backup og meta

ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 05, 2019

    ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ

    “Hello គ្រូពេទ្យ’ ធ្លាប់​ប្រាប់​ហើយ ថ្នាំពន្យារ​កំណើត មាន​ផលប្រយោជន៍​ច្រើន ជួយ​​សម្អាតស្បែក កាត់បន្ថយ​ហានិភ័យ​មហារីក។ នៅពេល​ប្រើប្រាស់​ថ្នាំ​នេះច្រើន​ឆ្នាំ គ្នា​យើង​ភាគច្រើនអាចនឹង​ខ្វាយខ្វល់​ ពេល​ឈប់​ប្រើ​អាច​ប៉ះ​ពាល់​អ្វី​ខ្លះ?

    ពិត​ណាស់ ផលប៉ះពាល់ច្បាស់​ជា​មាន ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ប្រភេទ​ថ្នាំ និង​កម្រិត​បរិមាណ​យើង​ប្រើដែរ ហើយ​ខាង​ក្រោម​នេះ ជា​អ្វី​អាច​នឹង​កើតមាន​​លើ​រាងកាយយើង នៅ​ពេលឈប់​លេបថ្នាំ​ពន្យារ​កំណើត។

    ១- ទម្ងន់​នៅ​ដដែល

    ក្រោយ​ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត ស្រីៗប្រហែល​ជា​អាចស្រក​ទម្ងន់ ១​គីឡូ ឬ​នៅ​ថេរ។ ទោះបី​គ្នា​យើងភាគច្រើន ជឿ​ថាខ្លួន​ឡើង​ទម្ងន់ ប៉ុន្ដែ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត មិនបាន​រកឃើញ ការជាប់ពាក់ព័ន្ធ​រវាង​ការ​លេបថ្នាំ​ពន្យារ​កំណើត ជាមួយ​នឹង​ការ​ឡើង​ទម្ងន់​នោះ​ទេ។

    ក្នុងការ​សិក្សា​នៅ​ឆ្នាំ ២០១៤ លើ​ករណី​ពាក់ព័ន្ធ​ចំនួន ៤៩ រកឃើញ​ថា ការពន្យារ​កំណើត ពុំបាន​បង្ក​ផលប៉ះពាល់​ទម្ងន់​រាង​កាយ​ឡើយ។ “ពុំមាន​ភស្ដុតាង​ច្បាស់លាស់ បង្ហាញ​ថា ការ​ចាប់ផ្ដើម ឬ​ការ​បញ្ឈប់​ការ​លេប​ថ្នាំ​ពន្យារ​កំណើត នឹង​ជះឥទ្ធិពល​ដល់​ទម្ងន់​នោះទេ“។ នេះជាការបញ្ជាក់​របស់លោក Neha Bhardwaj ​សាស្រ្ដាចារ្យផ្នែក​វិទ្យាសាស្រ្ត​បន្ដពូជ នៃ​សាលា​ឱសថសាស្រ្ត Icahn ​ក្រុង​ញូវយ៉ក។

    ២- ​អាច​កើត​មុន

    ថ្នាំពន្យារ​កំណើត បាន​បំបាត់​ការ​កើត​មុន​សម្រាប់ស្រីៗភាគច្រើន ដោយសារ​ថ្នាំនេះ អាច​ធ្វើឲ្យ​​​អ័រម៉ូន អង់ដ្រូហ្សែន ចុះខ្សោយ បង្កើត​ឲ្យ​មាន​ខ្លាញ់​នៅ​លើ​ស្បែក។ ដូច្នេះ គ្នា​យើងប្រហែលអាច​កើត​មុន​វិញ ក្រោយ​ឈប់​លេប​ថ្នាំ​នេះ។

    ៣- អាច​ជ្រុះសក់

    ក្រោយ​ឈប់​លេបថ្នាំ​ពន្យារ​កំណើត អាច​កើតមានជំងឺ Telogen Effluvium ​ជា​ហេតុ​​បង្ក​ឲ្យ​ជ្រុះសក់។ Telogen Effluvium ជាធម្មតា កើតមាន​ក្នុង​រយៈពេល ៦​ខែ ក្រោយ​រាងកាយ​​ធ្វើការ​បន្ស៉ាំ​ទៅ​នឹង​ស្ថានភាព​មិន​ផឹកថ្នាំ​ពន្យារ​កំណើត។ ប៉ុន្ដែ​វេជ្ជបណ្ឌិត​ផ្នែក​រោគស្ត្រី Alyssa Dweck នៅ​ក្រុង​ញូវយ៉ក បញ្ជាក់​ថា ករណីជ្រុះសក់នេះ ជា​បញ្ហា​ស្មុគស្មាញ​មួយ ដោយសារ​វាពាក់ព័ន្ធ​នឹង​កត្ដា​ផ្សេងទៀត​ផងដែរ ដូចជា ​ស្រ្តេស ​ជាដើម។

    ៤- អាច​មាន​វដ្ដរដូវ​មិន​ទៀងទាត់

    លោក Josh Klein វេជ្ជបណ្ឌិត​ផ្នែក​ឱសថសាស្រ្ត នៅ​ទី​ក្រុង​ញូយ៉ក អះអាងថា ស្រីៗ​​មួយចំនួន ​ធ្លាប់​លេបថ្នាំ​ពន្យារ​កំណើត មាន​វដ្ដរដូវ​ទៀតទាត់ ប៉ុន្ដែ​ក្រោយ​ការ​ឈប់លេបថ្នាំ​នេះ អាចជួប​បញ្ហា​វដ្តរដូវ​មិន​ទៀង។ យ៉ាងណា ក្រោយរយៈពេល ២-៣​ ខែ ទើប​វដ្តរដូវត្រឡប់​មក​ធម្មតា​វិញ។

    ៥- វីតាមីន D អាច​ធ្លាក់ចុះ

    ការសិក្សា​ថ្មី របស់​សារព័ត៌មាន​សុខភាព Journal of Clinical Endocrinology & Metabolism រកឃើញ​ថា ស្រីៗជាច្រើន បានជួបវិបត្តិធ្លាក់ចុះ​កម្រិត​វីតាមីន D នៅពេលឈប់​លេប​ថ្នាំ​ពន្យារ​កំណើត។ នេះជាបញ្ហា​ចម្បងមួយ​ ពិសេស​សម្រាប់​គ្នា​យើង​ព្យាយាម​ចង់មាន​ផ្ទៃពោះ ខណៈ​វីតាមីន D អាចជួយ​គាំទ្រ​ដល់​គ្រោងឆ្អឹង​បេប៊ី អំឡុងពេលពពោះ។

    អត្ថបទពាក់ព័ន្ធ៖

  • ថ្នាំពន្យារ​កំណើត អាចកាត់បន្ថយហានិភ័យ​មហារីក
  • ដឹងអត់ថា ថ្នាំ​ពន្យារកំណើត​ អាច​ជួយ​ព្យាបាលមុន​ដែរ​ 
  • ៦- មាន​អារម្មណ៍​ប្លែកនៅ​លើ​សុដន់

    គ្នាយើង​ជាច្រើន ​ធ្លាប់​លើក​ឡើង​ពាក់ព័ន្ធ​ករណី​​ឈឺចាប់​សុដន់ មុនពេល​មក​រដូវ ក្រោយ​ឈប់​លេបថ្នាំ​ពន្យារ​កំណើត។ នៅពេល​កំពុង​លេបថ្នាំ​ពន្យារកំណើត ថ្នាំ​នេះ បានជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​ស្រ្ដី ​ជួយ​បញ្ចៀស​រោគសញ្ញា​ឈឺ​សុដន់ សម្រាប់​ស្រ្ដី​ភាគច្រើន។ វេជ្ជបណ្ឌិត​ផ្នែក​រោគស្ត្រី Alyssa Dweck ​បញ្ជាក់​ថា ស្រីៗមួយ​ចំនួន ក៏ជួប​បម្រែបម្រួល​លក្ខណៈ​របស់​សុដន់​ផងដែរ។

    ៧- ឈឺក្បាល​ច្រើនជាងមុន

    យោងតាម​ការ​សិក្សា​នៅ​ឆ្នាំ ​២០០៤ ស្រីៗ​​មួយ​ចំនួន បាន​ជួប​បញ្ហា​ឈឺក្បាល​ប្រកាំង អំឡុងពេល​មក​រដូវ ដែល​នេះ​ ទំនងដោយសារ​ការធ្លាក់ចុះ​នៃ​កម្រិត​អ័រម៉ូន អង់ដ្រូហ្សែន។

    ៨- មាន​បញ្ហា​ចំណង់​ផ្លូវភេទខ្លាំង​ជាង​មុន

    វេជ្ជបណ្ឌិតផ្នែក​រោគស្រ្ដី Guirlaine Agnant នៃមន្ទីរពេទ្យ Montefiore Mount Vernon ​ក្រុង​ញូវយ៉ក អះអាង​ថា ស្រីៗមួយ​ចំនួន បាន​លើកឡើង​ពី​បញ្ហាមាន​​ចំណង់​ផ្លូវភេទ​ខ្លាំង នៅ​ពេល​ពួកគេ​បាន​​លេបថ្នាំ​ពន្យារកំណើត​ជាលើក​ដំបូង។ នេះទំនងជា​ដោយសារ​បម្រែបម្រួល​ការផលិត​អរម៉ូន។ វេជ្ជបណ្ឌិតបន្ថែម​ថា ស្រ្ដីភាគច្រើន ជាធម្មតាជួបបញ្ហាកើនឡើង​ចំណង់​ផ្លូវភេទ នៅពេល​ពួកគេ​ឈប់​លេបថ្នាំ​ពន្យារកំណើត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម