backup og meta

អូស្ត្រាលី​ជោគជ័យ​បណ្តុះ​គំរូ​វីរុសកូរ៉ូណាថ្មី​ ជា​ក្តី​សង្ឃឹម​​ដល់​ការ​បង្កើត​វ៉ាក់សាំង​ឆាប់ៗ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Mar 25, 2020

    អូស្ត្រាលី​ជោគជ័យ​បណ្តុះ​គំរូ​វីរុសកូរ៉ូណាថ្មី​ ជា​ក្តី​សង្ឃឹម​​ដល់​ការ​បង្កើត​វ៉ាក់សាំង​ឆាប់ៗ​នេះ

    ដំណឹង​ល្អ! អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី ជោគ​ជ័យ​លើ​ការ​បណ្តុះ​គំរូវីរុសកូរ៉ូណាថ្មី​ ហើយ​ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ដល់​យុទ្ធនាការ​ទប់​ស្កាត់​ការរីក​រាលដាល​មេរោគ​ផ្លូវ​ដង្ហើមមួយនេះ​​បាន និង​បង្កើត​វ៉ាក់សាំង​ការពារ​បានឆាប់ៗ​ខាង​មុខ។

    វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មេរោគ​ឆ្លង និង​ប្រព័ន្ធ​ភាព​ស៊ាំ Peter Doherty ប្រទេស​អូស្ត្រាលី មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មែលប៊ន នៅ​ថ្ងៃ​ពុធ​នេះ បាន​ទទួល​ជោគជ័យ​ទាំង​ស្រុង​លើ​កិច្ច​ប្រឹង​ប្រែង​បណ្តុះ​គំរូវីរុសកូរ៉ូណាថ្មី​ក្នុង​មន្ទីរ​ពិសោធ​ន៍​របស់​ខ្លួន ដោយ​ថែម​ទាំង​អះអាង និង​ចែក​រំលែក​វីរុស​គំរូ ដែល​ធំលូត​លាស់​ក្នុង​រាង​កាយ​មនុស្ស ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា មន្ទីរ​ពិសោធន៍​​អន្តរ​ជាតិ​ផ្សេង​ទៀត ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​រីរុសកូរ៉ូណាថ្មី​ជុំ​វិញ​ពិភពលោក។

    បណ្តាញ​ព័ត៌​មាន Australian Broadcasting Corp បាន​រាយការណ៍​ថា មន្ទីរ​ពិសោធ​ន៍​មួយ​ក្នុង​ប្រទេស​ចិន ក៏​ជោគជ័យ​លើ​ការ​បណ្តុះ​វីរុសកូរ៉ូណាថ្មីនេះ​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​បាន​ចែក​រំលែក​ព័ត៌មាន​ទៅ​កាន់​ពិភពលោក​ពាក់​ព័ន្ធ​ជា​មួយ​ហ្សែនរបស់វីរុសតែ​​ប៉ុណ្ណោះ ដោយ​មិន​​បាន​បង្ហាញ​វីរុស​គំរូ​ជាក់​លាក់​នោះ​ឡើយ។

    ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​វេជ្ជបណ្ឌិត Julian Druce ប្រធាន​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន Peter Doherty បញ្ជាក់​ថា ការ​ទទួល​បាន​វីរុស​​គំរូ​ពិត​ប្រាកដ មាន​ន័យថា​យើង​មាន​សមត្ថភាព​វាយ​តម្លៃ ពិនិត្យ​ទៅ​លើ​គ្រប់​វិធី​សាស្ត្រ​ធ្វើ​តេស្ត​វីរុស​​ទាំង​អស់ ដើម្បី​ប្រៀប​ធៀប​ទៅ​បម្រែ​បម្រួល​ជាក់​លាក់​របស់​វីរុសកូរ៉ូណាថ្មី​នេះ។

    “វីរុស​ដែល​យើង​ប​ណ្តុះ​បាន នឹង​ត្រូវ​ប្រើ​ជា​ធនធាន​ពិសោធ​សម្រាប់​គ្រប់​មន្ទីរ​ពិសោធន៍​​សុខភាព​សាធារណៈ​ទាំង​អស់​ទូ​ទាំង​ប្រទេស ហើយ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍​​ផ្សេង​ទៀត ដែល​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ WHO។” នេះ​ជា​ការ​បន្ថែម​របស់​លោក Julian Druce។

    មក​ទល់​នឹង​ពេល​នេះ វីរុសកូរ៉ូណាថ្មី​​ដែល​ផ្ទុះ​ចេញ​ពី​ទីក្រុង វូហាន ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ២០១៩​ បាន​សម្លាប់​មនុស្ស​ជាង ១៣០នាក់ និង​ជាង ៦០០០​នាក់​កំពុង​ឆ្លង​ជំងឺ ដោយ​ឆ្លង​តាម​រយៈ​ការ​ក្អក និង​កណ្តាស់​ចេញ​ពី​អ្នក​ផ្ទុក​វីរុស​​ទៅ​មនុស្ស​ផ្សេង​ទៀត។

    វិទ្យាស្ថាន Doherty អះអាង​ថា វីរុស​​ដែល​បណ្តុះ​បាន នឹង​ជួយ​ដល់​ការ​ធ្វើ​តេស្ត​ស្វែង​រកវីរុស​ក្នុង​ខ្លួន​មនុស្ស ​កាន់​តែ​ងាយ​ស្រួល និង​ច្បាស់​លាស់ បើ​ទោះ​ជា​អ្នក​ជំងឺ​មិន​ទាន់​លេច​ចេញ​រោគ​សញ្ញា​ក្តី ហើយ​ក៏​ជា​ការ​ត្រួស​ត្រាយផ្លូវ ឈាន​ដល់​បាន​រក​ឃើញ​វ៉ាក់សាំង ការ​ពារ​វីរុស​ផ្លូវ​ដង្ហើម​នេះ​ទៀត​ផង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Mar 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម