backup og meta

ចង់ដឹងហេតុអី​សក់ជ្រុះ អត្ថបទ​នេះ​ប្រាប់​ទាំង​អស់​ម៉ង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 29, 2019

    ចង់ដឹងហេតុអី​សក់ជ្រុះ អត្ថបទ​នេះ​ប្រាប់​ទាំង​អស់​ម៉ង

    មិន​ទាន់ជ្រុះ ឬ​ជ្រុះ​សក់តិចៗ ម្នាក់ៗ ធ្វើ​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​ដល់​សក់ជ្រុះ​ខ្លាំង ចាប់​ផ្តើម​នាំ​គ្នា​ភ័យស្លន់​ស្លោ រត់​រក​សាប៊ូ​ថ្លៃៗ​ ឬ​ទៅ​រក​ពេទ្យ​ឲ្យ​ជួយ។ កុំចាំ​ដល់​ពេល​នោះ​អី គ្នា​យើង​មិន​ថា​ប្រុស មិន​ថា​​ស្រី គួរ​តែ​ស្វែង​យល់​ពី​ពេល​នេះទៅ ដើម្បីបង្ការឲ្យជួប​បញ្ហា​នេះ។ “Hello គ្រូពេទ្យ’ នឹងលម្អិត​ពាក់ព័ន្ធ​មូល​ហេតុ​ធ្វើ​ឲ្យ​សក់​ជ្រុះ ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- លេប​ថ្នាំ

    ផលប៉ះពាល់​របស់​ថ្នាំ អាចបណ្ដាល​ឲ្យ​ជ្រុះសក់ ពិសេស ​ថ្នាំមាន​វីតាមីន A ខ្ពស់ ដូចជា​ ថ្នាំ​បញ្ចុះឈាម ថ្នាំ​កម្ចាស់មុន ថ្នាំ​ព្យាបាល​រលាកសន្លាក់ បាក់ទឹកចិត្ត ពោះវៀន បញ្ហាបេះដូង និងថ្នាំលើសឈាម។

    ២- សម្រាល​កូន

    នៅពេល​ពពោះ អ័រម៉ូន​ជួយ​ការពារ​ការជ្រុះសក់ នឹង​ប្រែប្រួល​ខុសពី​ធម្មតា។ ក្រោយ​សម្រាល​កូន បញ្ហា​ជ្រុះសក់ នឹង​មានច្រើនជាងមុន ដោយសារ​បម្រែបម្រួល​អ័រម៉ូននេះ។ ប៉ុន្ដែ​បញ្ហា​ នឹង​ត្រឡប់​មក​ធម្មតា​វិញ នៅ​ចន្លោះ​រយៈពេល ៣-៦​ ខែ។

    ៣- ខ្វះជាតិ​ដែក

    ជាតិដែក ជួយរក្សា​សុខភាព​សក់ ហើយនៅ​ពេល​កម្រិត​ជាតិដែក ធ្លាក់ចុះ បញ្ហា​ជ្រុះសក់ នឹង​កើតឡើង រួមជាមួយ​បញ្ហា​ ពុកក្រចក ហត់ ស្បែកលឿង ខ្សោយ និង​បេះដូង​លោតញាប់។

    ៤- ស្ត្រេស

    បញ្ហាស្ដ្រេស​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ ប្រែប្រួល​ដោយខ្លួន​ឯង និង​ប៉ះពាល់​ទៅលើ​ឫសសក់។ ការព្រួយបារម្ភ និង​ការថប់​បារម្ភ​ច្រើន រារាំង​ការលូតលាស់​របស់​សក់ និងធ្វើឲ្យ​ជ្រុះសក់។

    ៥- វះកាត់​បញ្ចុះ​ទម្ងន់

    ក្រោយវះកាត់​បញ្ចុះ​ទម្ងន់ បញ្ហា​ជ្រុះសក់ តែងតែ​កើតឡើង ដោយសារ​កម្រិត​ជាតិ​ស័ង្គសីធ្លាក់​ចុះ។ ដូច្នេះ ទើបក្រោយ​ការវះកាត់ វេជ្ជបណ្ឌិត​ណែនាំ ​ឲ្យ​យើង​​លេបថ្នាំ​គ្រាប់​មាន​ជាតិ​ស័ង្គសី ដើម្បី​ជួយ​រារាំង​បញ្ហាជ្រុះសក់។

    ៦- ខ្វះ​ប្រូតេអ៊ីន

    បញ្ហា​កង្វះ​ប្រូតេអ៊ីន​ក្នុង​ខ្លួន បណ្ដាល​ឲ្យ​រាំងស្ទះ​ដល់​ការ​លូតលាស់​សក់ ជាធម្មតាចន្លោះ​ប្រហែល ២-៣​ ខែ​ក្រោយរាងកាយ​ខ្វះ​ជាតិប្រូតេអ៊ីន សក់​នឹង​ចាប់ផ្ដើម​ជ្រុះ។

    ៧- ​ពន្យារកំណើត

    មធ្យោបាយ​ពន្យារ​កំណើត ដូចជា ​ថ្នាំលេប ថ្នាំចាក់ និងដាក់​កង សុទ្ធ​តែ​ជំរុញ​ឲ្យ​ជ្រុះសក់ ជាពិសេស ប្រសិនបើសមាជិក​ក្នុង​គ្រួសារកំពុង​រស់​នៅ​​ជាមួយ​គ្នា ធ្លាប់​ជួប​បញ្ហា​បែប​នេះ។

    ៨- ឈប់​ពន្យារ​កំណើត

    ការពន្យារ​កំណើត មិន​ថា តែនៅពេល​ចាប់ផ្ដើម​អនុវត្ត​ទេ សូម្បីពេល​បញ្ឈប់ ក៏ធ្វើឲ្យ​ជ្រុះសក់ដែរ។ បញ្ហា​នេះ អាច​កើតឡើង​រយៈពេល​ច្រើនសប្ដាហ៍ ក្រោយ​យើងឈប់​ពន្យារ​កំណើត។

    ជ្រុះសក់_Hello_គ្រូពេទ្យ

    ៩- លេង​ម៉ូតសក់​ញឹកញាប់ពេក

    ការលេង​សក់​ច្រើន​ម៉ូត និង​ញឹកញាប់​ពេក នាំ​ឲ្យ​សក់បែកចុង និង​ជ្រុះ។ កក់​សាប៊ូ​ច្រើន ផ្លុំសក់ និង​សិតសក់ នៅពេល​សើម ក៏ធ្វើ​ឲ្យ​សក់បែកចុង និង​ជ្រុះ​ផងដែរ។

    ១០- ប្រើប្រាស់​កម្ដៅ​លើ​សក់

    ការ​ប្រើប្រាស់​ប្រដាប់​ផ្លុំសក់ អ៊ុតសក់ឲ្យ​ត្រង់ ឬរួញ ងាយនាំ​ឲ្យ​សក់បែកចុង និង​ជ្រុះ​។ ការប្រើប្រាស់​ស្ព្រាយ និង​គ្រឿង​លាបសក់​មួយ​ចំនួន​ទៀត ក៏ធ្វើ​ឲ្យ​ជ្រុះសក់​ដូចគ្នា។

    ១១- លក្ខខណ្ឌ​សុខភាព

    បញ្ហា​ជ្រុះសក់ អាចជារោគសញ្ញា​មួយ នៅពេល​ឈាន​ដល់​ជាង ៣០​ឆ្នាំ។ បញ្ហា​ជ្រុះសក់នេះ អាចកើតមាន​នៅពេល កើត​ជំងឺ​ផ្ដាយសាយ គ្រុនក្ដៅខ្លាំង ឬ​ឆ្លងមេរោគ​ណាមួយ។

    ១២- ជក់បារី

    ជាតិពុល​ក្នុង​ផ្សែងបារី ប៉ះពាល់​ដល់​ឫសសក់ ធ្វើឲ្យ​សក់​មិន​លូតលាត់ និង​នាំឲ្យជ្រុះសក់​ចេញ​ពីក្បាល។

    ១៣- បញ្ហា​រាំង​រដូវ

    បម្រែបម្រួល​អ័រម៉ូន ធ្វើឲ្យ​ជ្រុះសក់ ប៉ុន្ដែ​បញ្ហា​នេះ នឹង​ត្រឡប់​ទៅ​ធម្មតា​វិញ ក្នុង​រយៈពេល ៦ ​ខែ។ ប៉ុន្ដែ​ប្រសិនបើ​ការ​ជ្រុះសក់ កាន់តែច្រើនឡើង ស្រីៗ ចាំបាច់​ត្រូវ​ទៅជួប​ពេទ្យ ដើម្បី​ព្យាបាល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម