្នុង​ត្រចៀក តែ​គ្មាន​មេរោគ​នោះទេ ហើយ​ពួកគេ​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​រាប់ខែ​ទៀត។ ដូច្នេះ ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទពិនិត្យ​នៅ​តាម​ផ្ទះ គឺ​មាន​ភាព​ងាយស្រួល និង​ថោកជាង ហើយ​មិនចាំបាច់​ទៅ​អង្គុយរង់ចាំ​ជួប​ពេទ្យ​ច្រើនលើក​ទៀត។ ប៉ុន្ដែ ពេល​នេះក្រុម​អ្នកស្រាវជ្រាវ កំពុង​រង់ចាំ​ការ​ឯកភាព​ពី​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​របស់​អាមេរិក ដើម្បី​លក់​កម្មវិធី​ទូរស័ព្ទ​នេះ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម