backup og meta

អាហារប៉ុន្មានប្រភេទនេះមានជាតិស្ករខ្ពស់ យកល្អកុំញ៉ាំច្រើនពេក

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 09, 2020

    អាហារប៉ុន្មានប្រភេទនេះមានជាតិស្ករខ្ពស់ យកល្អកុំញ៉ាំច្រើនពេក

    ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ផ្តល់ផល​ប៉ះពាល់​ជាច្រើន​ដល់​សុខភាព​ដូចជា​បង្កើន​ហានិភ័យ​ជំងឺ​ធាត់ ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ជំងឺ​មហារីក។ តាម​ការ​ណែនាំ​របស់​សមាគម​ជំងឺ​បេះដូង​សហរដ្ឋអាមេរិក សម្រាប់​ស្ត្រី​គួរ​កំណត់​ជាតិ​ស្ករ​ត្រឹម​តែ​៦​ស្លាបព្រាកាហ្វេ (២៥ក្រាម) ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​បុរស​គឺ​៩ស្លាបព្រា​កាហ្វេ (៣៧,៥ក្រាម)​ក្នុង​មួយ​ថ្ងៃ។ ក្នុង​​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់។

    ១. យ៉ាអួ​ជាតិ​ខ្លាញ់​ទាប (Low fat yogurt)

    យ៉ាអួ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ប៉ុន្តែ​មិន​មែន​គ្រប់​យ៉ាអួ​គឺ​បែប​នេះ​ទេ។ យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប​គឺ​មាន​បន្ថែម​ជាតិ​ស្ករ​ដើម្បី​ធ្វើ​ឲ្យ​រសជាតិ​កាន់តែ​ឆ្ងាញ់។ យ៉ាអួ​មាន​ជាតិ​ខ្លាញ់​ទាប​មួយ​ពែង (២៤៥ ក្រាម)​ផ្ទុក​ជាតិ​ស្ករ​ជាង​៤៥ក្រាម​ដែល​ស្មើ​នឹង​ ១១​ ស្លាបព្រាកាហ្វេ​។ យក​ល្អ​យើង​គួរ​ញ៉ាំ​យ៉ាអួ​ធម្មតា ឬ​យ៉ាអួ​ក្រិច (Greek yogurt)។

    ២. ទឹក​ប៉េងប៉ោះ (ketchup)

    ទឹក​ប៉េងប៉ោះ​សម្បូរ​ដោយ​ជាតិ​ស្ករ។ ទឹក​ប៉េងប៉ោះ​មួយ​ស្លាបព្រា​បាយ​ផ្ទុក​ជាតិ​ស្ករ​ជិត​មួយ​ស្លាបព្រា​កាហ្វេ។ ដូចនេះ​យើង​គួរ​ប្រយ័ត្ន​ទៅ​លើ​កម្រិត​ទឹក​ប៉េងប៉ោះ​ដែល​យើង​ញ៉ាំ​។

    ៣. ទឹក​ផ្លែឈើ

    ដូច​ផ្លែឈើ​ស្រស់​ដែរ ទឹក​ផ្លែឈើ​ក៏​មាន​វីតាមីន និង​ជាតិ​រ៉ែ​។ ប៉ុន្តែ​វីតាមីន និង​ជាតិ​រ៉ែ​ដែល​បាន​មក​ពី​ទឹក​ផ្លែឈើ​គឺ​មាន​ជាតិ​ស្ករ​ច្រើន និង​មាន​ជាតិ​សរសៃ​តិច។ យើង​ត្រូវ​ប្រើ​ផ្លែឈើ​ស្រស់​ច្រើន​ដើម្បី​ទទួល​បាន​ទឹក​ផ្លែឈើ​មួយ​កែវ​ ដូចនេះ​ហើយ​ទើប​ទឹក​ផ្លែឈើ​មាន​ជាតិ​ស្ករ​ច្រើន​ជាង​ផ្លែឈើ​ស្រស់។ ជម្រើស​ដែល​ល្អ​គឺ​ញ៉ាំ​ផ្លែឈើ​ស្រស់​ដើម្បី​កំណត់​កម្រិត​ជាតិ​ស្ករ។

    ៤. ភេសជ្ជៈ​កីឡា

    ភេសជ្ជៈ​កីឡា​តែង​ត្រូវ​យល់​ច្រឡំ​ថា​ជា​ជម្រើស​ដែល​ល្អ​សម្រាប់​អ្នក​ហាត់ប្រាណ។ តាមពិតទៅ ពពួក​ភេសជ្ជៈ​កីឡា​គឺ​សម្រាប់​បំពេញ​ជាតិ​ទឹក និង​ជួយ​ដល់​កីឡាករ​ឲ្យ​ហាត់​បាន​យូរ​ជាង​មុន។ មូលហេតុ​នេះ​ហើយ​ទើប​ភេសជ្ជៈ​កីឡា​មាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​ច្រើន​ដែល​អាច​ឲ្យ​រាងកាយ​ស្រូប​យក​លឿន និង​ប្រើ​សម្រាប់​បង្កើន​ថាមពល។ ភេសជ្ជៈ​កីឡា ៥៩១ មិល្លីលីត្រ​អាច​ផ្ទុក​ជាតិ​ស្ករ​ដល់​ទៅ ៣៧,៩ ក្រាម និង​ ១៩៨ ​កាឡូរី​ដែល​នេះ​ស្មើ​នឹង​ស្ករ ៩,៥ស្លាបព្រា​កាហ្វេ។

    ៥. ទឹកដោះគោ​សូកូឡា

    ទឹកដោះគោ​សូកូឡា​គឺ​ជា​ទឹកដោះគោ​ដែល​បន្ថែម​រសជាតិ​កាកាវ និង​ស្ករ។ ទឹកដោះគោ​ធម្មតា​គឺជា​ភេសជ្ជៈ​​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ល្អ​សម្រាប់​សុខភាព​ឆ្អឹង។ ប៉ុន្តែ​សម្រាប់​ទឹកដោះគោ​សូកូឡា​មួយ​កែវ (២៣០ មិល្លីលីត្រ) គឺ​មាន​ជាតិ​ស្ករ​បន្ថែម​១១,៤ ក្រាម (២,៩ ស្លាបព្រាកាហ្វេ)។

    ៦. ផ្លែឈើ​កំប៉ុង

    ផ្លែឈើ​កំប៉ុង​គឺ​ត្រូវ​បាន​គេ​បក​សំបក និង​រក្សា​ទុកក្នុង​​ទឹក​ស្ករ​ដែល​ដំណើរការ​នេះ​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​សរសៃ និង​បន្ថែម​ជាតិ​ស្ករ​កាន់តែ​ច្រើន​។ ម៉្យាងទៀត​ដំណើរការ​នេះ​ក៏​បាន​បំផ្លាញ​វីតាមីន C ដែរ។ ដូចនេះ​ជម្រើស​ល្អ​គឺ​ញ៉ាំ​ផ្លែឈើ​ស្រស់ ឬ​ជ្រើសរើស​ផ្លែឈើ​កំប៉ុង​ណា​ដែល​ប្រើ​ទឹក​ផ្លែឈើ​ជំនួស​ទឹក​ស្ករ​ព្រោះ​ទឹកផ្លែឈើ​មាន​ជាតិ​ស្ករ​តិច​ជាង។​

    ៧. ទឹកជ្រលក់​បាប៊ីឃ្យូ (Barbecue sauce)

    ទឹក​ជ្រលក់​បាប៊ីឃ្យូ​គឺ​ជួយ​បន្ថែម​រសជាតិអាហារ​ឲ្យ​កាន់តែ​ឆ្ងាញ់។ ប៉ុន្តែ​ទឹកជ្រលក់​បាប៊ីឃ្យូ​២​ស្លាបព្រា​បាយអាច​ផ្ទុក​ជាតិ​ស្ករ​ប្រហែល​៩ក្រាម (២ ស្លាបព្រាកាហ្វេ) ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម