backup og meta

ហេតុផលទាំងនេះហើយបានជាយើងត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានត្រឹមត្រូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 04, 2020

    ហេតុផលទាំងនេះហើយបានជាយើងត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានត្រឹមត្រូវ

    យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​ក្នុង​មួយ​ថ្ងៃ​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ប៉ុន្តែ​​គ្នាយើង​ដឹង​ទេ​ថា​មក​ពី​មូលហេតុ​អ្វី? អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​រក្សា​ជាតិ​ទឹកក្នុង​ខ្លួន​បាន​គ្រប់​គ្រាន់​​។

    ១. ជួយ​ដល់​ការ​បំពេញ​ការងារ​ផ្សេងៗ

    ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ការ​បំពេញ​ការងារ​បាន​ទោះបី​ជាយើង​​បាត់បង់​ជាតិទឹក​ត្រឹម​ ២%​ក៏​ដោយ។ នេះ​អាច​មក​ពី​អាការៈ​អស់​កម្លាំង បាត់បង់​ការ​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ លែង​ចង់​ធ្វើ​កិច្ចការ​ផ្សេងៗ និង​អាច​ប៉ះពាល់​ដល់​ការ​ហាត់​ប្រាណ​ដែរ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​រក្សា​ជាតិ​​​ទឹកបាន​ល្អ​មិន​ត្រឹម​តែ​បង្ការ​អាការៈ​រៀបរាប់​ខាង​លើ​ទេ ​នៅ​អាច​បន្ថយ​អាការៈ Oxidative stress (អតុល្យភាព​នៃ​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ) ដែល​បង្ក​ដោយ​សកម្មភាព​ប្រើ​កម្លាំង​ខ្លាំងៗ។ ដោយសារ​សាច់ដុំ​បង្កើត​ដោយ​ជាតិ​ទឹក​រហូត​ដល់​៨០% ដូចនេះ​ការ​រក្សា​ជាតិ​ទឹក​អាច​ជួយ​រក្សា​​ស្ថានភាព​សុខភាព​ផ្លូវ​កាយ​បាន​ល្អ។

    ២. ល្អ​សម្រាប់​មុខងារ​ខួរក្បាល

    ការ​រក្សា​ជាតិ​ទឹក​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​មុខងារ​ខួរក្បាល។ ការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​បាត់បង់​ជាតិ​ទឹក​មួយ​ទៅ​ពីរ​ភាគរយ​ក៏​អាច​ធ្វើ​ឲ្យ​មុខងារ​ខួរក្បាល​ចុះ​ខ្សោយ​ដែរ។ ការ​សិក្សា​មួយ​បាន​សិក្សា​ទៅ​លើ​មនុស្ស​ស្រី​ពេញ​វ័យ​បាន​បង្ហាញ​ថា​ស្ត្រី​ដែល​បាត់បង់​ជាតិ​ទឹក​ ១,៣៦%​ក្រោយ​ពី​ហាត់ប្រាណ​រួច​មាន​បញ្ហា​ក្នុង​ការ​ផ្ដោត​អារម្មណ៍ អារម្មណ៍​ឡើងចុះ និង​ឧស្សាហ៍​ឈឺ​ក្បាល។ ការ​សិក្សា​ស្រដៀង​នេះ​ដែរ​ប៉ុន្តែ​សិក្សា​លើមនុស្ស​ប្រុស​ក៏​បាន​បង្ហាញ​ថា​ការ​បាត់បង់​ជាតិ​ទឹក​ ១,៥៩%​អាច​បង្កើន​អាការៈ​អស់​កម្លាំង អារម្មណ៍​ថប់​បារម្ភ និង​ការ​ចង​ចាំ​ថយ​ចុះ។

    ៣. បង្ការ និង​ព្យាបាល​អាការៈ​ឈឺ​ក្បាល

    ការ​បាត់បង់​ជាតិ​ទឹក​អាច​ជា​មូលហេតុ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ទៅ​លើ​មនុស្ស​មួយ​ចំនួន។ ​ការ​សិក្សា​ថ្មី​ៗ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​ទឹក​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ព្យាបាល​ និង​បង្ការ​អាការៈ​ឈឺក្បាល។

    ៤. ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​បញ្ចេញ​កាកសំណល់

    ទឹក​ជួយ​ក្នុង​ការ​បំបែក​អាហារ និង​ជួយ​រំលាយ​ពពួក​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ពី​ក្នុង​អាហារ​ ហើយ​ជួយ​បញ្ជូន​ពពួក​វីតាមីន​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ ក្រៅ​ពី​នេះ​ទឹក​ក៏​ជួយ​រាងកាយ​ក្នុង​បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹក​នោម និង​លាមក​ដែរ។ រាងកាយ​យើង​ត្រូវ​ការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដើម្បី​បង្ការ​ការ​ទល់លាមក។ ម៉្យាងទៀត ​តម្រង​នោម​​បញ្ចេញ​កាក​សំណល់​ក្នុង​រាងកាយ​តាម​រយៈ​ទឹក​នោម​ ហើយ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ជួយ​តម្រងនោម​ដំណើរការ​បាន​ល្អ និង​បង្ការ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម។

    ៥. រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ

    ការ​រក្សា​ជាតិ​គឺ​សំខាន់​ក្នុង​ការ​រក្សា​សីតុណ្ហភាព​រាងកាយ។ រាងកាយ​របស់​យើង​បាត់បង់​ជាតិ​ទឹក​តាមរយៈ​ញើស​អំឡុង​ពេល​ធ្វើ​សកម្មភាពផ្សេងៗ​ និង​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្ដៅ។ ការ​បែក​ញើស​គឺ​ជួយ​ឲ្យ​រាងកាយ​​ចុះ​​ត្រជាក់ ប៉ុន្តែ​សីតុណ្ហភាព​រាងកាយ​នឹង​កើន​ឡើង​ប្រសិន​ជា​យើង​មិន​បំពេញ​ជាតិ​ទឹក​ដែល​យើង​បាត់បង់។ នេះ​មក​ពី​រាងកាយ​បាត់បង់​អេឡិចត្រូលីត និង​ប្លាស្មា​នៅ​ពេល​បាត់បង់​ជាតិ​ទឹក។ ម៉្យាងទៀត បើ​យើង​បែក​ញើស​ច្រើន​ជាង​ធម្មតា ត្រូវ​​ប្រាកដ​​ថា​​យើង​​ផឹក​​ទឹក​​ឲ្យ​បាន​ច្រើន​ដើម្បី​បង្ការ​ការ​បាត់បង់​ជាតិ​ទឹក។

    ដើម្បី​សុខភាព​របស់​យើង យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជា​ប្រចាំ។ យោង​តាម​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ វិស្វកម្ម និង​វេជ្ជសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ថា​សម្រាប់​បុរស​គួរ​ផឹក​ទឹក ៣,៥លីត្រ​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី ២,៥​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​ជា​យើង​ហាត់ប្រាណ ឬ​ស្ថិត​ក្នុង​អាកាសធាតុ​ក្ដៅ​យើង​គួរ​បន្ថែម​បរិមាណ​ទឹក​ដើម្បី​បង្ការ​ការ​បាត់បង់​ជាតិទឹក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម