backup og meta

មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Oct 14, 2021

    មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន

    សម័យ​នេះ អាយផេត ស្មាតហ្វូន ទូរទស្សន៍ធំប៉ុនៗជញ្ជាំង ស្ទើរ​តែមាន​គ្រប់​ផ្ទះ ក្មេងៗ​វិញ ធំ​មិន​ទាន់​ទេចេះ​ប្រើ​របស់​ទំនើប​ខ្ទេច ខុស​ពី​ក្មេងៗ​សម័យឆ្នាំ ៨០ ឆ្នាំ៩០ ឆ្ងាយ​ណាស់។ ប៉ុន្តែ​សម័យ​នេះ ក្មេងៗ​មិន​ទាន់​រៀន​ចប់អនុវិទ្យាល័យ​​ផង ក៏ពាក់វ៉ែន​តា​សឹង​គ្រប់​គ្នា​អស់​ហើយ ហេតុនេះ ប៉ាម៉ាក់ ឬ​ក្មេង​សម័យ​ទំនើប បើ​មិន​ចង់ឆាប់​ពាក់​វ៉ែន​តាទាំង​ក្មេង​ទេ ត្រូវ​ញ៉ាំ​អាហារណែនាំ​ក្នុង​អត្ថបទ​នេះ ឲ្យ​បាន​ច្រើន​បន្តិច​ទេ ព្រោះ​ល្អ​ខ្លាំង​ចំពោះ​សុខភាព ពិសេស​​ភ្នែកយើង​តែ​ម្តង។

    ១- បន្លែ​ស្លឹក​ពណ៌​បៃតង

    ញ៉ាំ​បន្លែ​បៃ​តង គឺ​ដើម្បី​ការពារ​ភ្នែក​ពី​ជំងឺ​ខូច​បាត​ភ្នែក (​ខូច​ស្រទាប់​រ៉េទីន ធ្វើ​ឲ្យ​មើល​លែង​ឃើញ​បន្តិច​ម្តងៗ) ដោយ​បន្លែ​ពណ៌​បៃតង​ចាស់​ ដូច​ជា ខាត់ណា ពពួក​ស្ពៃ​ខ្មៅ សាលាដ សុទ្ធ​តែ​ជា​បន្លែ​​ត្រូវ​មាន​លើ​តុ​អាហារប្រចាំ ដោយ​សារ​វាសម្បូរ​ទៅ​ដោយ​សារធាតុ Lutein និង Zeaxanthin ដែល​ជា​សារធាតុ​សំខាន់​ ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ខ្លួន​ និង​ការពារ​ការ​ខូចខាត​កោសិកា។

    បន្លែ​ស្លឹក​ពណ៌​បៃតង​នេះ​ ក៏​សម្បូរ​​ទៅ​ដោយ​វីតាមីន ​និង​សារធាតុ​រ៉ែ​ ជួយ​ភ្នែក​មាន​សុខភាព​ល្អ​ផង​ដែ រួម​មាន វីតាមីន C ប្រឆាំង​​ជំងឺ​ខូច​ស្រទាប់​បាត​ភ្នែក​ពេល​ចាស់ និង​ភ្នែក​ឡើង​បាយ និង​សារធាតុបេតាកូរ៉ូទែន (Beta carotene)  ដែល​ជា​ទម្រង់​មួយ​របស់​វីតាមីន A ជួយ​ការពារ​ជំងឺ​ខូច​ស្រទាប់​បាត​ភ្នែក​ពេល​វ័យ​កាន់​តែចាស់ និង​ភ្នែក​ឡើង​បាយ ក៏ដូច​ជា ​ជំងឺ​ខ្វាក់​មាន់ ​ផង​ដែរ។

    សារធាតុ Lutein និង Zeaxanthin សុទ្ធ​តែ​សំខាន់​សម្រាប់​សុខភាព​ភ្នែក ព្រោះ​វាមាន​ច្រើន​នៅ​ក្នុង​ស្រទាប់​បាត​ភ្នែក និងស្រទាប់​សម្រាប់​ទទួល​គំហើញ​កណ្តាល​ទៀត​ផង។

    ជាង​នេះទៅ​ទៀតសារធាតុ Lutein មាន​នៅ​ក្នុង​សារធាតុ​ពណ៌​នៃ​ស្រទាប់​បាត​ភ្នែក (Macular) ​​ជួយ​ការពារ​គំហើញ​កណ្តាល​ និង​ជួយ​​ស្រូប​យក​ពន្លឺ​ពណ៌​ខៀវ ហើយសារធាតុ Zeaxanthin វិញ​ មាន​នៅ​ក្នុង​ស្រទាប់​រ៉េទីន។

    ២- ​ដំឡូង​ជ្វា

    បន្លែ​ និង​ផ្លែ​ឈើ ​ពណ៌​ទឹក​ក្រូច​ស្រស់ ជា​ពិសេស​ដំឡូង​ជ្វា​ពណ៌​ទឹកក្រូច  គឺ​បញ្ជាក់ថា សម្បូរ​សារធាតុ បេតាកូរ៉ូទែន ដែល​ជា​សារធាតុ​ដើម​នៃ​វីតាមីន A ​ជំនួយ​ដល់​សុខភាព​ភ្នែក។ ពពួក​អាហារ​នេះ ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន A និង C ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ការពារ​ភ្នែក​ពី​ជំងឺ​ខូច​បាត​ភ្នែក​ពេល​ចាស់​ទៅ និង​ជំងឺ​ភ្នែក​ឡើង​បាយ

    ៣- អាស៊ីដ​ខ្លាញ់អូមេហ្កា ៣

    វា​ជា​ពពួក​សារធាតុ​ខ្លាញ់​ សម្បូរ​នៅ​ក្នុង​ត្រី​មាន​ខ្លាញ់​ច្រើន ដូច​ជា ត្រី​សាល់ម៉ុន ត្រី​សាឌីន ត្រីធូណា និង​ត្រី​ស្បៃ​កា។ អូមេហ្គា ៣ ​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​យើង ក៏​ដូច​ជា ​សុខភាព​ភ្នែក​ផង​ដែរ។ ក្រៅ​ពី​ត្រី អាស៊ីដ​ខ្លាញ់​ល្អ​ប្រភេទ​នេះ​ ក៏​មាន​នៅ​ក្នុង​​គ្រាប់ Walnut ដូចគ្នា ខណៈគ្រាប់ធញ្ញា​​នេះ​ មាន​សារធាតុ​សេលេញ៉ូម ជួយ​ប្រឆាំង​អុកស៊ីតកម្ម និង​អាស៊ីដ​ខ្លាញ់អូមេហ្កា ៣ ជួយ​សម្រួល​ក្នុង​ការ​ចម្លង​ចរន្ត​ប្រព័ន្ធ​ប្រសាទ ​ក្នុង​ស្រទាប់​បាត​ភ្នែក។

    ៤- ផ្លែ​ស្វាយ

    ដូច​បន្លែ​ផ្លែឈើ​ពណ៌​លឿង​ផ្សេង​ទៀត​ ស្វាយ​សម្បូរ​​ទៅ​ដោយ​វីតាមីន A និង​ E ​ជួយ​បន្ថយ​សម្ពាធ​ក្នុង​គ្រាប់​ភ្នែក។

    ៥- សណ្តែក​ដី

    សណ្តែក​ដី មិន​ត្រឹម​តែ​ជា​អាហារ​សម្រន់​ឈ្ងុយ​ឆ្ញាញ់​នោះ​ទេ ថែម​ទាំងសម្បូរ​​ដោយ​វីតាមីន E និង​ស័ង្កសី​ អាចជួយ​ទប់​ការវិវត្ត ​និង​ជំនួយ​ដល់​គំហើញ​ ចំពោះ​ក្មេងៗ​ និង​មនុស្ស​ពេញ​វ័យ ដែល​​ខូច​ស្រទាប់​បាត​ភ្នែក​។

    ៦- ផ្លែ​ប៉ោម

    ផ្លែ​ប៉ោម សម្បូរ​​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម រួម​ទាំង​សារធាតុ​ពណ៌ Quercitin ជួយ​ការពារ​ភ្នែក​ពី​កាំរស្មី​ព្រះ​អាទិត្យ និង​ជាតិ Rutin ជួយ​ការពារ​ការ​លេច​ជ្រាប​សរសៃ​ឈាម​តូច​ក្នុង​ស្រទាប់​បាត​ភ្នែក។

    ៧- ពោត

    ពោត សម្បូរ​​ទៅ​ដោយ​សារធាតុ Lutein ​ជា​សារធាតុ​ពណ៌​លឿង​មាន​នៅ​ក្នុង​ស្រទាប់​ភ្នែក (Macula) ​ជួយ​ការពារ​បញ្ហា​ខូច​ខាត​ស្រទាប់​បាត​ភ្នែក និង​ជួយ​ការពារ​កោសិកា​ក្នុង​ស្រទាប់​បាត​ភ្នែក​ពីរ៉ាឌិកាល់​សេរី ដែល​បង្ក​ឡើង​ដោយ​កាំ​រស្មី UV។

    ពោត១

    ៨- ផ្កាខាត់ណា​ខៀវ (ប្រូខូលី)

    គ្នា​យើង​ជា​ច្រើន ​មិន​ចូលចិត្ត​បន្លែ​ពណ៌​បៃតងទេ តែ​បន្លែ​ពណ៌​នេះ​ មាន​ផ្ទុក​សារធាតុ​រ៉ែ​ ​មាន​ប្រយោជន៍ ​និង​ជួយ​ដល់​ភ្នែក​ច្រើន​ណាស់។ សារធាតុ​ទាំង​នោះ រួម​មាន Lutein, Zeaxanthin សេលេញ៉ូម Alpha lipoic acid (ក៏​មាន​នៅ​ក្នុង​ស្ពៃ​ពុយឡេង ជួយ​ផលិត​ថាម​ពល​ក្នុង​កោសិកា និង​ប្រឆាំង​ពពួក​រ៉ាឌីកាល់​សេរី​ ដែល​តែងធ្វើ​ឲ្យ​​ខូច​កោសិកា) សារធាតុ CoQ10- coenzyme Q10 (ជួយ​បំបែក​អាហារ​ទៅ​ជា​ថាម​ពល មាន​ក្នុង​ស្ពៃ​ពុយឡេង) វីតាមីន​ C, E និងអាស៊ីដ​ហ្វូលិក។​

    ពពួក​បន្លែ​ទាំង​នេះ​ ត្រូវ​​គេ​ដឹង​ថា​ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក ​និង​ជំងឺ​បេះ​ដូង​បាន ហើយ​កាត់​តែ​សំខាន់​នោះ​ ល្អ​សម្រាប់​សុខភាព​ភ្នែកតែម្តង។​

    ៩- គ្រាប់​អាល់ម៉ុន

    អាល់ម៉ុន មាន​សារធាតុ​ម៉ាញ៉េស្យ៉ូម ជួយ​បន្ធូរ​សាច់ដុំ​រលោង នៅ​ផ្នែក​ខាង​ក្នុង​គ្រាប់​ភ្នែក និង​ជួយ​ការពារ​ការ​កន្រ្តាក់​ជាប់​​សាច់​ដុំ។ គ្រាប់​ធញ្ញ​ជាតិ​នេះ ក៏​មាន​វីតាមីន E និង​វីតាមីន B2 (Riboflavin) ជួយ​​ស្រទាប់​បាត​ភ្នែក​ទទួលពន្លឺ​បាន​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Chamnan Amrith · កែ Oct 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម